

ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ចាត់ទុកការលាបពណ៌ និងថ្កោលទោសរបស់រដ្ឋសភាជាតិកម្ពុជាលើការបង្កើត«សភាពលរដ្ឋខ្មែរនៅក្រៅប្រទេស»ថាជា«ពួកឧទ្ទាមក្រៅច្បាប់» និងបានព្រមានចាត់វិធានការលើអ្នកពាក់ព័ន្ធទាំងអស់ ជាការគំរាមកំហែងឆ្លងដែន។ ការលើកឡើងនេះ គឺក្រោយពេលដែលការបោះឆ្នោត«សភាពលរដ្ឋខ្មែរនៅក្រៅប្រទេស»បានបញ្ចប់ទៅដោយរលូន និងបានប្រកាសលទ្ធផលអ្នកជាប់ឆ្នោតចំនួន ៤៧រូប ជាតំណាងរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែតុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៨ តុលា ដោយបង្ហាញក្តីបារម្ភជុំវិញការគំរាមកំហែងផ្តន្ទាទោសតាមផ្លូវច្បាប់ពីសំណាក់រដ្ឋសភាកម្ពុជាចំពោះបុគ្គលពាក់ព័ន្ធនឹង«សភាពលរដ្ឋខ្មែរនៅក្រៅប្រទេស» (KOCA) ថា ជាភាសាគំរាមកំហែងដល់ការចូលរួមនយោបាយដោយសន្តិវិធី និងបង្កើតបរិយាកាសភ័យខ្លាចដល់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
KMD យល់ថា ការគំរាមកំហែង ពីសំណាក់ស្ថាប័នរដ្ឋសភាកម្ពុជា លើអ្នកដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនយោបាយនៅក្រៅប្រទេសនេះ ជាសញ្ញាព្រមាននៃការគាបសង្កត់ឆ្លងដែន (Transnational Repression)។
KMD ច្រានចោលចំពោះការព្យាយាមប្រដូចអង្គការនយោបាយសន្តិវិធីមួយទៅនឹងក្រុមឧទ្ទាមក្រៅច្បាប់ដោយគ្មានមូលដ្ឋានច្បាប់ឯករាជ្យ តម្លាភាព និងយុត្តិធម៌។ ការខ្វែងគំនិតគ្នាផ្នែកនយោបាយមិនគួរត្រូវបានប្រើប្រាស់ជាលេសក្នុងការបំភិតបំភ័យ គំរាមកំហែង ឬដាក់សម្ពាធទៅលើសកម្មភាពពលរដ្ឋដោយសន្តិវិធីនោះឡើយ។
ប្រធានអង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ទោះបីនៅក្នុងប្រទេស ឬក្រៅប្រទេស ពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ដែលត្រូវទទួលបានការគាំពារពីរដ្ឋ។ អ្នកស្រីថា អ្វីដែលពលរដ្ឋនៅក្រៅប្រទេសធ្វើនេះ គឺដោយសារចង់បានការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ ហើយជ្រើសរើសចេញពីឆន្ទៈរបស់ពួកគេ។ អ្នកស្រីបន្តថា សកម្មភាពរបស់ពួកគាត់ គឺជាការចូលរួមសកម្មភាពសង្គម នយោបាយ ប្រកបដោយសន្តិវិធី ហើយសភាក្រៅប្រទេសក៏បានបង្កើតឡើងដោយស្របច្បាប់ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ។
អ្នកស្រី មូរ សុខហួរ ថា KMD គឺជាអ្នកផ្តួចផ្តើមនិងសម្របសម្រួលឲ្យមានការបោះឆ្នោតបង្កើត KOCA ក្នុងគោលបំណងពង្រឹងការចូលរួមប្រជាធិបតេយ្យ ការតំណាង និងសំឡេងរបស់ពលរដ្ឋ និងសហគមន៍ខ្មែរដែលរស់នៅឯបរទេស តាមរយៈដំណើរការបោះឆ្នោតដែលរៀបចំឡើងដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតខ្មែរនៅក្រៅប្រទេស (KOEC) ដើម្បីបង្ហាញថា ពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចរួមចំណែកប្រកបដោយសន្តិវិធី និងស្ថាបនា ឆ្ពោះទៅរក ប្រជាធិបតេយ្យរបស់ប្រទេសជាតិនាពេលអនាគត។
អ្នកស្រីថា កម្ពុជា មិនគួរបង្កើតឲ្យមានបញ្ហាគំរាមឆ្លងដែនបែបនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ អាយុជីវិត ការរស់នៅរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស និងប៉ះពាល់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ ចំពោះករណីនេះ អ្នកស្រីក៏បានជម្រាបជូនអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក ថម អេនដ្រូ ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
«តើយើងជាខ្មែរក្រៅប្រទេស បើយើងជាជនក្បត់ជាតិ តើកូនក្បត់ជាតិណាទៅឈឺចាប់នឹងការបាត់បង់ទឹកដី? ខ្ញុំសួរ ផ្ទុយទៅវិញ! យើងជាពលរដ្ឋខ្មែរ យើងទាមទារឱ្យរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឱ្យសភា តើ មានអំណះអំណាងត្រង់ណា ថា សមាជិកសភាខ្មែរនៅប្រទេសកម្ពុជា ធានាថា នឹងការពារទឹកដីបាន? អ្នកទាំងនោះទេ ដែលគួរតែឆ្លើយ ជាមួយនឹងពលរដ្ឋយើងវិញ។ ឆ្លើយដោយរបៀបណា? ឆ្លើយដោយបំពេញកាតព្វកិច្ចរបស់ខ្លួន មើលការអនុវត្តច្បាប់ ដែលពាក់ព័ន្ធជាមួយនឹងការពារ បូរណភាពទឹកដី តើ សភាបានអឺកោះហៅ ប្រមុខរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធមកសាកសួរទេ? បើកទូលំទូលាយឱ្យពលរដ្ឋសួរ ជួបជាមួយសមាជិកសភាទេ? មានបានចុះ ទៅជួបប្រជាពលរដ្ឋ ដែលជនភៀសសឹក»។
អ្នកស្រី មូរ សុខហួរ
កាលពីថ្ងៃទី២៧ តុលា រដ្ឋសភាកម្ពុជា បានចេញញត្តិថ្កោលទោសលើការបង្កើត «សភាពលរដ្ឋខ្មែរនៅក្រៅប្រទេស» ដោយហៅពួកគេថា ជាក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានបង្កើតសភាដោយខុសច្បាប់ នៅប្រទេសបារាំង។ រដ្ឋសភាកម្ពុជាចាត់ទុកសកម្មភាពរបស់ពួកគេថា ជាអង្គការចាត់តាំង និងជាស្ថាប័នខុសច្បាប់ រំលោភរដ្ឋធម្មនុញ្ញ មិនស្របតាមលទ្ធិប្រជាធិបតេយ្យ និងមិនគោរពឆន្ទៈរាស្ត្រ។ រដ្ឋសភា ក៏បានព្រមានចាត់វិធានការដោយផ្តន្ទាទោសលើតួអង្គពាក់ព័ន្ធទាំងអស់ផងដែរ។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីសភាពលរដ្ឋខ្មែរនៅក្រៅប្រទេសបានប្រកាសលទ្ធផលអ្នកជាប់ឆ្នោតចំនួន៤៧រូប និងបានបោះឆ្នោតជ្រើសរើសប្រធានសភាមួយរូប គឺលោក ទេព មនោរម្យ ព្រមទាំងអនុប្រធានសភាពីររូប គឺលោក អ៊ិន ហេមរ៉ា និងកញ្ញា ឈឿន សុខនីន។
ពួកគាត់បានធ្វើពិធីសច្ចាប្រណិធានកាលពីថ្ងៃទី២៥ ខែតុលា នៅទីក្រុងប៉ារីស ប្រទេសបារាំងដោយប្តេជ្ញាថា នឹងធ្វើការបម្រើប្រជាពលរដ្ឋ និងតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ព្រមទាំងចូលរួមជំរុញឲ្យមានដំណោះស្រាយវិបត្តិជាតិធំៗ ដូចជាវិបត្តិសេដ្ឋកិច្ច បញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងបញ្ហាបូរណភាពទឹកដីជាដើម។
មុនការបោះឆ្នោត កាលពីថ្ងៃទី៣០ កញ្ញា គណៈកម្មការរៀបចំការបោះឆ្នោតពលរដ្ឋខ្មែរនៅក្រៅប្រទេស KOEC បានចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីបារម្ភចំពោះការគំរាមកំហែងឆ្លងដែន ដែលថា ការចូលរួមក្នុងដំណើរការបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចត្រូវចាត់ទុកថា ជាការ «បះបោរ» ឬ «បំបែករដ្ឋ» ហើយអាចនាំឱ្យមានការផ្តន្ទាទោសព្រហ្មទណ្ឌ ឬបាត់បង់សញ្ជាតិខ្មែរ។ KOEC ចាត់ទុកសារគំរាមកំហែងទាំងនេះជា ការគំរាមកំហែងឆ្លងដែន (Transnational Repression) ដែលអាចត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសសេរីទាំង៧ដែល KOEC មានតំណាងខ្លួន និងមានការចូលរួមបោះឆ្នោតពីប្រជាពលរដ្ឋនៃប្រទេសនោះ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អ្នកធ្វើចលនានយោបាយនៅក្រៅប្រទេស គឺពួកគេធ្វើដោយសន្តិវិធី ដូច្នេះវាមិនមែនជាទង្វើខុសច្បាប់ដូចការចោទប្រកាន់របស់រដ្ឋសភាកម្ពុជានោះទេ។ ផ្ទុយទៅវិញការចោទប្រកាន់ និងការគំរាមកំហែងពីរដ្ឋាភិបាលក្នុងប្រទេសវិញទេ ដែលបង្ហាញអំពីការគំរាមកំហែងឆ្លងដែន និងជាអ្នកប្រព្រឹត្តអំពើខុសច្បាប់ពិតប្រាកដ។ លោកទទូចឲ្យពលរដ្ឋរស់នៅក្រៅប្រទេសដែលរងការគំរាមកំហែងទាំងអស់ពីសំណាក់អាជ្ញាធរ រដ្ឋាភិបាល ឬជនណាម្នាក់ទាំងក្នុងនិងក្រៅប្រទេស ត្រូវប្រមូលភស្តុតាង និងរាយការណ៍ទៅកាន់រដ្ឋាភិបាលក្នុងប្រទេសដែលខ្លួនរស់នៅ ហើយប្តឹងបន្ថែម ដើម្បីឲ្យប្រទេសសាមីចាត់វិធានការលើជនទាំងនោះ។
«ប្រទេសមួយចំនួនហ្នឹង គឺបានការពារនូវប្រជាពលរដ្ឋគេ ឧទាហរណ៍ដូចអូស្ត្រាលីគេមានអឺប៉ូលិសសហព័ន្ធហើយគេមានច្បាប់ការពារអំពីការគំរាមកំហែងឆ្លងដែនហ្នឹងឯង។ អញ្ចឹងខ្ញុំយល់ថា បើសិនជាមានបញ្ជីឈ្មោះនៃអ្នកទាំងឡាយហ្នឹង យើងត្រូវប្តឹងទៅដល់រដ្ឋាភិបាលនៃអឺបណ្តាប្រទេស ទាំងឡាយដែលខាងអ្នកប្រជាធិបតេយ្យដែលធ្វើកិច្ចការងារទាំងការបង្កើតសភាខ្មែរក្រៅប្រទេស ឬក៏រដ្ឋាភិបាលខ្មែរក្រៅប្រទេសប្តឹងអំពីការគំរាមកំហែងទាំងអស់ហ្នឹងផងរួមទាំងបណ្តាអង្គការជាតិ អង្គការអន្តរជាតិនិងអង្គការសហប្រជាជាតិផង»។
លោក ស៊ឹង សែនករុណា
KMD អំពាវនាវឲ្យរដ្ឋាភិបាលបារាំង ដែលគំនិតផ្តួចផ្តើមបង្កើត KOCA របស់ពលរដ្ឋខ្មែរមាននៅទីនោះ បន្តយកចិត្តទុកដាក់លើសុវត្ថិភាព និងសិទ្ធិជាមូលដ្ឋានរបស់សមាជិកសហគមន៍ខ្មែរនៅក្រៅប្រទេស ដែលកំពុងអនុវត្តសិទ្ធិរបស់ខ្លួនដោយសន្តិវិធី និងស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក កាណាដា និងប្រទេសប្រជាធិបតេយ្យដទៃទៀត តាមដានរាល់ការគំរាមកំហែង ការបំភិតបំភ័យ ការតាមដាន ឬការសងសឹកដែលអាចកើតមានប្រឆាំងនឹងសហគមន៍ខ្មែរនៅក្រៅប្រទេស។
KMD ក៏ទទូចឲ្យអាជ្ញាធរកម្ពុជាបញ្ជាក់ពីមូលដ្ឋានច្បាប់លើការគំរាមកំហែងរបស់ខ្លួន ព្រមទាំងបញ្ឈប់រាល់ការបំភិតបំភ័យ និងការសងសឹក ហើយគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរទាំងអស់ ដោយមិនត្រូវគិតថាពួកគេរស់នៅទីណាក៏ដោយ។
កន្លងមក រដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក៏ធ្លាប់រងការរិះគន់ថា បានប្រើប្រាស់ ការគំរាមកំហែងឆ្លងដែនលើអ្នកមាននិន្នាការផ្ទុយ ឬប្រឆាំងនឹងខ្លួន ជាពិសេសលោក ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនសកម្មជនបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលទាំងក្នុងប្រទេស និងក្រៅប្រទេស ដាក់ពន្ធនាគារផងដែរ៕









