សកម្មជន​បក្សឆន្ទៈខ្មែរម្នាក់​រងការ​ផ្ដន្ទាទោស​ជាង ១ ឆ្នាំ ករណី​រិះគន់​បក្ស​កាន់អំណាច​រឿង​ព្រំដែន

0
101
បេក្ខជន​ឈរឈ្មោះ​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២៧ លោក ជិន សេងឃាង​។ រូប៖ បណ្ដាញសង្គម
បេក្ខជន​ឈរឈ្មោះ​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២៧ លោក ជិន សេងឃាង​។ រូប៖ បណ្ដាញសង្គម

សាលាដំបូងខេត្តកំពង់ចាម​បាន​ផ្តន្ទាទោសសកម្មជនគណបក្សឆន្ទៈខ្មែរ ឱ្យ ជាប់ពន្ធនាគារ ១៥ ខែ ក្រោមបទ «ញុះញង់» ពាក់ព័ន្ធនឹងការបញ្ចេញមតិ រឿង បញ្ហាព្រំដែនកម្ពុជា-ថៃ។ សង្គមស៊ីវិល និង​គណបក្សឆន្ទៈខ្មែ ទទូចឱ្យតុលាការ ទម្លាក់បទចោទ ហើយដោះលែង​អ្នកទោស​នយោបាយ និង អ្នកទោសមនសិការ​ទាំងអស់ ដើម្បីបញ្ចៀសសម្ពាធកាន់តែខ្លាំង ពីសហគមន៍​អន្តរជាតិ​នៅមុនការបោះឆ្នោត។

សកម្មជនគណបក្សឆន្ទៈខ្មែរ លោក ជិន សេងឃាង គ្រោងនឹងឈរឈ្មោះ ជា បេក្ខជន​របស់​គណបក្សឆន្ទៈខ្មែរ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សា ឃុំ/សង្កាត់ ឆ្នាំ២០២៧ ដែលនឹងខិតជិតមកដល់។ ប៉ុន្តែ សកម្មជនរូបនេះ ត្រូវបាន​ចៅក្រមសាលាដំបូងខេត្តកំពង់ចាម ផ្តន្ទាទោសកាលពីថ្ងៃទី២៨ ខែតុលា ឱ្យជាប់ ពន្ធនាគារ១៥ ខែពីបទ «ញុះញង់បង្កឱ្យមានភាព​វឹកវរ​ធ្ងន់ធ្ងរដល់សន្តិសុខ​សង្គម»។

បច្ចុប្បន្នលោក ជិន សេងឃាង ជាប់ឃុំ នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម។ លោក ជិន សេងឃាង ត្រូវបានកម្លាំងអាជ្ញាធរខេត្តកំពង់ចាម ចាប់ខ្លួន កាលពី​ចុង ខែឧសភា នៅផ្ទះរបស់លោក ក្នុង​ឃុំ​ត្រពាំងព្រះ ស្រុក​ព្រៃឈរ បន្ទាប់ពីលោក បានបញ្ចេញមតិរិះគន់អ្នកដឹកនាំ​រដ្ឋាភិបាល​គ្រួសារ​ត្រកូលហ៊ុន នៅលើទំព័រហ្វេស ប៊ុករបស់គណបក្សកាន់អំណាច ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។

អត្ថបទខ្លីរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឱ្យដឹងថា សកម្មជនគណបក្ស​ឆន្ទៈខ្មែរ លោក ជិន សេងឃាង ធ្លាប់ត្រូវ​បានរដ្ឋបាល​ឃុំត្រពាំងព្រះ កោះ​ហៅ​ឲ្យ​ទៅជួបពីរដងរួចហើយ ដោយសារតែលោក​សកម្ម ក្នុងការលើកឡើងនូវ​មតិរិះគន់​រដ្ឋាភិបាល។ បន្ថែមលើនេះ លោកបានបដិសេធ​សំណើ​របស់ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ដែលបញ្ចុះបញ្ចូលលោកឱ្យ​ចុះចូល​គណបក្សកាន់អំណាចនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៩ ខែតុលា ថា ការបន្ត​ផ្ដន្ទាទោស​សកម្មជនបក្សក្រៅ​រដ្ឋាភិបាល មិនមែនជាស្ថានភាពល្អ សម្រាប់​បរិយាកាសនយោបាយនៅកម្ពុជានោះទេ ជាពិសេស នៅមុនការបោះឆ្នោត។ លោកថា អង្គការសិទ្ធិមនុស្សជាតិ និង សហគមន៍អន្តរជាតិ រួមទាំង អង្គការ​សហប្រជាជាតិ កំពុងព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់ដល់ការអនុវត្ត​សិទ្ធិ​មូលដ្ឋានរបស់ពលរដ្ឋខ្មែរ និង ការធ្លាក់ចុះសេរីភាពសារព័ត៌មាន ជាពិសេស ការរួមតូចនៃសេរីភាពប្រកួតប្រជែងនយោបាយ។

«អង្គការជាតិ អង្គការអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ បានទទូច​ស្នើសុំថា ឱ្យកម្ពុជា​បើកលំហនយោបាយ លំហសេរីភាព​ជាមូលដ្ឋាន​របស់ពលរដ្ឋ លំហ​សារព័ត៌មាន​ជាដើម ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាស បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៨ មានបរិយាកាសល្អ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ អ៊ីចឹង ការ​បន្កចាប់ខ្លួន ការផ្ដន្ទាទោសទៅលើសកម្មជនបក្សប្រឆាំង​បន្តបន្ទាប់ គឺធ្វើឱ្យមាន​ការរិះគន់ថា លំហសេរីភាពនយោបាយមានការធ្លាក់ចុះ»។

លោក អំ សំអាត

កាលពីចុងខែ កក្កដា អ្នករាយការណ៍ពិសេស ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស របស់ អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក ថម អេនឌ្រូ (Tom Andraws) បានដាស់តឿន លោក ហ៊ុន ម៉ាណែត ឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នក ទោសមនសិការ ជាង ១០០ នាក់ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧និងការបោះឆ្នោតជាតិឆ្នាំ២០២៨ ខិតជិតមកដល់។

ជុំវិញរឿងនេះ សមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ប្រាប់ទូរទស្សន៍​អាស៊ីសេរី នៅថ្ងៃទី២៩ ខែតុលា ថា បញ្ហាជាតិ​ជាទូទៅ និង​រឿងព្រំដែន សុទ្ធតែជាកង្វល់​របស់​ពលរដ្ឋ។ លោកថា ការបញ្ចេញមតិ​របស់ពលរដ្ឋ មិនគួរចាត់ទុកជាទង្វើញុះញង់ ឬ អំពើក្បត់ជាតិ​នោះទេ ពីព្រោះប្រជាពលរដ្ឋខ្មែរ គឺជាម្ចាស់ជោគវាសនាប្រទេសជាតិ ស្របតាមរដ្ឋធម្មនុញ្ញ។

លោក គង់ មុនីកា យល់ឃើញថា រដ្ឋាភិបាលមិនគួរណា បង្ហាញប្រតិកម្មរសើបពេក ក្នុងការ​ឆ្លើយ​តបនឹងរាល់ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដែលខ្វល់ខ្វាយរឿង​ទឹកដី​ជាតិ​ឡើយ ហើយគួរ​ដោះស្រាយ​តាមវិធីយោគយល់ និង​ផ្សះផ្សាផ្ទៃក្នុងជាតិ។

«បរិយាកាសនៅមុនការបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយ​ការបោះឆ្នោត នឹងមានការវាយតម្លៃថា តើការបោះឆ្នោតហ្នឹង វាសេរី ត្រឹមត្រូវ និងយុត្តិធម៌ កម្រិត​ណា? ដូច្នេះហើយការរឹតត្បិត ការធ្វើទុក្ខបុកម្នេញទៅ ដល់សកម្ម​ជននយោបាយ ក៏ដូចជា​អ្នកនយោបាយមុនការបោះឆ្នោតនេះ គឺបង្ហាញ​ការរួមតូច នៃលំហប្រជាធិបតេយ្យ និងសេរីភាពនៃការធ្វើសកម្មភាពនយោបាយ ស្របតាម​ច្បាប់ជាធរមានហើយ។ យើងក៏ទទូច​ឱ្យរាជរដ្ឋាភិបាល ពិនិត្យមើល ឡើងវិញ អំពី​ការអនុវត្តនូវសិទ្ធិសេរីភាពផ្នែកនយោបាយ ដែលត្រូវបាន​ធានា ដោយ​រដ្ឋធម្មនុញ្ញ​ប្រទេសកម្ពុជាហ្នឹង»។

លោកគង់ មុនីកា


គណបក្សកម្លាំងជាតិ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ គឺជាគណបក្ស​ប្រឆាំង ដែលរង​ការ​ធ្វើទុក្ខបុកម្នេញ និងមានសកម្មជន រហូតដល់អ្នកនយោបាយ​ជាន់ខ្ពស់ រងការប្ដឹងផ្ដល់ទៅ​តុលាការ និង​ជាប់ពន្ធនាគារច្រើនជាងគេ បន្ទាប់ពីការ​រំលាយគណបក្សសង្គ្រោះជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នកឃ្លាំមើល​លើកឡើង​ថា ការធ្វើទុក្ខបុកម្នេញរបស់បក្សកាន់អំណាច​មកលើ​ពលរដ្ឋ និងអ្នក​នយោបាយ​បក្សប្រឆាំង នឹងមិនធ្វើកម្ពុជាមានស្ថិរភាពនយោបាយ​យូរអង្វែង និងផ្តល់ផល​ចំណេញ​ដល់ប្រទេសជាតិនោះឡើយ។ ផ្ទុយទៅវិញ វា​អាចរឹតតែធ្វើឱ្យ ពលរដ្ឋខ្មែរកាន់តែច្រើន​ចេញ​មុខ​យុត្តិធម៌សង្គមដែលពលរដ្ឋ​កំពុង​រងការគាបសង្កត់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ