

អ្នកឃ្លាំមើលសង្គ អះអាងថា កងកម្លាំងយោធាថៃបានរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ តាមរយៈការបន្តរាយបន្លាលួស ជីកប្រឡាយ និងសាងសង់លេណដ្ឋានថ្មីៗ នៅតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន នៅថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្ដែងនៅទីតាំង។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា កងកម្លាំងយោធាថៃ បានរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ តាមរយៈសកម្មភាពរាយបន្លាលួស ជីកប្រឡាយ និងសាងសង់លេណដ្ឋានថ្មីៗនៅតំបន់ច្រកបឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។ លោកចាត់ទុកសកម្មភាពរបស់យោធាថៃថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងគោលការណ៍ច្បាប់អន្តរជាតិ។
លោក សេង វណ្ណលី បន្ថែមថា ការរាយបន្លាលួស ជីកប្រឡាយ និងសាងសង់លេណដ្ឋានថ្មីៗនៅទឹកដីរបស់កម្ពុជា មិនត្រឹមតែបង្កើតការផ្លាស់ប្ដូរស្ថានភាពនៅតាមព្រំដែនដោយឯកតោភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធីផងដែរ។
លោក សេង វណ្ណលី ក៏បានចោទប្រកាន់ភាគីថៃថា បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ព្រមទាំងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។
លោក សេង វណ្ណលី យល់ថា សហគមន៍អន្តរជាតិ និងអាស៊ានមិនគួរមើលរំលងសកម្មភាពទាំងនេះឡើយ។ លោកជំរុញឱ្យយកភស្តុតាងដែលប្រមូលបានដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន មកប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការដោះស្រាយបញ្ហាតាមផ្លូវច្បាប់ និងការទូត ដើម្បីជំរុញឱ្យមានការបញ្ឈប់សកម្មភាពយោធា ការដកកងកម្លាំង និងសម្ភារយោធាចេញពីតំបន់ដែលមានជម្លោះ ព្រមទាំងដោះស្រាយការខូចខាតរបស់ប្រជាពលរដ្ឋស៊ីវិល។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បានចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងជាក់ស្ដែង។
សេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងពីសកម្មភាពរាយបន្លាលួស ជីកប្រឡាយ និងសាងសង់លេណដ្ឋាន ព្រមទាំងការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតំបន់ច្រកបឹងត្រកួន ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក។ ប្រជាពលរដ្ឋចំនួន ៧,៨៧៣នាក់ មកពី ១,៨៦៩គ្រួសារ ក្នុងនោះមានកុមារ ១,៨៤៧នាក់ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញបាននៅឡើយ។
ក្រសួងបានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរការពារខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ “Uti Possidetis Juris” អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផែនទី និងឯកសារពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែន។
ក្រសួងការពារជាតិបានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ។ ក្រសួងក៏បានអះអាងពីការប្ដេជ្ញាចិត្តអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីស្ដារស្ថានភាពព្រំដែនឱ្យវិលទៅរកប្រក្រតីភាពវិញ។
ទោះជាយ៉ាងណា ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន បានរិះគន់ប្រសិទ្ធភាពនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន ដោយថា ការចុះពិនិត្យតាមព្រំដែនមិនទាន់បង្ហាញលទ្ធផលជាក់ស្ដែងក្នុងការទប់ស្កាត់សកម្មភាពរបស់យោធាថៃនៅឡើយ។ លោកថា ក្រុមអ្នកសង្កេតការណ៍គ្រាន់តែចុះពិនិត្យទីតាំង ហើយត្រឡប់ទៅវិញ ដោយមិនឃើញមានរបាយការណ៍ជាសាធារណៈ ឬការរិះគន់ និងថ្កោលទោសចំពោះសកម្មភាពរបស់ថៃនោះទេ។
«ខ្ញុំយល់ថារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គឺអសមត្ថភាពក្នុងការការពារទឹកដី ដែលបណ្ដែតបណ្ដោយឱ្យថៃឈ្លានពានយកទឹកដីខ្មែរយើងតាមអំពើចិត្ត អត់មានការទប់ស្កាត់។ ហើយយើងឃើញថា ថ្មីៗនេះមានការឈ្លានពានយកទឹកដីខ្មែរយើងបន្ថែមទៀតពីសំណាក់យោធាថៃ ហើយអត់មានការរារាំង អត់មានការទប់ស្កាត់ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នោះទេ»។
លោក អ៊ុំ សំអាន
លោក អ៊ុំ សំអាន បន្ថែមថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក យោធាថៃនៅតែបន្តរាយបន្លាលួស ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន និងសាងសង់របងបេតុង ព្រមទាំងបំផ្លិចបំផ្លាញផ្ទះសម្បែង និងវត្តអារាមរបស់ប្រជាពលរដ្ឋកម្ពុជា។
ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែជាបញ្ហាប្រឈមផ្នែកការទូត និងសន្តិសុខរវាងប្រទេសទាំងពីរ ខណៈភាគីទាំងពីរបានប្រកាសពីការប្ដេជ្ញាចិត្តអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់យន្តការដោះស្រាយជម្លោះដោយសន្តិវិធី៕








