

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា លោកសុខចិត្តឱ្យគេរិះគន់ថា ជាមេដឹកនាំកំសាក ជាជាងជ្រើសរើសសង្គ្រាមដោយបញ្ជាក់ថា កម្ពុជានឹងប្រើមធ្យោបាយការទូត និងនីតិវិធីច្បាប់ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ និងការពារជីវិតកងទ័ព និងប្រជាពលរដ្ឋ។ ប៉ុន្តែ អ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅតុលាការអន្តរជាតិឱ្យបានឆាប់រហ័ស ប្រសិនបើលោក ហ៊ុន ម៉ាណែត ពិតជាចង់ដោះស្រាយជម្លោះដោយសន្តិវិធីមែននោះ គឺមិនត្រូវអូសបន្លាយពេលវេលាឱ្យយោធាថៃបន្តឈ្លានពានទឹកដីកម្ពុជាតាមតែអំពើចិត្តដូចរាល់ថ្ងៃនោះឡើយ។
ថ្លែងក្នុងពិធីចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជ្រើសរើសការដោះស្រាយដោយសន្តិវិធី មិនមែនមានន័យថាកម្ពុជាគេចវេះពីការប្រឈមមុខ ឬបោះបង់ការការពារទឹកដីនោះទេ។ លោកថា ជីវិតរបស់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធមានតម្លៃហើយសង្គ្រាមមិនមែនជាមធ្យោបាយសម្រាប់បញ្ចប់សង្គ្រាមនោះទេ។
«សម្រាប់កម្ពុជា ពីណាថាកំសាកក៏កំសាក តែយើងមិនទេ។ យើងដោះស្រាយប្រឈមផ្ទាល់ មិនបានរត់ទេ ប៉ុន្តែយើងយកសមរភូមិការទូត សមរភូមិផ្លូវច្បាប់ដើម្បីដោះស្រាយសិន ព្រោះជីវិតប្រជាពលរដ្ឋថ្លៃ ជីវិតកងទ័ពថ្លៃព្រោះកងទ័ពយើង វីរកងទ័ព វីរនគរបាលជាតិ វីរអាវុធហត្ថ ច្បាំងតស៊ូការពារទឹកដីហើយ»។
លោក ហ៊ុន ម៉ាណែត
បើទោះជារដ្ឋាភិបាលកម្ពុជាប្រកាសជ្រើសយកផ្លូវការទូតដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃក៏ដោយ ក្រុមយោធាថៃហាក់មិនសូវអើពើឡើយ ហើយពួកគេនៅតែបន្តធ្វើសកម្មភាពរំលោភបំពានចូលបូរណភាពទឹកដីកម្ពុជាដដែលតាមរយៈការព័ទ្ធបន្លាលួស ដាក់ទូរកុងតឺន័រ សាងសង់ផ្លូវចូលដីខ្មែរ គ្រប់គ្រងតំបន់ប្រាសាទបុរាណខ្មែរ និងធ្វើរបងបេតុងជាឯកតោភាគីជាដើម។ ចំណែកខាងភាគីរដ្ឋាភិបាលកម្ពុជាវិញ គឺបានត្រឹមប្រកាសប្រឆាំងសកម្មភាពរបស់យោធាថៃ ឬធ្វើកំណត់ទូតជាដើម ប៉ុន្តែមិនចាត់វិធានការប្តឹងថៃទៅកាន់តុលាការអន្តរជាតិនោះឡើយ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានរិះគន់ជំហររបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នេះ ដោយអះអាងថា ការតវ៉ា និងថ្កោលទោសតាមផ្លូវការទូតតែមួយមុខ មិនគ្រប់គ្រាន់ដើម្បីទាមទារទឹកដីត្រឡប់មកវិញនោះទេ។ លោកជំរុញឱ្យរដ្ឋាភិបាលពិចារណាប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងយន្តការពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
លោក អ៊ុំ សំអាន ក៏បានអះអាងថា ថៃកំពុងគ្រប់គ្រងទីតាំងចំនួន៨៥ ដែលលោកចាត់ទុកថាជាទឹកដីកម្ពុជា និងព្រមានថា ចំនួនទីតាំងទាំងនេះអាចកើនឡើងបន្ថែមទៀត។ លោកចាត់ទុកការមិនប្រើសិទ្ធិស្វ័យការពារ និងការមិនប្ដឹងថៃទៅតុលាការអន្តរជាតិថា ជាការបង្ហាញពីភាពទន់ខ្សោយក្នុងការការពារបូរណភាពទឹកដី។
«ដូច្នេះ គាត់ការពារអំណាចជាជាងការពារទឹកដី ទើបគាត់អត់ប្រើសិទ្ធិស្វ័យការពារ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់ថៃ មិនប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ ដើម្បីទាមទារទឹកដីមកវិញនោះទេ គ្រាន់តែធ្វើនយោបាយប្រជាភិថុតិ ថា គាត់ដើរការទូតគាត់តវ៉ា។ ហើយការដើរការទូត ហើយតវ៉ាមិនព្រមប្ដឹងថៃទៅកាន់តុលាការអន្តរជាតិនោះ វាមិនអាចទាមទារបានទឹកដី ៨៥ ទីតាំងមកវិញនោះទេ»។
លោក អ៊ុំ សំអាន
លោក អំ សំអាន យល់ថា ជម្រើសរបស់លោក ហ៊ុន ម៉ាណែត នេះ ជាជម្រើសកាត់ដីខ្មែរទៅឱ្យថៃ ដើម្បីដូរយកសន្តិភាព និងអំណាច ព្រោះលោកថាបើសិនជាលោក ហ៊ុន ម៉ាណែត ប្រើសិទ្ធិស្វ័យការពារជាមួយថៃ ពេលនោះសង្រ្គាមនឹងអាចផ្ទុះឡើង ហើយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បារម្ភខ្លាចថៃទម្លាក់គ្រួសារហ៊ុនពីអំណាច ។
ទន្ទឹមនឹងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយកកម្ពុជា លោក សេង វណ្ណលី ក៏បានរិះគន់ថា ជំហររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែននៅតែមានភាពទន់ជ្រាយ និងខ្វះតម្លាភាព។ លោកយល់ថា ការមិនចាត់វិធានការការទូតឱ្យបានម៉ឺងម៉ាត់ប្រឆំាងការឈ្លានពានរបស់ថៃនៅលើឆាកអន្តរជាតិ អាចធ្វើឱ្យថៃមានប្រៀបក្នុងការពង្រឹងការគ្រប់គ្រងទីតាំងដែលកំពុងមានជម្លោះ។
លោក សេង វណ្ណលី យល់ថា ការដែលរដ្ឋាភិបាលនៅតែរក្សាភាពស្ងៀមស្ងាត់ ហើយថែមទាំងមិនហ៊ានចាត់វិធានការឆ្លើយតបឱ្យបានម៉ឺងម៉ាត់នៅចំពោះមុខសហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធភាគីថៃ បានបង្កើតឱ្យមានមន្ទិលសង្ស័យអំពីសមត្ថភាព និងឆន្ទៈក្នុងការប្រឈមមុខជាមួយថៃដោយផ្ទាល់។ លោកថា អាកប្បកិរិយាយឺតយ៉ាវ និងការគិតតែពីការទូតស្ងប់ស្ងាត់នេះ បានបើកដៃឱ្យថៃមានប្រៀប និងបន្តពង្រឹងកាន់កាប់លើទីតាំងដីខ្មែរដោយគ្មានសម្ពាធ។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ការជ្រើសរើសមធ្យោបាយការទូត និងផ្លូវច្បាប់ គឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែអ្នកឃ្លាំមើលសង្គមផ្តោតលើប្រសិទ្ធភាពនៃយុទ្ធសាស្ត្រនេះនិងតម្រូវឱ្យមានវិធានការផ្លូវច្បាប់បន្ថែម ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី៕








