

ក្រុមសមាគមដែលធ្វើការក្នុងទេសចរណ៍ ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បោសសម្អាតការឆបោកអនឡាញ និងដោះស្រាយវិបត្តិនយោបាយ ឲ្យបានឆាប់បំផុត ដើម្បីទាក់ទាញទំនុកចិត្តភ្ញៀវទេសចរបរទេស ក្នុងគោលដៅស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីភ្ញៀវទេសចរបរទេសមកកម្ពុជា បន្តធ្លាក់ចុះជាង ៤០% អំឡុងពេល ៩ខែដំបូង នៃឆ្នាំ២០២៦ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដោយសារតែឧក្រិដ្ឋកម្មឆបោកអនឡាញជាចំបង។
ក្រុមសមាគមទេសចរណ៍នៅកម្ពុជាបារម្ភថា កម្ពុជានឹងប្រើពេលយូរឆ្នាំណាស់ ដើម្បីស្ដារវិស័យទេសចរណ៍ឲ្យងើបឡើងវិញ នៅពេលប្រព័ន្ធដឹកនាំជាតិទាំងមូល ស្អុយអសោចតែរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ និងឧក្រិដ្ឋកម្មនយោបាយ ដូចជា ការសម្លាប់ប្រជាធិបតេយ្យ និង ការបំពានសិទ្ធិមនុស្ស។ ពួកគាត់ថា ឧក្រិដ្ឋកម្មទាំងនេះ គឺជាវិបត្តិអសន្តិសុខ ដែលធ្វើឲ្យទេសចរបរទេសខ្លាច។
ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា សព្វថ្ងៃ ពិបាក រកវិធីស្ដារទំនុកចិត្តភ្ញៀវទេសចរបរទេសណាស់ ដរាបណារដ្ឋាភិបាលមិនអាចដោះស្រាយបាន នូវឧក្រិដ្ឋកម្មឆបោក អនឡាញ បញ្ហាព្រំដែន និងវិបត្តិ នយោបាយ។ លោកថា ទាល់តែរដ្ឋាភិបាល ដោះស្រាយវិបត្តិធំៗទាំងនេះ ឲ្យបានល្អ និង ស្រុះស្រួលគ្នានៅក្នុងផ្ទៃក្នុងជាតិ ទើបក្រសួងទេសចរណ៍ អាចត្រៀមផែនការយុទ្ធសាស្ត្រ ប្រមូលបានហិរញ្ញវត្ថុ ថ្នាក់ជាតិ និងរៀបចំធនធានអ្នកជំនាញ ដើម្បីស្ដារការធ្លាក់ចុះនៃវិស័យ ទេចរណ៍បាន។
លោក ម៉ម រិទ្ធី មានប្រសាសន៍ថា ការមិនអាចស្ដារវិស័យទេសចរណ៍កម្ពុជា ឲ្យបានទាន់ពេល នឹងប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋ ដែលរស់នៅពឹងផ្អែកលើវិស័យទេសចរណ៍។
«ឃើញថា សណ្ឋាគារមួយចំនួនក៏ចាប់ផ្ដើមបិទ ហើយដាក់ប្រកាសលក់ ទាំងសណ្ឋាគារទាំងផ្ទះសំណាក់ ទាំងបរទេសឃើញដាក់ប្រកាសលក់ច្រើន ដាក់ជួលបន្តច្រើន។ យើងឃើញថា អ្នកលក់ដូរនៅតាមតំបន់ទេសចរហ្នឹង មានបញ្ហាក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលគាត់លក់អត់ដាច់ហ្នឹង។ អ៊ីចឹងខ្ញុំយល់ឃើញថា មានផលប៉ះពាល់ធ្ងនធ្ងរ ហើយមួយទៀតវិបត្តិធំ អ្នកដែលរកស៊ីក្នុងវិស័យហ្នឹង ពាក់ព័ន្ធនឹងបំណុលនៅធនាគារបំណុលធនាគារ គឺជារឿងធំមែនទែនតែម្ដង ដែលពួកគាត់ប្រឈម»។
លោក ម៉ម រិទ្ធី
ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែតុលា ដែលបានឲ្យដឹងថា រយៈពេល ៩ខែដំបូង ក្នុងឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា ធ្លាក់ចុះយ៉ាងគំហុកដល់ទៅជិត ៤៤% (៤៣.៧%) ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស សរុបមិនដល់ ២លាននាក់កន្លះ (២.៤៦ លាននាក់) ផង ដែលថយចុះពីចំនួនជាង ៤លាននាក់ (៤.៣៧ លាននាក់) ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។
ទេសចរវៀតណាមមកកម្ពុជា ដែលកម្រធ្លាក់ចុះនោះ ៩ខែដំបូង ក្នុងឆ្នាំ២០២៦នេះ ធ្លាក់ចំនួន រហូតដល់ ២៨% ឬ ជាង ៦៥ម៉ឺននាក់ (៦៥១,៤៨៦ នាក់)។ ចំណែកទេសចរអាមេរិក ថយអស់ ជិត ៦% (៥.៦%) ឬ ជាង ១៤ម៉ឺននាក់ (១៤០,២៧៦ នាក់) ខណៈទេសចរចិន ធ្លាក់ចុះរហូតដល់ ជិត ២៨% (២៧.៦%) ឬ ជាង ៦៤ម៉ឺននាក់ (៦៤៣,៣១៤ នាក់)។
ភាពតានតឹងនៅតាមព្រំដែនជាមួយថៃ គឺជាមូលហេតុមួយ ដែលធ្វើឲ្យភ្ញៀវទេសចរបរទេស ព្រួយបារម្ភពីបញ្ហាអសន្តិសុខក្នុងតំបន់នៅជិតព្រំដែន រួមផ្សំនឹង វិបត្តិសកលខ្លះដែរ ដែលបង្កឱ្យសំបុត្រយន្តហោះឡើងថ្លៃ។ ប៉ុន្តែ កត្តាចម្បងបំផុត នៃការធ្លាក់ចុះទេសចរបរទេសនេះ បណ្ដាលមកពីឧក្រិដ្ឋកម្មឆបោកអនឡាញ (Online Scams) ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរ លើបញ្ហាអសុវត្ថិភាពក្នុងប្រទេសកម្ពុជាទាំងមូល។
ជុំវិញរឿងនេះដែរប្រធានសមាគមស្ត្រី អ្នករត់រម៉កកង់បីនៅក្នុងសៀមរាប លោកស្រី គឹម សុខលាង ក៏ដាក់បន្ទុកលើឧក្រិដ្ឋកម្មឆបោកអនឡាញ អំពីពុករលួយស៊ីរូងផ្ទៃក្នុងជាតិ បក្ខពួកនិយមក្នុងការដឹកនាំរដ្ឋ រួមទាំងការរុកកួននយោបាយលើ គណបក្សក្រៅរដ្ឋាភិបាល សុទ្ធតែជាមូលហេតុដែលធ្វើឲ្យភ្ញៀវបរទេស មិនចង់មកទស្សនាកម្ពុជា ព្រោះមិនទុកចិត្តបញ្ហាសន្តិសុខ។
លោកស្រី គឹម សុខលាង ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ប្រជាពលរដ្ឋច្រើន លើសលប់ រស់នៅពឹងវិស័ទេសចរណ៍ ដូច្នេះពេលវិស័យទេសចរណ៍ ធ្លាក់ចុះយ៉ាងគំហុកបែបនេះ ក៏ធ្វើឲ្យជីវភាពគ្រួសារនីមួយៗ ធ្លាក់ក្នុងស្ថានភាពទ័លច្រក និងលំបាកខ្លាំង ខណៈរដ្ឋាភិបាលមិនបានជួយអ្វីទេ។ លើសពីនេះទៀត លោកស្រីបន្ថែមថា ក្នុងគ្រាដ៏លំបាក ដែលអ្នកប្រកបរបរដឹកភ្ញៀវខ្វះអតិថិជនដឹកទៅហើយ រដ្ឋាភិបាលបែរជាបើកឲ្យក្រុមហ៊ុនឥណ្ឌា និង ក្រុមហ៊ុនចិនបង្កើតមុខរបរបំពានខ្មែរតាមចិត្ត។
«ការលក់ឡេ ផឹកស្រាបំពុលសង្គម សព្វបែបយ៉ាង អាហ្នឹង រដ្ឋាភិបាលគាំទ្រ ដល់ពេលយើងប្រជាពលរដ្ឋខ្មែររត់កង់បីរត់អីសុំការគាំទ្រអត់រវល់សោះតែម្ដង ក្បត់ជាតិ ។ ឥឡូវបានអីនិយាយទៀត ខ្ញុំសួរ ខ្ញុំអ្នកទៅជួបផ្ទាល់ ជួបឯកឧត្ដម លោកជំទាវ អស់ហ្នឹង គ្មានបានប្រយោជន៍អីទេ បានត្រឹមតែថតរូប បង្ហាញអត់ប្រយោជន៍ហ្នឹង។ អ៊ីចឹងមានអីជាទីពឹង ហើយដល់ពេលមកចោទខ្ញុំជាជនក្បត់ជាតិដែរ ខ្ញុំមិនដឹងនិយាយថា ម៉េចវាស្រួលត្រឹមខ្ញុំហើយ បំផុសគំនិតឲ្យមនុស្សក្រោកឈរឡើងជាមួយវិស័យទេសចរណ៍ ដល់មកចោទខ្ញុំក្បត់ជាតិដែរ»។
លោកស្រី គឹម សុខលាង
កាលពីឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៥លាននាក់ (៥,៥៧លាននាក់) និងប្រមូលបានចំណូលប្រមាណ ជិត ៤ពាន់លានដុល្លារ (៣,៨៧ពាន់លានដុល្លារ) ពីវិស័យនេះ។ យ៉ាងណា មានការព្យាករថា ចំណូលពី វិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២៦ អាចនឹងបាត់បង់ពាក់កណ្ដាល ធៀបនឹងឆ្នាំ២០២៥។
អ្នកឃ្លាំមើលលើកឡើងថា ទោះបីជាក្រសួងទេសចរណ៍ ប្រឹងប្រែងបង្កើតគម្រោងយុទ្ធនាការថ្មីៗ ដូចជា យុទ្ធនាការ «ទស្សនាកម្ពុជាក្នុងរដូវបៃតង» (Visit Cambodia in Green Season) និង ការបង្កើនជើងហោះហើរអន្តរជាតិ បន្ថែមទៀតក៏ដោយ ក៏មិនអាចជួយស្ដារការធ្លាក់ចុះ នៃវិស័យទេសចរណ៍កម្ពុជាបានដែរ ដរាបណារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពកម្ចាត់ឧក្រិដ្ឋកម្មឆបោកអនឡាញ៕









