

រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន បានព្យាយាមបិទបាំង និងការពារមន្ត្រីជាន់ខ្ពស់ ព្រមទាំងឧកញ៉ាមួយចំនួនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតធ្វើឱ្យកម្ពុជាក្លាយជាទីតាំងសុវត្ថិភាពសម្រាប់បណ្ដាញឧក្រិដ្ឋជនបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ ស្ថាប័នជំនាញអន្តរជាតិបែរជាដើរតួនាទីសកម្មជាងអាជ្ញាធរកម្ពុជាក្នុងការស៊ើបអង្កេត ប្រមូលភស្តុតាង និងលាតត្រដាងអត្តសញ្ញាណមន្ត្រីគ្រាក់ៗជាបន្តបន្ទាប់ដែលកាងការពារមជ្ឈមណ្ឌលឆបោកតាមអនឡាញនាពេលកន្លងទៅនេះ។
ស្របពេលដែលស្ថាប័នអន្តរជាតិបន្តលាតត្រដាងអត្តសញ្ញាណឧកញ៉ា និងមន្ត្រីជាន់ខ្ពស់មួយចំនួនដែលរងការចោទប្រកាន់ថា បានកាងការពារមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ពាក្យថា «កំពុងស៊ើបអង្កេត» កំពុងក្លាយជាភាសាពេញនិយមសម្រាប់មន្ត្រីអាជ្ញាធរកម្ពុជា ដើម្បីឆ្លើយតបស្អំចិត្តសហគមន៍ជាតិ និងអន្តរជាតិ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្ត ប្រើលេសគេចវេះដដែលៗ និងគ្មានចំណាត់ការស៊ើបអង្កេតពិតប្រាកដលើមន្ត្រីកំពូលៗដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញឡើយ។ លោកថា របាយការណ៍ស៊ើបអង្កេតចុងក្រោយរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងទូរទស្សន៍អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ជាដើមមិនមែនជាតម្រុយឧក្រិដ្ឋកម្មដែលធ្វើឱ្យអាជ្ញាធរកម្ពុជាពិបាកស្មុគស្មាញក្នុងការស៊ើបអង្កេតឡើយ។
ផ្ទុយទៅវិញលោក គឹម សុខ វាយតម្លៃថា របាយការណ៍អន្តរជាតិទាំងនេះគឺជាការបង្ហាញភស្តុតាងជាក់ស្ដែង និងបង្ហាញពីអត្តសញ្ញាណ មន្ត្រីដែលពាក់ព័ន្ធ និងទទួលបានផលប្រយោជន៍ពីអំពើឧក្រិដ្ឋកម្ម ដូច្នេះលោកថា លោក ហ៊ុន ម៉ាណែត គួរបង្ហាញសេចក្ដីក្លាហានឃាត់ខ្លួនមន្ត្រីដែលពាក់ព័ន្ធ ដើម្បីសាកសួរ និងចាត់វិធានការតាមច្បាប់ ជាជាងប្រកាសស៊ើបអង្កេតតែមាត់តាមរយៈមន្ត្រីអាជ្ញាធរ ចំណែកមន្ត្រីដែលពាក់ព័ន្ធនៅក្រៅសំណាញ់ច្បាប់ដដែល។
«វាជាគ្រោះថ្នាក់ណាស់សម្រាប់កម្ពុជា នៅពេលដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនត្រឹមតែមិនចាត់ការទេ ប៉ុន្តែការពារពួកមេបណ្ដាញអំពើឧក្រិដ្ឋកម្មអន្តរជាតិ ដែលកំពុងមានសេរីភាពនៅប្រទេសកម្ពុជា និងមានតំណែងធំៗនៅក្នុងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភាជាដើម។ វាគ្រោះថ្នាក់នៅត្រង់ថា ពួកឧក្រិដ្ឋជនទាំងអស់ហ្នឹង នៅតែមានសេរីភាពនោះ វិបត្តិធំៗធ្លាក់លើកម្ពុជា និងសង្កត់កប្រជាពលរដ្ឋខ្មែរ វិបត្តិសង្គមគ្រប់បែបយ៉ាង វិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ បំណុលវ័ណ្ឌក ក្រ បែបហ្នឹង គឺមិនអាចទប់ទល់នឹងការឈ្លានពានរបស់ប្រទេសជិតខាងឡើយ ព្រោះបរទេសជិតខាងសព្វថ្ងៃកំពុងនាំគ្នាសម្លឹងស្រក់ទឹកមាត់ចង់បានតែកម្ពុជាហ្នឹង»។
លោក គឹម សុខ
ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលក្រៅប្រទេសរូបនេះ ធ្វើឡើងបន្ទាប់ពីប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ លោក ឆៃ ស៊ីណារិទ្ធ អះអាងថា អាជ្ញាធរកំពុងស៊ើបអង្កេតលើក្រុមហ៊ុនសន្តិសុខចំនួន ៥ ដែលអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ថ្មីៗនេះបានលាតត្រដាងថា មានទំនាក់ទំនងជាមួយមន្ត្រីយោធា និងនគរបាលជាង ២០នាក់ ដែលផ្ដល់ការការពារដល់មជ្ឈមណ្ឌលឆបោកតាមអនឡាញ។ លោកបន្ថែមថា អាជ្ញាធរនឹងមិនអត់ឱនចំពោះបុគ្គលណាឡើយ ប្រសិនបើការស៊ើបអង្កេតរកឃើញថា ពួកគេពិតជាជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងការបង្ខាំងមនុស្សធ្វើទារុណកម្ម។
ជាមួយគ្នានេះ លោក ឆៃ ស៊ីណារិទ្ធ ចាត់ទុករបាយការណ៍ស៊ើបអង្កេតរបស់ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ដែលលាតត្រដាងពីទីតាំងជំនួញខ្មៅងងឹតរបស់មេខ្លោងឆបោកលោក តឹង ភីពីង (Deng Pibing) នៅខេត្តកោះកុង ថា ជាតម្រុយសម្រាប់អាជ្ញាធរពង្រីកការស៊ើបអង្កេត និងស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីនាំមកទទួលខុសត្រូវតាមច្បាប់។
«សមត្ថកិច្ចយើងកំពុងតែស្វែងរកចាប់ តឹង ភីពីង ហ្នឹងគឺត្រូវតែចាប់ ដើម្បីឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ ហើយបន្ទាប់មកយើងនឹងទទួលបាននូវការពន្លាការស៊ើបអង្កេត តាមរយៈនៃការលើកឡើងរបស់គាត់ (Al Jazeera) គឺយើងនឹងបន្តការស៊ើបអង្កេត»។
លោក ឆៃ ស៊ីណារិទ្ធ
លោកថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមក្នុងជំនួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបារាំង លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនកាលពីសប្ដាហ៍មុន។
កន្លងទៅ រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន និងមន្ត្រីគ្រាក់ៗតែងតែច្រានចោលរបាយការណ៍អន្តរជាតិ និងថែមទាំងចោទរបាយការណ៍របស់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិដែលរកឃើញពីទីតាំងមជ្ឈមណ្ឌលឆបោកថា ជាការបំភ្លៃបំផ្លើសការពិត និងមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។
កាលពីខែតុលា ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) បានផ្សាយរបាយការណ៍ស៊ើបអង្កេតសម្ងាត់មួយដែលរៀបរាប់អំពីការកសាងជំនួញឧស្សាហកម្មឆបោកទ្រង់ទ្រាយធំរបស់មេខ្លោងឆបោកជនជាតិចិនមានសញ្ជាតិខ្មែរគឺលោក តឹង ភីពីង នៅតំបន់តារាសាគរ ក្នុងខេត្តកោះកុង។ របាយការណ៍ស៊ើបអង្កេតបង្ហាញថា បងប្អូនត្រកូល «យឹម» កូនប្រុសមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក យឹម ឆៃលី គឺលោក យឹម លាង ដែលជាមន្ត្រីនគរបាលពាក់ផ្កាយ ៣ និងមន្ត្រីនគរបាលអ្នកស្រី ជាតិ មុន្នី មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយមេខ្លោងឆបោកជនជាតិចិនរូបនេះ និងរងការចោទប្រកាន់ថា បានទទួលផលប្រយោជន៍ និងផ្ដល់ការការពារដល់អាជីវកម្មឆបោកតាមអនឡាញរបស់លោក តឹង ភីពីង នៅតំបន់ខេត្តជាប់មាត់សមុទ្រមួយនេះ។
ទន្ទឹមគ្នានេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក៏បានបង្ហាញរបាយការណ៍ស៊ើបអង្កេតថ្មីចុងក្រោយកាលពីពេលថ្មីៗនេះដោយលាតត្រដាងថា មន្ត្រីនគរបាល និងមន្ត្រីយោធាមួយចំនួនបានបង្កើតក្រុមហ៊ុន សន្តិសុខ ដើម្បីផ្ដល់ការការពារមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យដំណើរការដោយរលូន។ ក្រុមហ៊ុនសន្តិសុខទាំងនេះមានឈ្មោះដូចជា ក្រុមហ៊ុន សន្តិសុខ លាភ សំណាង (Leap Samnag Security) ក្រុមហ៊ុន សន្តិសុខ ស៊ីឃ្យួរីធី រីសផនស៍ (Security Response) ក្រុមហ៊ុន សន្តិសុខ ហ្សេតឌី ស៊ីឃ្យួរីធី (ZD Security) ដារ៉ា ស៊ីឃ្យួរីធី (Dara Security ) និងក្រុមហ៊ុន សន្តិសុខ បេស ស៊ីឃ្យួរីធី (Best Security)។ ឆ្មាំសន្តិសុខដែលជួលដោយក្រុមហ៊ុនទាំងនេះត្រូវបានគេបង្រៀន និងបណ្ដុះបណ្ដាលឱ្យចេះធ្វើទារុណកម្ម ការបង្ខំបុគ្គលិកឱ្យធ្វើការឆបោក និងធ្វើទារុណកម្មមនុស្ស។ អង្គការអន្តរជាតិដដែលរកឃើញថា ក្រុមហ៊ុនសន្តិសុខទាំងនេះ មានទំនាក់ទំនងជាមួយ លោក បាន សុផាត ដែលមានឋានន្តរសក្ដិវរសេនីយ៍ឯកនៃកងយោធពលខេមរភូមិន្ទ លោក ឡាយ ចាន់នី ជាមន្ត្រីនគរបាលជាតិ និងឧត្ដមសេនីយ៍ត្រី តឹក ប៊ុនធឿន។ ក្រៅពីនេះ អង្គការលើកលែងទោសអន្តរជាតិបញ្ជាក់ថា ក៏មានមន្ត្រីយោធា និងនគរបាលជាង ២០នាក់ផ្សេងទៀតដែលតែងមានវត្តមាននៅតាមមជ្ឈមណ្ឌលឆបោកនានានៅទូទាំងប្រទេសកម្ពុជា ហើយពួកគេធ្វើការជាសន្តិសុខនៅក្នុងមជ្ឈមណ្ឌលឆបោក ព្រមទាំងមានតួនាទីជាអ្នកបណ្ដុះបណ្ដាលឆ្មាំក្រុមសន្តិសុខ និងប្រើប្រាស់អាវុធដោយសេរីយាមកាមកុំឱ្យបុគ្គលិករត់ចេញពីអគារឆបោក។
មកដល់ពេលនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់បង្ហាញលទ្ធផលនៃការស៊ើបអង្កេតលើបុគ្គលដែលរងការចោទប្រកាន់ទាំងនេះនៅឡើយទេ។ ជាក់ស្ដែង មេប៉ូលិសពាក់ផ្ដាយ ៣ គឺលោក យឹម លាង ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មនេះនៅតែមានសេរីភាព និងថែមទាំងបន្តហែហមអមដំណើរ លោក ហ៊ុន ម៉ាណែត និងមន្ត្រីនយោបាយជាន់ខ្ពស់ក្នុងវេទិកាសាធារណៈថែមទៀតផង៕









