លោក ហ៊ុន ម៉ាណែត បញ្ជា​​ឱ្យ​​​​​​​​គ្រូ​​​ត្រូវ​​​​​​ហាម​សិស្ស​មិន​​ឱ្យ​ប្រើ​ប្រាស់​​​​ទូរស័ព្ទ​ដៃ​​​ក្នុង​​ម៉ោង​សិក្សា ដើម្បី​ពង្រឹង​ការ​អប់រំ

0
35
រូបភាពសិស្សសាលាមធ្យមសិក្សាមួយនៅកម្ពុជា លេងទូរស័ព្ទ (ហ្គេម) នៅសាលារៀន។ រូប៖ បណ្ដាញសង្គម
រូបភាពសិស្សសាលាមធ្យមសិក្សាមួយនៅកម្ពុជា លេងទូរស័ព្ទ (ហ្គេម) នៅសាលារៀន។ រូប៖ បណ្ដាញសង្គម

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បញ្ជា​​ឱ្យ​​​​​​​​​​នាយក​សាលា និង​​គ្រូ​​​​បង្រៀន​​ទូទាំង​​ប្រទេស​​ត្រូវ​​ដក​ហូត​​​​​​​​ទូរស័ព្ទ​ដៃ​​​​​​​​​​ពី​សិស្ស​​​​​​ក្នុង​​ម៉ោង​សិក្សា​ ​ដើម្បី​​​​​ឱ្យ​សិស្ស​​ផ្ដោត​លើ​ការ​សិក្សា​ឱ្យ​បាន​ពេញ​លេញ។ ការ​លើក​ឡើង​របស់​លោក​ ហ៊ុន ម៉ាណែត​ នេះ​​ក្រោយ​ពី​​វិស័យ​អប់រំ​ នៅ​កម្ពុជា​​បន្ត​​រង​ការ​រិះគន់​ថា ពុំ​សូវ​មាន​គុណ​ភាព​ខ្ពស់​​​​ ​ព្រោះ​​​កង្វះ​​ផ្នែក​វិន័យ​ ​និង​​ប្រព័ន្ធ​ដឹកនាំ​ត្រឹម​ត្រូវ។ អ្នក​​ឃ្លាំ​មើល​​​​​​​ថា ការ​​ហាម​ប្រើ​ប្រាស់​ទូរស័ព្ទ​​​​ដៃ​ ក្នុង​ម៉ោង​សិក្សា​​​ជា​រឿង​​ល្អ ​​ប៉ុន្តែ​​​ ពួក​គាត់​​​បារម្ភ​ថា​​ វិធានការ​ទាំង​នោះ​នឹង​​​​​​​អនុវត្ត​បាន​តែមួយ​ឆាវ​​​ប៉ុណ្ណោះ ​​ប្រសិន​បើ​​នាយក​​សាលា​​​​ ​គ្មាន​ឆន្ទៈ​​​​ពិត​ប្រាកដ។

លោក​​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​​នៅ​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា​ បាន​​ថ្លែង​នៅ​ក្នុង​ពិធី​​​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​​អគារសិក្សា​​នៅ​ខេត្ត​កំពង់ធំ ​ថា​ បច្ចុប្បន្ន​​រដ្ឋាភិបាល​​​​​នៅ​តែ​ផ្ដោត​​ជា​​អាទិភាព​លើ​ការ​ពង្រីក ​និង​ពង្រឹង​សាលារៀន​ជា​បន្ត​​​​ ជាពិសេស​​​​​​សាលា​រៀន​​ចាប់​ពី​នៅ​​​ថ្នាក់​​​​​​មូលដ្ឋាន ​​​រហូត​​ដល់​​​វិទ្យាល័យ។ ក្នុង​នោះ​​​​​​​លោក​ បាន​ក៏​​​​​ណែនាំ​ឱ្យ​ក្រសួង​អប់រំ​យុវជន​និង​​​កីឡា​​ ​​​ផ្ដោត​លើ​ការ​​​ថែម​​​ម៉ោង​សិក្សា​ ដែល​​​​បច្ចុប្បន្ន​មាន​ត្រឹម ៤ម៉ោង​​ក្នុង​១​ថ្ងៃ នឹង​​ត្រូវ​ថែម​២​ម៉ោង​ទៀត​ ដើម្បី​​ពង្រឹង​​សមត្ថភាព​សិស្ស​វិន័យ​ និង​បង្កើត​ទម្លាប់​​​​​​​ឱ្យ​​​​សិស្ស​​ អាន​​សៀវភៅ ​​ឱ្យ​បាន​ច្រើន។

ជាមួយ​គ្នា​នោះ​​ ​​​លោក​​​​ណែនាំ​​​ដល់​នាយក​សាលា​​និង​គ្រូ​បង្រៀន​ត្រូវ​តែ​​​​​ពិនិត្យ​​​​ទៅ​លើ​ការ​​​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​របស់​សិស្ស​​ ដោយ​ត្រូវ​ប្រើ​ប្រាស់​ឱ្យ​ចំ​ទិស​ដៅ ​​ មិន​ត្រូវ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ ជា​ឧបករណ៍​ជំនួស​ឱ្យ​តួនាទី​គ្រូ​បង្រៀន​នោះ​ឡើយ។ បន្ថែម​ពី​លើ​នោះ​ លោក​បាន​​ណែនាំ​ឱ្យ​គ្រូ​ និង​នាយក​សាលា​​ត្រូវ​​​​​ហាមឃាត់​​មិន​​​ឱ្យ​សិស្ស​​​​​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ ឬ ឧបករណ៍​អេឡិចត្រូនិក ​ក្នុង​ម៉ោង​​​រៀន​នោះ​ឡើយ ​​ដើម្បី​​បង្កើន​ការ​ផ្ដោត​អារម្មណ៍​​​លើ​ការ​បង្រៀន​របស់​គ្រូ​​ក្នុង​ថ្នាក់​រៀន។ លោក ហ៊ុន ម៉ាណែត បាន​​​កំណត់​យក​ឆ្នាំ​សិក្សា​២០២៦-២០២៧ ជា​ឆ្នាំ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ ​របស់​សិស្ស​​​​​ក្នុង​ម៉ោង​សិក្សា​ នៅ​តាម​សាលា​ទូទាំង​ប្រទេស។

​ «ប្រទេស​យើង​បាន​ដើរ​ពីរ​ឆ្នាំ​ហើយ ប៉ុន្តែ​ការ​អនុវត្ត​នៅ​​​មិន​ទាន់​បាន​។ ខ្ញុំ​សង្ឃឹម​ថា​ឆ្នាំ​២០២៦-២០២៧នេះ​ យើង​នឹង​ឈាន​ទៅ​ដល់​សាលា​ទូទាំង​ប្រទេស ជា​ពិសេស​សាលា​រដ្ឋ សាលា​ឯកជន​ជា​រឿង​មួយ​ ​តែ​ក្នុង​សាលា​រដ្ឋ ទូទាំង​ប្រទេស​គឺ​គ្មាន​ថ្នាក់​រៀន​ណា​ដែល​សិស្ស​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ម៉ោង​រៀន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូ។​ ខ្ញុំ​សុំ​ឱ្យ​ដាក់​ទិស​ដៅ​នឹង​តែ​ម្ដង ​លើក​លែង​តែ​ម៉ោង​រៀន​ដែល​ទាក់ទង​នឹង​គ្រូ​អនុញ្ញាត​ឲ្យ​រៀន​ប្រើ​ Research អី​ ក្រៅ​ពី​ហ្នឹង​គឺ​សុំ​ឱ្យ​ដាច់ខាត»។

លោក ហ៊ុន ម៉ាណែត

ទោះ​ជា​បែប​នេះ​​ក្ដី​ អ្នក​ឃ្លាំមើល​​លើក​​ឡើង​ថា គុណ​ភាព​​អប់រំ​នៅ​កម្ពុជា​​​​​ ​​​​បន្ត​ធ្លាក់​ចុះ​​​​​​ ​​​​​មិន​មែន​​ ដោយ​សារ​តែ​សិស្ស​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ ក្នុង​​​ម៉ោង​សិក្សា​​​​​​​ តែ​ប៉ុណ្ណោះ​​​​​ទេ​ ​គឺ​​​មាន​ធាតុ​​​រួម​ផ្សំ​ជា​ច្រើន​​​​ ​​​ការ​គ្រប់​គ្រង​របស់​​នាយក​​សាលា​​​​​មិន​​បាន​​ត្រឹម​ត្រូវ​​ ​​ហើយ​​គ្រូ​បង្រៀន ​​ពុំ​សូវ​មាន​​ចំណេះ​ដឹង​​​ផ្នែក​​វិធីសាស្ត្រ​បង្រៀន​​​​​ឱ្យ​បាន​​ត្រឹម​ត្រូវ​​​បញ្ហា​​​ប្រាក់​បៀវត្ស​ មិន​សមស្រប​​នឹង​តម្រូវ​ការ​ជីវភាព ​ដែល​ធ្វើ​ឱ្យ​គ្រូ​មួយ​ចំនួន​​​លួច​ម៉ោង​បង្រៀន​​​​ ដើម្បី​​ទៅ​ធ្វើ​ការងារ​​​ខាង​ក្រៅ​​​បន្ថែម និង​​កត្តា​ជីវភាព​របស់​អាណាព្យាបាល​​​សិស្ស​បាន​រារាំង​​ឧកាស​រៀន​សូត្រ​របស់​កូន​ៗ​ មិន​បាន​ដិតដល់។

កម្មវិធី​វាយ​តម្លៃ​សិស្ស​អន្តរជាតិ PISA ​​ឆ្នាំ២០២២ ​​​បាន​បង្ហាញ​ថា​ ៥៩% ​នៅ​តាម​​ជនបទ​​​​នៅ​កម្ពុជា គឺ​ប្រឈម​បញ្ហា​​​​កង្វះ​​​គ្រូ​​​បង្រៀន​​ដែល​​កំពុង​រារាំង​​​​ឱកាស​​​​​​​​​សិក្សា​​របស់​កុមារ។ ចំណែក ​២៧% ​​​គឺ​នៅ​តាម​​សាលា​​​​​​​​​​​គ្រូ​មាន​សមត្ថភាព​មិន​គ្រប់​គ្រាន់​។ ​​របាយការណ៍​ដដែល​បញ្ជាក់​ថា​​នេះ​ជា​បញ្ហា​​​​​ ​ដែល​​​​​​គួរ​ឱ្យ​ព្រួយ​បារម្ភ ព្រោះ​កា​បណ្ដុះបណ្ដាល​គ្រូ​ មិន​គួរ​ឈប់​ត្រឹម​ការ​ផ្ដល់​សញ្ញាប័ត្រ​នោះ​ទេ តែ​ត្រូវ​ធានា​ថា​គ្រូ​មាន​សមត្ថភាព​អនុវត្ត​ការ​បង្រៀន​ប្រកប​ដោយ​គុណ​ភាព។

ក្រៅ​ពី​នេះ​​​ អ្នក​ឃ្លាំមើល​លើ​ឡើង​ថា​ ការ​អប់រំ​មិន​អាច​មាន​គុណ​ភាព​ខ្ពស់​បាន​ទេ ប្រសិន​បើ​​​​ប្រព័ន្ធ​គ្រប់​គ្រង​សាលា​រៀន​​ ​ខ្វះ​តម្លាភាព គណនេយ្យ​ភាព និង​ប្រសិទ្ធភាព។ ជា​ឧទាហរណ៍​​

​នៅ​ប្រទេស​​ សិង្ហបុរី​បាន​ផ្ដល់​សារ​សំខាន់​យ៉ាង​ខ្លាំង​ដល់​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​អប់រំ​ដែល​មាន​គោលដៅ​ច្បាស់លាស់ ការ​បណ្ដុះបណ្ដាល​បុគ្គលិក​អប់រំ ការ​វាយ​តម្លៃ​​គុណ​ភាព​​សាលារៀន​​​​ឯករាជ្យ​​ និង​ការ​កែលំអ​គុណ​​ភាព​អប់រំ​​​ជា​បន្តបន្ទាប់។

ចំណែក​​វៀតណាម​ក៏​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​កំណត់​ស្តង់ដារ​កម្មវិធី​សិក្សា ការ​ត្រួតពិនិត្យ​លទ្ធផល​សិក្សា និង​ការ​ផ្ដល់​សារ​​សំខាន់​ដល់​ការ​អប់រំ​ជា​គោលដៅ​អភិវឌ្ឍ​ជាតិ​។ កម្ម​វិធី​វាយ​តម្លៃ​សិស្ស​អន្តរជាតិ PISA ​​បាន​បង្ហាញ​ថា​ ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​វៀតណាម និង​សិង្ហបុរី មាន​ភាព​​លេចធ្លោ​ជាង​គេ​នៅ​តំបន់​​អាស៊ី ខណៈ​កម្ពុជា​ស្ថិត​ទទួល​បាន​ការ​វាយ​តម្លៃ​ថា​មាន​ប្រព័ន្ធ​អប់រំ​អន់​បំផុត ព្រោះ​សិស្ស​ភាគ​ច្រើន​ខ្សោយ ផ្នែក​គណិក អំណាន និង​វិទ្យា​សាស្ត្រ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា​ លោក​សាទរ​ចំពោះ​ការ​បន្ថែម​​ម៉ោង​សិក្សា និង​ការ​​​ហាម​មិន​ឱ្យ​សិស្ស​ប្រើ​ប្រាស់​​​​​​​ទូរស័ព្ទ​​​ដៃ​​​នៅ​​ក្នុង​ម៉ោង​សិក្សា​ ​​ប៉ុន្តែ​លោក​ថា​ វិធាន​ការ​នេះ​ ​​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ ប្រសិន​បើ​​​​នាយក​​សាលា និង​គ្រូ​បង្រៀន​ពុំ​​​មាន​​​ឆន្ទៈ​​អនុវត្ត​​ និង​ការ​ចង់​​កែលំអ​ប្រព័ន្ធ​អប់រំ​​។

«អ្វី​ដែល​ខ្ញុំ​សង្កត់​ធ្ងន់​គឺ​ទាក់ទង​ជា​មួយ​នឹង​ការ​អនុវត្ត​ពី​ព្រោះ​កន្លងមក​យើង​ឃើញ​ថា​ទាក់ទង​ជា​មួយ​នឹង​ការ​លើក​ឡើង​បន្ទាប់​ៗ​គឺ​វា​មាន​ចំណុច​ខ្សោយ​នៅ​ត្រង់​ការ​អនុវត្ត មាន​ន័យ​ថា​ការ​អនុវត្ត​មិន​បាន​ផ្ដល់​នូវ​លទ្ធផល​ពិត​ដូច​អ្វី​ដែល​ជា​ការ​រំពឹង​ទុក ។​ កាល​ណា​ជើង​ឃើញ​ថា​លទ្ធផល​រំពឹង​ទុក​វា​ខុស​ពី​លទ្ធផល​ជាក់ស្ដែង​អញ្ចឹង​វា​​​​​មិន​អាច​​​តប ឬ​ក៏​អាច​ធ្វើ​ឱ្យ​គុណ​ភាព​អប់រំ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​បាន​នោះ​ទេ​បាទ»។

លោក សេក សុជាតិ

បន្ថែម​ពី​លើ​នេះ​ ​​​អ្នក​​ឃ្លាំមើល​​យល់​​ថា ដើម្បី​ឱ្យ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​​​អាច​ដើរ​ទាន់​ប្រទេស​​ជិត​​​​ខាង​ដូច​ជា​​វៀតណាម និង​សិង្ហបុរី កម្ពុជា​​​​​​ត្រូវ​ផ្ដោត​ការ​​រៀបចំ​​អភិបាល​កិច្ច​ក្នុង​វិស័យ​អប់រំ​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​​​​​​ដើម្បី​​តាម​ដាន​​និង​​ត្រួត​ពិនិត្យ​លើ​​ថវិកា​​​សម្រាប់​ចំណាយ​ ប្រចាំ​ឆ្នាំ​​លើ​វិស័យ​អប់រំ​​​​ ដូចជា​ការ​ជ្រើស​រើស​គ្រូ​​​​បង្រៀន​ ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ ការ​កែទម្រង់​កម្មវិធីសិក្សា​​ និង​​​​ការ​បំពាក់​ឧបករណ៍​ពិសោធ​នៅ​ក្នុង​សាលា​​ជា​ដើម​​ ​ថា​តើ​ បាន​ចំណាយ​​ត្រឹម​ត្រូវ​ឬ​អត់។

ពួក​គាត់​ថា បញ្ហា​មិន​មែន​ស្ថិត​តែ​លើ​សំណួរ​ថា ​តើ​រដ្ឋ​ចំណាយ​ថវិកា​ប៉ុន្មាន​លើ​វិស័យ​អប់រំ​នោះ​ទេ ប៉ុន្តែ​ស្ថិត​លើ​សំណួរ​ថា ​តើ​ថវិកា​នោះ​ត្រូវ​បាន​ប្រើប្រាស់​មាន​ប្រសិទ្ធភាព​កម្រិត​ណា​​។ ជា​មួយ​គ្នា​​ពួក​គាត់​​​​ថា​ ​​​ការ​អប់រំ​នៅ​កម្ពុជា​​ ​​​​ត្រូវ​​​​​ផ្ដោត​លើ​គុណភាព​គ្រូ​បង្រៀន ​​វិធីសាស្ត្រ​​​បង្រៀន និង​អភិបាល​កិច្ច​នៃ​ប្រព័ន្ធ​អប់រំ ព្រោះ​​​បើ​ទោះ​បី​ជា​​ថវិកា​ច្រើន​​​​​​ប៉ុណ្ណា​​ក៏​ដោយ ​ប្រសិន​បើ​មិន​មាន​ការ​គ្រប់​គ្រង​​​​ត្រឹម​ត្រូវ​​ ​​​​ ​នោះ​លទ្ធផល​សិក្សា​របស់​សិស្ស​ក៏​​​គ្មាន​​​​​​​ផល​​វិជ្ជា​មាន​ច្រើន​នោះ​ដែរ​​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ