

អ្នកវិភាគថា រដ្ឋាភិបាលគួរតែពន្យល់ពីការពិតនៃហានិភ័យសេដ្ឋកិច្ចដែលកំពុងកើតឡើងដើម្បីឱ្យពលរដ្ឋបានដឹង និងបានត្រៀមខ្លួន ជាជាងព្យាយាមបកស្រាយយករួចខ្លួន។ ការលើកឡើងនេះ ក្រោយពីមានមន្ត្រីរដ្ឋាភិបាលមួយចំនួន រួមនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងបានបន្តអួតអាងពីកំណើនសេដ្ឋកិច្ច ហើយពេលខ្លះទៀតអះអាងថា បញ្ហាសេដ្ឋកិច្ច គឺជាវិបត្តិសាកលដើម្បីគេចវេះពីការទទួលខុសត្រូវ ស្របពេលដែលពលរដ្ឋជាច្រើនកំពុងប្រឈមបញ្ហាអត់ការងារធ្វើ តម្លៃប្រេងសាំងឡើងថ្លៃ ហើយជំពាក់បំណុលធនាគារ ក៏កាន់តែកើនឡើងខ្ពស់។
អ្នកវិភាគសង្កេតឃើញថា ជាង១ឆ្នាំមកនេះ បំណុលវ័ណ្ឌក ឬវិបត្តិបំណុលលើសលប់របស់ពលរដ្ឋខ្មែរ កំពុងក្លាយជាប្រធានបទក្ដៅគគុក និងជាបញ្ហាសង្គម-សេដ្ឋកិច្ចយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា ហើយការកើនឡើងនៃបំណុលគ្រួសារបានបន្សល់ទុកនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃ ផ្លូវចិត្ត និងស្ថិរភាពសង្គម។ ពួកគាត់ថា សេដ្ឋកិច្ចកម្ពុជា បានបន្តដាំក្បាលចុះ ពុំមែនព្រោះវិបត្តិសាកលតែប៉ុណ្ណោះទេ គឺដោយសារបញ្ហាផ្ទៃក្នុង ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ អំពើពុករលួយ វិបត្តិនីតិរដ្ឋ និងការរំលោភសិទ្ធិមនុស្ស ជាដើម ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែគេចវេះមិនទទួលស្គាល់ការពិត ដើម្បីរក្សាលំនឹងអំណាច។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា បច្ចុប្បន្ននេះបណ្ដាប្រទេសមួយចំនួន ដូចជាម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ ជាដើម នៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក ប្រែប្រួល ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចក្នុងស្រុក គេតែងតែប្រាប់ពលរដ្ឋគេឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ មួយចំនួន។ ទន្ទឹមគ្នានោះលោកថា រដ្ឋាភិបាលរបស់គេតែងតែព្យាយាមរកដំណោះស្រាយ ជូនពលរដ្ឋ ប្រកបដោយតម្លាភាព ក៏ប៉ុន្តែ លោកថា សម្រាប់កម្ពុជា ហាក់ពុំសូវបានឮរដ្ឋាភិបាលបកស្រាយពីហានិភ័យទាំងនោះឱ្យពលរដ្ឋបានដឹងនោះទេ ក្រៅតែពីការបកស្រាយការពារខ្លួន។
លោកបន្តថា ទោះបីជាមានការបកស្រាយផ្សេងៗគ្នា ដើម្បីការពារ ខ្លួនពីសំណាក់រដ្ឋាភិបាលក៏ដោយ លោកសង្កេតឃើញថា សេដ្ឋកិច្ចនៅក្នុងស្រុកកំពុងមានហានិភ័យខ្ពស់។ ករណីនេះ លោកថាក្រៅពីការបកស្រាយ រដ្ឋាភិបាលត្រូវមានកាតព្វកិច្ច ពន្យល់ការពិតជូនដល់ពលរដ្ឋ ដើម្បីបានត្រៀមការពារខ្លួនពី ផលប៉ះពាល់ទាំងនោះ ជាជាង គ្រាន់តែឃោសនា ប្រជាភិថុតិ។
« នៅប្រទេសសិង្ហបុរី ប្រសិនបើមានបញ្ហាអ្វីមិនស្រួលក្នុងពិភពលោក ច្រើនតែនាយករដ្ឋមន្ត្រីគេចេញមកប្រកាសថា ឥឡូវ ពិភពលោកកំពុងតែវិលវល់នៅក្នុងរឿងនេះ អ៊ីចឹង ពលរដ្ឋសិង្ហបុរីត្រូវត្រៀមលក្ខណៈរួចស្រេចដើម្បីប្រឈម ទៅនឹងបញ្ហាហ្នឹង ហើយរដ្ឋត្រូវធ្វើអ្វី ពលរដ្ឋត្រូវធ្វើអីនៅក្នុងពេលជាមួយគ្នាហ្នឹង។ ប៉ុន្តែនៅស្រុកយើងជាវប្បធម៌ យើងពុំសូវឮការប្រស្រ័យទាក់ទងគ្នារវាងរាស្ត្រនិងរដ្ឋទៅលើបញ្ហាទេ។ តែងតែឮថារដ្ឋចេះតែថាមិនអីៗ ប៉ុន្តែនៅខាងក្រោមចេះតែបន្តពិបាក»។
បណ្ឌិត មាស នី
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្ដីពីសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ បានលើកឡើងដោយផ្ទាល់ថា ការខូចខាតកេរ្តិ៍ឈ្មោះដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ កំពុងក្លាយជាកត្តាសំខាន់មួយដែលដាក់សម្ពាធលើវិស័យទេសចរណ៍ ការវិនិយោគ និងទំនុកចិត្តលើវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។ នេះបង្ហាញថា បញ្ហាឧក្រិដ្ឋកម្មមិនមែនគ្រាន់តែជាបញ្ហាសន្តិសុខសង្គមទេ ប៉ុន្តែជាបញ្ហាម៉ាក្រូសេដ្ឋកិច្ចដែលត្រូវការដំណោះស្រាយជាបន្ទាន់។
កន្លងទៅស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗដូចជា ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF) ធ្លាប់បានព្យាករណ៍ថា បញ្ហាប្រឈមធ្ងន់ធ្ងរ និងសម្ពាធរចនាសម្ព័ន្ធសេដ្ឋកិច្ច កំពុងបន្តបង្កការលំបាកដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងអាជីវកម្មខ្នាតតូចនិងមធ្យម។ បញ្ហាទាំងនោះ ត្រូវបានគេវាយតម្លៃបានតាមរយៈ វិបត្តិវិស័យអចលនទ្រព្យ និងសំណង់ បញ្ហាបំណុលគ្រួសារ និងភាពរងគ្រោះនៃវិស័យមីក្រូហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសកល ជាដើម។
ជាក់ស្ដែងវិស័យសំណង់ និងអចលនទ្រព្យដែលធ្លាប់ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពេលនេះកំពុងស្ថិតក្នុងដំណាក់កាលបាតតារាង ព្រោះតម្រូវការទិញខុនដូបុរី និងដីធ្លីបានធ្លាក់ចុះជាខ្លាំង ខណៈដែលគម្រោងសំណង់ជាច្រើនត្រូវបានផ្អាក ឬពន្យារពេល។ ជាមួយគ្នានោះគេឃើញថា បញ្ហាបំណុលវ័ណ្ឌកកំពុងកើនឡើង ព្រោះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកទិញផ្ទះ/ដីជាច្រើនកំពុងជួបប្រទះការលំបាកក្នុងការសងប្រាក់កម្ចីធនាគារ ដែលបង្កជាសម្ពាធដល់ប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុ។
ទន្ទឹមគ្នានោះ ប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារបានធ្លាក់ក្នុងស្ថានភាពមានបំណុលវ័ណ្ឌកព្រោះគ្មានការងារធ្វើសមរម្យ និងស្ថិតស្ថេរ ទាំងក្នុង និងក្រៅប្រព័ន្ធ ចាប់តាំងពីក្រោយវិបត្តិជំងឺកូវីដ-១៩មក ប្រាក់ចំណូលរបស់ពលរដ្ឋបានធ្លាក់ចុះ ប៉ុន្តែកាតព្វកិច្ចសងបំណុលធនាគារ ទាំងប្រាក់ដើម និងការប្រាក់ នៅតែបន្តដដែល។
អ្នកឃ្លាំមើលថាសម្ពាធនេះបានបង្ខំឱ្យពលរដ្ឋ កាត់បន្ថយការចំណាយលើការបរិភោគ និងសេវាកម្មផ្សេងៗ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ច ក្នុងស្រុកធ្លាក់ចុះ។
បន្ថែមពីលើនេះ គេឃើញថា គម្លាតរវាងប្រាក់ចំណូល និងការចំណាយរបស់ពលរដ្ឋខ្មែរ មានគម្លាតឆ្ងាយពីគ្នា ព្រោះចំណាយច្រើនជាងចំណូល ទៅលើការហូបចុក ការអប់រំ និងសុខភាព ប្រចាំ ថ្ងៃជាដើម។ រឹតតែធ្ងន់ធ្ងរជាងនោះគឺ គេឃើញថា ពលរដ្ឋខ្មែរជាច្រើន បានខ្ចីបំណុលថ្មីមកសងបំណុលចាស់ នៅពេលគ្មានសមត្ថភាពបង់សងរំលោះប្រចាំខែ ។
ក្រៅពីនេះ អ្នកវិភាគមើលឃើញថា សេដ្ឋកិច្ចកម្ពុជាបានពឹងផ្អែកខ្លាំងទៅលើទីផ្សារអន្តរជាតិ ដូចជាអាមេរិក សហភាពអឺរ៉ុប និងចិន ក៏ប៉ុន្តែ ការធ្លាក់ចុះនៃតម្រូវការខាងក្រៅ ដោយសារតែ សេដ្ឋកិច្ចសកលប្រែប្រួល បានធ្វើឱ្យការបញ្ជាទិញទំនិញពីកម្ពុជា ដូចជាវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ បានថយចុះយ៉ាងកំហក។ ទន្ទឹមគ្នានោះ ភាពមិនច្បាស់លាស់នៃជំនួយ និងអនុគ្រោះពាណិជ្ជកម្ម ដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធខ្លះ ដូចជាEBA របស់សហភាពអឺរ៉ុបជាដើម ក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរ។
ទោះជាយ៉ាងណា កាលពីចុងខែតុលា លោក ហ៊ុន ម៉ាណែត បានអះអាងថា ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាត្រូវប្រឈមជាមួយនឹងបញ្ហាភូមិសាស្ត្រ វិបត្តិសេដ្ឋកិច្ចសាកល និងបញ្ហាសង្គ្រាមនៅតាមព្រំដែន កម្ពុជា-ថៃក្ដី លោកប្ដេជ្ញាចិត្តថា កម្ពុជានឹងបន្តដោះស្រាយបញ្ហា ប្រកបដោយភាពទន់។ បន្ថែមពីនោះ លោកអួតអាង និងប្រកាសធានាថា រដ្ឋាភិបាលរបស់លោក មិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់នោះទេ គឺតែងតែយកចិត្តទុកដាក់ជាមួយពលរដ្ឋជានិច្ច។ លោកបញ្ជាក់ថា ទីណាមាន ពលរដ្ឋជួបទុក្ខលំបាក គឺតែងតែមានវត្តមានរដ្ឋាភិបាល ចាំជួយ ជានិច្ច ដោយលោកលើកឧទាហរណ៍ដូចជាករណី ពលរដ្ឋរងគ្រោះដោយសារតែទឹកជំនន់ និងសង្គ្រាមឈ្លានពានរបស់ថៃជាដើម ។
«ប៉ុន្តែយើងថាចង់ឲ្យឧទាហរណ៍ជាក់ស្តែងគឺក្នុងកាលៈទេសៈដែលលំបាកបំផុតយើងអាចចាត់ទុកថាជាការលំបាកមួយដែល យើងមិនបានប្រឈមនៅពេលរយៈជាង៣០ឆ្នាំគឺសង្គ្រាមកម្រិតនេះជ្រៅដល់ក្នុងដីបែបនេះ រវាងប្រទេសនិងប្រទេសពីមុនយើងមានសង្គ្រាមផ្ទៃក្នុង តែឥឡូវរវាងប្រទេសនិងប្រទេសទឹកជំនន់ ស្ថានភាពសេដ្ឋកិច្ច បិទព្រំដែនរយៈពេលវែង តែយើងអាចធ្វើតស៊ូទៀតបាន។ ខ្ញុំក៏សូមអរគុណជាថ្មីចំពោះភាពរឹងប៉ឹងរបស់ប្រជាពលរដ្ឋយើង និងការតស៊ូរបស់ប្រជាពលរដ្ឋរបស់យើង លំបាកតែមិនស្លាប់ហើយយើងក៏មិនបោះបង់ ក្រោយពីការលំបាកងើបឈរឡើងវិញ»។
លោក ហ៊ុន ម៉ាណែត
ទូរទស្សន៍អាស៊ីសេរីពុំអាចសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេនៅថ្ងៃទី២ ខែវិច្ឆិកា។
ទោះជាយ៉ាងណាអ្នកឃ្លាំមើលឡើងថាការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែជាវោហារសាស្ត្រប្រជាភិថុតិប៉ុណ្ណោះ ហើយថាការដោះស្រាយបញ្ហាជាតិពិតប្រាកដ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដោយមិនត្រឹមតែនិយាយជាសារនយោបាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីពលរដ្ឋនោះទេ។
ជាមួយគ្នានោះ ពួកគាត់ថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស គឺជាបញ្ហាប្រឈមដ៏ធំដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវដោះស្រាយជាបន្ទាន់ ដើម្បីស្ដារសេដ្ឋកិច្ចពលរដ្ឋឡើងវិញ។ ពួកគាត់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនគួរបន្តប្រើវោហារសាស្ត្រនយោបាយបោកប្រាស់ពលរដ្ឋ ដោយគ្មានភាពអៀនខ្មាស បែបនេះឡើយ ខណៈដែលនៅមានពលរដ្ឋខ្មែរជាច្រើនបន្តធ្វើដំណើរឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃដោយសារតែជំពាក់បំណុលវ័ណ្ឌក និងមិនអាចរកការងារនៅក្នុងស្រុកដែលមានចំណូលសមរម្យ៕









