

សង្គមស៊ីវិលថា ការវិនិយោគក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលមិនគោរពគោលការណ៍ធុរកិច្ច និងគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ ធ្វើឲ្យកូនបំណុលជិត ១៧ម៉ឺនគ្រួសារលក់ទ្រព្យដោះបំណុលអស់ពីគ្រួសារ និងមានការសម្លាប់ខ្លួនជាបន្តបន្ទាប់ ដោយសារបន្ទុកបំណុលវ័ណ្ឌក ដោះស្រាយមិនរួច។
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទទូចឲ្យធនាគារជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិកូនបំណុល។ ពួកគាត់ថា បើមិនដូច្នោះទេ ពលរដ្ឋរងគ្រោះដែលត្រូវលក់ផ្ទះ ដី និងទ្រព្យក្នុងគ្រួសារ ដើម្បីដោះបំណុលនោះ នឹងកើនលើសលប់ ដែលនឹងកាន់តែច្រើនលើសពី ១៧ម៉ឺនគ្រួសារទៅទៀត ហើយករណីពលរដ្ឋដែលសម្លាប់ខ្លួន ព្រោះតែវ័ណ្ឌកនឹងបំណុល ក៏កាន់តែច្រើនដែរ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍របស់អង្គការ លីកាដូ ដែលបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ជិត ១៧ម៉ឺន (ជាង ១៦៧.០០០) គ្រួសារ បានលក់ដី ដើម្បីដោះបំណុលមីក្រូហិរញ្ញវត្ថុ ។ បន្ថែមលើនេះទៀត ពលរដ្ឋរងគ្រោះទាំងនោះបានកាត់បន្ថយម្ហូបអាហារប្រចាំថ្ងៃកូនៗត្រូវឈប់រៀនដើម្បីធ្វើការងារដោះបំណុល ហើយករណីកូនបំណុលមួយចំនួន ធ្វើអត្តឃាត ដោយសារជំពាក់បំណុលវ័ណ្ឌក។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរីថា អ្នកជំនួញធំៗមួយចំនួន ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ គិតតែពីផលចំណេញ តែមិនបានយកចិត្តទុកដាក់លើការរំលោភសិទ្ធិមនុស្ស ពីការវិនិយោគរបស់ពួកគេឡើយ។ លោកថា គោលការណ៍វិនិយោគដោយភ្ជាប់ជាមួយការគោរពសិទ្ធិកូនបំណុល មានចែងច្បាស់ ក្នុងក្របខណ្ឌនៃការដាក់ទុនវិនិយោគនៅកម្ពុជា។
លោក អំ សំអាត មានប្រសាសន៍ថា ពេលមានបញ្ហាដែលរកឃើញដោយអង្គការសិទ្ធិមនុស្ស ពួកអ្នកជំនួញទាំងនោះ ព្យាយាមគេចពីការទទួលខុសត្រូវ។ លោកថា ទង្វើរបស់ពួកគេ គឺផ្ទុយពីគោលនយោបាយ ដែលផ្ដល់ការវិនិយោគ ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា។ លោកបន្ថែមថា ការរំលោភលើសិទ្ធិកូនបំណុល គឺជាផលវិបាក ដែលធ្វើឲ្យពលរដ្ឋ ត្រូវរងគ្រោះលក់ទ្រព្យសងបំណុល និងជួបបញ្ហាជីវភាពគ្រួសារធ្ងន់ធ្ងរ។
លោក អំ សំអាត៖ «បើសិនជាក្រុមហ៊ុនធំៗ ដែលដាក់វិនិយោគ មិនគោរពតាមគោលការណ៍ គោលនយោបាយ ឬក៏លក្ខខណ្ឌ ហើយថ្មីៗនេះ តាមគោលការណ៍មួយទៀត គឺធុរកិច្ច និងសិទ្ធិមនុស្ស ហើយសិនជាក្រុមហ៊ុនទាំងអស់នោះ ព្យាយាមគេចមិនទទួលខុសត្រូវ។ អាហ្នឹងផលលំបាកបញ្ហានៃការរំលោភសិទ្ធិ វានៅតែបន្តកើតឡើងជាបន្តទៅទៀត» ។
របាយការណ៍របស់លីកាដូ ចុងក្រោយនេះ អំពីបំណុលពលរដ្ឋបង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុធ្ងន់ធ្ងរជាងគេបំផុត លើពិភពលោក។ របាយការណ៍នេះ ស្រាវជ្រាវដោយអ្នកសារព័ត៌មានស៊ើបអង្កេត លោកស្រី ឃ្លែរ៍ ស្តាម (Claire Stam) ដែលបានសិក្សាទៅលើខ្សែសង្វាក់ហិរញ្ញវត្ថុដោយចាប់ផ្តើមពីពលរដ្ឋខ្មែរ ដែលជាអ្នកខ្ចីប្រាក់ រួមទាំង ស្ថាប័នអន្តរជាតិ និងអ្នកវិនិយោគអន្តរជាតិពាក់ព័ន្ធ។
ការស៊ើបអង្កេតនេះ បង្ហាញថា ឥណទាន ឬផលប័ត្រឥណទានសរុប មានចំនួនប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (GDP) ព្រមទាំងរកឃើញដែរថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានជាប់ពាក់ព័ន្ធនឹងបញ្ហា ដែលពលរដ្ឋជាប់បំណុលវ័ណ្ឌក បញ្ហាបង្ខំឱ្យកូនបំណុលលក់ដីក្រៅប្រព័ន្ធតុលាការ និងការរំលោភបំពានសិទិ្ធមនុស្សផ្សេងទៀត ។ បញ្ហាទាំងនេះ ជះឥទ្ធិពលមិនល្អឡើយ ដោយបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរ ជិត ១៧ម៉ឺនគ្រួសារ ត្រូវលក់ដីសងបំណុល និងខ្វះម្ហូបអាហារប្រចាំថ្ងៃ រីឯ កូនៗត្រូវឈប់រៀនដើម្បីជួយរកប្រាក់សងបំណុលគ្រួសារ ខណៈកូនបំណុលមួយចំនួន បានធ្វើអត្តឃាត ព្រោះទ័លពេក។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីបំភ្លឺអំពីបញ្ហានេះ បានទេ នៅថ្ងៃទី០៨ ខែតុលា។
ជុំវិញរឿងនេះដែរ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៨ ខែតុលាថា បញ្ហាធំ ជាពិសេស បញ្ហាវិនិយោគ ក្នុងវិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ដែលធ្វើឲ្យពលរដ្ឋកាន់តែច្រើន វ័ណ្ឌកដោយបំណុល នោះ គឺព្រោះតែរដ្ឋាភិបាលគ្មានសមត្ថភាពដឹកនាំ ខ្វះការទទួលខុសត្រូវ និង ខ្វះអភិបាលកិច្ចល្អ ដោយប្រព័ន្ធដឹកនាំជាតិទាំងមូល ញាំញីដោយអំពើពុករលួយ បក្ខពួកនិយម និង ប្រយោជន៍និយម របស់អ្នកដឹកនាំប្រទេស។
លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ពួកមេដឹកនាំនៃគណបក្ស កាន់អំណាច ជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះការដឹកនាំសេដ្ឋកិច្ចដ៏អន់ខ្សោយនេះ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋភាគច្រើនទូទាំងប្រទេស ធ្លាក់ខ្លួនក្រីក្រនិងវ័ណ្ឌកដោយបំណុល។
លោក ស៊ឹង សែនករុណា៖ «ក្នុងលក្ខខណ្ឌកម្ចីដែលធ្វើឲ្យពួកគាត់កើនបំណុល ពីមួយទៅមួយកាន់តែច្រើន គឺដោយសារតែអ្នកទាំងអស់ហ្នឹង តែងតែធ្វើការផ្ដល់នូវ បំណុលទៅដល់ប្រជាពលរដ្ឋ ឬក៏គេហៅថា ប្រាក់ឥណនាទៅដល់ប្រជាពលរដ្ឋ ហ្នឹង គឺមិនបានសិក្សាធ្វើយ៉ាងណាសម្រួលឲ្យ ជីវភាពគាត់មានការងារធ្វើ មុខរបប ឲ្យបានល្អប្រសើរទេ ចេះតែបន្តបន្ថែមបំណុលទៅ ហើយធ្វើឲ្យពួកគាត់មាន ការលំបាកក្នុងការឆ្លើយតបសងត្រឡប់។ អ៊ីចឹងអ្វីៗទាំងអស់ខ្ញុំលើកឡើងនេះ ខ្ញុំចាត់ទុករឿងរ៉ាវទាំងអស់នេះ គឺជាបញ្ហានៃការដឹកនាំរដ្ឋ ឬក៏មេដឹកនាំ ឬក៏គណបក្សកាន់អំណាចបច្ចុប្បន្នហ្នឹងតែម្ដង ដែលធ្វើឲ្យបញ្ហាស្ថានភាពប្រជាពលរដ្ឋធ្លាក់ចុះ នៅក្នុងសភាពក្រីក្របំណុលវណ្ឌកហ្នឹងតែម្ដង»។
អ្នកឃ្លាំមើលទាមទារឲ្យធនាគារជាតិ ស្ថាប័នពាក់ព័ន្ធ និងក្រុមអ្នកវិនិយោគ ក្នុងវិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុ ត្រូវសហការគ្នាដោះស្រាយបញ្ហា ដោយផ្អែក លើច្បាប់ព្រមទាំង គោលការណ៍ធុរកិច្ច និងគោរពសិទ្ធិមនុស្ស ក្នុងក្របខណ្ឌវិនិយោគនៅកម្ពុជា ឲ្យបានត្រឹមត្រូវ ទើបអាចជួយសម្រាលបន្ទុកដ៏ លំបាករបស់កូនបំណុល នៅទូទាំងប្រទេសបាន៕









