អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​ផលិតផល​ក្នុង​ស្រុក ខណៈ​ថៃ​បន្ត​ភ្ជាប់​ការ​បើក​ព្រំដែន​ទៅនឹង​វិវាទព្រំដែន

0
83
ទិដ្ឋភាពពិពរណ៌ផលិតផលខ្មែរ និងការលក់ដូរទំនិញផលិតក្នុងស្រុក ដោយភ្ជាប់នឹងការពហិការទំនិញពីបរទេស។ រូប៖ ហ្វេសប៊ុក​លោក អ៊ិន សំណាង
ទិដ្ឋភាពពិពរណ៌ផលិតផលខ្មែរ និងការលក់ដូរទំនិញផលិតក្នុងស្រុក ដោយភ្ជាប់នឹងការពហិការទំនិញពីបរទេស។ រូប៖ ហ្វេសប៊ុក​លោក អ៊ិន សំណាង

អ្នកវិភាគ និងអ្នកនយោបាយប្រឆាំងមួយចំនួនបានជំរុញឱ្យកម្ពុជាពង្រឹងផលិតកម្មក្នុងស្រុក និងធ្វើពិពិធកម្ម​ទីផ្សារ​នាំចេញ ខណៈ​នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បន្តលើកឡើងថា ប្រទេសថៃនឹងមិនបើកច្រកព្រំដែនគោកជាមួយកម្ពុជាឡើងវិញទេ រហូត​ដល់​បញ្ហាព្រំដែន និងបញ្ហាផ្សេងៗត្រូវបានដោះស្រាយ។

ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា កម្ពុជាមិនគួរពឹងផ្អែកលើការបើកច្រក​ព្រំដែន​ពីភាគីថៃនោះទេ ប៉ុន្តែគួរប្រើស្ថានភាពនេះជាឱកាសដើម្បីពង្រឹងផលិតកម្មក្នុងស្រុក ជាពិសេសវិស័យកសិកម្ម។

លោកថា រដ្ឋាភិបាលគួរផ្តល់កម្ចី និងលើកទឹកចិត្តដល់កសិករឱ្យបង្កើនការដាំដុះ ដើម្បីផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និងស្វែងរកទីផ្សារអន្តរជាតិសម្រាប់ផលិតផលកម្ពុជា។ លោក ក៏បានជំរុញ​ឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូលពីប្រទេសជិតខាង ដោយលើកឡើងពីការព្រួយ​បារម្ភ​ចំពោះគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនាំចូលពីវៀតណាម។

«ដូច្នេះ នៅពេលដែលថៃបិទច្រកព្រំដែន ហ្នឹងជាឱកាសសម្រាប់កម្ពុជា​ពង្រឹង​ផលិត​ផលកសិកម្មរបស់ខ្លួននៅក្នុងស្រុក។ ហើយធ្វើម៉េចរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹង គួរតែផ្ដល់កម្ចី និងលើកទឹកចិត្តទៅដល់ពលរដ្ឋកម្ពុជាឱ្យដាំដុះផលិតផលក្នុងស្រុកហ្នឹងឱ្យបានច្រើន ហើយនិងរកទីផ្សារសម្រាប់ផលិតផលពួកគាត់នៅលើទីផ្សារអន្តរជាតិផងដែរណា។ កុំនាំទំនិញ​មកពីប្រទេសវៀតណាមច្រើនពេក ព្រោះយើងដឹងហើយ ពីប្រទេសវៀតណាមហ្នឹងគឺមានជាតិ​គីមី​ច្រើនជាងផលិតផលរបស់ថៃទៅទៀត»។

លោក អ៊ុំ សំអាន

លោកក៏បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដោយប្តឹងថៃទៅតុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីដោះស្រាយបញ្ហាអធិបតេយ្យភាព និងទឹកដី។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃ Thai PBS បានរាយការណ៍កាលពីថ្ងៃទី៣១ ខែតុលា ដោយដកស្រង់សម្តីលោក អានុទីន ឆានវីរៈគុល ក្នុងកម្មវិធីទូរទស្សន៍ «Talk with Anutin’s Cabinet» ថា ថៃនឹងមិនបើកច្រកព្រំដែនជាមួយកម្ពុជាទេ ប្រសិនបើបញ្ហាព្រំដែនគោក ជម្លោះដែនសមុទ្រ និងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញមិនទាន់ត្រូវបានដោះស្រាយ។

លោក អានុទីន ក៏បានលើកឡើងពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋថៃ ដោយថា លោកមិនអាចកំណត់បានថា ច្រកព្រំដែននឹងបើកឡើងវិញនៅពេលណានោះទេ ដរាបណាបញ្ហាដែលនៅសេសសល់មិនទាន់ត្រូវបានដោះស្រាយ។

ជាការឆ្លើយតប ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្ពុជានៅតែប្រកាន់ជំហរថា ថៃត្រូវជាភាគីបើកច្រកព្រំដែន​ឡើងវិញមុន ដោយសារថៃជាអ្នកសម្រេចបិទច្រកព្រំដែនជាឯកតោភាគី។

ចំណែកអ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី យល់ថា ការភ្ជាប់ការបើក​ច្រកព្រំដែនទៅនឹងការដោះស្រាយវិវាទព្រំដែន និងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ គឺជាយុទ្ធសាស្ត្រដាក់សម្ពាធនយោបាយពីភាគីថៃ។ លោកថា ការយកបញ្ហាអធិបតេយ្យភាព និងឧក្រិដ្ឋកម្មឆ្លងដែនមកភ្ជាប់ជាមួយការបិទច្រកពាណិជ្ជកម្ម អាចធ្វើឱ្យប៉ះពាល់ដល់ជីវភាព​ប្រជាពលរដ្ឋ​នៅតាមព្រំដែនទាំងសងខាង។ លោកក៏បានចាត់ទុកការ​ដោះស្រាយបញ្ហាឆបោក​តាមអនឡាញថា ជាបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលត្រូវការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក សេង វណ្ណលី បន្ថែមថា វិវាទព្រំដែនគោក និងដែនសមុទ្រជាបញ្ហាស្មុគស្មាញដែល​ត្រូវការ​ពេលវេលា ការចរចាបច្ចេកទេស និងការដោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា​អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។

លោកបានស្នើឱ្យកម្ពុជាបន្តប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ ជាពិសេស​គណៈកម្មាធិការ​ព្រំដែនចម្រុះ (JBC) និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធី។ លោកជំរុញឱ្យកម្ពុជាបង្កើនការបង្ក្រាបដោយតម្លាភាព និងបើកឱកាសឱ្យដៃគូអន្តរជាតិ ដូចជា​ការិយាល័យ​អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol) ចូលរួមក្នុងកិច្ចការនេះ។

យ៉ាងណាលោក សេង វណ្ណលី បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងជំហរដដែលៗនេះ កម្ពុជាមិនគួរធ្លាក់​ចូលទៅក្នុងអន្ទាក់នៃនយោបាយតានតឹង ឬការប្រើប្រាស់កំហឹងទ្វេភាគីនោះឡើយ ប៉ុន្តែត្រូវប្រកាន់​យកយុទ្ធសាស្ត្រការទូតពហុភាគីនិយម និងច្បាប់អន្តរជាតិ។ ហើយកម្ពុជាត្រូវពង្រឹង​ភាពធន់នៃ​សេដ្ឋកិច្ច​ព្រំដែន តាមរយៈការធ្វើពិពិធកម្មផ្លូវពាណិជ្ជកម្មជាមួយប្រទេសជិតខាងផ្សេងទៀត ដើម្បីកាត់បន្ថយការតាំងខ្លួនជាអ្នកក្តោបក្តាប់សេដ្ឋកិច្ចពីសំណាក់ភាគីថៃ។

ថៃបានសម្រេចបិទច្រកព្រំដែនគោកជាមួយកម្ពុជាទាំងអស់ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ ដោយលើកហេតុផលសន្តិសុខជាតិ។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានបន្តប្រកាន់ជំហរ​ខុសគ្នាជុំវិញលក្ខខណ្ឌសម្រាប់ការបើកច្រកព្រំដែនឡើងវិញ។

មុនពេលមានជម្លោះព្រំដែន ច្រកព្រំដែនកម្ពុជា-ថៃគឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់​ប្រទេស​ទាំងពីរ។ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីបានធ្លាក់ចុះជិត ៣០% ក្នុងរយៈពេលប្រាំបួនខែដំបូង​នៃឆ្នាំ២០២៦ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ