

រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានបិទខ្ទប់អាជីវកម្មកាស៊ីណូរបស់ក្រុមហ៊ុន ជីន ប៉ី គ្រុប (Jin Bei Gruop) និងក្រុមហ៊ុន ស៊ីហួ (Xihu) ដូចការប្រកាសកន្លងទៅឡើយ បើទោះបីក្រុមហ៊ុនទាំងនេះរងទណ្ឌកម្មពីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញក៏ដោយ។ ក្រុមហ៊ុនទាំងនេះត្រូវបានរាយការណ៍ថា នៅតែបន្តប្រតិបត្តិការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការឆបោកតាមអនឡាញ និងការលាងលុយកខ្វក់តាមរូបិយប័ណ្ណគ្រីបតូ។ ជាមួយគ្នានេះ ក្រុមហ៊ុនស៊ើបការណ៍ និងវិភាគទិន្នន័យប្លុកឆេន (Blockchain) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឈ្មោះ ធី.អា.អឹម ឡែបស៍ (TRM Labs) ថ្មីៗនេះរកឃើញថា ក្រុមហ៊ុន ជីន ប៉ី គ្រុប និងក្រុមហ៊ុន ស៊ីហួ ព្រមទាំងកាស៊ីណូជាង ៣០កន្លែងទៀតនៅខេត្តព្រះសីហនុមានលំហូរប្រាក់តាមរយៈរូបិយប័ណ្ណគ្រីបតូជាង ១ពាន់លានដុល្លារ (១,៧ពាន់លានដុល្លារ) ក្នុងរយៈពេលជាង ៨ខែដើមឆ្នាំ២០២៦ នេះ។
ក្រុមហ៊ុនស៊ើបការណ៍ និងវិភាគទិន្នន័យប្លុកឆេន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឈ្មោះ ធី អា អឹម ឡែបស៍ ថ្មីៗនេះបានលាតត្រដាងរបាយការណ៍ស៊ើបអង្កេតមួយដោយរកឃើញថា កាស៊ីណូចំនួន ៣៤ ស្ថិតនៅក្រុងព្រះសីហនុ ទទួលបានសាច់ប្រាក់តាមរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ប្រមាណ ១ពាន់ ៧០លានដុល្លារចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងចំណោមទឹកប្រាក់សរុបនេះ កាស៊ីណូពាក់ព័ន្ធនឹងបណ្ដាញក្រុមហ៊ុនដែលត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិគឺទទួលបានប្រមាណ ជិត ៧រយលានដុល្លារអាមេរិក (៦៨៧លានដុល្លារ) ឬស្មើនឹង ៦៤ភាគរយនៃលំហូរសាច់ប្រាក់គ្រីបតូសរុប។ របាយការណ៍ដដែលបង្ហាញថា ទោះបីក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនត្រូវបានអាមេរិកដាក់ទណ្ឌកម្មក៏ដោយ ក៏លំហូរប្រាក់តាមរូបិយប័ណ្ណគ្រីបតូទៅកាន់ក្រុមហ៊ុនទាំងនោះនៅតែបន្តមានយ៉ាងសកម្មភាព។
ក្នុងនោះក្រុមហ៊ុន ស៊ីហួ រីសត ហូថេល (Xihu Resort Hotel) ដែលត្រូវបានអាមេរិកបានដាក់ទណ្ឌកម្មជាមួយសំណុំរឿងសមាជិកព្រឹទ្ធសភាលោក កុក អាន កាលពីខែមេសា ទទួលបានលុយគ្រីបតូប្រមាណជិត ២រយលានដុល្លារ (១៨៤លានដុល្លារ) ចាប់តាំងពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៧ ខែកញ្ញា។ ចំណែកក្រុមហ៊ុន ហួន ហៃ ប៉ូ ឡៃ អ៊ីនធើណេសិនណល (Huan Hai Bo Lai International) ដែលស្ថិតក្នុងចំណោមអង្គភាពរងទណ្ឌកម្មដូចគ្នាក៏ទទួលបានលំហូរសាច់ប្រាក់តាមគ្រីបតូប្រមាណជាង ១រយលានដុល្លារ (១២៩លានដុល្លារ) ក្នុងអំឡុងពេលដូចគ្នាដែរ។ របាយការណ៍ស៊ើបអង្កេតបញ្ជាក់ថា គិតចាប់តាំងដើមឆ្នាំ២០២៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន ហួន ហៃ (Huan Hai) ទទួលបានលំហូរសាច់ប្រាក់តាមគ្រីបតូសរុបប្រមាណជាង ២រយលានដុល្លារ (២៦៤លានដុល្លារ) ដែលកើនឡើងជាង ៩០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ចំណែក កាស៊ីណូដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ជីន ប៉ី (Jin Bei Group) វិញក៏នៅតែទទួលបានលុយគ្រីបតូប្រមាណ ៩លានដុល្លារ ក្រោយពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់មេខ្លោង ចេន ហ្ស៊ី និងកំណត់គោលដៅបណ្ដាញអង្គភាពពាក់ព័ន្ធចំនួន ១៤៦ កាលពីខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធការឆបោក និងលាងលុយកខ្វក់។
ជាមួយគ្នានេះ កាលពីខែមេសា ឆ្នាំ២០២៦ ក្រសួងរតនាគារអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាគឺ លោក កុក អាន និងក្រុមហ៊ុនពាក់ព័ន្ធចំនួន ២៨ ដោយចោទប្រកាន់ថា លោកជាមេខ្លោងធំម្នាក់ក្នុងប្រតិបត្តិការមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញដែលឆបោកលុយលើពលរដ្ឋអាមេរិក និងពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅកម្ពុជា។ ក្នុងចំណោមក្រុមហ៊ុនដែលរងទណ្ឌកម្មទាំងនោះក៏មានក្រុមហ៊ុន ហួន ហៃ (Huan Hai) និងក្រុមហ៊ុន ជីន ប៉ី (Jin Bei Group) ត្រូវបានអាមេរិករកឃើញថា បានលាងលុយជាង ៧០លានដុល្លារតាមរយៈរូបិយប័ណ្ណគ្រីបតូ។
រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន កាលពីចុងឆ្នាំ២០២៥ ប្រកាសបានប្រកាសបិទអាជីវកម្មកាស៊ីណូ ជីន ប៉ី ចំនួន ៤ ក្នុងខេត្តព្រះសីហនុ និងសម្រេចដកអាជ្ញាប័ណ្ណក្រុមហ៊ុន ជីន ប៉ី គ្រុប ដោយសារតែពាក់ព័ន្ធនឹងអំពើលាងកខ្វក់ និងប្រតិបត្តិការឆបោកតាមអនឡាញ។ ក្រោយមកអាជ្ញាធរកម្ពុជាក៏បានធ្វើបត្យាប័នមនុស្សជំនិតរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និងប្រធានក្រុមហ៊ុន ជីន ប៉ី គ្រុប មួយរូបគឺលោក លោក លីវ រ៉េន (Liu Ren) បញ្ជូនទៅប្រទេសចិនពាក់ព័ន្ធនឹងសំណុំរឿងបង្ខាំងមនុស្សធ្វើទារុណកម្មក្នុងមជ្ឈមណ្ឌលឆបោកនៅកម្ពុជា និងបង្កើតល្បែងភ្នាល់តាមអនឡាញខុសច្បាប់ជាដើម។
ក្រុមហ៊ុន ជីនប៉ី គ្រុប (Jinbei Group) និងអគារធំៗរបស់ក្រុមហ៊ុននេះក្នុងខេត្តព្រះសីហនុត្រូវបានអង្គការលើកលែងទោសអន្តរជាតិ (Amnesty) ហៅថា ជាអាណាចក្រមជ្ឈមណ្ឌលឆបោកដ៏ធំ និងជាទីកន្លែងរំលោភបំពានសិទ្ធិមនុស្ស និងអំពើឃាតកម្មលើជនរងគ្រោះដ៏អាក្រក់បំផុត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ក៏មានភាគហ៊ុន និងធ្លាប់ជាអគ្គនាយកមួយរូបក្នុងក្រុមហ៊ុន ជីនប៉ី គ្រុប ប៉ុន្តែលោកបានលាលែងពីតំណែងវិញកាលពីឆ្នាំ២០១៧។
ក្រុមហ៊ុនស៊ើបការណ៍ និងវិភាគទិន្នន័យប្លុកឆេន ធី អា អឹម ឡែបស៍ បញ្ជាក់ថា ទោះបីបណ្ដាញដែលពាក់ព័ន្ធនឹងក្រុមហ៊ុនទាំងនេះនៅតែមានលំហូរប្រាក់យ៉ាងសកម្មតាមរយៈរូបិយប័ណ្ណគ្រីបតូក៏ដោយ ក៏ប្រតិបត្តិការរបស់ពួកគេបានរងផលប៉ះពាល់ និងធ្លាក់ចុះចំណូលដែលរកបានពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មនានា ក្រោយសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម។ ក្រុមអ្នកជំនាញវិភាគទិន្នន័យនៃក្រុមហ៊ុនដដែលក៏ព្រមានថា បណ្ដាញនៃកាស៊ីណូទាំងនោះក៏កំពុងព្យាយាមបង្កើតកាបូបលុយឌីជីថលគ្រីបតូ (Crypto Wallet ) ថ្មីៗបន្ថែមទៀត ដើម្បីគេចចេញពីការកំណត់អត្តសញ្ញាណនៅពេលដែលពួកគេប្រតិបត្តិការលាងលុយកខ្វក់ ដែលអាចពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ។
ប្រធានអង្គការចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើងថា ទិន្នន័យរបស់ក្រុមហ៊ុន ធីអាអឹម ឡែបស៍ បង្ហាញពីការបរាជ័យរបស់រដ្ឋាភិបាលត្រកូល ហ៊ុន ក្នុងការកាត់ផ្ដាច់បណ្ដាញលាងលុយកខ្វក់ ដែលពាក់ព័ន្ធនឹងអាជីវកម្មកាស៊ីណូ និងការឆបោកតាមអនឡាញ។ អ្នកស្រីបន្តថា ការលាងលុយកខ្វក់តាមរយៈក្រុមហ៊ុនកាស៊ីណូនៅកម្ពុជា បានក្លាយជាមធ្យោបាយដ៏សាមញ្ញរបស់បណ្ដាញឧក្រិដ្ឋជនចិន នៅពេលដែលរដ្ឋាភិបាលត្រកូល ហ៊ុន បានប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឆបោក និងបង្កើតប្រព័ន្ធដឹកនាំដែលពោរពេញដោយអំពើពុករលួយ និងគ្រួសារបក្ខពួកនិយម។
«គ្រឹះការឆបោកដែលអាចបន្តនៅប្រទេសកម្ពុជាបានដោយសារគណបក្សប្រជាជនកម្ពុជា អ្នកកាន់អំណាចមួយចំនួន និងឧកញ៉ាមួយចំនួនដែលពាក់ព័ន្ធផ្ទាល់ជាមួយគណបក្សប្រជាជនកម្ពុជានឹងគេទុករឿងទាំងអស់នេះជាប្រភពថវិកាហិរញ្ញវត្ថុរបស់គេ។ ដូច្នេះ គេមិនអាចបង្ក្រាបគេមិនអាចបិទបាន លុះត្រាតែលោក ហ៊ុន ម៉ាណែត បង្ហាញភាពក្លាហានទទួលខុសត្រូវនៅចំពោះមុខជាតិ កុំទុកប្រទេសកម្ពុជាថា ជាជនរងគ្រោះមិនមែនទេប្រទេសកម្ពុជាគឺជាទីកន្លែងប្រភពនៃឧក្រិដ្ឋកម្មនេះ។ ដូច្នេះ ដល់ពេល លោក ហ៊ុន ម៉ាណែត ហ៊ានអាសាច់ស្អុយពីគណបក្សប្រជាជនកម្ពុជាហើយ។ឈប់និយាយរឿងមុខមាត់ប្រទេសជាតិ នេះជាអាយុជីវិតជាតិមួយទាំងមូល»។
អ្នកស្រី មូរ សុខហួរ
កន្លងមក ក្រុមហ៊ុនស៊ើបការណ៍ និងវិភាគទិន្នន័យប្លុកឆេន (Blockchain) ធី អា អឹម ឡែបស៍ (TRM Labs) រកឃើញថា មូលនិធិជិត ៨០ភាគរយ ដែលពាក់ព័ន្ធនឹងសេវារក្សាទុក និងផ្ទេរប្រាក់ (Escrow) របស់ក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានផ្ទេរទៅកាន់ប្រព័ន្ធកាបូបឌីជីថល ឬជារូបិយប័ណ្ណគ្រីបតូដែលពាក់ព័ន្ធនឹងក្រុមហ៊ុនផ្ដល់សេវាទូទាត់ប្រាក់តាមអនឡាញ ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ។
អ្នកជំនាញរបស់ក្រុមហ៊ុន TRM Labs ព្រមានថា ប្រសិនបើអាជ្ញាធរកម្ពុជាមិនអាចកំណត់អត្តសញ្ញាណ និងចាត់វិធានការលើអ្នកផ្ដល់សេវាហិរញ្ញវត្ថុ និងបណ្ដាញសម្របសម្រួលសំខាន់ៗទេ បណ្ដាញទាំងនេះនឹងបន្តប្រតិបត្តិការក្នុងទ្រង់ទ្រាយធំ និងជួយសម្រួលដល់ការផ្ទេរ និងលាងសម្អាតប្រាក់ដែលបានមកពីបទឧក្រិដ្ឋយ៉ាងឆាប់រហ័ស ទោះបីជាមជ្ឈមណ្ឌលឆបោកធំៗមួយចំនួនបានបំបែកខ្លួនទៅជាទីតាំងឆបោកតូចៗក៏ដោយ៕









