

រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល «ហ៊ុន» បានប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីការពារ និងបិទបាំងបណ្ដាញឧក្រិដ្ឋជនចិនដែលមានកេរ្តិ៍ឈ្មោះអាស្រូវពាក់ព័ន្ធនឹងបទល្មើសឆ្លងដែន។ យុទ្ធសាស្ត្រការពារទាំងនេះរួមមាន ការបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធ ការលក់សញ្ជាតិខ្មែរ និងការផ្ដល់ឋានៈតួនាទីធំៗដល់ឧក្រិដ្ឋជនជាដើម។ ទង្វើកាងការពារបែបនេះបន្តិចម្ដងៗបានរួមចំណែកលាងសម្អាតកេរ្តិ៍ឈ្មោះឧក្រិដ្ឋជនចិន និងបើកផ្លូវឱ្យពួកគេបន្តពង្រីកអាណាចក្រឆបោកតាមអនឡាញ ព្រមទាំងប្រព្រឹត្តបទល្មើសឆ្លងដែនផ្សេងៗនៅកម្ពុជាដោយគ្មានអាជ្ញាធររារាំងឡើយ។ ជាក់ស្ដែង កូនចៅជំនិតឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) គឺលោក លីវ រ៉េន (Lui Ren) ក៏ធ្លាប់ទទួលបានការកាងការការ និងផ្ដល់កិត្តិយសយ៉ាងខ្លាំងក្លាពីមន្ត្រីអ្នកមានអំណាច និងសមាជិកនៃក្រុមគ្រួសារត្រកូល ហ៊ុន មុននឹងត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ចូលទៅប្រទេសចិនវិញពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងបង្ខាំងមនុស្សធ្វើទារុណកម្ម។
តើកូនចៅជំនិតរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី រូបនេះមានប្រវត្តិ និងមានទំនាក់ទំនងជាមួយក្រុមគ្រួសារត្រកូល «ហ៊ុន» បែបណាខ្លះ?
លោក លីវ រ៉េន (Liu Ren) គឺជាពាណិជ្ជករចិនម្នាក់ដែលមានឥទ្ធិពលនៅកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តអានហ៊ុយ (Anhui) ប្រចាំកម្ពុជា។ រដ្ឋាភិបាលកុម្មុយនិស្តចិនចាត់ទុកលោកថា ជាសមាជិកជាន់ខ្ពស់ និងជាដៃស្ដាំរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ក្នុងការគ្រប់គ្រងបណ្ដាញល្បែងអនឡាញ និងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា។
លោក លីវ រ៉េន (Liu Ren) មានវ័យជាង ៥០ឆ្នាំ និងមានស្រុកកំណើតនៅខេត្តអានហួយ (Anhui) ប្រទេសចិន។ លោកបានមករស់នៅ និងរកស៊ីនៅកម្ពុជាតាំងពីឆ្នាំ២០០០ ដោយចាប់ផ្ដើមពីអាជីវកម្មតូចតាច មុននឹងពង្រីកខ្លួនក្លាយជាម្ចាស់សណ្ឋាគារ និងខុនដូ (Condo) ហួងសាន អ៊ីនធើណាសិនណល (Huangshan International) នៅរាជធានីភ្នំពេញ។ ប៉ុន្តែដូចឧក្រិដ្ឋជនចិនមានឥទ្ធិពលមួយចំនួនទៀតដែរ លោកមានប្រវត្តិរងការចោទប្រកាន់ពាក់ព័ន្ធអំពើឧក្រិដ្ឋកម្មឆ្លងដែន និងត្រូវអាជ្ញាធរចិនតាមចាប់ខ្លួនតាំងពីឆ្នាំ២០១៦។ ក្រោយមក លោកបានទិញសញ្ជាតិខ្មែរពីអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងឆ្នាំ២០១៨។
ក្រសួងសន្តិសុខសាធារណៈចិនឱ្យដឹងទៀតថា កាលពីឆ្នាំ២០១៦ ឧក្រិដ្ឋជន ចេន ហ្ស៊ី បានដឹកនាំ និងបញ្ជាឱ្យលោក លីវ រ៉េន (Liu Ren) និងបណ្ដាញឧក្រិដ្ឋជនផ្សេងទៀតឱ្យបង្កើតក្រុមហ៊ុន ជីនប៉ី គ្រុប (Jinbei Group) ដើម្បីបង្កើតជាវេទិកាល្បែងស៊ីសងតាមអ៊ីនធឺណិតជាច្រើនក្នុងខេត្តព្រះសីហនុ។ រហូតចាប់តាំងពីឆ្នាំ២០២០ រដ្ឋាភិបាលចិនរកឃើញថា ក្រុមហ៊ុន ជីនប៉ី គ្រុប បានដំណើរការមជ្ឈមណ្ឌលឧស្សាហកម្មក្លែងបន្លំទូរគមនាគមន៍នៅកម្ពុជា ដោយបានប្រព្រឹត្តបទឧក្រិដ្ឋពាក់ព័ន្ធនឹងការឆបោកតាមអនឡាញទ្រង់ទ្រាយធំក្នុងទំហំទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់។ ក្រសួងសន្តិសុខសាធារណៈចិនឱ្យដឹងទៀតថា កូនចៅជំនិតរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី គឺលោក លីវ រ៉េន ក៏ត្រូវបានជាប់សង្ស័យពីបទឧក្រិដ្ឋហិង្សាជាច្រើនករណីរួមមាន ការបង្ខាំង និងឃុំខ្លួនមនុស្សខុសច្បាប់ និងការប្រើអំពើហិង្សាធ្ងន់ធ្ងរដោយចេតនា។ លោកត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួននៅអគារខុនរបស់លោកឈ្មោះ ហួងសាន អ៊ីនធើណាសិនណល (Huangshan International) នៅរាជធានីភ្នំពេញ និងត្រូវបានធ្វើបត្យាប័នបញ្ចូលទៅប្រទេសចិនកាលពីពាក់កណ្ដាលខែមិថុនា ដើម្បីបន្តការស៊ើបអង្កេតក្នុងសំណុំរឿងឧក្រិដ្ឋកម្មឆបោក និងហិង្សាដោយចេតនា។
មុនពេលអាជ្ញាធរកម្ពុជាបានចាប់ខ្លួនធ្វើបត្យាប័នបញ្ជូនទៅប្រទេសចិនវិញ លោក លីវ រ៉េន ត្រូវបានមន្ត្រីអ្នកមានអំណាចនៅកម្ពុជា និងសមាជិកនៃក្រុមគ្រួសារត្រកូល ហ៊ុន ចាត់ទុកថា ជាជនសប្បុរស និងតែងតែលេចវត្តមានចូលរួមកម្មវិធីផ្សេងៗជាមួយមន្ត្រីឧកញ៉ាឈ្មួញគ្រាក់ៗ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមាជិកនៃក្រុមគ្រួសារត្រកូល ហ៊ុន ដូចជា ក្មួយបង្កើតលោក ហ៊ុន សែន គឺលោក ហ៊ុន តូ និងកូនប្រុសពៅលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី។
កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ លោក លីវ រ៉េន ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មខេត្តអានហ៊ុយប្រចាំនៅកម្ពុជា បានចំណាយលុយរាប់សិបម៉ឺនដុល្លារតាមរយៈការចុះកិច្ចព្រមព្រៀងជាមួយភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺអ្នកស្រី ពេជ ចន្ទមុន្នី ដើម្បីរួមគ្នាបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនោះ លោក លីវ រ៉េន អះអាងថា បានឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់និស្សិតកម្ពុជាចំនួន ១០០នាក់ ឱ្យទៅសិក្សានៅសកលវិទ្យាល័យអានហ៊ុយ ក្នុងប្រទេសចិន។
តាមរយៈកិច្ចព្រមព្រៀងនេះ តួអង្គស្នូល និងជាអ្នកសម្របសម្រួលសំខាន់ម្នាក់ទៀតគឺលោក ឡាវ វ៉ាន់ ដែលជាមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត។ លោក ឡាវ វ៉ាន់ គឺជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេសនៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ លោក ហ៊ុន សែន និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត ប្រចាំប្រទេសចិន។ លោកក៏មានកេរ្តិ៍ឈ្មោះអាក្រក់ខាងបំបែកបំបាក់សហគមន៍ខ្មែរនៅក្រៅប្រទេស។
របាយការណ៍ស៊ើបអង្កេត និងប្រព័ន្ធផ្សព្វផ្សាយចិនមួយចំនួនបានលើកឡើងថា ជំនួយ និងសកម្មភាពសប្បុរសធម៌របស់លោក លីវ រ៉េន ដែលជាមនុស្សជំនិតរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី នេះទំនងបានមកពីអំពើឧក្រិដ្ឋកម្ម និងការលាងលុយកខ្វក់។ ទោះជាយ៉ាងណា តាមរយៈការបរិច្ចាគ និងការឧបត្ថម្ភជាច្រើននៅកម្ពុជា លោកតែងតែទទួលបានការសរសើរ ការទទួលស្គាល់ និងកិត្តិយសពីមន្ត្រីរដ្ឋាភិបាល ព្រមទាំងសមាជិកនៃក្រុមគ្រួសារត្រកូល ហ៊ុន និងអាចសម្ងំបន្តសកម្មភាពបែបឧក្រិដ្ឋកម្មនៅកម្ពុជារហូតដល់អាជ្ញាធរចិនដាក់សម្ពាធឱ្យចាប់ខ្លួន។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា ករណីក្រុមឧក្រិដ្ឋជនជនជាតិចិនចូលមកបើកមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា អាចមានលក្ខណៈរៀបចំជាប្រព័ន្ធរវាងរដ្ឋាភិបាលត្រកូល ហ៊ុន និងរដ្ឋាភិបាលកុម្មុយនិស្តចិន។ លោកបន្តថា តាមរយៈលំហូរសាច់ប្រាក់ និងសកម្មភាពវិនិយោគរបស់ជនជាតិចិននៅក្រៅប្រទេស ជាពិសេសអ្នកដែលអាចពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋ ការត្រួតពិនិត្យពីសំណាក់អាជ្ញាធរចិនតែងមានភាពច្បាស់លាស់ ខណៈមេដឹកនាំកម្ពុជា និងចិន ក៏មានទំនាក់ទំនងស្អិតល្មួត។
លោក ស៊ឹង សែន ករុណា លើកឡើងទៀតថា រដ្ឋាភិបាលក្រុងភ្នំពេញមិនមែនមិនដឹងរឿងរ៉ាវ និងប្រវត្តិឧក្រិដ្ឋជនចិនដែលចូលមកកម្ពុជាឡើយ ប៉ុន្តែជាថ្នូរទទួលបានផលប្រយោជន៍ពីបណ្ដាញឧក្រិដ្ឋជនទាំងនេះ មេដឹកនាំក្រុងភ្នំពេញបានបើកឱកាស និងការពារក្រុមឧក្រិដ្ឋជន ដើម្បីឱ្យចូលមករកស៊ីបែបទុច្ចរិតនៅកម្ពុជា។
លោក ស៊ឹង សែន ករុណា៖ «ការជួយគ្នាទៅវិញទៅមកអីទាំងអស់នេះ ខ្ញុំជឿជាក់ថា មិនមែនរដ្ឋាភិបាលកម្ពុជាអត់ដឹងទេ គឺបានដឹងយ៉ាងច្បាស់រហូតដល់អ្នកខ្លះទទួលបានមុខងារ ទទួលបានគ្រឿងឥស្សរិយយសទទួលបាននូវសំណូកសូកប៉ាន់ទៅដល់មន្ត្រីជាន់ខ្ពស់ និងអ្នកជំនួញផ្សេងៗដែលទទួលបានផលប្រយោជន៍ពីដៃគូគ្នាទៅវិញទៅមកហ្នឹងដែរ។ ប៉ុន្តែទោះបីការការពារ ឬក៏ខិតខំលាងជម្រះយ៉ាងណាក៏ដោយ វាមិនអាចធ្វើទៅបានទេពីព្រោះបញ្ហាទាំងអស់ហ្នឹងគេមើលឃើញទាំងអស់គ្នាហ្នឹង ទាំងប្រជាពលរដ្ឋ សហគមន៍អន្តរជាតិគេមើលឃើញយ៉ាងច្បាស់ថា រដ្ឋាភិបាលកម្ពុជាគឺជានាក់រួមចំណែក និងផ្ដល់ឱកាសឱ្យក្រុមឧក្រិដ្ឋជនទាំងអស់ហ្នឹង ទៅប្រព្រឹត្តនូវបទល្មើសឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជាក៏ដូចជាការបំផ្លិចបំផ្លាញនូវធនធានរបស់កម្ពុជានៅក្នុងរយៈពេលដែលពួកគេធ្វើជំនួញនៅប្រទេសកម្ពុជា»។
ក្រុមហ៊ុន ជីនប៉ី គ្រុប (Jinbei Group) និងអគារធំៗពាក់ព័ន្ធនឹងក្រុមហ៊ុននេះក្នុងខេត្តព្រះសីហនុត្រូវបានអង្គការលើកលែងទោសអន្តរជាតិ (Amnesty) ហៅថា ជាអាណាចក្រមជ្ឈមណ្ឌលឆបោកដ៏ធំ និងជាទីកន្លែងរំលោភបំពានសិទ្ធិមនុស្ស និងអំពើឃាតកម្មលើជនរងគ្រោះដ៏អាក្រក់បំផុត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ក៏ធ្លាប់ជាអគ្គនាយកមួយរូបក្នុងក្រុមហ៊ុន ជីនប៉ី គ្រុប ប៉ុន្តែលោកបានលាលែងពីតំណែងវិញកាលពីឆ្នាំ២០១៧។
សហរដ្ឋអាមេរិក (US) និងចក្រភពអង់គ្លេស (UK) បានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុន ជីនប៉ី គ្រុប និងបណ្ដាញក្រុមហ៊ុនពាក់ព័ន្ធកាលពីឆ្នាំ២០២៥ ដោយសារតែអាមេរិករកឃើញថា ជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ ពាក់ព័ន្ធពលកម្មដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សផ្សេងទៀតរួមមានដូចជាការឃុំឃាំង គំរាមកំហែង និងការធ្វើទារុណកម្មវាយដំជនរងគ្រោះក្នុងរូបភាពឃោរឃៅ។
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងវាយតម្លៃថា ការផ្ដល់កិត្តិយស និងអំពើកាងការពារដល់ឧក្រិដ្ឋជនចិនដែលពាក់ព័ន្ធសកម្មភាពឧក្រិដ្ឋកម្មដោយរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន គឺជា «វប្បធម៌ឯងជួយអញ អញជួយឯង» ដើម្បីឱ្យក្រុមឧក្រិដ្ឋជនអាចបន្តរកស៊ីបែបឧក្រិដ្ឋប្រមូលលុយចិញ្ចឹមអំណាចផ្ដាច់ការរបស់រដ្ឋាភិបាលត្រកូល ហ៊ុន។
វិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) បានប៉ាន់ស្មានថា បណ្ដាញឧក្រិដ្ឋជនរកស៊ីលើឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជាអាចលួចប្លន់លុយពិភពលោកយ៉ាងហោចណាស់ប្រមាណ ១២ពាន់ ៥រយលានដុល្លារក្នុងមួយឆ្នាំៗ៕








