

កងកម្លាំងសន្តិសុខខណ្ឌដូនពេញបានរារាំង និងរុញច្រានក្រុមអង្គការសង្គមស៊ីវិល និងកម្មករសហជីព មិនឱ្យជួបជុំគ្នា លើករូបថតអ្នកជាប់ឃុំ និងសារមួយចំនួន នៅពីមុខស្ថានទូតបារាំង និងកាណាដា។ ការរារាំងនេះធ្វើឡើង អំឡុងពេលដែលពួកគាត់ បានជួបជុំគ្នា ដាក់ញត្តិជូនប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បារាំង និងនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) នៅចុងសប្ដាហ៍នេះ ឲ្យជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដើម្បីឱ្យដោះលែងអ្នកទោសមនសិការដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារដោយអយុត្តិធម៌ និងស្ដារប្រជាធិបតេយ្យឡើងវិញ។
ក្រុមអង្គការសង្គមស៊ីវិល និងកម្មករសហជីពប្រមាណជាង១០០នាក់ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បានប្រមូលម្ដុំគ្នា ដាក់ញាតិនៅស្ថានទូតបារាំង និងកាណាដា ដើម្បីស្នើឱ្យមេដឹកនាំនៃប្រទេសទាំងពីរនេះជួយអន្តរាគមន៍ទៅកាន់ លោក ហ៊ុន ម៉ាណែត ឱ្យគោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសមនសិការ ដែលកំពុងជាប់ឃុំ ដោយអយុត្តិធម៌។ ប៉ុន្តែ ការជួបជុំដាក់ញត្តិរបស់ពួកគាត់នេះ ពុំបានប្រព្រឹត្តទៅយ៉ាងរលូននោះទេ ដោយសារតែ មានកងកម្លាំងសន្តិសុខខណ្ឌដូនពេញ បានមកយាយី និងរុញច្រានពួកគាត់មិនលើកបដា និងរូបថតអ្នកឃុំ ដែលធ្វើឱ្យ ប៉ះសម្ដីគ្នាមួយ ប្រាវ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែវិច្ឆិកា ថា លោកសោកស្ដាយជាខ្លាំងនៅពេលឃើញមានកងកម្លាំងសន្តិសុខខណ្ឌដួនពេញ រារាំង និងរុញច្រើនកម្មករសហជីព និងសង្គមស៊ីវិល មិនឱ្យជួបជុំគ្នា លើកបដា និងរូបថត អ្នកទោសមនសិការនៅពីមុខស្ថានទូតបារាំង និងកាណាដា កាលពីព្រឹមមិញ។ លោកថា ករណីនេះ បង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ មិនឱ្យជួបជុំគ្នាដោយសន្តិវិធី។ លោកថា ប្រសិនបើរដ្ឋាភិបាល ពិតជាមានភាពស្អាតស្អំ ឬគ្មានការចាប់មនុស្សដាក់ពន្ធនាគារខុសទៅនឹងច្បាប់ មិនគួរភ័យខ្លាច និងរារាំងពលរដ្ឋមិនឱ្យជួបជុំគ្នា សម្ដែងមតិបែបនេះឡើយ។
«ទាក់ទងនឹងបញ្ហា ឬក៏រឿងរ៉ាវនយោបាយនេះ យើងឃើញថាមានប្រទេសធំៗ រួមទាំងអ្នកការទូតពិសេស ហើយស្ថានទូតមួយចំនួននៃប្រទេសប្រជាធិបតេយ្យគេមានការចាប់អារម្មណ៍ណាស់។ ខ្ញុំគិតថា ល្មមដល់ពេលខ្មែរយើងធ្វើការរួបរួមគ្នា ឲ្យពិតប្រាកដមួយ ហើយធ្វើការដោះលែង ទោសនយោបាយ ទោសមនសិការទាំងអស់ឡើងវិញទៅ ដើម្បីស្តាមុខមាត់។»
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី
នៅក្នុងញត្តិដែលក្រុមអង្គការសង្គមស៊ីវិល និងសហជីព ដាក់ជូនប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បារាំង និងនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានបង្ហាញពី ក្ដីព្រួយបារម្ភ ចំពោះស្ថានភាពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដែលកំពុងធ្លាក់ចុះយ៉ាងខ្លាំង ព្រោះករណី រំលោភសិទ្ធិមនុស្ស និងការរឹតត្បិត សេរីភាពរបស់ក្រុមសង្គមស៊ីវិល ប៉ុន្មានចុងក្រោយនេះ គឺកាន់តែកើនឡើង។
ក្រុមអង្គការសង្គមស៊ីវិលបញ្ជាក់ថា ស្របពេល កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅចុងសប្ដាហ៍នេះ ពួកគាត់អំពាវនាវដល់រដ្ឋជាសមាជិកនៃក្រុមប្រទេសនិយាយភាសាបារាំង ទាំងអស់ បង្ហាញការប្ដេជ្ញាចិត្តរបស់ខ្លួន និងដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ឱ្យបង្ហាញពីការប្ដេជ្ញាចិត្តជាថ្មីក្នុងការធានានូវ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ បើកទូលាយនូវកិច្ចសន្ទនាសង្គម និង លើកកម្ពស់ការចូលរួមតាមបែបប្រជាធិបតេយ្យ ស្របតាមគុណតម្លៃស្នូលរបស់អង្គការហ្វ្រង់កូហ្វូនី។
នៅក្នុងញត្តិដដែលបាន សរសេរថា កម្ពុជាកំពុងតែពង្រីកការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយក៏កំពុងពង្រឹងទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ ដូចជាក្រុមប្រទេសនិយាយភាសាបារាំង ជាដើម ដូច្នេះកម្ពុជាត្រូវធានាថាការអភិវឌ្ឍត្រូវតែមានការចូលរួមពីភាគីពាក់ព័ន្ធ ព្រោះថាបច្ចុប្បន្ន មានអ្នកនយោបាយ អ្នកសារព័ត៌មាន កម្មករ និងពលរដ្ឋ ជាច្រើន នៅតែប្រឈមមុខនឹងការរំលោភបំពាន លើសិទ្ធិសេរីភាពជាមូលដ្ឋាន តាមរយៈការ ការចាប់និងឃុំខ្លួនដាក់ពន្ធនាគារ តាមអំពើចិត្ត និងដកហូតសិទ្ធិជាមូលដ្ឋានដូចជាសិទ្ធិសេរីភាពធ្វើនយោបាយ និង សិទ្ធិជួបជុំសម្ដែងមតិ ដោយសន្តិវិធីជាដើម។
ជាមួយគ្នានោះ ក្រុមអង្គការសង្គមស៊ីវិលបានបញ្ជាក់នៅក្នុងញត្តិ ផ្ញើទៅកាន់ប្រធានាធិបតីបារាំងនិងនាយករដ្ឋមន្ត្រីកាណាដា ដោយចង់ឃើញមេដឹកនាំទាំងពីរលើកយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតី ទៅជជែកជាមួយតំណាង រាជរដ្ឋាភិបាលកម្ពុជា ដោយត្រង់ តាមរយៈការស្នើសុំឱ្យដោះលែង និងទម្លាក់ចោលបទចោទប្រកាន់មកលើអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំសហជីព និងសកម្មជន រួមមានសកម្មជនចលនាមាតាធម្មជាតិ និងថ្នាក់ដឹកនាំសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។
បន្ថែមពីលើនោះ ពួកគាត់ជំរុញឱ្យមេដឹកនាំបារាំងនិងកាណាដា លើកឡើងពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសេរីភាពផ្នែកនយោបាយ ដើម្បីធានាថាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងថ្នាក់ជាតិ ដោយមិនមានការភ័យខ្លាចពី ការធ្វើទុក្ខបុកម្នេញនិងធានាថាគ្រប់គណបក្សនយោបាយទាំងអស់មានសេរីភាពក្នុងការប្រកួតប្រជែងដោយសេរី និងត្រឹមត្រូវ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ជាដើម។
អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ប្រាប់អ្នកសារព័ត៌មាននៅខាងមុខស្ថានទូតកាណាដា ថាការដាក់ញត្តិនេះ គឺមានគោលបំណងធំ គឺចង់ឃើញឱ្យមេដឹកនាំប្រទេសមហាអំណាចទាំងពីរ គឺបារាំង និងកាណាដា លើកយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទៅជជែកជាមួយរដ្ឋាភិបាលរដ្ឋាភិបាល ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ លោកមើលឃើញថា កិច្ចប្រជុំនេះពិតជាសំខាន់ក្នុងការជជែក រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រោះស្របជាមួយគុណតម្លៃស្នូលរបស់អង្គការអន្តរជាតិមួយនេះ ហើយដើម្បីធានាបានកិច្ចប្រជុំនេះប្រព្រឹត្តទៅមានប្រសិទ្ធភាព គឺត្រូវតែជំរុញឱ្យរដ្ឋាភិបាល កម្ពុជាដោះលែងអ្នកទោសនយោបាយ និងសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា។ បន្ថែមពីលើ នោះ លោកបញ្ជាក់ថា ចំពោះកម្ពុជាវិញ ប្រសិនបើចង់ឱ្យទំនាក់ទំនងការទូត និងពាណិជ្ជកម្មអន្តរជាតិមានស្ថិរភាព គឺមិនអាចមិនអើពើពី បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបានឡើយ គឺត្រូវតែដោះស្រាយបញ្ហានេះចម្បង។
«យើងស្នើឲ្យមានការបើកទូលាយសិទ្ធិសេរីភាពផ្នែកនយោបាយ ហើយជំហានដែលសំខាន់បំផុត គឺចាប់ផ្ដើមពីការដោះលែងសកម្មជន សកម្មជនការពារធម្មជាតិ ក៏ដូចជាយុវជន ជាដើម រួមទាំងសកម្មជននយោបាយ និងអ្នកការពារសិទ្ធិមនុស្សផ្សេងៗទៀត ព្រោះវាជាដំណើរការនៃការចាប់ផ្ដើមមួយដែលប្រទេសកម្ពុជាយើងបើកទូលាយនូវគោលនយោបាយការបរទេសទូលំទូលាយ។ អញ្ចឹងការបើកឲ្យមាននូវលំហប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ សិទ្ធិពលរដ្ឋនេះ វាជាកត្តាស្នូលដែលសំខាន់»។
អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ
ការដាក់ញត្តិរបស់ក្រុមសង្គមស៊ីវិល និងសហជីពនេះដែរ គេឃើញមាន ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា គឺលោក គ្រីស្ទាន ដេសរ៉ូស (Christian DesRoches) បានចេញមកទទួលញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល លោកបានធានាថា ញត្តិទាំងនោះបានទៅដល់ដៃ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney)។ លោកបញ្ជាក់ថាកន្លងទៅនេះ កម្ពុជា និងកាណាដា បានក្លាយជាដៃគូរពាណិជ្ជកម្មដ៏សំខាន់ ដូច្នេះលោកថា ការគិតគូរពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសេរីភាពរបស់សហជីព គឺប្រទេសកាណាដាតែងតែលើកជាមួយរដ្ឋាភិបាលកម្ពុជា។
ពាក់ព័ន្ធកិច្ចប្រជុំកំពូលរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ គេឃើញមានអង្គការជាតិ អ្នកនយោបាយបក្សប្រឆាំង ទាំងក្នុងនិងក្រៅប្រទេស រួមនឹងអង្គការអន្តរជាតិមួយចំនួន ដែលធ្វើការផ្នែក លើកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ដូចជា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និង អង្គការអន្តរជាតិឈ្មោះ មូលនិធិប្រ៊ូណូ មែនសឺរ (Bruno Manser Fonds) គឺតែងតែអំពាវនាវឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែតដោះលែងសកម្មជនបរិស្ថាន និងអ្នកទោសមនសិការជាច្រើននាក់ ឱ្យមានមុនកិច្ចប្រជុំ កំពូលរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
ពួកគាត់បារម្ភថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែដាំក្បាលចុះ ដ៏គួរឱ្យព្រួយបារម្ភជាខ្លាំង បើទោះបីជា កម្ពុជា បានផ្លាស់ប្ដូរមេដឹកនាំវ័យក្មេង គឺលោក ហ៊ុន ម៉ាណែត ជំនួសឪពុករបស់ លោក គឺ លោក ហ៊ុន សែន ជាង៣ឆ្នាំមកហើយក្ដី ប្រព័ន្ធដឹកនាំរដ្ឋ គឺកាន់អាក្រក់ជាងមុន ព្រោះគេឃើញថា មានសកម្មជននយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសង្គមវ័យក្មេង ជាច្រើនរូប ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសធ្ងន់ធ្ងរ ដោយ អ្នកខ្លះត្រូវជាប់ពន្ធនាគារចន្លោះពី៦ទៅ១០ឆ្នាំ ក្រោយពី ពួកគាត់ បានអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន។ ដូច្នេះពួកគាត់ទទូច ឱ្យបណ្ដាមេដឹកនាំប្រទេសនិយាយភាពបារាំង ត្រូវតែលើកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា ដាក់ក្នុងរបៀបវារៈសំខាន់នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី (OIF) ជាចាំបាច់បំផុត៕









