ភាគី​ថៃ​បង្ក​សំឡេង​ផ្ទុះនៅ​តំបន់​ព្រំដែន​ខេត្ត​ព្រះវិហារ និង​ឧត្តរមានជ័យ​ដែល​បង្ក​ការ​រំខាន​ដល់​កងកម្លាំង​កម្ពុជា

0
21
ទិដ្ឋភាពទាហានថៃបំពាន​ត្រង់តំបន់មុំបី ស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី២ មិថុនា ២០២៦។ រូប៖ ផ្ដល់ឱ្យ
ទិដ្ឋភាពទាហានថៃបំពាន​ត្រង់តំបន់មុំបី ស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី២ មិថុនា ២០២៦។ រូប៖ ផ្ដល់ឱ្យ

យោធា​ថៃ​បាន​បង្ក​សំឡេង​ផ្ទុះ​ជា​បន្តបន្ទាប់ នៅ​តាម​បណ្ដោយ​ព្រំដែន ក្នុង​ខេត្ត​ព្រះវិហារ និង​ឧត្តរមានជ័យ ដែល​បង្ខំ​ឱ្យ​កងកម្លាំង​កម្ពុជា ដាក់​ស្ថានការណ៍​ក្នុង​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់។ ការ​បង្ក​សំឡេង​ផ្ទុះ​ពីសំណាក់​ភាគី​ថៃ​នេះ បាន​ធ្វើឱ្យ​ស្ថានភាព​ឈរ​ជើង​នៅក្នុង​តំបន់ របស់​កងកម្លាំង​កម្ពុជា និង​ថៃ កាន់តែ​មាន​ភាព​តានតឹង​ជាង​មុន ខណៈ​ភាគី​ទាំង​ពីរ​បាន​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ដោយ​សារ​ទាហាន​ថៃ​បាន​ព្យាយាម​ចូល​រាយ​បន្លា​លួស​ក្នុង​ទឹកដី​កម្ពុជា ហើយ​ត្រូវ​ទាហាន​ខ្មែរ​ចេញ​មក​រារាំង។

ទាហាន​ខ្មែរ​នៅ​តំបន់​ជួរ​មុខ​មួយ​ចំនួន បាន​ត្អូញត្អែរ​ថា មួយ​រយៈ​នេះ​ពួកគាត់​មិន​សូវ​បាន​ដេក​ពួន​ដោយ​ស្ងប់ចិត្ត​នៅឡើយ ដោយសារតែ​ទាហាន​ថៃ​បាន​បង្ក​សំឡេង​ផ្ទុះ​ទាំង​ពេលយប់ និង​ពេល​ថ្ងៃ។

ទាហាន​ខ្មែរ​ម្នាក់​ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា យោធា​ថៃ​បាន​បង្ក​សំឡេង​ផ្ទុះ​ជា​ច្រើន​លើក ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ ដែល​បង្ក​ការ​រំខាន​ដល់​កងកម្លាំង​របស់​កម្ពុជា ដែល​ប្រចាំ​ការ​នៅ​ក្បែរ​តំបន់​នោះ។ លោក​បន្ត​ថា ភាគី​កម្ពុជា​មិន​ទាន់​អាច​កំណត់​ពី​ប្រភព​នៃ​សំឡេង​ផ្ទុះ​ដែល​ចេញពី​ទីតាំង​របស់​យោធា​ថៃ​ទាំងនោះ​បាន​ឡើយ ដោយ​ពេល​ខ្លះ​សំឡេង​ផ្ទុះ​នេះ ឮ​សូរ​ដូច​បន្ទុះ​កាំភ្លើង​វែង ពេល​ខ្លះ​ឮ​សូរ​ដូច​គ្រាប់បែក និង​ពេល​ខ្លះ​ឮ​សូរ​ដូច​ផ្ទុះ​គ្រាប់​មីន ក៏​មាន។

ទាហាន​រូប​នេះ​លើកឡើង​ថា ការ​បង្ក​សំឡេង​ផ្ទុះ​នៅ​តំបន់​ព្រំដែន​ពីសំណាក់​ភាគី​ថៃ ដោយ​គ្មាន​ការ​ជូនដំណឹង ឬ​ប្រាប់​ពី​មូលហេតុ​នេះ បាន​ធ្វើឱ្យ​មាន​ភាព​តានតឹង​កើតឡើង ខណៈ​កន្លង​មក​ទាហាន​ថៃ​ធ្លាប់​បាញ់​កាំភ្លើង​គំរាម​ទាហាន​ខ្មែរ​ជា​ច្រើន​លើក ​នៅ​ពេល​ទាហាន​ខ្មែរ​ដើរល្បាត​ក្បែរ​ទីតាំង​បន្លា​លួស ដែល​យោធា​ថៃ​បាន​ដាក់​ពង្រាយ​ និង​នៅ​ក្រោយពេល​ភាគី​ទាំង​ពីរ​បាន​ឈ្លោះប្រកែក​គ្នា។ លោក​អះអាង​ថា បញ្ហា​នេះ​បាន​ធ្វើឱ្យ​កងកម្លាំង​របស់​កម្ពុជា​បារម្ភ​ពី​សុវត្ថិភាព រហូត​ធ្វើឱ្យ​ទាហាន​មួយ​ចំនួន បាន​ដាក់​ពាក្យ​លា​ឈប់​ពី​ក្របខ័ណ្ឌ​យោធា​ក្រោម​លេស​មាន​ធុរៈ​ផ្ទាល់ខ្លួន ដោយសារ​ពួកគេ​យល់​ថា ថ្ងៃ​ណា​មួយ​យោធា​ថៃ​អាចនឹង​ឈាន​ដល់​ការ​លួច​បាញ់​ប្រហារ​មក​លើ​ទាហាន​ខ្មែរ ខណៈ​មេបញ្ជាការ​ថ្នាក់លើ តែងតែ​ដាក់​បញ្ជា​ឱ្យ​រក្សា​ការ​អត់ធ្មត់ ដើម្បី​ស្អំ​ស្ថានការណ៍។

មិន​ខុសពី​ព្រំដែន​អូរស្មាច់​នោះ​ទេ ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន​ខេត្ត​ព្រះវិហារ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ដែរ​ថា យោធា​ថៃ​បាន​បង្ក​សំឡេង​ផ្ទុះ​អាវុធ​ជាច្រើន​លើក​មក​ហើយ នៅ​តំបន់​អានសេះ និង​នៅ​តំបន់​មុំបី ដោយ​សំឡេង​ទាំងនេះ ភាគ​ច្រើន​គឺ​ជា​ស្នូរ​បាញ់​កាំភ្លើង​វែង និង​ពេល​ខ្លះ​ឮ​សូរ​ដូច​ផ្ទុះ​គ្រាប់​បែក​ដៃ។ លោក​បន្ត​ថា នៅ​ពេល​ភាគី​ថៃ​បង្ក​សំឡេង​ផ្ទុះ​អាវុធ​ម្ដង​ៗ ភាគី​កម្ពុជា​បាន​ស្រែក​ហាមឃាត់​ភាគី​ថៃ​ឱ្យ​បញ្ឈប់​បង្ក​សំឡេង​ផ្ទុះ និង​ប្រាប់​កុំ​ឱ្យ​ទាហាន​ខ្មែរ​កុំ​ឱ្យ​ជ្រួល​ច្របល់ ឬ​ធ្វើ​សកម្មភាព​តបត​ទៅកាន់​ភាគី​ថៃ​នោះ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។

កន្លង​មក​ក្រសួងការពារជាតិ​កម្ពុជា ធ្លាប់​បាន​ចេញ​លិខិត​តវ៉ា​ទៅកាន់​យោធា​ថៃ​ជា​ច្រើន​លើក ​ជុំវិញ​ការ​បង្ក​សំឡេង​ផ្ទុះ​អាវុធ​នៅ​តាម​ក្នុង​តំបន់​ព្រំដែន ដែល​ជា​ភូមិសាស្ត្រ​រសើប និង​ងាយ​ផ្ទុះ​អាវុធ។ ក៏​ប៉ុន្តែ ការ​តវ៉ា​នេះ​ត្រូវ​បាន​ភាគី​ថៃ​ចេញ​មក​បដិសេធ និង​អះអាង​ថា ជា​សំឡេង​ផ្ទុះ​ដែល​បង្កឡើង​ដោយសារ​ការ​ដុត​ផាវ ដើម្បី​ព្រមាន​កម្ពុជា និង​ការ​បំផ្ទុះ​ថ្ម​ដើម្បី​ស្ថាបនា​ផ្លូវ​តាម​ព្រំដែន​ជាដើម។

យ៉ាងណា​ក៏ដោយ​ចុះ ប្រសិនបើ​សំឡេង​ផ្ទុះ​ចេញ​ពី​ទីតាំង​របស់​កម្ពុជា​វិញ ទោះបីជា​ករណី​នោះ​កើតឡើង​ដោយសារ​ឧបទ្ទវហេតុ​ក្ដី ក៏​យោធា​ថៃ​បាន​ព្រមាន​កម្ពុជា​ខ្លាំងៗ និង​បង្ខំឱ្យ​កម្ពុជា​បើក​ការ​ស៊ើបអង្កេត និង​បង្ហាញ​ពី​ភស្តុតាង​ទៅកាន់​ភាគី​ថៃ​ជា​កំហិត។ ជាក់ស្ដែង​កាលពី​ខែ​មករា មាន​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់ ១​គ្រាប់ ដែល​បណ្ដាលឱ្យ​ទាហាន​ខ្មែរ ២​នាក់​រងរបួស ខណៈ​ភាគី​ថៃ​បាន​រាយការណ៍​ថា មាន​ទាហាន​ថៃ​ម្នាក់ បាន​រងរបួស។ ក្រោយ​ហេតុការណ៍​នេះ ភាគី​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដោយ​បញ្ជាក់​ពី​មូលហេតុ​ថា កើតឡើង​ដោយសារ​ការ​ដុត​សំរាម ក៏​ប៉ុន្តែ​យោធា​ថៃ​នៅតែ​លើក​យក​ករណី​នេះ មក​ចោទប្រកាន់​លើ​កម្ពុជា ថា​មាន​ចេតនា​បង្ក​ទំនាស់​ជាមួយ​ភាគី​ថៃ​ទៅ​វិញ។

កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ កាលពី​ចុង​ខែ​តុលា ទាហាន​ខ្មែរ​បាន​អះអាង​ថា យោធា​ថៃ​បាន​បើក​ការ​ឈ្លានពាន ដោយ​បាញ់​កាំភ្លើង​ជិត​១០​គ្រាប់ នៅ​តំបន់​ភ្នំ​៦៤២ ឬ​ភ្នំ​ដោះ​ក្រមុំ ដើម្បី​បណ្ដេញ​ទាហាន​ខ្មែរ​ចេញ​ពី​ទីតាំង​ឈរ​ជើង រហូតដល់​យោធា​ថៃ​បាន​ចូល​កាន់​កាប់​ក្នុង​តំបន់​ភ្នំ​មួយ​នេះ សម​តាម​បំណង។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត កត់សម្គាល់​ឃើញ​ថា យោធា​ថៃ​តែងតែ​បង្ក​សំឡេង​ផ្ទុះ​អាវុធ ដើម្បី​បង្កហេតុ​នៅក្នុង​ហេតុផល​ចំនួន​បី គឺ​ទី​មួយ​ដើម្បី​ឈ្លានពាន​ទឹកដី​កម្ពុជា និង​បណ្ដេញ​ទាហាន​ខ្មែរ ទី​ពីរ​គឺ​នៅពេល​មាន​តំណាង​អ្នក​សង្កេតការណ៍​អន្តរជាតិ ចុះ​មក​ត្រួតពិនិត្យ​នៅ​តំបន់​ព្រំដែន និង​ទី​បី គឺ​នៅពេល​ដែល​កម្ពុជា មាន​ឱកាស​លាត​ត្រដាង​ពី​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ ​នៅលើ​វេទិការ​អន្តរជាតិ។

«អញ្ចឹង​បើ​គេ​ធ្វើ​បាន គេ​បន្ត​ធ្វើ​តទៅ​ទៀត ថ្ងៃ​ណា​គេ​មិន​សប្បាយចិត្ត គេ​បង្ក​ឱ្យ​មាន​សំឡេង​ផ្ទុះ​ហើយ គេ​យក​ហេតុផល​ហ្នឹង​រុល​ចូលក្នុង​ដី​ខ្មែរ​បន្ថែម​ទៀត ដូច​កន្លងទៅ​អញ្ចឹង»។

លោក ម៉ែន ណាត

អ្នក​ឃ្លាំមើល​លើកឡើង​ថា កម្ពុជា​គួរតែ​ចេញ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ និង​ទំនាក់ទំនង​ទៅកាន់​ភាគី​ថៃ ដើម្បី​សាកសួរ និង​បំភ្លឺ​រក​មូលហេតុ​នៃ​ការ​បង្ក​សំឡេង​ផ្ទុះ​នេះ ដើម្បី​ជៀសវាង​ការ​ភាន់ច្រឡំ និង​កាត់បន្ថយ​ភាព​តានតឹង​នៅ​តាម​ព្រំដែន។ ទន្ទឹម​គ្នា​នេះ អ្នក​ឃ្លាំមើល​ក៏​ជំរុញ​ឱ្យ​ទាហាន​ខ្មែរ​ដែល​ឈរជើង​នៅ​តំបន់​ជួរមុខ​ត្រូវ​បំពាក់​ឧបករណ៍​ថត​វីដេអូ ដើម្បី​ទុក​ធ្វើជា​ភស្តុតាង នៅពេល​ភាគី​ថៃ​បង្កហេតុ​ជាមួយ​ភាគី​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ