យោធា​ថៃ​បាន​ពង្រីក​កម្លាំង​ត្រៀម​ប្រយុទ្ធនៅ​តំបន់​ភ្នំ៦៤២ ព្រំដែន​ខេត្ត​ឧត្តរមានជ័យ ក្រោយ​បណ្ដេញ​ទាហាន​ខ្មែរ

0
3
ទិដ្ឋភាព​ព្រះសង្ឃ និងយោធា​ថៃ​ឈូសឆាយសង់​ផ្លូវ នៅ​តំបន់​ព្រំដែន លើជួរភ្នំដងរែក នៃ​ខេត្ត​ឧត្ដរមានជ័យ កាលពីថ្ងៃទី២៥ កញ្ញា ២០២៦។ រូប៖ ទាហានថៃ
ទិដ្ឋភាព​ព្រះសង្ឃ និងយោធា​ថៃ​ឈូសឆាយសង់​ផ្លូវ នៅ​តំបន់​ព្រំដែន លើជួរភ្នំដងរែក នៃ​ខេត្ត​ឧត្ដរមានជ័យ កាលពីថ្ងៃទី២៥ កញ្ញា ២០២៦។ រូប៖ ទាហានថៃ

យោធា​ថៃ​បាន​ដាក់​កម្លាំង សព្វាវុធ​ធុន​ធ្ងន់ និង​រាយ​បន្លា​លួស​នៅ​តំបន់​ភ្នំ​៦៤២ (ឬ​ដែល​ពលរដ្ឋ​ហៅ​ថា​ភ្នំ​ដោះក្រមុំ) ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដើម្បី​ត្រៀម​ប្រយុទ្ធ បន្ទាប់ពី​យោធា​ថៃ​បាន​បណ្ដេញ​ទាហាន​ខ្មែរ ​ចេញ​ពី​ទីតាំង​ឈរ​ជើង​នៅក្នុង​តំបន់​នេះ។ ទាហាន​ខ្មែរ​អះអាង​ថា បច្ចុប្បន្ន​កង​កម្លាំង​របស់​កម្ពុជា​បាន​ដកថយ​មក​នៅ​ប៉ែក​ខាង​ក្រោម និង​កំពុង​ស្ថិត​ក្នុង​ក្នុង​ស្ថានភាព​បញ្ឈរ​ជើង ដើម្បី​រង់ចាំ​បញ្ជា​ពី​ថ្នាក់​លើ។

បន្ទាប់ពី​មាន​ការ​ផ្ទុះ​អាវុធ​មួយ​ចម្អិន​កំពឹស​ដែល​បង្កឡើង​ដោយ​ភាគី​ថៃ ពេល​នេះ​យោធា​ថៃ​បាន​ចូល​កាន់​កាប់​តំបន់​ភ្នំ​៦៤២ ឬ​ភ្នំ​ដោះ​ក្រមុំ ដែល​ជា​ទីតាំង​ឈរ​ជើង របស់​ទាហាន​ខ្មែរ​បាន​ទាំងស្រុង​ទៅ​ហើយ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​កងទ័ព​ភូមិភាគ​ទី​២ ​របស់​ថៃ ​នៅ​ពេល​ថ្មី​ៗ​នេះ។

នៅក្នុង​សកម្មភាព​ចូល​កាន់​កាប់​ទាំង​កម្រោល​នេះ យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​រាវ​មីន រាយ​បន្លា​លួស និង​កាត់​ខ្សែ​ពួរ​ដែល​ទាហាន​ខ្មែរ​ប្រើប្រាស់​សម្រាប់​ឡើង​ទៅលើ​ភ្នំ​៦៤២។ ក្នុង​នេះ​យោធា​ថៃ​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ារ៉ា និង​ទាហាន​ឈុត​ខ្មៅ​ជា​ច្រើន​នាក់ ចាប់​ពី​តំបន់​ជប់​រុន ភ្នំ​៦៤២ និង​ភ្នំ​ដូនពាង។

កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា មេទ័ព​ភូមិភាគ​ទី​២​របស់​ថៃ លោក វីរ៉ាយុទ្ធ រ៉ាក់ស៊ីន (Veerayut Rakasilp) បាន​ចុះ​ត្រួតពិនិត្យ​នៅ​តំបន់​ភ្នំ​៦៤២ ឬ​ភ្នំ​ដោះក្រមុំ និង​ដាក់​បញ្ជា​ឱ្យ​បង្កើត​មូលដ្ឋាន​ទ័ព​នៅក្នុង​តំបន់​នេះ​ទៀត​ផង។ ជាមួយគ្នា​នេះ លោក​បាន​ចេញ​បញ្ជា​ឱ្យ​កងកម្លាំង​របស់​ថៃ បាញ់​កាំភ្លើង​ព្រមាន ឬ​បើក​ការ​វាយប្រហារ​ភ្លាម​ៗ ប្រសិនបើ​កង​កម្លាំង​របស់​កម្ពុជា ព្យាយាម​ឡើង​មកកាន់​ទីតាំង​ភ្នំ​នេះ​ទៀត។

ទាហាន​ម្នាក់​ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ជា​សំណេរ​តាម​បណ្ដាញ​តេឡេក្រាម​នៅក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា កង​កម្លាំង​របស់​កម្ពុជា​បាន​បាត់បង់​ទីតាំង​ឈរ​ជើង​នៅ​តំបន់​ភ្នំ​៦៤២ ឬ​ភ្នំ​ដោះ​ក្រមុំ​នេះ តាំងពី​ខែ​កក្កដា មក​ម្ល៉េះ ពោល​គឺ​បន្ទាប់ពី​ទាហាន​ថៃ​បាន​បំពាន​បទ​ឈប់​បាញ់ និង​ចូល​មក​ដើរល្បាត និង​ដាក់​ពង្រាយ​បន្លា​លួស នៅក្នុង​តំបន់​ជប់រុន ភ្នំ​ដូនពាង ល្អាង​៨៧ រហូតដល់​តំបន់​ប៉ើយ​១២។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ កង​កម្លាំង​របស់​កម្ពុជា​បាន​ដកថយ​មក​នៅ​ប៉ែក​ខាង​ក្រោម និង​កំពុង​ស្ថិត​ក្នុង​ក្នុង​ស្ថានភាព​បញ្ឈរ​ជើង ដើម្បី​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី ​សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា។ ចំណែក​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ក៏​មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​អំពី​រឿង​នេះ​នោះ​ដែរ។

ទាហាន​ខ្មែរ​បាន​អះអាង​ថា កាលពី​ចុង​ខែ​តុលា ទាហាន​ឈុត​ខ្មៅ​ថៃ បាន​បាញ់​កាំភ្លើង​ជា​ច្រើន​គ្រាប់ និង​គំរាម​បើក​ការ​វាយប្រហារ​មក​លើ​ទាហាន​ខ្មែរ ដែល​កំពុង​ដើរល្បាត​នៅក្នុង​តំបន់​ភ្នំ​៦៤២ នេះ ដែល​ធ្វើឱ្យ​កងកម្លាំង​របស់​កម្ពុជា បង្ខំចិត្ត​ដកថយ។ ទាហាន​ខ្មែរ បាន​បញ្ជាក់​ថា ការណ៍​ដែល​យោធា​ថៃ​អាច​ចូល​ឈ្លាន​ពាន​ទីតាំង​តំបន់​ភ្នំ​៦៤២ បាន​ដោយ​ងាយស្រួល គឺ​ដោយសារតែ​តំបន់​ភ្នំ​មួយ​នេះ មាន​ភូមិសាស្ត្រ​ជា​ច្រាំង​ល្បាក់​ចោត ដែល​ពិបាក​ក្នុង​ការ​ចល័ត​កម្លាំង ​និង​សម្ភារៈ​យោធា និង​ម្យ៉ាងទៀត គឺ​ដោយសារ​យោធា​ថៃ បាន​កាន់កាប់​តំបន់​យុទ្ធសាស្ត្រ ដែល​ស្ថិត​នៅ​សងខាង​ភ្នំ​មួយ​នេះ​រួច​ទៅហើយ។

ទោះជា​យ៉ាងណា ក្រោយ​ការ​ចូល​កាន់កាប់​តំបន់​ភ្នំ​៦៤២ នេះ ទីបញ្ជាការ​យោធភូមិភាគី​ទី​៤ របស់​កម្ពុជា និង​កងទ័ព​តំបន់​ទី​២ របស់​ថៃ បាន​បើក​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​មួយ របស់​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ព្រំដែន​តំបន់ កម្ពុជា-ថៃ (RBC) នៅ​ច្រក​ព្រំដែន​អចិន្ត្រៃយ៍​ជាំ-សាង៉ាម។ ក្នុង​កិច្ច​ពិភាក្សា​ថ្នាក់​តំបន់​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ស៊ើបអង្កេត​ករណី​ដ្រូន​ស៊ើបការណ៍ បាន​ហោះ​កាត់​តំបន់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ ការ​មិន​ពង្រីក​ទីតាំង និង​កម្លាំង​ឈរ​ជើង​បន្ថែម នៅក្នុង​តំបន់​ឈរ​ជើង ​និង​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ជាដើម។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ថ្លែង​ថា យោធា​ថៃ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ផ្ទុះ​អាវុធ​ដើម្បី​គំរាមកំហែង​លើ​ភាព​ទន់ជ្រាយ​របស់​មេដឹកនាំ​កម្ពុជា ក្នុង​ការ​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា។ លោក​អះអាង​ថា បច្ចុប្បន្ន​នេះ​យោធា​ថៃ​បាន​ចូល​កាន់កាប់​ក្នុង​ទឹកដី​កម្ពុជា ទាំង​ក្នុង​អំឡុង និង​ក្រោយ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន បាន​៨៦ ទីតាំង​ហើយ រួមទាំង​តំបន់​ភ្នំ​៦៤២ ដែល​យោធា​ថៃ​បាន​ចូលកាន់​កាប់​នៅពេល​ថ្មី​ៗ​នេះ។

«និយាយ​រួម​ទៅ​បញ្ជា​ឱ្យ​ទាហាន​ដកថយ​ពី​ទីតាំង​ដែល​ខ្លួន​ឈរជើង ខ្ញុំ​យល់​ថា​ដោយសារ​ត្រកូល​ហ៊ុន​ខ្លាច​ផ្ទុះ​សង្គ្រាម​ម្ដងទៀត ថៃ​ទម្លាក់​ត្រកូល​ហ៊ុន​ពី​អំណាច ដូច្នេះ​ហើយ​ត្រូវ​បញ្ជា​ឱ្យ​ទាហាន​ខ្មែរ​យើង​ដកថយ​នៅ​ទីតាំង​ណា​ដែល​ប្រឈមមុខ​ជាមួយ​ថៃ​គ្រប់​ទីកន្លែង គាត់​សុខចិត្ត​ការពារ​អំណាច​ជាជាង​ការពារ​ទឹកដី អាហ្នឹង​យើង​ឃើញ​ជាក់ស្ដែង​អ៊ីចឹង»។

លោក អ៊ុំ សំអាន

តំបន់​ជប់រុន ភ្នំ​ដូនពាង និង​ភ្នំ​៦៤២ គឺជា​តំបន់​យុទ្ធសាស្ត្រ​យោធា​ដ៏​ក្ដី​មួយ កាលពី​សម័យ​សង្គ្រាម​ស៊ីវិល ដែល​ជា​មូលដ្ឋាន​ទ័ព​របស់​ខ្មែរ​ក្រហម និង​ធ្លាប់​មាន​ការ​ប្រយុទ្ធ​គ្នា រវាង​កងទ័ព​ថៃ ជាមួយ​កងទ័ព​វៀតណាម ដែល​តាម​កម្ចាត់​ទ័ព​ខ្មែរ​ក្រហម ដែល​ធ្វើឱ្យ​តំបន់​ទាំងនេះ បាន​បន្សល់​ទុក​នូវ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ល្អាង​ភ្នំ​លាក់ខ្លួន និង​មូលដ្ឋាន​ទ័ព​ខ្មែរ​ជា​ច្រើន​ទីតាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ