កម្មករជាង​២ពាន់​នាក់​នៅ​រោងចក្រ​ផលិត​សម្ភារៈ​កីឡា​ក្នុង​ខេត្ត​តាកែវ​តវ៉ា​រឿង​កាត់​ប្រាក់​ធ្វើ​ដំណើរ

0
23
ទិដ្ឋភាពកម្មកររោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង  (Bright Flushing Co., Ltd.) ស្ថិតក្នុងក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បាននាំគ្នាតវ៉ា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូប៖ សង់ត្រាល់
ទិដ្ឋភាពកម្មកររោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង  (Bright Flushing Co., Ltd.) ស្ថិតក្នុងក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បាននាំគ្នាតវ៉ា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូប៖ សង់ត្រាល់

កម្មករ និងកម្មការិនីជាង ២,០០០នាក់ នៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង  (Bright Flushing Co., Ltd.) ស្ថិតក្នុងក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បាននាំគ្នាតវ៉ា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុនបានកាត់ប្រាក់ថ្លៃធ្វើដំណើរចំនួន ២.៥០ ដុល្លារក្នុងម្នាក់។ មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារ ជំរុញឲ្យមន្ត្រីក្រសួងការងារចុះស៊ើបអង្កេត និងដោះស្រាយរឿងនេះជូនកម្មករដោយយុត្តិធម៌។

កម្មករ និងកម្មការិនីជាង ២,០០០នាក់ នៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង ក្នុងខេត្តតាកែវ បាននាំគ្នាតវ៉ា ដោយទាមទារឱ្យក្រុមហ៊ុនពន្យល់ និងពិនិត្យឡើងវិញចំពោះការកាត់ប្រាក់ធ្វើដំណើរចំនួន ២,៥០ដុល្លារក្នុងម្នាក់។

កម្មករម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការ​កាត់ប្រាក់​ធ្វើ​ដំណើរ​ចំនួន ២,៥០ដុល្លារ នេះបានធ្វើឱ្យកម្មករមិនពេញចិត្ត ពួកគេក៏សម្រេចចិត្តនាំគ្នាប្រមូលផ្ដុំគ្នាតវ៉ា នៅខាងមុខរោងចក្រនិងបិទផ្លូវ ដើម្បីទាមទារឱ្យក្រុមហ៊ុនពិនិត្យឡើងវិញ។

ក្រុមកម្មករក៏បានអំពាវនាវឱ្យមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដោះស្រាយវិវាទនេះ ដោយផ្អែកលើច្បាប់ការងារ។

កម្មការិនីម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ការកាត់ប្រាក់នេះបានប៉ះពាល់ដល់ប្រាក់ចំណូល និងការចំណាយប្រចាំថ្ងៃរបស់កម្មករ។ កម្មការិនីរូបនេះបានស្នើឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន និងភាគីពាក់ព័ន្ធពន្យល់ឱ្យបានច្បាស់លាស់ និងស្វែងរកដំណោះស្រាយសមស្របសម្រាប់កម្មករ។

ការតវ៉ានៅតែបន្តដោយសន្តិវិធី ខណៈកម្មករកំពុងរង់ចាំការបកស្រាយ និងដំណោះស្រាយ​ពីក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ។

អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ បាននិយាយថា ក្រុមហ៊ុននេះធ្លាប់មានប្រវត្តិរងការរិះគន់ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញលើសហជីពឯករាជ្យ។ លោកបានចាត់ទុកករណីថ្មីនេះថា អាចជាការអនុវត្តមិនត្រឹមត្រូវរបស់ក្រុមហ៊ុន ពាក់ព័ន្ធ​នឹង​ការ​ទារ​កម្រៃសេវា ឬការចំណាយផ្សេងៗពីកម្មករនិយោជិត។

លោក ឃុន ថារ៉ូ បានជំរុញឱ្យក្រសួងការងារ ជាពិសេសអធិការកិច្ចការងារ ចុះស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់។ លោក​បន្តថា ប្រសិនបើការស៊ើបអង្កេតរកឃើញថា មានអ្នកទទួលខុសត្រូវក្នុងការទារប្រាក់សេវាក្រៅប្រព័ន្ធពីកម្មករ គួរតែមានវិធានការកែតម្រូវ និងចាត់ការតាមច្បាប់។

លោកបានចាត់ទុកការទារប្រាក់បែបនេះថា ជាការអនុវត្តមិនត្រឹមត្រូវនៅក្នុងក្រុមហ៊ុន និងអាច​មានលក្ខណៈជាអំពើពុករលួយក្រៅប្រព័ន្ធ។

«ដូច្នេះ ខ្ញុំគិតថាករណីនេះ ខាងក្រសួងការងារ ជាពិសេសគឺខាងអធិការកិច្ចការងារហ្នឹង គួរតែមានការស៊ើបអង្កេតជាក់ស្ដែង។ ក្នុងករណីដែលរកឃើញអ្នកដែលទទួលបន្ទុក ឬក៏អ្នកដែលទទួលខុសត្រូវនៅក្នុងការទារនូវតម្លៃសេវាខាងក្រៅប្រព័ន្ធ អញ្ចឹងគួរតែមានការចាត់វិធានការកែតម្រូវណា ពីព្រោះទាំងអស់នេះ គឺជាការអនុវត្តមិនត្រឹមត្រូវនៅក្នុងក្រុមហ៊ុន ហើយវាអាចចាត់ថ្នាក់ថាជាអំពើពុករលួយក្រៅសេវា»។

លោក ឃុន ថារ៉ូ

យោងតាមរបាយការណ៍របស់អង្គការសង់ត្រាល់ កម្មករប្រមាណជាង៣ម៉ឺន៤ពាន់( ៣៤,៤៥៥ )នាក់ បានចូលរួមក្នុងកូដកម្ម ការតវ៉ា និងវិវាទការងារចំនួន២៧ករណី នៅកម្ពុជាក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦។ វិវាទទាំងនេះត្រូវបានកត់ត្រាចាប់ពីខែមករា ដល់ខែកញ្ញា ហើយប្រមាណ៧៣% នៃសកម្មភាពតវ៉ា និងវិវាទការងារដែលបានកត់ត្រា គឺកើតឡើងក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង។

អង្គការសង់ត្រាល់ បានលើកឡើងថា បញ្ហាសេដ្ឋកិច្ចនៅតែជាមូលហេតុចម្បងដែលជំរុញឱ្យកម្មករ​ធ្វើការតវ៉ា រួមមានការមិនបើកប្រាក់ឈ្នួល ការបើកប្រាក់ឈ្នួលយឺតយ៉ាវ ការទូទាត់ប្រាក់សំណងពេលបញ្ឈប់ការងារ ប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗដែលច្បាប់កំណត់។ វិវាទមួយចំនួនទៀតពាក់ព័ន្ធនឹងការចោទប្រកាន់ពីអាកប្បកិរិយាមិនសមរម្យរបស់អ្នកគ្រប់គ្រង ការមិនគោរពសេចក្ដីថ្លៃថ្នូររបស់កម្មករ ការរើសអើងប្រឆាំងសហជីព និងការរឹតត្បិតសិទ្ធិ​សេរីភាព​ខាងសមាគម។

រោងចក្រ Bright Flushing Co., Ltd. ជារោងចក្រផលិតសម្ភារៈកីឡា ជាពិសេសស្បែកជើង និងសម្លៀកបំពាក់ ផ្គត់ផ្គង់ផលិតផលឱ្យម៉ាកល្បីៗ ដូចជា Puma៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ