រដ្ឋចាញ់បោកក្រុមហ៊ុន ជា សារ៉ន ប្រកាស​លែង​ចង់​បង់​សង​បំណុល​ធនាគារ ព្រោះ​ចាំ​ដំណោះស្រាយយូរ

0
29
អតីតឧកញ៉ា ជា សារ៉ន (ឆ្វេង) ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនៅខេត្តកំពត។ រូប៖ បណ្ដាញសង្គម
អតីតឧកញ៉ា ជា សារ៉ន (ឆ្វេង) ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនៅខេត្តកំពត។ រូប៖ បណ្ដាញសង្គម

ពលរដ្ឋ​ដែលចាញ់បោកក្រុមហ៊ុន អតីតឧកញ៉ា ជា សារ៉ន លើកឡើងថា ពួកគាត់លែងប្រឹងប្រែងបង់សងបំណុលហើយ ពីព្រោះខ្សោះអស់ពីខ្លួន ដោយសារចាញ់បោកក្រុមហ៊ុន ហើយរង់ចាំដំណោះស្រាយយូរពេក។ សង្គមស៊ីវិលស្នើឲ្យ​អាជ្ញាធរពិចារណា​អំពីកខ្វល់របស់ពលរដ្ឋរងគ្រោះ ដោយការយកចិត្តទុក​ដាក់ ហើយផ្ដល់ដំណោះស្រាយ ដោយការទទួលខុសត្រូវ។

ពលរដ្ឋចាញ់បោកក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន លើកឡើងថា ពួកគាត់ឈឺចាប់​កាន់ខ្លាំង ខណៈពួកគាត់កំពុងវ័ណ្ឌក ដោយសារបំណុល បន្ទាប់ពីចាញ់បោក​ក្រុមហ៊ុននេះ និងរង់ចាំយូរឆ្នាំហើយ មិនឃើញស្រមោលដំណោះស្រាយសោះ។ ពលរដ្ឋរងគ្រោះ ប្រកាសលែងចង់បង់សងបំណុលធនាគារ ព្រោះអស់លទ្ធភាព ដោយពួកគាត់ថា ដំណោះស្រាយ នៅលើមាត់រដ្ឋាភិបាល រីឯបំណុលនៅលើមាត់​ធនាគារ ដែលតាមទារជាប្រចាំ ប៉ុន្តែពលរដ្ឋវិញចាំតែរងគ្រោះយ៉ាងអយុត្តិធម៌។

ពលរដ្ឋរងគ្រោះម្នាក់នៅខេត្តកំពត ប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុង​លក្ខខណ្ឌ​មិន​បញ្ចញ​ឈ្មោះ នៅថ្ងៃទី១២ ខែវិច្ឆិកាថា អាជ្ញាធរ និងធនាគារ យកគាត់ទៅធ្វើអី ក៏ធ្វើទៅ ហើយចង់បង្ខំឱ្យគាត់ស្លាប់ ក៏ស្រេចតែពួកគេទៅ ពីព្រោះសព្វថ្ងៃ លោកស្រី​ទ័ល​ច្រកពេក​ហើយ។ លោកស្រីថា ឮតែមានដំណោះស្រាយ ពីអភិបាល​ខេត្តកំពត លោក ម៉ៅ ធនិន ប៉ុន្តែច្រើនឆ្នាំមកហើយ មិនឃើញមានដំណោះស្រាយ​អ្វីសោះ ហើយឃើញតែ​កិច្ចសហការគ្នា រវាងអាជ្ញាធរ និងធនាគារ​ទារ​បំណុល​ពីពលរដ្ឋគ្រោះ។

«អត់លទ្ធភាពបង់ មានតែងាប់អស់ហ្នឹងឯង មានអីទៀត មានអីសង យកអីយកទៅបើងាប់ហើយ លែងខ្វល់ហើយ លោក ម៉ៅ ធនិន ថា មាន ដំណោះស្រាយ យើងធ្វើម៉េចដឹងដែរ ដឹងដំណោះស្រាយរបៀបម៉េចយើងមិនដឹង។ វាប៉ះពាល់គ្រប់មុខទាំងអស់ ចង់បានសងធនាគាររួចអស់ បានប្លង់​មកវិញ អត់មានចង់បានអីទាំងអស់។ ខ្ញុំមានទិញដី និងវិនិយោគច្រើនដែរ ចូលជិត ៥​ម៉ឺនដុល្លារ»។

ពលរដ្ឋរងគ្រោះ

ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន ដើម្បីបំភ្លឺអំពីរឿងនេះ បានទេ នៅថ្ងៃទី១២ ខែវិច្ឆិកា។

ជុំវិញរឿងនេះដែរ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃ​សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ស្នើឲ្យអាជ្ញាធរ​ពិចារណា​អំពីកខ្វល់ និងសំណូមពរដ៏ទទូច របស់ពលរដ្ឋរងគ្រោះ ហើយផ្ដល់​ដំណោះស្រាយ​សមរម្យ ដោយការទទួលខុសត្រូវ ។

លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ថៃទី១២ ខែវិច្ឆិកា ថា អាជ្ញាធរ តាំងពីថ្នាក់ខេត្តដល់ថ្នាក់ជាតិ សុទ្ធតែមានតួនាទី ត្រូវយកចិត្តទុកដាក់ខិត​ខំ​ដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះ។ លោកបារម្ភថា ការអូយបន្លាយពេល​ដំណោះស្រាយយូរពេក ហើយពលរដ្ឋប្រឈមនឹងបំណុលវ័ណ្ឌកដោះមិនចេញផង នោះពលរដ្ឋកាន់តែច្រើន កើតជំងឿបាក់ទឹកចិត្តពិបាកស្ដារឡើងវិញ ដែលនឹងក្លាយ​ជាវិបត្តិសង្គមដ៏ធ្ងន់ធ្ងរ។

«ខ្ញុំឆ្ងល់ថា តើទ្រព្យសម្បត្តិពួកគាត់ហ្នឹង គាត់យកទៅណា ដែល គាត់យកពីប្រជាពលរដ្ឋទៅហ្នឹង បើសិនជាសាច់ប្រាក់វាមិនមាន ក៏វាមានជាទ្រព្យ សម្បត្តិអចលនទ្រព្យ ឬក៏ជាចលនទ្រព្យដែរ។ តើទ្រព្យសម្បត្តិ ដែលគាត់​បាន​យកទៅធ្លាក់ទៅលើដៃអ្នកណាបានជាលំបាក យើងមើលឃើញ លំបាក​ក្នុងការ​ដោះស្រាយក្នុងការស្វែងរកយុត្តិធម៌ឬក៏សំណងដល់ពលរដ្ឋណាស់»។

លោក យិន ម៉េងលី

ពលរដ្ឋរងគ្រោះម្នាក់ទៀត នៅខេត្តព្រៃវែង និយាយថា មកដល់ពេលនេះ កុំថា​ឡើយ​ទាមទារបានយុត្តិធម៌ត្រឹមត្រូវ សូម្បីតែពលរដ្ឋរងគ្រោះ ចង់បាន​ចំណែកខ្លះ ដើម្បីដោះបំណុល ក៏រដ្ឋាភិបាល និងក្រុមហ៊ុន​មិនអាចដោះស្រាយឱ្យបានផង។

ជនរងគ្រោះរូបនេះ ប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី១២ ខែវិច្ឆិកា ថា រដ្ឋាភិបាល គួរណាស់តែបង្ហាញ​ពីការជឿនលឿន ក្នុងការ​ស្វែងរកដំណោះស្រាយឱ្យ​ពលរដ្ឋរងគ្រោះ ពីព្រោះយូរឆ្នាំហើយ អ្នកខ្លះបានតែ​ប្លង់ដី តែមិនបានដី រីឯពលរដ្ឋរងគ្រោះខ្លះ​ទៀត អត់ទាំងដីអត់ទាំងប្លង់។ លោកថា រដ្ឋាភិបាល គួរអាណិតពលរដ្ឋផង ដោយសារតែពលរដ្ឋ បានរងគ្រោះអស់​ប្រាក់​រាប់​ម៉ឺនដុល្លារក្នុង​មួយគ្រួសារៗ ហើយមិនបានដី និងត្រូវកើនបន្ទុកបំណុលពី​របៀប​ខ្លីដោះទ័ល គឺខ្ចីបំណុលថ្មី សង់បំណុលចាស់។

«គេបូករួមទាំងបំណុលដែលយើងខ្ចីមករកស៊ីពីមុន វា ១០ម៉ឺន​ដុល្លារទៅហើយ ទាំងដែលយើង ទិញជាមួយក្រុមហ៊ុន ដូចជាមិនដល់ហ្នឹងទេ ៦ ទៅ ៧ ម៉ឺនដុល្លារទេ ប៉ុន្តែដោយសារតែយើងខ្ចី ៦ ខែហើយ បង់ចោលហ្នឹងហើយ ៦ ខែទៀតនៅមិនទាន់ដោះស្រាយបាន យើងខ្ចីទៀត ដោយសារអី គេចេះតែមក ប្ដឹងយើង ទៅដល់ភូមិ ទៅដល់ឃុំអ៊ីចឹងទៅ វាប៉ះពាល់ដល់ពេលវេលារកស៊ី របស់​យើងអ៊ីចឹងទៅ។ យើងក៏ព្រមព្រៀងតាមដំណើរ នឹកឃើញថា វាឆាប់​វានឹងលឿនៗ អ៊ីចឹង ប៉ុន្តែអ្វីដែលជាក់ស្ដែង វាមិនលឿនដូចការគិត»។

ជនរងគ្រោះ

ក្រុមហ៊ុន ជា សារ៉ន គឺជាករណីឆបោកផ្នែកអចលនទ្រព្យ និងការវិនិយោគដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមក្រុមហ៊ុនឆបោកជាច្រើនទៀត ដូចជា ក្រុមហ៊ុន​អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា និង ក្រុមហ៊ុនស៊ី​អាយ​ស៊ី (CIC) ជាដើម ។ ក្រុមហ៊ុន ជា សារ៉ន បោកពលរដ្ឋប្រមាណ ៦ពាន់​គ្រួសារឲ្យខាតបង់ប្រាក់ខ្ទង់ ៤០ លានដុល្លារ ជាពិសេស ពលរដ្ឋនៅខេត្តកំពត និងខេត្តតាកែវ។

កាលពីខែមេសា ឆ្នាំ ២០២៣ ប្រជាពលរដ្ឋរងគ្រោះ ជាង ២ពាន់ គ្រួសារ ចាប់ផ្ដើម ប្រមូលផ្តុំគ្នាតវ៉ាទាមទាររកដំណោះស្រាយនៅខេត្តកំពត។ សមត្ថកិច្ច​ខេត្តកំពត​ បាន​ចាប់ខ្លួន​ឧកញ៉ា ជា សារ៉ន និង​បក្ខពួក៨នាក់ទៀត ដាក់​ពន្ធនាគារ​ ហើយ សាលាដំបូង​ខេត្តកំពត បាន​បង្កក​គណនី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ជា សារ៉ន យ៉ាងតិច ៩៥​គណនី រួម​ទាំងអចលនវត្ថុ​ប្រភេទ​ដីធ្លី​ ចំនួន​ជិត​ ២​ពាន់ (១.៧៩១)​ក្បាលដី​។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើល កត់សម្គាល់​ថា មកដល់ពេលនេះ ពុំមាន ការបង្ហាញភាពជឿនលឿនណាមួយ អំពីដំណោះស្រាយសមរម្យ ជូនពលរដ្ឋ រងគ្រោះនោះទេ ហើយឃើញតែពលរដ្ឋ ដែលចាញ់បោកក្រុមហ៊ុន ត្អូញត្អែរអំពី កំណើនបំណុលដោះស្រាយមិនចេញ និងការបាក់ទឹកចិត្ត រួមទាំង ការព្រមាន​លែង​សងបំណុល ព្រោះទ័លច្រកពេក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ