

មន្ត្រីជាន់ខ្ពស់នៃគណបក្សកម្លាំងជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈ អង្គការហ្វ្រង់កូហ្វូនី ត្រៀមបើកកិច្ចប្រជុំកំពូលរបស់ខ្លួន នៅរាជធានីភ្នំពេញ។ គណបក្សកម្លាំងជាតិ និងសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កំពុងរុញកម្ពុជា ឱ្យធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅ នៅចំពោះមុខសហគមន៍អន្តរជាតិ។
អំឡុងពេលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងរវល់រៀបចំកិច្ចប្រជុំកំពូលក្រុម ប្រទេសនិយាយភាសាបារាំង «ហ្វ្រង់កូហ្វូនី» រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុននេះ ក៏កំពុងរាំងខ្ទប់សេរីភាពបញ្ចេញមតិរបស់សង្គមស៊ីវិល និងចាប់ខ្លួនមិនលើកលែង លើមន្ត្រីគណបក្សប្រឆាំងដែរ។
សមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមការងារនៃគណបក្សកម្លាំងជាតិ ខេត្តកំពត លោក ឆាយ ជំនោ ត្រូវបានស្នងការនគរបាលខេត្តនេះ ចាប់ខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា។
សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឱ្យដឹងថា ការចាប់ខ្លួននេះ ពុំមានការបញ្ជាក់ពីមូលហេតុទេ ហើយធ្វើឱ្យគណបក្សកម្លាំងជាតិ កាន់តែមានការព្រួយបារម្ភខ្លាំងឡើង ពីស្ថានការណ៍សិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពនយោបាយ។
ទូរទស្សន៍អាស៊ីសេរី មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះ ពីស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ចន្ទ័មធុរិទ្ធ បានទេ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្ដេជ្ញារចិត្តអនុវត្តឱ្យបានត្រឹមត្រូវ តាមប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ដោយការទទទួលខុសត្រូវ។
លោក សុខ គឹមសេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែវិច្ឆិកា ថា គណបក្សកម្លាំងជាតិ ចង់បានតែបរិយាកាសនយោបាយ ឱ្យមានការប្រកួតប្រជែងដោយស្មើមុខគ្នា ស្របតាមស្មារតីរដ្ឋធម្មនុញ្ញប៉ុណ្ណោះ ។ លោកថា ករណីអាជ្ញាធរកាន់អំណាច ធ្វើទុក្ខបុកម្នេញនយោបាយ លើគណបក្សគួប្រជែង កាន់តែធ្វើឱ្យប្រព័ន្ធប្រជាធិបតេយ្យចុះខ្សោយ ហើយប្រទេសជាតិបែកបាក់ ពិបាកផ្សះផ្សាគ្នា។
«ព្រួយបារម្ភខ្លាំងទៅៗអំពីស្ថានការណ៍ការគោរពសិទ្ធិមនុស្ស ក៏ដូចសិទ្ធិបញ្ចេញមតិ ជាពិសេសសិទ្ធិសេរីភាពការធ្វើនយោបាយហ្នឹងឯង ដោយសារតែទី១ គឺអាជ្ញាធរនៅតែបន្តការចាប់ខ្លួនហើយរហូតមកដល់ពេលនេះ គឺ ទាំងថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សកម្លាំងជាតិចំនួន ២១ នាក់ហើយកំពុងតែជាប់ឃុំ ។ ហ្នឹងនេះយើងមិននិយាយអំពី ថ្នាក់ដឹកនាំ និងសមាជិក ៧ រូបទៀត ដែលគាត់បំពេញលក្ខខណ្ឌ ហើយគាត់បានមករស់នៅក្រៅពន្ធនាគារ»។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង
គណបក្សកម្លាំងជាតិ អំពាវនាវដល់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យ បញ្ឈប់ការចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំង ដោយហេតុនៃការ ចូលរួមសកម្មភាពនយោបាយរបស់ពួកគាត់ ព្រមទាំងទទូចឱ្យដោះលែងអ្នកទោស នយោបាយ និង អ្នកទោសមនសិការទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានាបាននូវបរិយាកាសនយោបាយល្អ ដល់គ្រប់គណបក្សនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែវិច្ឆិកា ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើកាន់តែជ្រុល ក្នុងការរំលោភបំពានសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ដោយមិនខ្វល់អំពីការទាមទាររបស់មជ្ឈមដ្ឋានចម្រុះទាំងជាតិ និងអន្តរជាតិ ឱ្យ ស្ដារប្រជាធិបតេយ្យអំឡុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដែលនឹងខិតជិតមកដល់។
លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា នៅចំពោះមុខវិបត្តិនយោបាយ និង ការបំពានសិទ្ធិមនុស្ស ក្រោមកណ្ដាប់ដៃធ្ងន់ របស់រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុននេះ ទាមទារឱ្យសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងក្រុមប្រទេស ដែលមានឥទ្ធិពលក្នុងអង្គការហ្វ្រង់កូហ្វូនី ដូចជា បារាំង និងកាណាដាជាដើម បញ្ជូនសារឱ្យច្បាស់ ប្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យត្រូវតែចាប់ផ្ដើម បង្កើតបរិយាសប្រកួតប្រជែងនយោបាយ ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា។
«យើងឃើញហើយកម្ពុជារងផលប៉ះពាល់ជាច្រើន ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ ពាក់ព័ន្ធនឹងការរំលោភបំពានតាមព្រំ ដែនពីប្រទេសជិតខាង ហើយស្ថានភាពនយោបាយក្នុងប្រទេសដុនដាបមែនទែន រួមទាំងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋធ្លាក់ក្នុងសភាពបំណុលវ័ណ្ឌក ធ្លាក់ក្នុងសភាព ក្រីក្រជាដើម។ នេះគឺជាសភាពមួយ ដែលដល់ពេលល្មមនឹងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនទាំងឡាញហ្នឹង ហើយល្មមងាកមកដោះស្រាយនៅ បញ្ហាជាតិ បញ្ហារបស់ប្រជាពលរដ្ឋដែលធំៗ»។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា
អ្នកឃ្លាំមើលលើកឡើងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅភ្នំពេញ គឺជាឱកាសដ៏ មានសក្កានុពលដែលរដ្ឋាភិបាលបារាំង និងកាណាដា គួរតែនិយាយឱ្យចំសាច់រឿង ជាមួយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យត្រូវតែបញ្ឈប់នយោបាយធ្វើទុក្ខបុកម្នេញ លើគូប្រជែង និងការហែកហួរគណបក្សក្រៅរដ្ឋាភិបាល ដោយប្រើកម្លាំង និងអំណាចរដ្ឋជាឧបករណ៍។ លើសពីនេះទៀត ប្រទេសបារាំង និងកាណាដា ដែលជាហត្ថលេខីដ៏មានឥទ្ធិពល នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរនោះ ក៏គួរណាស់តែបញ្ជូនសារឱ្យប្រាកដប្រជាប្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យដើរតាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕









