

ប្រមុខការទូតថៃបានព្រមានកម្ពុជា មិនឱ្យយកបញ្ហាជម្លោះព្រំដែន ទៅជជែកនៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការអន្តរជាតិនៃប្រទេសប្រើប្រាស់ភាសាបារាំង ដែលហៅកាត់ថា ហ្វ្រង់កូហ្វូនី (OIF) នោះឡើយ ដោយភាគីថៃព្រមានថា បញ្ហានេះនឹងធ្វើឱ្យជម្លោះព្រំដែននៃប្រទេសទាំងពីរកាន់តែតានតឹង។ ក្នុងនោះ ភាគីថៃបានប្រកាសដាក់លិខិតតវ៉ាទៅកាន់អគ្គលេខាធិការរបស់អង្គការ ហ្វ្រង់កូហ្វូនី ដើម្បីប្រឆាំងនឹងកម្ពុជា និងបញ្ជូនតំណាងរបស់ខ្លួន ក្នុងតួនាទីជាអ្នកសង្កេតការណ៍ដើម្បីតាមដានកិច្ចប្រជុំនេះ។
សង្គ្រាមការទូតរវាងកម្ពុជា និងថៃ កំពុងមានផ្សែងហុយៗ ម្ដងទៀតហើយ បន្ទាប់ពីប្រទេសថៃបានប្រកាសតវ៉ាចំពោះកម្ពុជា ដែលបានដាក់បញ្ចូលជម្លោះព្រំដែនកម្ពុជា-ថៃ ទៅក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកា នេះ រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានលើកឡើងថា ប្រទេសថៃមិនជំទាស់នឹងកិច្ចប្រជុំកំពូលរបស់អង្គការ ហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះទេ ក៏ប៉ុន្តែប្រទេសថៃមិនសប្បាយចិត្តនោះឡើយ ប្រសិនបើកម្ពុជាលើកឡើងពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំនេះ។ លោកបន្តថា បញ្ហានេះនឹងធ្វើឱ្យការដោះស្រាយជម្លោះព្រំដែនរវាងប្រទេសរវាងកម្ពុជា និងថៃនៅបន្តជាប់គាំង ខណៈភាគីទាំងពីរធ្លាប់បានឯកភាពគ្នា នៅក្នុងអំឡុងកិច្ចប្រជុំផ្សះផ្សាដោយបង្ខំ របស់ UNCLOS នៅទីក្រុងឡាអេ ប្រទេសហុល្លង់ ថា ប្រទេសទាំងពីរនឹងព្យាយាម កសាងទំនុកចិត្តជាមួយគ្នាឡើងវិញ និងមិនធ្វើឱ្យជម្លោះទ្វេភាគីកាន់តែធ្ងន់ធ្ងរទៅជាជម្លោះអន្តរជាតិនោះឡើយ។
ប្រមុខការទូតថៃរូបនេះ លើកឡើងថា ប្រទេសថៃបានបានដាក់លិខិតតវ៉ាទៅកាន់លេខាធិការដ្ឋាននៃអង្គការ ដើម្បីបង្ហាញពីក្ដីកង្វល់របស់ប្រទេសថៃ ខណៈឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃ បានអញ្ជើញឯកអគ្គរដ្ឋទូត និងតំណាងមកពីជាង ១០ប្រទេស ដើម្បីស្តាប់ជំហររបស់ប្រទេសថៃផងដែរ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ ខែវិច្ឆិកា។
កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ត្រូវបានរំពឹងថា នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងរបៀបខ្លឹមសារនៃកិច្ចប្រជុំវិញ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) ថា កម្ពុជាបានដាក់បញ្ចូលមូលបទធំៗចំនួន៣ ទៅកាន់សមាជិកនៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី និងទទួលបានការឯកភាពរួចហើយ។ លោកបន្តថា ចំណុចទាំង៣ នោះរួមមាន សន្តិភាព វិបុលភាព និងស្ថិរភាព ហើយក្នុងនោះក៏រួមបញ្ចូលទាំងរឿងជម្លោះព្រំដែនខ្មែរ-ថៃ ផងដែរ។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី យល់ឃើញថា ទង្វើរបស់ភាគីថៃដែលចេញមុខព្រមានកម្ពុជា គឺជាការបង្ហាញពីចរិតនយោបាយឈ្លានពាន និងការភ័យព្រួយជ្រុលហួសហេតុ។ លោកបន្តថា ថៃព្យាយាមប្រើឥទ្ធិពលការទូតរបស់ខ្លួន មកបំបិទមាត់កម្ពុជាលើឆាកអន្តរជាតិ ព្រោះខ្លាចពិភពលោកបានឃើញពីការពិតអំពីជម្លោះព្រំដែន។ លោកលើកឡើងថា ការដាក់សម្ពាធរបស់ភាគីថៃបែបនេះ បានស្តែងឱ្យឃើញពីភាពអសមត្ថភាពក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងការខ្វះទំនុកចិត្តលើទឡ្ហីករណ៍ផ្លូវច្បាប់របស់ខ្លួនឯងទៀតផង។
«ការតវ៉ារបស់ថៃនឹងមិនមានឥទ្ធិពលមកលើកម្ពុជា ឬដំណើរការរបស់អង្គការ OIF នោះឡើយ។ នៅក្នុងរចនាសម្ព័ន្ធអង្គការអន្តរជាតិ ថៃមានតួនាទីត្រឹមតែជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ ខណៈដែលកម្ពុជាគឺជាសមាជិកពេញសិទ្ធិដ៏សកម្មមួយ។ អ្នកសង្កេតការណ៍គ្មានសិទ្ធិសម្រេច គ្មានសិទ្ធិបដិសេធ និងគ្មានសិទ្ធិមកកំណត់ ឬរារាំងរបៀបវារៈដែលសមាជិកពេញសិទ្ធិលើកយកមកជជែកនោះទេ។ ដូច្នេះ លិខិតតវ៉ារបស់ថៃគ្រាន់តែជាការសម្តែងការទូតដើម្បីប្រាប់ប្រជាជនក្នុងប្រទេសខ្លួន ប៉ុន្តែមិនអាចរារាំងសំឡេង ឬកាតព្វកិច្ចការទូតរបស់កម្ពុជាលើឆាកអន្តរជាតិបានឡើយ»។
លោក សេង វណ្ណលី
ថៃធ្លាប់ជាសមាជិករបស់អង្គការហ្វ្រង់កូហ្វូនី ក៏ប៉ុន្តែថៃត្រូវបានអង្គការអន្តរជាតិនៃប្រទេសប្រើប្រាស់ភាសាបារាំងមួយនេះ ផ្អាកពីសមាជិកភាពកាលពីឆ្នាំ២០១៤ ដោយសារតែការធ្វើរដ្ឋប្រហារបង្កឱ្យមានការរំលោភលើរដ្ឋធម្មនុញ្ញ ការដណ្តើមអំណាចដោយខុសច្បាប់ និងការរំលោភសិទ្ធិមនុស្សជាដើម។ ក៏ប៉ុន្តែ នៅពីឆ្នាំ២០១៩ អង្គការ ហ្វ្រង់កូហ្វូនី បានសម្រេចដកការផ្អាកសមាជិកភាពរបស់ថៃវិញ ក្នុងឋានៈជាសមាជិកអ្នកសង្កេតការណ៍ បន្ទាប់ពីថៃបានរៀបចំការបោះឆ្នោតរួច។
ចំណែកកម្ពុជា គឺមានតួនាទីជាសមាជិកសកម្ម និងជាប្រទេសធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលលើកទី២០នេះ។ កត្តានេះត្រូវបានអ្នកវិភាគមើលឃើញថា កម្ពុជាអាចនឹងមានទឹកមាត់ប្រៃ ដើម្បីនិយាយលាតត្រដាងពីសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេសនិយាយភាសាបារាំងនេះ៕









