សិស្ស​សាលា៥ នាក់ស្លាប់ ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡាន​ធ្លាក់​ចូលស្រះ​ទឹក​នៅ​ខេត្តកណ្តាល

0
53
ទិដ្ឋភាពរថយន្តដឹកសិស្សក្រឡាប់​ចូល​ស្រះ​ទឹក​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៨ ស្ថិត​ក្នុង​ភូមិអន្លង់ ឃុំព្រែក​តាមាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល កាលពីថ្ងៃទី១០ វិច្ឆិកា ២០២៦។ រូប បណ្ដាញសង្គម
ទិដ្ឋភាពរថយន្តដឹកសិស្សក្រឡាប់​ចូល​ស្រះ​ទឹក​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៨ ស្ថិត​ក្នុង​ភូមិអន្លង់ ឃុំព្រែក​តាមាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល កាលពីថ្ងៃទី១០ វិច្ឆិកា ២០២៦។ រូប បណ្ដាញសង្គម

សិស្ស​សាលា​ប៊ែលធី​ចំនួន៥ នាក់ស្លាប់ និង២១នាក់​ទៀត​រងរបួស​ធ្ងន់​និងស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡាន​ធ្លាក់​ចូល​ស្រះ​ទឹក​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៨ ស្ថិត​ក្នុង​ភូមិអន្លង់ ឃុំព្រែក​តាមាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។ មន្ត្រី​សង្គម​ស៊ីវិល មើល​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ ហាក់​នៅ​មាន​ភាពយឺតយ៉ាវ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​សិស្សា​នុសិស្ស​ទាំង​នេះ។

យុវតី​សាលា​ប៊ែលធី ៥នាក់ បាន​បាត់បង់​ជីវិត បន្ទាប់​ពី​រថយន្ត​ដឹកសិស្ស​១គ្រឿង បាន​បើក​គេច​ម៉ូតូ​ធ្លាក់​ចូល​ស្រះទឹក​នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែវិច្ឆិកា។ នៅក្នុង​រថយន្ត​មាន​សិស្ស​សាលា ចំនួន​២៦នាក់ ប្រុស​១២នាក់ ស្រី១៤នាក់ និងតៃកុងឡានម្នាក់។

អ្នក​បើកបរ​រថយន្ត​មាន​ឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅ​ភូមិ​ស្នាយពល ឃុំរកា ស្រុក​ពារាំង ខេត្តព្រៃវែង។

នាយរង​ផ្នែក​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់​កណ្តាលលោក ម៉ៃ ប៊ុនថង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ករណី​គ្រោះថ្នាក់​នេះ​បណ្តាល​មកពី​អ្នកបើក​រថយន្ដ​បើកបរ​ក្នុងល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ស្រប​ពេល​ដែល​មាន​ម៉ូតូ​បើកបរ​បញ្ច្រាស​ឆ្លងកាត់​ផ្លូវ ហើយ​រថយន្ត​ក៏​បើក​គេច​ទៅស្ដាំ​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ស្រះ​ទឹក។ លោក​អះអាង​ថា សិស្ស​រងគ្រោះ​មួយ​ចំនួន​របួស​បាក់ដៃ និង​សន្លប់ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្រុង​ភ្នំពេញ និង​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក។ លោក​លើក​ឡើង​ថា ដំបូង​អាជ្ញាធរ​រកឃើញ​សាកសព​សិស្ស​មាន​ចំនួន​៣នាក់​ប៉ុណ្ណោះ ហើយ​ក្រោយ​មក ម្តាយ​ជនរង​គ្រោះ បាន​មក​ប្រាប់​ថា នៅ​មាន​សិស្ស​ចំនួន​២នាក់​ទៀត​ដែល​រកមិន​ទាន់​ឃើញ ទើប​អាជ្ញាធរ រុករក​បន្ថែម និង​រកឃើញ​ពួកគេ។

«អ៊ីចឹង​បាន​យើង​មិន​អាច​ជួយ​គាត់​បាន ស្រង់​មកក្រោយ​មក​គាត់​បាន​ស្លាប់​ហ្នឹង ចំនួន ៣នាក់។ ៣នាក់​ហើយ បាន​ឪពុកម្តាយ​គេ​មករក មក​ឃើញ​ថា នៅ​បាត់​កូន ២នាក់​ទៀត អញ្ចឹង​បាន​ខ្ញុំ​ជួយ​រក​ទៅ បាន​ឃើញ ២នាក់​ទៀត ទាំង​អស់ ៥នាក់។ចំណុច​អូស​គាត់​ប្រហែល​ជាខ្ទង់ ៥០ម៉ែត្រ​ហើយ។ បាទ អ៊ីចឹង​បាន​ថា ល្បឿន​របស់​គាត់​នេះ​លឿន តែ​មាន​មនុស្ស ឧទាហរណ៍​ថា មនុស្ស​នៅ​ក្នុង​ឡាន គាត់​ត្រូវការ​ពឹង​លើ​តែ​តៃកុង​ទេ តែ​តៃកុង​គាត់​ធ្វេស​ប្រហែស​បន្តិច ធ្វើ​ឱ្យ​មនុស្ស​នៅក្នុង​ឡាន​មាន​ប៉ុន្មាន​នាក់ គាត់​អាច​មាន​គ្រោះថ្នាក់​បាន មួយ​ព្រិច​ភ្នែក​បាន។»

លោក ម៉ៃ ប៊ុនថង

បច្ចុប្បន្ន សមត្ថកិច្ច​បាន​ឃាត់​ខ្លួន អ្នក​បើកបរ​រថយន្ត ដើម្បី​កសាង​សំណុំ​រឿង បន្តចាត់​ការ​តាម​នីតិវិធី។

ចំណែក​សិស្ស​ទាំង៥នាក់​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ជា​យុវតី​រស់នៅ​ក្នុង​ស្រុក​ពារាំង ខេត្ត​ព្រៃវែង មានឈ្មោះ  សៀង សុផាវត្តី ឡេង យូលីង លី នីតា សីហា សួស្តី និង ឃាង ឈីងឈីង។

ម្នាក់​ក្នុង​ចំណោម​យុវតី​ទាំង៥ គឺជា​កូនស្រី​របស់​អធិការ​នគរបាល​ស្រុក​ពារាំង ខេត្ត​ព្រៃវែង លោក ស៊ុំ សីហា។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក ឈឿន សុចិត្ត ដើម្បី​សួរ​បន្ថែម​ជុំវិញ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា​នេះ ដោយ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នក​ទទួល។ ចំណែក អគ្គនាយករង ប៊ែលធី គ្រុប ទទួល​បន្ទុក​គ្រប់គ្រង​សាលា ប៊ែលធី អន្តរជាតិ លោក លី ប៊ុនឆៃ ក៏មិន​ទាន់​អាច​ទាក់ទង​បាន។

អគ្គនាយក​ប៊ែលធី គ្រុបលោក លី ឆេង ក៏​បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា រថយន្ត​ដឹក​សិស្ស​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ ជា​រថយន្ត​ស៊ីឈ្នួល​ដឹក​សិស្ស មិនមែន​ជា​រថយន្ត​របស់​សាលា​ប៊ែលធី​ឡើយ។

ទោះជា​យ៉ាង​ណា ពលរដ្ឋ​ក្នុង​បណ្តាញ​សង្គម​មួយ​ចំនួន ក៏បាន​រិះគន់​ពីបញ្ហា​អយុត្តិធម៌​ដែល​កើត​មាន​ជារឿយៗ​ក្នុង​សង្គម​កម្ពុជា ជា​ពិសេស​ករណី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ជួយ​សង្គ្រោះ​របស់​មន្ត្រី​ជំនាញ និង​កង្វះ​ឧបករណ៍​ជំនាញ ដែល​អាច​បង្ក​ជា​ហេតុ​ឲ្យ​សិស្ស​អាច​បាត់បង់​ជីវិត។

គណនី​មួយ​ឈ្មោះ ហេង បញ្ញា បាន​បញ្ចេញមតិ​យោបល់​ថា តើ​ជា​ករណី​គេច​ម៉ូតូ រឺអ្នក​បើកបរ​ឆ្លើយ​ដោះសារ​យក​រួចខ្លួន ដោយសារ​ការ​បើកបរ​ធ្វេស​ប្រហែស។ លោក​ស្នើសុំ​ឲ្យ​អ្នក​ជំនាញ មេត្តា​ស្រាវ​ជ្រាវ​ករណី​នេះ រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ ព្រោះ​រឿង​ដដែលៗ​នេះ កើតឡើង​ស្ទើ​ជា​ទំលាប់​ទៅ​ហើយ​ក្នុង​សង្គម ហើយ​ពេល​ខ្លះ អ្នកបើកបរ​ខ្វះការ​ប្រុង​ប្រយ័ត្ន​ទំលាក់​កំហុស​លើការ​ដាច់​ហ្វ្រាំង​ឡាន​ជា​ដើម។

អនុប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ និង​ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​គួរ​យកចិត្ត​ទុក​ដាក់ ពិនិត្យ​មើល​រឿង​នេះឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស​លើ​យានយន្ត​ដែល​បាន​បង្កឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​សិស្ស​ទាំង​នោះ​ឲ្យ​បាន​ល្អិត​ល្អន់។ លោក​លើកឡើង​ថា ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់ គួរ​យក​ចិត្ត​ទុក​ដាក់​ត្រៀម​ឧបករណ៍ ឬ​រកវិធី​សាស្ត្រ​បន្ថែម​ក្នុង​ការ​ជួយ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា ពីព្រោះ​ករណី​ខ្លះ ការ​ជួយ​សង្គ្រោះ​យឺតយ៉ាវ មិន​ទាន់​ពេល ក៏​អាច​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​មនុស្ស​ផងដែរ។

«បាទ យើង​ឃើញ​ថា​តែងតែ​មាន​ភាព​អឺ​យឺតយ៉ាវ​នូវ​អឺ​សម្ភារៈ​សង្គ្រោះ​​ហ្នឹង ទាំង​អឺ​រថយន្ត ឬក៏​តាម​អឺម​មធ្យោបាយ​ទាក់ទង​ផ្តល់​ព័ត៌មាន​ដល់​គ្នា ដើម្បី​ជួយ​សង្គ្រោះ​ឲ្យ​ទាន់​ពេល​វេលា យើង​នៅតែ​មាន​ការ​ខ្វះខាត អញ្ចឹង​អឺ​គ្រោះថ្នាក់​មួយ​ទៅ​គ្រោះថ្នាក់​មួយ គប្បី​តែ​មាន អឺ​ទទួល​បាន​នូវ​អឺ​បទ​ពិសោធន៍ បាទ បទ​ពិសោធន៍ ហើយ​យើង​ត្រូវតែ​ធ្វើការ​បំពេញ​បន្ថែម​ទៅ​លើអ្វី​ដែល​ជា​បទ​ពិសោធន៍​របស់​យើង ដើម្បី​ឱ្យ​ការ​ជួយ​សង្គ្រោះដល់​ពលរដ្ឋ អឺ​ក៏​ដូចជា​អឺប្អូនៗ​កុមារ ឱ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​អឺ​សម្រួល​ដល់​អឺ​ការ​ធ្វើ​ដំណើរ​របស់​គាត់ ឬក៏​ដើម្បី​ជួយ​ដល់​អាយុ​ជីវិត​របស់​ពួកគាត់​ហ្នឹង បាទ។»

លោក យិន ម៉េងលី

អ្នកឃ្លាំ​មើល​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឺងម៉ាត់ ព្រម​ទាំង​បង្កើន​ការត្រួត​ពិនិត្យ​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការ​បើកបរ​លើស​ល្បឿន​កំណត់។ ជាមួយ​គ្នា​នេះ ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​យល់ដឹង និង​គោរព​ច្បាប់​ចរាចរណ៍។ លើស​ពី​នេះ អាជ្ញាធរ​គួរ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ដាក់​ស្លាក​សញ្ញា​ព្រមាន និង​រៀប​ចំ​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ឱ្យ​មាន​ប្រសិទ្ធភាព។ ពួកគាត់​ថា ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តម្រូវ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​រួម​ពី​អាជ្ញាធរ អ្នក​បើកបរ និង​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំង​អស់ ដើម្បី​ការពារ​អាយុ​ជីវិត និង​សុវត្ថិភាព​សាធារណៈ៕ 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ