

អ្នកវិភាគថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie summit) ដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ខាងមុខនេះ នឹងមិនអាចជួយលើកមុខមាត់ និងបិទបាំងរឿងអាស្រូវរបស់កម្ពុជាជុំវិញ ការរំលោភសិទ្ធិមនុស្ស អំពើពុករលួយជាប្រព័ន្ធ និងបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ បាននោះឡើយ។ ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដោយមោទនភាពថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ព្រោះបង្ហាញថា កម្ពុជា មានសុខសន្តិភាព និងសុវត្ថិភាពខ្ពស់។
អ្នកវិភាគលើកឡើងថា ថ្វីត្បិតលោក ហ៊ុន ម៉ាណែត សប្បាយអរជាមួយនឹងវត្តមានរបស់មេដឹកនាំ និយាយភាសាបារាំង ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្ដី ក៏កិច្ចប្រជុំនេះ ពុំផ្ដល់លទ្ធផលជាដុំកំភួន សម្រាប់កម្ពុជា ដូចជាការជួយទាក់ទាញអ្នកវិនិយោគល្អៗ ឱ្យមករកស៊ីនៅកម្ពុជា ហើយក៏មិនអាចបញ្ជាក់បានថា កម្ពុជាមានប្រព័ន្ធដឹកនាំ ត្រឹមត្រូវ មានការគោរពសិទ្ធិមនុស្ស និងលែងជាប់ពាក់ព័ន្ធបណ្ដាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញនោះដែរ ព្រោះរដ្ឋាភិបាលបក្សកាន់អំណាច នៅតែគ្មានភាពច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាទាំងនោះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៦ ខែវិច្ឆិកាថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជារឿងដ៏សំខាន់ ក៏ប៉ុន្តែ លោកគ្មានសង្ឃឹមថា កិច្ចប្រជុំនេះ មេដឹកនាំបារាំង និងបណ្ដាប្រទេសមួយចំនួន ដួចជាកាណាដាជាដើម នឹងមិននិយាយអំពីបញ្ហានយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានោះទេ គឺពួកគេនឹងផ្ដោតលើការកសាងទំនាក់ទំនងការទូតធម្មតារវាងប្រទេសនិងប្រទេស។
ជាមួយគ្នានោះលោកថា កម្ពុជាក៏មិនគួរយកព្រឹត្តិការណ៍នេះ ធ្វើជានយោបាយប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយហួសហេតុនោះដែរ។ ប៉ុន្តែលោកថា អំឡុងពេលនៃកិច្ចប្រជុំនេះ កម្ពុជាគួរតែបង្ហាញពីក្ដីកង្វល់ជុំវិញការឈ្លានពានរបស់ថៃ តាមព្រំដែន និងបង្ហាញពីគោលជំហរសហការជាមួយបណ្ដាប្រទេសទាំងនោះ ក្នុងការប្រយុទ្ធប្រឆាំងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញពិតប្រាកដ ដើម្បីស្ដារមុខមាត់ជាតិឡើងវិញ។
«កម្ពុជាត្រូវតែយកឱកាសហ្នឹង ដើម្បីបង្ហាញដល់សហគមន៍ អន្តរជាតិអំពីការប្រឈមរបស់កម្ពុជាជាមួយនឹងការរំលោភបំពានរបស់ប្រទេសថៃបាទ ប៉ុន្តែក្នុង ហ្នឹងក៏កម្ពុជាត្រូវបង្ហាញការប្ដេជ្ញាចិត្តនៅក្នុងការការពារនូវផលប្រយោជន៍របស់ធុរកិច្ចផង ដែរ បាទពិសេស គឺស្កេមអនឡាញដែលត្រូវតែបង្ហាញគេថាយើង នឹងបន្តការធ្វើការសកម្មជាមួយ នឹងអន្តរជាតិទៅលើបញ្ហាស្កេមអនឡាញទៅទៀត»។
បណ្ឌិត មាសនី
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅឯខេត្តពោធិ៍សាត់ថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា កម្ពុជានឹងមានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ដែលមានវត្តមានមេដឹកនាំសំខាន់ៗនៅលើពិភពលោក នឹងមកចូលរួមនៅប្រទេសកម្ពុជា។ លោកចាត់ទុកព្រឹត្តិការណ៍នេះ គឺជាប្រវត្តិសាស្ត្រដ៏សំខាន់ ព្រោះបង្ហាញថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពខ្ពស់។ លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្រោយពីព្រឹត្តិការណ៍នេះ បណ្ដាប្រទេសដែលធ្លាប់រិះគន់កម្ពុជា ថាគ្មានសុវត្ថិភាព ព្រោះបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធ អនឡាញ នឹងងាកមកគាំទ្រកម្ពុជាវិញ។
«នៅពេលដែលកន្លែងខ្លះឆ្នាំទៅមានការយល់ច្រឡំវ៉ៃ កម្ពុជារឿង ស្កេម វ៉ៃកម្ពុជារឿងព្រំដែន មានសង្គ្រាមអសន្តិសុខនៅពេលដែលប្រទេសជាង៧០ប្រទេសអ្នក ចូលរួមជាង៥ពាន់នាក់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង២០ប្រទេសរួមទាំងប្រទេសមហាអំណាច ចូលមកកម្ពុជានេះ គឺបង្ហាញអំពីសន្តិភាពស្ថិរភាព របស់កម្ពុជានៅលើឆាកសកលលោក ដែល ប្រជាជនកម្ពុជាទាំងអស់ ទោះបីជាយើងមានបញ្ហាផ្សេងៗ នេះជាចំណុចមួយ ដែលយើងគួរ សប្បាយរីករាយ ហើយមានមោទនភាពចំពោះជាតិរបស់យើង»។
លោក ហ៊ុន ម៉ាណែត
កន្លងទៅនេះ កម្ពុជាបានរងការរិះគន់យ៉ាងខ្លាំងពីអង្គការជាតិ និងអន្តរជាតិ ជុំវិញការរំលោភសិទ្ធិមនុស្ស និងការបំផ្លិចបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យ ដែលធ្វើឱ្យបែកបាក់ផ្ទៃក្នុងជាតិអស់ជាច្រើនឆ្នាំមកហើយ។ ទន្ទឹមគ្នានោះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលត្រកូល ហ៊ុន បានបណ្ដែតបណ្ដោយឱ្យបណ្ដាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញបានរីកដុះដាលយ៉ាងរហ័ស នៅទូទាំងប្រទេសកម្ពុជា ដែលធ្វើឱ្យមុខមាត់ជាតិ ត្រូវខួចខ្ទេចខ្ទីលើឆាកអន្តរជាតិ ហើយជាមួលហេតុដែលអ្នកវិនិយោគល្អៗនៅក្រៅប្រទេស មិនហ៊ានស៊ីនៅកម្ពុជា។ កាន់តែធ្ងន់ធ្ងរទៀតនោះ បញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ គឺជាលេសមួយក្នុងចំណោមលេសមួយចំនួនទៀត ដែលយោធាថៃបានបង្កសង្គ្រាមឈ្លានពានទឹកដីកម្ពុជា រហូតដល់សព្វថ្ងៃ។
អ្នកឃ្លាំមើលលើកឡើងថា បញ្ហាចាក់ស្រេះទាំងនេះ គឺលោក ហ៊ុន ម៉ាណែត បានព្យាយាមគេចវេះមិនរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងតម្លាភាពនោះឡើយ។ ទន្ទឹមគ្នានោះ លោកតែងតែអួតអាង អំពីសកម្មភាពរបស់លោក ថាបានជួបមេដឹកនាំនេះ មេដឹកនាំនោះ នៅលើពិភពលោក តាមរយៈវេទិកាអន្តរជាតិ ដើម្បីបញ្ជាក់ថា លោក គឺជាមេដឹកនាំដែលមានការគាំទ្រ និងទទួលស្គាល់ជាអន្តរជាតិ។ ជាក់ស្ដែង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លោក ហ៊ុន ម៉ាណែត ហាក់មោទនភាពខ្ពស់ថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក គឺតែងតែមានបណ្ដាប្រទេសជាតិច្រើន មកទស្សនកិច្ចនៅកម្ពុជា បើទោះបីជាវត្តមានមេដឹកនាំទាំងនោះ ពុំសូវផ្ដល់លទ្ធផលជាវិជ្ជមាន ក្នុងការស្ដារសេដ្ឋកិច្ចជាតិក្ដី ក៏លោកនៅតែ អួតអាងអំពីសកម្មភាពទាំងនោះ។
អ្នកតាមដានផ្នែកភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី លើកឡើងថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ជុំវិញការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា គឺឆ្លុះបញ្ចាំងពីបំណងប្រាថ្នាយ៉ាងច្បាស់របស់លោកក្នុងការប្រែក្លាយព្រឹត្តិការណ៍ការទូតអន្តរជាតិនេះ ឱ្យទៅជាសមិទ្ធផលនយោបាយដ៏ធំមួយសម្រាប់កសាងប្រជាប្រិយភាព និងរូបភាពវិជ្ជមានរបស់លោកលើឆាកអន្តរជាតិ។ បន្ថែមពីលើនោះ លោកបន្តការ វាយតម្លៃថាព្រឹត្តិការណ៍នេះជាមោទនភាពប្រវត្តិសាស្ត្រដ៏ធំសម្បើម គឺជាការលើកឡើងហួសហេតុពេក ព្រោះអង្គការអន្តរជាតិនៃបណ្ដាប្រទេសនិយាយភាសាបារាំងមួយនេះ មានឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយទាបជាងប្លុកតំបន់ផ្សេងទៀតដូចជា អាស៊ាន ឬសហគមន៍អឺរ៉ុប។
ទន្ទឹមនឹងនេះ លោកអះអាងថា ការដែលមេដឹកនាំបរទេសមកចូលរួមកិច្ចប្រជុំបែបនេះ គឺជារឿងធម្មតានៃកាតព្វកិច្ចការទូត និងការស្វែងរកផលប្រយោជន៍រៀងៗខ្លួន ច្រើនជាងការផ្ដល់ការបញ្ជាក់ថា មេដឹកនាំកម្ពុជាមានភាពស្អាតស្អំ ឬជាការមើលរំលងបញ្ហាប្រឈមធ្ងន់ធ្ងរ ដូចជា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងបញ្ហាសិទ្ធិមនុស្សនោះឡើយ។ លោកមើលឃើញថាមេដឹកនាំអន្តរជាតិ ជាពិសេសប្រទេសបារាំង មកចូលកិច្ចប្រជុំនេះ គឺដើម្បីរក្សាឥទ្ធិពលវប្បធម៌ និងភាសារបស់គេនៅតំបន់នេះប៉ុណ្ណោះ ដូច្នេះការបកស្រាយថា វត្តមានរបស់ពួកគេជាការទទួលស្គាល់ថា កម្ពុជាគ្មានបញ្ហា ឬជាការលុបលាងរូបភាពអវិជ្ជមាន គឺជាការគិតបែបឯកតោភាគីរបស់លោក ហ៊ុន ម៉ាណែត។
«យ៉ាងណាមិញ ផលប្រយោជន៍សេដ្ឋកិច្ចធំដុំ ឬការហក់ឡើងនៃទុនវិនិយោគពីបរទេសនឹងមិនកើតឡើងដោយស្វ័យប្រវត្តិតាមរយៈតែឈ្មោះនៃកិច្ចប្រជុំនេះទេ ព្រោះទីផ្សារសំខាន់ៗ និងប្រភពទុនធំៗរបស់កម្ពុជានៅតែស្ថិតក្នុងតំបន់អាស៊ី និងអាមេរិក។ ដូច្នេះផ្លែផ្កាពិតប្រាកដដែលកម្ពុជានឹងទទួលបាន ចាំបាច់ត្រូវពឹងផ្អែកលើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការប្រើប្រាស់វេទិកានេះ ដើម្បីចុះកិច្ចព្រមព្រៀងទ្វេភាគីផ្ទាល់ជាមួយប្រទេសអភិវឌ្ឍន៍ធំៗ ដូចជា បារាំង ឬកាណាដា ជាជាងការរំពឹងលើផលប្រយោជន៍ជារួមពីអង្គការហ្វ្រង់កូហ្វូនីទាំងមូល»។
លោក សេង វណ្ណលី
អ្នកឃ្លាំមើលលើកឡើងថា ទោះបីជាការរំពឹងទុកលើសលប់លើទិដ្ឋភាពនយោបាយរបស់លោក ហ៊ុន ម៉ាណែត ពីកិច្ចប្រជុំនេះ អាចខុសពីការពិត តែស្ថាប័នរដ្ឋ និងប្រជាជនកម្ពុជានៅតែអាចប្រមូលផលប្រយោជន៍ជាក់ស្ដែងមួយចំនួនពីព្រឹត្តិការណ៍នេះបានខ្លះដែរ ដូចជាការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ទៅកាន់ពិភពលោក ការទទួលបានអាហារូបករណ៍ និងជំនួយបច្ចេកទេសបណ្ដុះបណ្ដាលភាសាបារាំង ព្រមទាំងឱកាសបត់បែនក្នុងការជួបពិភាក្សាការងារផ្ទាល់រវាងធុរជន និងមន្ត្រីជាន់ខ្ពស់ជាមួយបណ្ដាប្រទេសផ្សេងៗ។ ប៉ុន្តែ ពួកគាត់ថា លោក ហ៊ុន ម៉ាណែត មិនគួរយកព្រឹត្តិការណ៍នេះ ដើម្បីបំភ្លេចបញ្ហាជាតិជាច្រើនទៀត ដែលលោក ត្រូវតែទទួលខុសត្រូវខ្ពស់ ចំពោះមុខពលរដ្ឋ និងជាតិ ដូចជា បញ្ហាទឹកដី ជាមួយថៃ បញ្ហាប្រជាធិបតេយ្យ និងបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ជាដើម៕









