សង្គមស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ការ​យាយី​លើ​អ្នក​សារព័ត៌មាន​ដោយ​ប្រើ​តុលាការ និង​ការ​ឃុំ​ខ្លួន

0
93
ទិដ្ឋភាពមន្ត្រីក្រសួងព័ត៌មាន នាំអ្នកកាសែតទៅពិនិត្យមើលមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ម៉ឺន​ជ័យ ឬ 8Park លាតសន្ធឹង​លើ​ផ្ទៃដី​រហូតដល់ ១២០​ហិកតារ ដែល​ធ្លាប់​ជា​សម្បុក​ដ៏​ធំ​ប្រចាំ​ស្រុក​កំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពមន្ត្រីក្រសួងព័ត៌មាន នាំអ្នកកាសែតទៅពិនិត្យមើលមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ម៉ឺន​ជ័យ ឬ 8Park លាតសន្ធឹង​លើ​ផ្ទៃដី​រហូតដល់ ១២០​ហិកតារ ដែល​ធ្លាប់​ជា​សម្បុក​ដ៏​ធំ​ប្រចាំ​ស្រុក​កំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

ក្រុមសង្គមស៊ីវិល ដែលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស និង​សេរីភាព​ព័ត៌មាន អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យបញ្ចប់ការយាយីលើអ្នកសារព័ត៌មាន ដោយ​ប្រើតុលាការ និង​ការឃុំខ្លួន ហើយ​ត្រូវ​ស៊ើបអង្កេត​ហ្មត់ចត់ ប្រកប​ដោយ​តម្លាភាព លើបទល្មើសប្រឆាំងនឹងអ្នកសារព័ត៌មាន និង បញ្ចប់​វប្បធម៌​និទណ្ឌភាព ចំពោះជនល្មើស​ដែល​យាយី​អ្នក​សារព័ត៌មាន។ យ៉ាងណា មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន បាន​ស្នើ​ឱ្យ​អង្គការ និង​សមាគម​ពាក់ព័ន្ធ​ផ្តល់​ឯកសារ​អំពី​ករណីដែលពួកគេ​បាន រាយការណ៍ ដើម្បីពិនិត្យករណីនីមួយៗ។

អង្គការសង្គមស៊ីវិល និង​សមាគមសារព័ត៌មាន ចំនួន ១៣​ស្ថាប័ន អះអាងថា នៅប្រទេសកម្ពុជា ការរំលោភសិទ្ធិមនុស្ស និង​ឧក្រិដ្ឋកម្មប្រឆាំង​នឹង​អ្នកសារព័ត៌មាន នៅតែជាក្តីបារម្ភដ៏ធ្ងន់ធ្ងរ ហើយតួអង្គរំលោភបំពានចម្បងលើ អ្នកសារព័ត៌មាន គឺអាជ្ញាធររដ្ឋ ដែលក្នុងករណីខ្លះ មាន​ការ​ទទួលខុសត្រូវតិចតួច​បំផុត ឬ​ជាទូទៅ​គ្មាន​ទោស ។

ក្រុម​អ្នកការពារសិទ្ធិមនុស្ស និង​សិទ្ធិសារព័ត៌មានទាំងនេះ ទទូចឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវចាត់​វិធានការ​ជាបន្ទាន់ និង​ជាក់ស្តែង ដើម្បីធានា​ឱ្យ​មានការ​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាពឯករាជ្យ និង​តម្លាភាព នូវរាល់បទ​ល្មើស ដែល​បានប្រព្រឹត្ត​ប្រឆាំង​អ្នក​សារព័ត៌មាន​បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកការពារសិទ្ធិមនុស្ស​ក្នុងប្រទេសកម្ពុជា។

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ឲ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ មានការរំលោភសិទ្ធិមនុស្សចំនួន ២៩ករណី ប្រឆាំង នឹងអ្នកសារព័ត៌មាន និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ។ ខេមបូចា បន្ថែមថា ក្នុង ចំណោមការរំលោភបំពានទាំងនេះ មាន ១៩ករណី ពាក់ព័ន្ធនឹងការគំរាមកំហែង តាមផ្លូវច្បាប់ការយាយី​ការសាកសួរ ការ​កោះហៅ​ដោយ​បំពាន​ច្បាប់ ការចាប់ខ្លួនការ​ឃុំខ្លួន និង​ការ​ដាក់​ពន្ធនាគារ។

បច្ចុប្បន្ន អ្នកសារព័ត៌មាន​ចំនួន ៤នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ក្រោមបទ ចោទប្រកាន់ «បទញុះញង់ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព ហើយនិង​បទការកាប់​ទន្ទ្រាន និងរុករានដីព្រៃ​ដោយ​ខុស​ច្បាប់» ដោយសារការបំពេញការងារវិជ្ជាជីវៈ របស់ពួកគេ។ អ្នកសារព័ត៌មាន ២រូប គឺលោក ផន សុភាព និង លោក ភាព ភារ៉ា ត្រូវបានផ្តន្ទាទោសរហូតដល់ ១៤ឆ្នាំ ក្រោមបទចោទ ប្រគល់ឱ្យ​រដ្ឋបរទេសនូវ ព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ។

នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី ប្រាប់​ទូរទរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៦ ខែ​វិច្ឆិកា ថា អង្គការសង្គមស៊ីវិល និង​សមាគមសារព័ត៌មាន តែងតែ​លើកឡើងពីការការព្រួយបារម្ភរបស់ខ្លួន អំពី​ករណី​ធ្វើទុក្ខបុកម្នេញទាំងនេះ ដល់រដ្ឋាភិបាល ពីព្រោះ សង្គមជាតិទាំងមូលនឹង​ទទួល​រងផលប៉ះពាល់ កាលណា​អ្នក​សារព័ត៌មាន មិនអាចបំពេញតួនាទីឃ្លាំមើល​ដោយសេរី និង​វិជ្ជាជីវៈ។

លោក ណុប វី មានប្រសាសន៍ ថា អង្គការសង្គមស៊ីវិល និង​សមាគមសារព័ត៌មាន ក៏បានស្នើឲ្យ​កុំ​ឲ្យ​មានការរៀបចំគោលនយោបាយ ឬ ច្បាប់ណាមួយ ដែលរឹតបន្ដឹង​លំហ​សេរីភាព​សារព័ត៌មាន​ឲ្យ​កាន់តែរួមតូច។ លោកបន្ថែមថា រដ្ឋាភិបាល​សភា និង​ស្ថាប័នពាក់ព័ន្ធ​គួរតែធ្វើ​វិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីធានា​ថា កុំឲ្យមានការបកស្រាយទូលំទូលាយពេក ដែល​ជះ​ឥទ្ធិពល​មិនល្អលើ សិទ្ធិសេរីភាព អ្នកសារព័ត៌មាន នៅ​ពេល​មាន​ករណី​ប្ដឹងផ្ដល់។

«បញ្ហាផ្សេងៗពេលខ្លះ ក៏មិនទទួលបាននៅ​ដំណោះស្រាយដែរ អ៊ីចឹងបាន​នៅក្នុង​ផ្នែកនេះ យើងតែងតែបានជំរុញស្នើទៅរដ្ឋាភិបាលសុំឱ្យពិនិត្យ។ ពិនិត្យហ្នឹង គឺមានចំណុច ដែលយើងបានផ្ដល់ភាពជាក់លាក់ហ្នឹង ទី១ គឺការ មិនបន្តប្ដឹង ផ្ដល់ទៅលើអ្នកសារព័ត៌មាន ក៏ប៉ុន្តែយ៉ាងណាក៏ដោយ យើងអាច នឹង​ផ្ដល់​នៅ ការលើកកម្ពស់ចំណេះដឹង ឬការផ្ដល់​បណ្ដុះបណ្ដាល​​ឱ្យច្រើនថែមទៀត​ដល់​ពួកគាត់ ដើម្បីជំរុញឱ្យអ្នកសារព័ត៌មាន មានសមត្ថភាព​ខ្លាំង​ឡើង ដើម្បីគាត់​ពង្រឹង​នៅសមត្ថភាព ក្នុង​ធ្វើ​សេចក្ដីរាយការព័ត៌មាន ឬដើរតួនាទីជា​អ្នកឃ្លាំមើល​បញ្ហាផ្សេងៗនៅក្នុងសង្គម»។

លោក ណុប វី

ទូរទស្សន៍អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បីបំភ្លឺជុំវិញរឿងនេះបាន​ទេ នៅថ្ងៃទី៦ ខែវិច្ឆិកា។

ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មាន​រូប​នេះ ប្រាប់​បណ្ដាញ​ព័ត៌មាន ភ្នំពេញ​ប៉ុស្ដិ៍ ដែលចុះផ្សាយថ្ងៃទី៦ ខែវិច្ឆិកា ថា ការលើកកម្ពស់យុត្តិធម៌ និង សុវត្ថិភាពសម្រាប់​អ្នកប្រកប​វិជ្ជាជីវៈសារព័ត៌មាន ជាអាទិភាពមួយ​របស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ហើយការ​ជួយ​សម្របសម្រួលវិវាទ និងការផ្តល់ជំនួយ​ផ្លូវច្បាប់ នៅ​តែ​បន្ត​អនុវត្ត។ លោក​បាន​ស្នើ​ឱ្យអង្គការ និង​សមាគម​ពាក់ព័ន្ធ ផ្តល់​ឯកសារ​អំពី​ករណីដែលពួកគេបានរាយការណ៍ ដើម្បីពិនិត្យករណី​នីមួយៗ។

កំណត់ត្រារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩៤មក យ៉ាងហោចណាស់ អ្នកសារព័ត៌មាន ១៥នាក់ ត្រូវបានសម្លាប់នៅកម្ពុជា ដែលក្នុងចំណោមនេះ អ្នកសារព័ត៌មាន ១២នាក់ ធ្វើសេចក្ដីរាយការណ៍ ទាក់ទងនឹងរឿងរសើបៗ ដូចជា បញ្ហាបរិស្ថាន និង​នយោបាយ ដែល​លាតត្រដាង អំពីសកម្មភាព របស់ក្រុមបុគ្គលមានអំណាច មន្ត្រីរដ្ឋាភិបាល និងស្ថាប័នរដ្ឋ ។

រីឯសន្ទស្សន៍សេរីភាពសារព័ត៌មាន​ពិភពលោក​ឆ្នាំ២០២៦ របស់អង្គការ អ្នកសារព័ត៌មាន​គ្មានព្រំដែន (RSF) ឲ្យដឹងថា ប្រទេស​កម្ពុជា​មាន​ស្ថានភាព​សេរីភាព «ធ្ងន់ធ្ងរខ្លាំង» ដោយ​កម្ពុជា​ស្ថិត​នៅចំណាត់ថ្នាក់ទី១៥១ ក្នុងចំណោមប្រទេសចំនួន ១៨០ ក្នុងពិភពលោក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ