ពលរដ្ឋខ្មែរ​ចំនួន ៧៨នាក់​​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​មកប្រទេស​កំណើត​វិញ​ក្រោយ​អនុវត្ត​ទោស​រួច

0
17
ទិដ្ឋភាពពលករខ្មែរត្រូវអាជ្ញាធរបញ្ជូនត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ រូប៖ អាជ្ញាធរថៃ
ទិដ្ឋភាពពលករខ្មែរត្រូវអាជ្ញាធរបញ្ជូនត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ រូប៖ អាជ្ញាធរថៃ

ពលរដ្ឋខ្មែរ​ចំនួន ៧៨នាក់​ត្រូវ​អាជ្ញាធរថៃ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពួកគេ​អនុវត្ត​ទោស​រួចរាល់ ខណៈ​ពលករខ្មែរ​ជាង៤០នាក់​ផ្សេង​ទៀត​ត្រូវ​អាជ្ញាធរ​ថៃ​បន្ត​ចាប់ខ្លួន​បាន​នៅដើម​ខែវិច្ឆិកា​នេះ។ មន្ត្រី​ធ្វើការ​ផ្នែក​សិទ្ធិពលករ​ថា ទទូច​ឲ្យ​មន្ត្រី​នៅ​ច្រក​ព្រំដែន ពង្រឹង​ការងារ​របស់​ខ្លួន​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋខ្មែរ​បន្តរងគ្រោះ​ដោយសារ​ការ​លួច​ឆ្លងដែន​ខុស​ច្បាប់។

ពលរដ្ឋ​ខ្មែរ ៧៨នាក់ ក្នុងនោះ​មានស្រី ២១នាក់ កុមារ០៩នាក់ ត្រូវ​អាជ្ញាធរថៃ​បញ្ជូន​មក​កម្ពុជា​វិញ តាម​ច្រក​ទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្រោយ​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​នៃ​ប្រទេសថៃ​រួចរាល់ កាល​ពីថ្ងៃ​ទី ០៤ វិច្ឆិកា។ ពលរដ្ឋ​ខ្មែរ​ទាំងនេះ​ត្រូវបាន​អាជ្ញាធរថៃ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ«លួច​ឆ្លងដែន ស្នាក់នៅ និង​ធ្វើការ​ក្នុង​ប្រទេសថៃ​ដោយ​ខុស​ច្បាប់»។

មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​ប្រទេសថៃ​នៃ​អង្គការ​សង់ត្រាល់ លោក លឹង សុផុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា ទប់ស្កាត់​ពលរដ្ឋខ្មែរ​ដែល​បន្តលួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ទាំង​នោះឲ្យ​បាន​តឹងរឹង ចៀស​វាង​ពួកគាត់​ត្រូវ​អាជ្ញាធរថៃ​ចាប់ និង​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ។ លោក​ថា អាជ្ញាធរ គួរចាត់​វិធានការ​លើ​មេខ្យល់​ដែល​នាំ​ពលករ​លួច​ឆ្លងដែន​នោះ​ឲ្យ​បាន​ធ្ងន់ធ្ងរ ជៀសវាង​ប្រព្រឹត្ត​ទង្វើ​ដដែលៗ នាំ​ឲ្យ​ពលរដ្ឋ​គ្រោះ​ថ្នាក់​បន្ត។

លោក លឹង សុផុន បញ្ជាក់​ថា ក្រៅពី​ការ​បញ្ជូន​ពលរដ្ឋខ្មែរ​ត្រឡប់​មក​វិញ​ហើយ អាជ្ញាធរ ថៃ​នៅតែ​បន្ត​ចាប់​បាន​ពលករខ្មែរ​ជាបន្ត​បន្ទាប់ ដែល​ព្យាយាម​លួច​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ទី​នោះ។

«អ្នក​ដែល​សម្រេច​ចិត្ត​ថា​ត្រឡប់​ចូល​មក​ដោយ​តាម​មេខ្យល់ ឬ​ក៏គាត់​មក​តាមផ្លូវ​របៀង ច្រក​ធម្មជាតិ​ហ្នឹង គឺប្រថុយ​ប្រថាន​ណាស់ បាទ​ប្រថុយ​ប្រថាន ហើយ​ហានិភ័យ​ច្រើន។ បើសិន​ជា​អាជ្ញាធរ​ចាប់​បាន ពួកគាត់​ហ្នឹង​ត្រូវតែ​អនុវត្ត​ទោស យ៉ាង​តិច​ណាស់ក៏ ៤៥ ថ្ងៃ​ដែរ។ ហើយ​មួយ​ទៀត ទល់​មក​ដល់​ពេល​នេះ នៅ​ក្នុង​ប្រទេស​ថៃ អាជ្ញាធរថៃ​ក៏​មិនទាន់​មាន​វិធានការ ឬ​គោល​នយោ​បាយ​ណា​ក្នុង​ការ​ឲ្យ​ពលរដ្ឋខ្មែរ​យើង​តទិដ្ឋាការ (Visa) បាន​នៅ​ក្នុង​ប្រទេសគេ​អញ្ចឹង។ អញ្ចឹង​វាជា​រឿង​ហានិភ័យ​ណាស់​សម្រាប់​បងប្អូន​ខ្មែរ​យើង ដែល​ចំណាក​ស្រុក​មក​នៅ​ក្នុង​ប្រទេសថៃ អឺ​អំឡុង​ពេល​នេះ»។

លោក លឹង សុផុន

ពលករខ្មែរ​ដែល​លួច​ឆ្លងដែន​ទាំង​នោះ ប្រឈម​បញ្ហា​ជំពាក់​បំណុល​ធនាគារ ហើយ​ពិបាក​រក​ការងារ​ដែល​មាន​ប្រាក់ខែ​សមរម្យ​អាច​ឲ្យ​ពួកគេ​ផ្គត់ផ្ទង់​ជីវភាព​បាន​គ្រប់គ្រាន់ ទើប​ត្រូវ​បង្ខំចិត្ត​លួច​ឆ្លងដែន​ទៅ​រក​ការងារ​នៅ​ប្រទេសថៃ ដោយ​សង្ឈឹម​ថា បាន​ប្រាក់ខែ​ខ្ពស់​ជាង​នៅ​កម្ពុជា។ ប៉ុន្តែ​មួយ​ចំនួន​ទៀត​ក៏​បាន​ចាញ់​បោក​មេខ្យល់​ដែល​នាំឆ្លងដែន​ទាំង​នោះ​ផងដែរ។

ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​នឹងថៃ ហើយ​ច្រក​ព្រំដែន​ទាំង​អស់ត្រូវ​បាន​បិទ​រហូត​មក​ដល់​ពេល អាជ្ញាធរ​ថៃ នៅតែ​បន្តរឹត​បន្តឹង​ខ្លាំង​ចំពោះ​ជនអន្តោប្រវេសន៍​ដែល​ចូល​ទៅ​ក្នុង​ប្រទេសថៃ។​ ពួកគេ​បាន​ចុះ​ឆែកឆេរ​នៅ​តាម​បន្ទប់​ជួល​អគារ​ស្នាក់នៅ ការ​ដ្ឋាន​សំណង់ ផ្សារទំនើប កន្លែង​លក់ដូរ ទី​សាធារណៈ​ផ្សេងៗ ដើម្បី​ស្វែងរក​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ទាំង​នោះ យក​មក​ផ្តន្ទាទោស និង​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ។

ជាក់ស្តែង ​កាលពី​ដើម​ខែវិច្ឆិកា អាជ្ញាធរ​ថៃ បាន​ចាប់ខ្លួន​ពលរដ្ឋខ្មែរ​ប្រមាណ​៤០នាក់​ទៀត នៅ​ទីតាំង​ផ្សេងៗ​គ្នា ដោយ​មួយ​ចំនួន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​លួច​ឆ្លងដែន​ខុស​ច្បាប់ និង​មួយ​ចំនួន​ទៀត ចោទ​ពី​បទ​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេសថៃ​ដោយ​ខុស​ច្បាប់។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ មាន​ប្រសាសន៍​ថា កត្តា​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រថុយ​ប្រថាន​ជីវិត​ឆ្លងដែន​ទៅ​ធ្វើការ​នៅក្រៅ​​ប្រទេស ដោយ​ខុសច្បាប់​បែបនេះ​ដោយសារ​មិន​អាច​ទទួល​យក​បាន​នូវប្រាក់​ចំណូល​ទាប​ក្នុង​ប្រទេស មិនអាច​ឲ្យ​ពួកគេ​មាន​លទ្ធភាព​ដោះស្រាយ​បំណុល​រួច ហើយ​ការងារ​មិន​គ្រប់គ្រាន់ សម្រាប់​ពលរដ្ឋ​ក្នុងស្រុក។

លោក វន់ ពៅ ទទូច​ឲ្យ​រដ្ឋាភិបាល បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​សង្គមមួយ​ដែល​អាច​ទុកចិត្ត​បាន ដើម្បី​ធានា​ដល់​ពលករ​នៅ​ក្រៅ​ប្រទេស​អាច​ចូល​ស្រុក​វិញ អាច​រកការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​បាន មាន​ការ​ឧបត្ថម្ភធន​សម្រាប់​ពួកគាត់ មាន​ទីផ្សារ​ទូលំទូលាយ ហើយទំនិញ​នៅលើ​ទីផ្សារ​គួរ​មាន​តុល្យភាព​នឹង​ចំណូល​ចំណាយ​របស់​ពួកគាត់​ប្រចាំ​ថ្ងៃ​ផងដែរ។

«យើង​សុំ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ទៅលើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​កំពុងតែ​ញាំញី​ទៅលើ​ជីវិត​ពលរដ្ឋ​ខ្មែរ ជាពិសេស​ពលករ​ចំណាក​ស្រុក​ហ្នឹងឯង​ត្រូវគិត​ពិចារណា​យ៉ាងម៉េច​ឲ្យ​បន្ធូរ​ប្រថយ​នៃការ… អ្នកដែល​ជំពាក់​លុយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ រដ្ឋត្រូវ​ប្រមើមើល​អាចំណុច​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​បាន បាន​ជា​ការ​ធានា​មួយ​ដែល​គាត់​មិន​អាច​ត្រឡប់​ទៅ… អឺ​ប្រទេស​ថៃ ប្រទេស​អីដែល​ទៅ​ទាំង​ប្រថុយ​ប្រថាន​ហ្នឹង»។

លោក វន់ ពៅ

កាល​ពីថ្ងៃ​ទី២១ រដ្ឋាភិបាល​ថៃ បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន ៨២នាក់ ក្នុង​នោះ​បុរស ៤៨នាក់ ស្ត្រី ២៤នាក់ និង​កុមារ​១០នាក់ ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់​ពី​ពួកគេ​អនុវត្ត​ទោស​រួចរាល់​នៅ​ក្នុង​ប្រទេសថៃ។ ពលករ​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​បាន​នោះ ពួកគេ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី៤៥ថ្ងៃ ទៅ​៦ខែ ឬ​លើស​ពី​នេះ ទៅ​តាម​ស្ថាន​ទម្ងន់​ទោស​របស់​ពួកគេ។ មន្ត្រី​សិទ្ធិ​ពលករ​បញ្ជាក់​ថា មួយ​រយៈចុង​ក្រោយ​នេះ តុលាការ​ថៃ​ដាក់ទោស​ពលករ​ខ្មែរ ធ្ងន់ធ្ងរ​ជាងមុន ដោយចោទ​ប្រកាន់​ពីបទល្មើស​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អនឡាញ និង​ល្បែង​អនឡាញ​ជាដើម បើ​ទោះបី​ជាពួក​គេអះអាង​ថា មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូចការ​ចោទ​ប្រកាន់​ក៏​ដោយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ