

អង្គការសង្គមស៊ីវិលថា ការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋបន្តរងការរឹតត្បិតធ្ងន់ធ្ងរទោះបីសិទ្ធិសេរីភាពទាំងអស់នោះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញក្តី។ ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឱ្យសង្គមស៊ីវិលជួបជុំនៅទីសាធារណៈដោយសន្តិវិធីសម្រាប់ការប្រារព្ធកម្មវិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកទី៣៥ កាលពីថ្ងៃទី២៥ តុលា ។
សហជីព សមាគម និងអង្គការសង្គមស៊ីវិលនៅកម្ពុជាបារម្ភថា ការអនុវត្តសិទ្ធិសម្តែងមតិ និងការជួបជុំនៅទីសារធារណៈ បន្តរងការរឹតត្បិតនិងកាន់តែរួមតូចជាងមុន ដោយសារការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនបានពេញលេញ និងការអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានធ្វើឡើងនៅការិយាល័យមជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៏ (CLEC) ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ តុលា មេធាវីការពារក្តី និងជាអ្នកជំនាញផ្នែកច្បាប់លោក សុខ សំអឿន ថ្លែងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស នេះហើយ ដែលធ្វើឲ្យកម្ពុជា ចាប់ផ្តើមមានការបោះឆ្នោតជ្រើសរើសសមាជិកសភា និងរដ្ឋាភិបាលដឹកនាំប្រទេស និងប្រសូត្របានរដ្ឋធម្មនុញ្ញថ្មីមួយដែលជាច្បាប់កំពូលរបស់ជាតិ។ លោកថា រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានកំណត់ឲ្យកម្ពុជា ត្រូវប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ លោកបន្តថា ប្រសិនបើកម្ពុជាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញឲ្យបានត្រឹមត្រូវ នោះប្រជាពលរដ្ឋនឹងទទួលបាននូវសិទ្ធិសេរីភាព ដែលជាការប្រកាន់នូវការគោរពសិទ្ធិមនុស្សពេញលេញ។
លោក សុខ សំអឿន ថ្លែងថា ថ្វីត្បិតតែរដ្ឋធម្មនុញ្ញកម្ពុជាបានកើតឡើង និងឆ្លុះបញ្ចាំងពីស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសពិតមែន ប៉ុន្តែរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលមួយនេះត្រូវបានធ្វើវិសោធនកម្មញឹកញាប់ពេក ដែលលោកហាក់ចង់សំដៅថា ការធ្វើវិសោធនកម្មញឹកញាប់នេះ ធ្វើឲ្យច្បាប់កំពូលនេះ ផ្ទុយពីស្មារតីដើមឆ្នាំ១៩៩៣។ លោកថា កម្ពុជាមិនទាន់បានអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនេះបានពេញលេញនៅឡើយ។
លោក សុខ សំអឿន៖ «ប្រសិនបើយើងមិនមានច្បាប់ដាក់ទោសដាក់ៗអីអស់ហ្នឹងទេ សេរីភាពប្រជាពលរដ្ឋត្រូវបានស្ថាប័នរដ្ឋ ត្រូវបានមន្ត្រីរាជការបិទដោយអនាធិបតេយ្យ។ សង្ឃឹមថាក្រោមការដឹកនាំរបស់អ្នកដឹកនាំ និងអ្នកនយោបាយវ័យក្មេងសព្វថ្ងៃ នឹងទាញកម្ពុជាឲ្យស្របតាមការស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឲ្យបានពេញលេញឡើងវិញ»។
ក្នុងពេលអង្គការសង្គមស៊ីវិលជួបជុំធ្វើសន្និសីទសារព័ត៌មាន អាជ្ញាធរខណ្ឌដង្កោក្នុងសម្លៀកបំពាក់ស៊ីវិលជាច្រើននាក់បានមកព័ទ្ធជុំវិញកន្លែងធ្វើសន្និសីទនៅការិយាល័យមជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៏ (CLEC)។ អាជ្ញាធរ ក៏បានឃ្លាំមើល និងថតរូប អង្គការសង្គមស៊ីវិល អ្នកកាសែត និងអ្នកចូលរួមទាំងអស់ផងដែរ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ថ្លែងថា រដ្ឋាភិបាលបានផ្តល់សច្ចាប័នច្រើនទៅលើឧបករណ៍សិទ្ធិមនុស្សអន្តរជាតិ រួមមានសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កត្តិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ ជាដើម ដែលនិយាយអំពីការធានានូវសិទ្ធិជួបជុំ។ លោកថា ឆ្នាំ១៩៩៣ គឺជាឆ្នាំចាប់ផ្តើមនៃរដ្ឋាភិបាលដែលបានឯកភាពក្នុងការដឹកនាំតាមដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ប៉ុន្តែបច្ចុប្បន្នមនុស្សជាង១០០នាក់បែរជាបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួនទៅវិញ។ លោក នី សុខា ខកចិត្តនិងសោកស្តាយ ដែលអាជ្ញាធរក្រុងភ្នំពេញ មិនអនុញ្ញាតឲ្យក្រុមអង្គការសង្គមស៊ីវិល ប្រារព្ធកម្មវិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកទី៣៥នេះ។ លោកថា អាជ្ញាធរលើកឡើងមិនសមហេតុផលទាល់តែសោះក្នុងការបដិសេធសំណើររបស់ក្រុមអង្គការសង្គមស៊ីវិល។ លោកថា អាជ្ញាធរមានសិទ្ធិធ្វើការរឹតបន្តឹងក្តី ប៉ុន្តែត្រូវមានហេតុផលច្បាស់លាស់ សមាមាត្រទៅនឹងអ្វីដែលកើតមានឡើង។
លោក នី សុខា ត្អូញត្អែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរតែងបដិសេធសំណើរសុំធ្វើវេទិកា ឬការជួបជុំជាសាធារណៈ របស់គណបក្សនយោបាយប្រឆាំង អង្គការធ្វើការលើកស្ទួយផ្នែកសិទ្ធិស្ត្រី និងអង្គការមួយចំនួនទៀតផងដែរ។ លោកចោទជាសំនួរថា តើនេះ ជាការអនុវត្តសិទ្ធិសេរីភាពដែរទេ? លោកផ្ញើសារទៅកាន់រដ្ឋាភិបាល ស្ថាប័នបកស្រាយច្បាប់ជាពិសេសក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យធ្វើការបកស្រាយឲ្យបានច្បាស់ចំពោះរឿងនេះ ថា តើសេរីភាពដែលត្រូវបានហាមឃាត់នោះ មានកម្រិតព្រំដែនប៉ុណ្ណា ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភ័នច្រលំ។
លោក នី សុខា៖ «ជៀសវាងកុំឲ្យប្រជាពលរដ្ឋយើង លោកយល់ថា មានសេរីភាពហើយៗ ការជួបជុំ ការសម្ដែងមតិ។ ប៉ុន្តែពេលជួបជុំសម្ដែងមតិ បើមិនហាមឃាត់ ពេលខ្លះចាប់។ ដូច្នេះ ខ្ញុំចង់ឲ្យមានការបកស្រាយរឿងនេះ ដើម្បីជៀសវាងទេ។ ជៀសវាងកុំឲ្យប្រជាពលរដ្ឋប្រើទៅ អាជ្ញាធរលោកថាខុស។ ពលរដ្ឋប្រើ ពលរដ្ឋយល់ថាខ្លួនត្រឹមត្រូវ ប៉ុន្តែពេលអាជ្ញាធរទៅចាប់ ថាអាហ្នឹងខុស។ ដូច្នេះ នៅក្នុងសង្គមយើងបច្ចុប្បន្ន វាប្រទូងប្រទះគ្នាណាស់ រឿងអស់នេះ ហើយធ្វើឲ្យអ្នកដែលប្រើប្រាស់សិទ្ធិសេរីភាពហ្នឹង យូរៗមិនដឹងថាប្រើត្រូវ ឬក៏ខុស ឬក៏យ៉ាងម៉េចណា។ ហើយមិនមានការបកស្រាយ មិនមានអីឲ្យបានច្បាស់លាស់ ទីបញ្ចប់គ្រោះថ្នាក់ដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនទៅវិញ។»
សាលារាជធានីភ្នំពេញ បានបដិសេធមិនអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល សមាគម និងសហជីព ប្រារព្វទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកទី៣៥ នៅទីតាំងសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាមការស្នើសុំ ប៉ុន្តែតម្រូវឲ្យអង្គការសង្គមស៊ីវិល រៀបចំនៅស្នាក់ការរបស់ខ្លួន និងទីតាំងឯកជនដែលម្ចាស់ទីតាំងអនុញ្ញាត។ សាលារាជធានីភ្នំពេញ បានព្រមានចាត់វិធានការផ្លូវច្បាប់លើអង្គការសង្គមស៊ីវិល សមាគម និងសហជីព ក្នុងករណីដែល ពួកគាត់ នៅតែធ្វើសកម្មភាពជួបជុំ ប្រមូលផ្តុំ នៅទីតាំងសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ក្រុមសង្គមស៊ីវិល សមាគម និងសហជីព ចំនួន៣០ ស្ថាប័ន ក៏បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃទី២៣ តុលា ដោយបង្ហាញការសោកស្តាយ ចំពោះការបដិសេធរបស់សាលារាជធានីភ្នំពេញ។ អង្គការទាំងនោះ លើកឡើងថា ការរឹតត្បិតមិនសមហេតុផលនេះ ជាការរំលោភសិទ្ធិសេរីភាពក្នុងការជួបជុំ និងបញ្ចេញមតិជាមូលដ្ឋានរបស់ពលរដ្ឋ និងមិនស្របតាមច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី។
នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក សេង សុវឌ្ឍនា ថ្លែងថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសគឺជាការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ហើយវាជារបស់សាធារណៈ ជារបស់ពលរដ្ឋខ្មែរទាំងអស់គ្នា ដូច្នេះពលរដ្ឋទាំងអស់មានសិទ្ធិប្រារព្ធពិធីនេះនៅទីសាធារណៈ។ លោកថា អាជ្ញាធរក៏ជាតួអង្គសំខាន់ក្នុងការចូលរួមអនុវត្តគោលការណ៍សិទ្ធិមនុស្សផងដែរ ហើយត្រូវចូលរួមការពារពលរដ្ឋក្នុងការប្រារព្ធពិធីនេះ និងការអនុវត្តសិទ្ធិរបស់ពួកគេ។
លោក សេង សុវឌ្ឍនា៖ «ការរក្សាសន្តិភាពឲ្យមាននិរន្តរភាពយូរអង្វែងនេះ ចំណុចដែលសំខាន់គឺ ការផ្សះផ្សា និងសម្របសម្រួល ធ្វើម៉េចឲ្យដំណើរការហ្នឹងអនុវត្តទៅប្រកបទៅដោយភាពយុត្តិធម៌ ទទួលបានទាំងអស់គ្នា។ ទាំងអស់គ្នានេះមិនសំដៅថាគណបក្សកាន់អំណាច គណបក្សនៅក្រៅរដ្ឋាភិបាល យើងទទួលស្គាល់អំពីការចូលរួមនូវចម្រុះគំនិត និងទស្សនៈ។ មានក្រុមបុរស ក្រុមស្ត្រី ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមផ្សេងៗទៀត ដែលគាត់អត់សូវមានឱកាសចូលរួមសង្គម យើងចង់ឲ្យគាត់បានស្តាប់ បានឮ ជាសាធារណៈនេះឯង។ នេះជារឿងដែលសំខាន់ដែលខ្ញុំចង់បញ្ជាក់ ហើយនេះជាដំណើរការនៅក្នុងការកសាងប្រទេសកម្ពុជាមួយដែលមានភាពរុងរឿង។»
កាលពីថ្ងៃទី២៣ ខែតុលា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានបង្ហោះសារដោយអួតក្តែងៗថា ប្រសិនបើគ្មានជំនួបរវាងលោក និងសម្ដេចព្រះនរោត្តមសីហនុ កាលពីថ្ងៃទី២ខែធ្នូ ឆ្នាំ១៩៨៧ ទេ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសដែរ។ លោកថា លោកគឺជាមនុស្សតែម្នាក់គត់ដែលមានវេទិកាចរចាច្រើនជាងគេ ដើម្បីស្វែងរកសន្តិភាព ក្នុងការជជែកតទល់ជាមួយ សម្ដេចព្រះនរោត្តម សីហនុ លោកតា សឺន សាន និងមេដឹកនាំខ្មែរក្រហម គឺលោកខៀវ សំផន។ មិនតែប៉ុណ្ណោះ ក៏មានដៃគូបរទេសជាច្រើនទៀត ទាំងអ្នកដែល មិនគាំទ្រ និងអ្នកដែលគាំទ្រលោក ដើម្បីជជែកគ្នា រកដំណោះស្រាយសន្តិភាព។
ទោះបីជាមានការអះអាងរបស់លោក ហ៊ុន សែន បែបនេះក្តី ក៏អ្នកវិភាគ ពលរដ្ឋ សង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិជាច្រើន មើលឃើញថា កម្ពុជា បានបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការប្រើអំណាចគាបសង្កត់ពលរដ្ឋស្លូតត្រង់ និងជ្រៀតជ្រែកចូលប្រព័ន្ធយុត្តិធម៌ គឺតុលាការ ក្នុងការចាប់ចង និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនដីធ្លី អ្នកកាសែត និងពលរដ្ឋដែលប្រើប្រាស់សិទ្ធិរបស់ខ្លួនសម្តែងមតិលើបណ្តាញសង្គមជាដើម។ មិនតែប៉ុណ្ណោះ កូនប្រុសរបស់លោក ដែលឡើងកាន់អំណាចដោយការលើកបន្តប់របស់លោក គឺលោក ហ៊ុន ម៉ាណែត ក៏មិនខុសគ្នាដែរ ដោយរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់ពីការរឹតត្បិតសេរីភាពរបស់ពលរដ្ឋ ជាពិសេសការរឹតត្បិតមិនឲ្យមានការជួបជុំ ប្រមូលផ្តុំសម្តែងមតិ ឬប្រារព្ធកម្មវិធីនានា របស់អង្គការ សមាគម សហជីព ដែលធ្វើការលើកស្ទួយផ្នែកសិទ្ធិមនុស្ស និងគណបក្សប្រឆាំងជាដើម៕









