អ្នកគាំទ្រ​បក្ស​កម្លាំងជាតិម្នាក់ទៀត​ត្រូវ​ជាប់​ពន្ធនាគារ​ដោយសារ​ការ​បញ្ចេញមតិ​រឿង​ព្រំដែន

0
52
អ្នកគាំទ្រ​គណបក្សកម្លាំងជាតិ​លោក រឿន ខឿន ដែលត្រូវបាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចាប់ខ្លួន កាលពីថ្ងៃទី២១ តុលា ២០២៦។ រូប៖ បណ្ដាញសង្គម
អ្នកគាំទ្រ​គណបក្សកម្លាំងជាតិ​លោក រឿន ខឿន ដែលត្រូវបាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចាប់ខ្លួន កាលពីថ្ងៃទី២១ តុលា ២០២៦។ រូប៖ បណ្ដាញសង្គម

អ្នកគាំទ្រគណបក្សកម្លាំងជាតិម្នាក់ទៀត គឺលោក រឿន ខឿន ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេចឃុំខ្លួន​នៅពន្ធនាគារព្រៃស ដោយសារភាព​សកម្មរបស់លោកក្នុងការបញ្ចេញមតិ​ពី​បញ្ហា​សង្គម និងរឿងបាត់បង់ទឹកដីកម្ពុជា។ សង្គមស៊ីវិល និងគណបក្សប្រឆាំង ព្រួយបារម្ភកាន់​តែខ្លាំង អំពីការរឹតត្បិត​សិទ្ធិ​សេរីភាពបញ្ចេញមតិ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
ខណៈការបោះឆ្នោត ឃុំសង្កាត់ និងថ្នាក់ជាតិជិតមកដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តប្រើប្រាស់ប្រព័ន្ធតុលាការ ជាឧបករណ៍ចោទប្រកាន់ និង​ដាក់​ពន្ធនាគារ​លើសកម្មជន និង​អ្នក​នយោបាយគណបក្សប្រឆាំង ដោយមិនខ្វល់​ពីអនុសាសន៍របស់អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។
ជាក់ស្តែង នៅថ្ងៃទី២៦ ខែតុលានេះ អ្នកគាំទ្រគណបក្សកម្លាំងជាតិនៅ​ខេត្តបាត់ដំបង លោក រឿន ខឿន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅ​ឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោម​បទចោទញុះញង់ និង​ជេរប្រមាថ។

អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារ សិទ្ធិមនុស្ស អាដហុក លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៦ ខែតុលា ថា ការសម្ដែងមតិ​របស់​ពលរដ្ឋ សកម្មជន និង​អ្នកនយោបាយ ជាសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ។ លោកថា វិធី​ដោះស្រាយ​ជាតិ​ពិតប្រាកដ គឺវិធានការអប់រំណែនាំផ្ទៃក្នុងជាតិ ជាជាងការចាំខ្លួនខ្មែរ​ដូចគ្នា​ដាក់ពន្ធនាគារ។

លោក យិន ម៉េងលី៖ «ការចាប់ខ្លួនជនហ្នឹង គឺមានដីការបស់សាលាដំបូងរាជធានីភ្នំពេញ។ នេះតាមការអះអាងរបស់មន្ត្រីនគរបាល ហើយឥឡូវឃុំខ្លួននៅពន្ធនាគារ ព្រៃសម១ ហើយគាត់ថា បទល្មើសនឹង វាអាចទាក់បទជេរប្រមាថ និងបទញុះញង់ ។ នេះ​ព័ត៌មាន​ខាងមន្ត្រី​នគរបាល​គាត់​បាន​ប្រាប់​មក»។

លោក យិន ម៉េងលី មានប្រសាសន៍ថា កាលណារដ្ឋាភិបាល និង​តុលាការ នៅតែ​ប្រើវិធីរឹតត្បិត​សិទ្ធិសេរីភាពពលរដ្ឋ ដោយការចាប់ខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធ​នឹងការបញ្ចេញមតិ នោះ​រដ្ឋាភិបាល​នឹងរងការរិះគន់ពីសហគមន៍អន្តរជាតិ រីឯ​ប្រជាពលរដ្ឋ ក៏មិនសប្បាយចិត្តដែរ។ លោកបន្តថា ការគាបសង្កត់​លើសេរីភាព​បញ្ចេញមតិ នឹងជះឥទ្ធិពលមិនល្អ ដល់ការរៀបចំ​ការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំសង្កាត់ឆ្នាំ២០២៧ និងបោះឆ្នោតជាតិឆ្នាំ២០២៨ ដែលនឹងខិតជិត​មក​ដល់។

ប្រពន្ធលោក រឿន ខឿន គឺលោកស្រី រិទ្ធ សារ៉ាត់ ទទូចឱ្យរដ្ឋាភិបាលទម្លាក់ចោល​នូវបទចោទ​ប្រកាន់ ហើយណែនាំអប់រំ ជំនួសការដាក់ប្តីលោកស្រីក្នុងពន្ធនាគារ។

លោកស្រី រិទ្ធ សារ៉ាត់៖ «ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាល ទម្លាក់ការចោទប្រកាន់មកលើប្ដី​ខ្ញុំការប្រើ​ពាក្យសម្ដីមិនសមរម្យ ឬមួយគាត់ស៊ែរព័ត៌មាន ណាប៉ះពាល់ដល់​រាជរដ្ឋាភិបាល ហៅគាត់​ណែនាំ​ធម្មតា​ទៅមិនចាំបាច់ចាប់គាត់ដាក់គុក។ ខ្ញុំសំណូម​ពរ​ឱ្យរដ្ឋាភិបាលដោះលែងប្ដី​ខ្ញុំមកវិញមក ដោយសារគ្រួសារ កូនអី ពឹងលើគាត់ ដល់ពេលចាប់គាត់អ៊ីចឹងគ្រួសារ​កាន់តែ​លំបាក​វេទនា»។

លោក រឿន ខឿន ធ្វើការជាសន្តិសុខ នៅទីតាំងការងារមួយកន្លែង ក្នុងក្រុង​បាត់ដំបង ខេត្តបាត់ដំបង  ហើយក៏ជាមនុស្សសកម្មក្នុងការចែ​ករំលែកព័ត៌មាន ពាក់ព័ន្ធនឹងបង្ហាញសង្គម ជាពិសេសបញ្ហាព្រំដែន និងប្រទេសជិតខាង​ឈ្លានពាន​ទឹកដីខ្មែរ។ អ្នកគាំទ្រ​គណបក្ស​កម្លាំងជាតិ​រូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២១ ខែតុលា នៅក្នុងក្រុងបាត់ដំបង ។

អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៦ ខែតុលាថា កាលណាអាជ្ញាធរ នៅតែមិនអនុវត្តតាមស្មារតីរដ្ឋធម្មនុញ្ញ ដែលផ្ដល់សេរីភាព​ដល់​ពលរដ្ឋ និង​គណបក្សនយោបាយ នោះការបោះឆ្នោត​នាពេលខាងមុខ នឹងមិនមានបរិយាកាស​ល្អនោះទេ។

លោក សុខ គឹមសេង ព្រួយបារម្ភអំពីសិទ្ធិសេរីភាពប្រកួតប្រជែងនយោបាយ ដោយ​អះអាងថា មកដល់នេះ មានសកម្មជន និងអ្នកគាំទ្រគណបក្សកម្លាំង​ជាតិប្រមាណ ២០ នាក់ហើយ ដែល​កំពុង​ជាប់ឃុំ ពាក់ព័ន្ធនឹងការបញ្ចេញមតិ ខណៈអ្នកទោស​មនសិការ និង អ្នកទោសនយោបាយ លើសពី ១០០នាក់ នៅ​ក្នុង​ពន្ធនាគារ។ លោកស្នើឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់​ឃុំផ្នែក​នយោបាយ និង​មនសិការទាំង​អស់។

លោក សុខ គឹមសេង៖ «ដោយឡែកអ្នកដែលមាននិន្នាការមិនទំនោរគាំទ្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល គណបក្សប្រឆាំង គាត់មានសិទ្ធិសេរីភាព បញ្ចេញមតិ​នេះរហូត​ដល់លើស​ក្រមសីលធម៌​ទៀត តែមិនដែលឃើញមានការអនុវត្តជាទោស​ទណ្ឌ​ច្បាប់ទេ។ នេះជាអ្វីដែលខ្ញុំបារម្ភ ក្នុងនាមជាអ្នកនយោបាយថា សិទ្ធិសេរីភាពក្នុង​ការ​បញ្ចេញមតិរបស់យើង កាន់តែរួមតូចទៅៗ»។

កាលពីចុងខែកក្កដា អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួល​បន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ (Tom Andraws) បានដាស់តឿន​នៅចំពោះមុខ​លោក ហ៊ុន ម៉ាណែត ដោយទទូចឲ្យដោះស្រាយបញ្ហាសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ព្រមទាំង​ដោះលែងអ្នកទោសនយោបាយ និង អ្នកទោស​មនសិការ ខណៈការបោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ២០២៧ និងការ​បោះឆ្នោតជាតិ ឆ្នាំ២០២៨ ខិតជិតមកដល់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ