អ្នក​ឃ្លាំមើល​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​បាន​ឆាប់​ដើម្បី​ឱ្យ​ជនភៀសសឹក​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ

0
22
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកឃ្លាំមើល​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត ពន្លឿន​ការ​​​ដោះស្រាយ​បញ្ហា​ព្រំដែន​​​ជា​មួយ​ថៃ​ឱ្យ​បាន​ឆាប់​ ដើម្បី​​ឱ្យ​ជនភៀសសឹក​ ជាង​២ម៉ឺន​នាក់​ ​បាន​វិល​ត្រឡប់​ទៅ​​ភូមិ​ឋាន​​​វិញ​​។​ ការ​​​លើក​ឡើង​​នេះ​ ​ក្រោយ​ពី​ លោក ហ៊ុន ម៉ាណែត បាន​​​ទៅ​ជួប​​ជន​ភៀស​សឹក​​​​​​នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ដោយ​ស្ងាត់​ៗ​​ រួម​នឹង​ ​​ពន្យល់​ឱ្យ​ពលរដ្ឋ​​អត់​​​ធ្ងត់ និង​​ជឿ​ជាក់​លើ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​​ព្រំដែន​ដោយ​គ្មាន​​កំណត់​ពេល​វេលា​ច្បាស់លាស់។

នៅ​ថ្ងៃ​ទី​២៦​​​ខែ​តុលា​​​គឺ​​ជា​​​ខួប​​​១ឆ្នាំ​​​​​នៃ​​សេចក្ដី​ថ្លែងការណ៍​រួម​​​​​​ស្ដីពី​​​​​​​​​​​​​​ការ​បញ្ចប់​​ជម្លោះ​ព្រំដែន​​​​​​​​​​​​​រវាង​កម្ពុជា ​និង​ ​ថៃ​​​​​​​ ​ដែល​​ធ្វើ​​​​ឡើង​​​​នៅ​​ប្រទេស​​​ម៉ាឡេស៊ី​​​ ​​​​​​​​ក្រោម​ការ​​​សម្រប​សម្រួល​​​ដោយ​​ ​​​​​​​​​ប្រធានាធិបតី​អាមេរិក​​​លោក ដូណាល់ ត្រាំ (Donald Trump)។ ប៉ុន្តែ​​​​ អ្នក​ឃ្លាំមើល​រិះគន់​ថា​​​​​​​​​ ​​ខួប​​​១​​​ឆ្នាំ​មក​នេះ ​​​រដ្ឋាភិបាល​​ លោក​ហ៊ុន ម៉ាណែត នៅ​តែ​គ្មាន​ភាព​ច្បាស់​លាស់​​ ក្នុង​ការ​ដោះស្រាយ​​​ជម្លោះ​ព្រំដែន​គោក​​​ជា​មួយ​ថៃ ​​ដែល​ធ្វើ​ជន​ភៀស​សឹក​​​​រាប់​ម៉ឺន​នាក់​ ​បន្ត​​រស់​នៅ​​ក្នុង​ជំរំ​​​​​​​​ទាំង​​​​​​ក្ដី​អស់​សង្ឃឹម។ ពួកគាត់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ថៃ​​ទៅ​កាន់​តុលាការអន្តរជាតិ​​ឱ្យ​បាន​ឆាប់​ ​ដើម្បី​​​​​ទាមទារ​ទឹកដី​​ពី​ថៃ​មក​​​​​​​​​វិញ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា​ថា ​​​​​​​​​​​​​​​ការ​ចុះ​​​​​​ជួប​​ជន​ភៀស​សឹក​​របស់​លោក ហ៊ុន ម៉ាណែត ថ្មី​ៗ​នេះ​​ គឺ​គ្រាន់​តែ​​​រូបភាព​សម្ដែង និង​ស្អំ​ចិត្ត​ពលរដ្ឋ​​​​​​ ក្រោយ​ពី​មាន​ ពលរដ្ឋ​​​ ចង់​ឱ្យ​​លោក ហ៊ុន ម៉ាណែត ចុះ​ទៅ​ផ្ទាល់​ដើម្បី​​​ដឹង​​​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់​​។​ លោក​​​មើល​ឃើញ​ថា​ ​ប្រសិន​បើ​លោក ហ៊ុន ម៉ាណែត ​ពិត​ជា​ខ្វល់​ពី​​ទុក្ខ​លំបាក​​របស់​​ពលរដ្ឋ​ ពិត​មែន​​លោក​ ​គួរ​​តែ​ប្រញាប់​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការ​យុត្តិធម៌​​អន្តរជាតិ​ ICJ ​​​​ដើម្បី​ទាមទារ​​​​ទឹកដី​ពី​ថៃ​ ​មក​វិញ។

លោក ម៉ែន ណាត៖ «ជាង​មួយ​ឆ្នាំ​មក​នេះ គួរ​ណាស់​តែ​លោក ហ៊ុន ម៉ាណែត ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ គួរ​ណាស់​តែ​លោក ហ៊ុន ម៉ាណែត មាន​ទឹក​មាត់​ប្រៃ តតាំង​ជា​មួយ​នឹង​ថៃ​តាម​យន្តការ​ការ​ទូត​អន្តរជាតិ ហើយ​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ហ្នឹង ធ្វើ​ម៉េច​ជំរុញ​ដាក់​សម្ពាធ​ថៃ​ឲ្យ​ដក​កង​ទ័ព​ចេញ​ពី​កម្ពុជា រួម​ទាំង​ឲ្យ​ក្រសួង​ការ​បរទេស​ខ្មែរ​ហ្នឹង ប្រើ​យុទ្ធសាស្ត្រ​ថ្មីៗ មាន​ប្រសិទ្ធភាព ប្រើ​សិទ្ធិ​ការពារ​ខ្លួន មិន​ឲ្យ​ថៃ​រុល​ចូល​ឈ្លានពាន​បន្ថែម​ទៀត​ទេ ប៉ុន្តែ​ ឆន្ទៈ​របស់​រដ្ឋាភិបាល​ត្រង់​ចំណុច​នេះ​គឺ​ទន់ខ្សោយ ធ្វើ​ការ​អត់​ប្រសិទ្ធភាព គ្មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់»​។

ការ​លើក​ឡើង​នេះ​ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​ និង​​​វីដេអូ​​​​​​​ លើ​គណនី​ហ្វេសប៊ុក ​របស់​លោក នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ដោយ​​បង្ហាញ​ពី​សកម្មភាព​​របស់​លោក ​​​ចុះ​ជួប​​​ជន​ភៀស​សឹក​ ដែល​កំពុង​​​ស្នាក់​នៅ​​​ក្នុង​​ជំរំ​​​​​​​ ស្ថិត​នៅ​​​​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរ​មាន​​ជ័យ។ នៅ​ក្នុង​វីដេអូ​នោះ​​បាន​​ ​​បង្ហាញ​​ពី​ ​សកម្មភាព​​​លោក ហ៊ុន ម៉ាណែត ស្និទ្ធស្នាល​ ​រួម​នឹង​​ ទឹក​មុខ​​​រីករាយ​ជាមួយ​ជនភៀសសឹក​​​​​ខណៈ​​​​​​​​​ពួក​​​កាត់​ កំពុង​តែ​កើត​ទុក្ខ​ ​​ដោយ​សារ​តែ​បាត់បង់​ទឹកដី​ និង​ផ្ទះ​សម្បែង។

នៅ​ក្នុង​​វីដេអូ​នោះ​​​​​​ក៏​ឮ​​​​​​​​ពលរដ្ឋ​​រៀប​រាប់​ពី​​​ទុក្ខ​​​​​​​​​លំបាក​ ​​​​ប៉ុន្តែ​លោក​ ហ៊ុន ម៉ាណែត បាន​​​​ឆ្លើយ​តប​​​​​ភ្លាម​ថា​​​ បើ​ទោះ​បី​ជា​​​ពលរដ្ឋ​ទាំង​នោះ​ ​​​ជួប​ការ​​​​លំបាក​​​​​​​​​​​​ក្ដី​ ​​​លោក​ថា​​​ ​​ការ​លំបាក​​ពេល​នេះ​​ក៏​គ្រាន់​​​​​បើ​ជាង​​​ កាល​ដែល​ពលរដ្ឋ​រស់​នៅ​ក្រោម​​​​តង់​កៅស៊ូ​ ​អំឡុង​ពេល ​ដែល​​​​​កម្ពុជា​ និង​ថៃ​កំពុង ​ផ្ទុះ​អាវុធ​​ដាក់​គ្នា​​​នៅ​​​តាម​ព្រំដែន​​​​​កាល​ពី​​​​ឆ្នាំ​២០២៥។ ទន្ទឹម​គ្នា​នោះ ​លោក ហ៊ុន ម៉ាណែត បាន​ព្យាយាម​ពន្យល់​ពលរដ្ឋ​​​ ឱ្យ​ដឹង​​​ពី​គុណ​តម្លៃ​​​​​​​របស់​លោក ​​ដែល​ខិត​​​​ខំ​​​​ទប់ស្កាត់​ មិន​ឱ្យ​មាន​​​ ការ​ផ្ទុះ​អាវុធ​​បន្ត​ទៀត​​​ និង​​​​​​​​លួង​លោម​ឱ្យ​ពលរដ្ឋ​​​​​​ជឿ​ជាក់​លើ​​រដ្ឋាភិបាល ​​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ។

ក្រៅ​ពី​នោះ​ លោក ហ៊ុន ម៉ាណែត បាន​​បញ្ជាក់​​​​​ថា​​ ​​​ពលរដ្ឋ​​​​ដែល​​​រស់​នៅ​​​​ក្នុង​​​​ខេត្ត​ឧត្តរ​មាន​ជ័យ​​​​​ជាង​​​​១ម៉ឺន​គ្រួសារ ​​​រួម​​មាន​​​ គ្រួសារ​ជនភៀសសឹក ​​​​ គ្រួសារ​ក្រីក្រ និងគ្រួសារ​កង​ទ័ព​​ នឹង​ទទួល​បាន​​​​​​​ដី​​​និង​ ​ផ្ទះ​​​សម្រាប់​រស់​នៅ​​​​​​​​ ​ដោយ​រដ្ឋាភិបាល​នឹង​​ផ្ដល់​​​​​ផ្ទះ​ ​​​​​ទឹក​ស្អាត​​​ អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​​​​​​​​​ ​​​​​​ថវិកា​ឧបត្ថម្ភ​ប្រចាំ​ខែ​​​ ​រួម​នឹង​​ ជំនួយ​​ផ្នែក​កសិកម្ម រោង​ដាំ​បន្លែ មាន់ ​​​និង​​​ដំណាំ​ហូប​ផ្លែ​ជាដើម។

ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​នេះ​​​ ​​​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា​បាន​បង្ហោះ​សារ​​រំលឹក​​ខួប​​១ឆ្នាំ​​នៃ​សេចក្ដី​ថ្លែងការណ៍​​រួម ​ទី​ក្រុង​កូឡាឡាំពួរ រវាង​កម្ពុជា​និង​ថៃ។​ លោក​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​គោរព​ស្មារតី នៃ​សេចក្ដី​ថ្លែងការណ៍​​រួម​​ទី​ក្រុង​កូឡាឡាំពួរ ​និង​​ប្ដេជ្ញា​ចិត្ត​​​ដោះស្រាយ​​​​​​​បញ្ហា​​ព្រំដែន ​ដោយ​​សន្តិវិធី ​​តាម​​ច្បាប់​អន្តរជាតិ។ លោក​ក៏​​​​​​បាន​​អរគុណ​​ជា​ថ្មី​ ដល់​​​​ប្រធានាធិបតី​​​អាមេរិក​​ លោក​ដូណាល់​​ត្រាំ​ ​និង​​​​នាយករដ្ឋមន្ត្រី​ ម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Datuk Seri Anwar Ibrahim) ​​ដែល​បាន​​ជួយ​​​​​​​ឱ្យ​​មាន​កិច្ចព្រមព្រៀង​នេះ​​​ឡើង​​ដើម្បី​ជំរុញ​ឱ្យ​​កម្ពុជា​ និង​ថៃ ងាក​ទៅ រក​​​ការ​​ដោះស្រាយ​ជម្លោះ​ព្រំដែន​​​ ដោយ​សន្តិវិធី​។​

នៅ​ថ្ងៃ​ដដែល​នេះ​ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​ចុះហត្ថលេខា​លើ​​សេចក្ដី​ថ្លែងការណ៍​រួម​ទី​ក្រុង​គូឡាឡាំពួ ​រវាង​កម្ពុជា​ និង​ថៃ ​​ដោយ​លើក​ឡើង​ថា​​កិច្ចព្រមព្រៀង​នេះ​​​ជា​ការ​​​​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សន្តិភាព​រវាង​កម្ពុជា​ និង​ថៃ។ ​​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​​រូប​នេះ​បាន​បញ្ជាក់​ថា​ ​​អាមេរិក​​​ប្ដេជ្ញា​ចិត្ត​​​​​បន្ត​ធ្វើ​ការ​ជា​មួយ​​​កម្ពុជា និង​ថៃ​​ ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ និង​ជួយ​ធ្វើ​ឱ្យ​ក្ដី​​ សង្ឃឹម​នៃ​សន្តិភាព​ដ៏​យូរ​អង្វែង​ក្លាយ​ជា​ការ​ពិត​ សម្រាប់​ប្រជាជន​នៃ​ ប្រទេស​ទាំង​ពីរ​។ ​​​

ថ្វីត្បិត​ថា​ ​​កិច្ចព្រមព្រៀង​នេះ ​មាន​អាយុ​កាល​១​ឆ្នាំ​​​​ក្ដី​ ​គេ​សង្កេត​​​ឃើញ​ថា​​​ កន្លង​​ទៅ​​នេះ​ ​ភាគី​ថៃ ​តែងតែ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​​​​ ​​ហើយ​​ថែម​ទាំង​បាន ​បើក​ការ​បាញ់​ប្រហារ​​យ៉ាង​ឃោរឃៅ​មក​លើ​ទឹកដី​កម្ពុជា​​ ​​​​​នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ ជុំ​ទី​២​​​ ដែល​បាន​សម្លាប់​​ពលរដ្ឋ​ខ្មែរ​​ ទាហាន និង​ចូល​កាន់​កាប់​ទឹក​ដី​ខ្មែរ​​ជា​ច្រើន​ទីតាំង​​​។​​​ ​​​​សព្វ​ថ្ងៃ​នេះ​​ យោធា​ថៃ​ ​ក៏​​​នៅ​តែ​​​​បន្ត​​ ​​​​រំលោភ​កិច្ច​ព្រមព្រៀង​​​​នេះ​ដដែល​​​ ​​តាម​​ រយៈ​ការ​​​​​​​​​​ឈូស​ឆាយ​​ដី​​ព្រៃ​​ ​ធ្វើ​លេណដ្ឋាន ​​ជីក​ប្រឡាយ​ ​​​និង​​សាងសង់​​របង​បេតុង​​អចិន្ត្រៃយ៍​​​​​ ​រំលោភ​ លើ​ទឹក​ដី​​ខ្មែរ​​​ ​​ដោយ​ឯកតោភាគី​​​​ ចូល​កាន់​តែ​ជ្រៅ​​។​ រី​ឯ​​ភាគី​កម្ពុជា បាន​​ត្រឹម​តែ​ចេញ​លិខិត​វ៉ា​ ​​ខណៈ​ដែល​ការ​ប្ដឹង​ថៃ​ ទៅ​កាន់​តុលាការ​អន្តរជាតិ​ជាតិ​ក៏​គ្មាន។

អ្នក​ឃ្លាំមើល​រិះគន់​ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​តែងតែ​ប្រកាស​​ក្ដែងៗ​​​អំពី​​​ការ​គោរព​​​សេចក្ដី​ថ្លែងការណ៍​​រួម ​ទី​ក្រុង​កូឡាឡាំពួរ ​​២៦​តុលា​ និង​ប្រកាន់​ជំហរ​​​រង់​ចាំ​ភាគី​ថៃ​ចូល​​​​​ដោះស្រាយ​ ​ជម្លោះ​ព្រំដែន​​​គោក​ ​​​ខណៈ​ភាគី​ថៃ​​ បន្ត​គេច​វេះ​​​ ហើយ​បង្កើន ​​សកម្មភាព​ឈ្លានពាន​ទឹក​ដី​ខ្មែរ​​កាន់​តែ​ជ្រៅ​នោះ គឺ​បង្ហាញ​​​ថា​ ​កម្ពុជា​ ​ជា​អ្នក​ខាត​បង់​​ ព្រោះ​ទឹក​ដី​ខ្មែរ​ជា​​ច្រើន​ដែល​ថៃ​កំពុង​កាន់កាប់ ​និង​ទឹក​ដី​ខ្មែរ​ ​ដែល​ថៃ​​​កំពុង​ពង្រីក​ការ​ឈ្លានពាន ​បាន​​ប្រែ​ក្លាយ​ជា​ទឹកដី​ថៃ​ ជា​បណ្ដើរ​ៗ ខណៈ​ដែល​​តំបន់​ខ្លះ ​ដូច​ជា​ប្រាសាទ​តា​ក្របី ប្រាសាទ​មាន់​ធំ ​និង​ប្រាសាទ​ខ្នារ​​ ​ជាដើម​ ​​ថៃ​បាន​បើក​ឱ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​​ ចូល​លេង​​កម្សាន្ត​ របស់​ប្រជាជន​ថៃ។

អ្នក​ឃ្លាំមើល​​ថា ប្រសិន​បើ​​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត ​មិន​ព្រម​ប្ដឹង​ថៃ​​ទៅ​កាន់​តុលាការ​អន្តរជាតិ និង​​​មិន​​ដូរ​វិធី​សាស្ត្រ​ដោះស្រាយ​​​ជម្លោះ​ព្រំដែន​ជា​មួយ​ថៃ ​​ឱ្យ​បាន​​ឆាប់​ទេ​ គឺ​គ្មាន​ថ្ងៃ​ដែល​ភាគី​ថៃ​ ប្រគល់​ទឹក​ដី​ឱ្យ​កម្ពុជា​វិញ​​​​​​​ឡើយ​​​។ ក្រៅ​ពី​នោះ​ ពួក​គាត់​ថា​ ​លោក ហ៊ុន ម៉ាណែត គួរតែ​បញ្ឈប់​ទៅ ​​​​ការ​ប្រើ​ប្រាស់​វោហារ​សាស្ត្រ​ ​និង​​រូបភាព​​ បោក​ប្រាស់​​​ ​ដើម្បី​​​​បន្លែបន្លំ​ ​​​ផ្នែក​​ពលរដ្ឋ​រឿង​ការពារ​ទឹក​ដី​​ ​តាម​ពាក្យ​សម្ដី​ ​​​ ប៉ុន្តែ​​​ ត្រូវ​​​បង្ហាញ​ សកម្មភាព​ជាក់ស្ដែង​​​ ដើម្បី​ជៀសវាង​​ ការ​រិះគន់​​​​ថា​​​«ជា​មេដឹកនាំ​ដែល​ពូកែ​តែ​និយាយ​​​​​​ ​ចំណែក​​ការ​អនុវត្ត​ គឺ​គ្មាន​ប្រសិទ្ធភាព»៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ