លោក ហ៊ុន សែន រងការចោទ​ថា ព្យាយាម​ធ្វើ​ឱ្យបក្ស​ប្រឆាំង​ចុះខ្សោយ មុន​ការ​បោះឆ្នោត​មូលដ្ឋាន

0
50
ជំនួបរវាងសមាជិកព្រឺទ្ធសភាបក្សកាន់អំណាច និងឆន្ទៈខ្មែរ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ជំនួបរវាងសមាជិកព្រឺទ្ធសភាបក្សកាន់អំណាច និងឆន្ទៈខ្មែរ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស​បានចោទប្រកាន់ប្រធានព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ថា កំពុងព្យាយាមធ្វើឱ្យគណបក្សប្រឆាំងចុះខ្សោយ តាមរយៈ​ការបង្កភាពចលាចល​ក្នុង​រចនាសម្ព័ន្ធដឹកនាំ និង​បំផ្លាញ​សមត្ថភាពរបស់គណបក្សទាំងនេះក្នុងការដាក់បេក្ខជនចូលរួម​ប្រកួត​ប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ការអះអាងនេះបន្ទាប់ពីក្រសួងមហាផ្ទៃ បដិសេធមិនទទួលស្គាល់ប្រធាន​គណបក្សឆន្ទៈខ្មែរ។

អ្នកនាំពាក្យនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ ខែតុលា លោក គឹម សុខ យល់ឃើញ​ថា គោលដៅ​របស់លោក ហ៊ុន សែន មិនមែន​ជា​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដោយ​ផ្ទាល់​នោះទេ ប៉ុន្តែ​ជា​ការ​បង្ក​ការ​បែកបាក់​ផ្ទៃក្នុង ដើម្បីធ្វើឱ្យគណបក្សទាំងនេះបាត់បង់​សមត្ថភាពប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។

លោក គឹម សុខ បានចោទប្រកាន់ថា យុទ្ធសាស្ត្រនេះរួមមានការរំខានដល់រចនាសម្ព័ន្ធ​ដឹកនាំ​របស់គណបក្សប្រឆាំង និងធ្វើឱ្យបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់របស់ពួកគេចុះខ្សោយ ដែលនឹងកាត់បន្ថយសមត្ថភាពរបស់ពួកគេក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ទោះបីជាពួកគេចូលរួមក្នុងការបោះឆ្នោតក៏ដោយ។

លោក គឹម សុខ៖ «គឺមានន័យថាលោកហ៊ុនសែននឹងប្រើគ្រប់​កលល្បិច​ទាំងនោះ មិនឱ្យគណបក្សនយោបាយក្រៅរដ្ឋាភិបាល អាចរៀបចំបញ្ជីឈ្មោះក្រុមប្រឹក្សាឃុំ​សង្កាត់ងាយៗទេ ដោយសារតែលោកហ៊ុនសែនខ្លាចក្រុមប្រឹក្សាឃុំសង្កាត់​ជាប់ឆ្នោតរបស់​គណបក្ស​ក្រៅរដ្ឋាភិបាលដើរអុកលុក ឧក្រិដ្ឋកម្មឆបោកអនឡាញនៅមូលដ្ឋានរបស់ក្រុមគ្រួសារ​ត្រកូលហ៊ុនដែលកំពុងតែប្រតិបត្តិការពេញដៃនៅឡើយ»។

លោក គឹម សុខ បានអះអាងថា លោក ហ៊ុន សែន មានការព្រួយបារម្ភថា នៅពេលបក្សប្រឆាំងជាប់ឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតមកពីគណបក្សប្រឆាំង អាចបើកប្រតិបត្តិការបង្រ្កាបការឆបោកតាមអនឡាញនៅតាមមូលដ្ឋាន​ដែល​អាចប៉ះពាល់ដល់ផលប្រយោជន៍របស់គ្រួសារត្រកូលហ៊ុន។

ការលើកឡើងរបស់លោក គឹម សុខ កើតឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបដិសេធមិន​ទទួលស្គាល់​លោក សេង ម៉ារឌី ជាប្រធានគណបក្សឆន្ទៈខ្មែរ ហើយបន្តទទួលស្គាល់លោក សុក ហាច ជាប្រធានគណបក្សនេះដដែល។

ក្នុងលិខិតផ្សព្វផ្សាយជាសាធារណៈចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសថា ក្រសួងបាននិរាករណ៍ការទទួលស្គាល់លោក សេង ម៉ារឌី ជាប្រធានគណបក្សឆន្ទៈខ្មែរ ដែលក្រសួងធ្លាប់បានទទួលស្គាល់កន្លងមក។

ក្រសួងបានបញ្ជាក់ថា ការធ្វើអធិការកិច្ចបានរកឃើញថា ការតែងតាំងលោក សេង ម៉ារឌី កាលពីខែមីនា ឆ្នាំ២០២៦ មិនបានអនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយ និងបទបញ្ជា​ផ្ទៃក្នុង​របស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងនោះទេ។ ក្រសួងបានឱ្យដឹងថា លោក សុក ហាច នឹងបន្តជាប្រធានគណបក្សដែលទទួលស្គាល់ជាផ្លូវការ​រហូតដល់ចប់អាណត្តិរបស់លោក ហើយបានជំរុញឱ្យគណបក្សរៀបចំមហាសន្និបាត ឬសមាជឱ្យបានត្រឹមត្រូវតាមច្បាប់ ប្រសិនបើមានបំណងផ្លាស់ប្តូរថ្នាក់ដឹកនាំ។

លោក សេង ម៉ារឌី សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយប្រគល់សិទ្ធិឱ្យលោក គង់ មុនីកា អគ្គលេខាធិការគណបក្ស​ឆ្លើយតបជំនួស។ ប៉ុន្តែទូរទស្សន៍អាស៊ីសេរី មិនអាចទទួលបានការអត្ថាធិប្បាយពីលោក គង់ មុនីកា បានទេ គិត​ត្រឹម​ពេល​ចេញ​ផ្សាយ​ព័ត៌មាន​នេះ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ គណបក្សឆន្ទៈខ្មែរបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការ​នាយកគណបក្សនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ និងបានដាក់ញត្តិដកសេចក្តីទុកចិត្តលោក សុក ហាច ពីតំណែងប្រធានគណបក្ស។

កន្លងមក គណបក្សបានអះអាងថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំនេះជាផ្នែកមួយនៃការរៀបចំ​រចនាសម្ព័ន្ធផ្ទៃក្នុង ដោយសារលោក សុក ហាច មានវ័យចំណាស់ និងមានបញ្ហាសុខភាព ដែលធ្វើឱ្យលោកពិបាកបំពេញការងារចុះមូលដ្ឋានបានពេញលេញដូចមុន។ គណបក្សក៏បាន​ពន្យល់ថា ការផ្លាស់ប្តូរនេះជាវិធីមួយក្នុងការផ្ទេរតំណែង​ទៅឱ្យយុវជន​ជំនាន់ក្រោយ។

ការបដិសេធរបស់ក្រសួងមហាផ្ទៃក្នុងការផ្លាស់ប្តូរក្បាលម៉ាស៊ីដឹកនាំគណបក្សឆន្ទៈខ្មែរ កើតឡើងខណៈកម្ពុជាកំពុងត្រៀមសម្រាប់ការបោះឆ្នោតនាពេលខាងមុខ និងពិនិត្យឡើងវិញ​នូវ​បញ្ជីឈ្មោះអ្នកបោះឆ្នោត។ ទោះជាយ៉ាងណា  អ្នកឃ្លាំមើលសង្គមយល់ថា ការបដិសេធ​របស់​ក្រសួង​មហាផ្ទៃនៅពេលនេះ អាចធ្វើឱ្យពលរដ្ឋមានការចាប់អារម្មណ៍លើថ្នាក់ដឹកនាំបក្សនេះ  កាន់តែខ្លាំង ហើយក៏អាចបង្ហាញថាបក្សកាន់អំណាច​កំពុងព្រួយបារម្ភពីវត្តមានរបស់​បក្សប្រឆាំង​នៅក្នុងការបោះឆ្នោតក្នុងពេលខាងមុខផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ