

មេបក្សកាន់អំណាចលោក ហ៊ុន សែន បន្តអួតអាងថា លោក ជាសហស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាមួយនឹងសម្តេចព្រះនរោត្តម សីហនុ។ ប៉ុន្តែ អ្នកឃ្លាំមើលរិះគន់ថា លោក ហ៊ុន សែន ខ្លួនឯងគឺ ជាអ្នកដែលរំលោភស្មារតីនៃកិច្ចព្រមព្រៀងមួយនេះធ្ងន់ធ្ងរ ហើយថែមទាំងប្រកាសជាសាធារណៈថា «ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានស្លាប់ហើយ»។
ការលើកឡើងនេះ ស្របពេលពលរដ្ឋទាំងក្នុង និងក្រៅប្រទេស កំពុងតែ ប្រារព្ធពិធី រំលឹកខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី២៣ ខែតុលា ដែលជាថ្ងៃខួបលើកទី៣៥នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានបង្ហោះសារដោយរៀបរាប់ថា ប្រសិនបើគ្មានជំនួបរវាងលោក និងសម្ដេចព្រះនរោត្តម សីហនុ កាលពីថ្ងៃទី២ខែធ្នូ ឆ្នាំ១៩៨៧ទេ ក៏គ្មានកិច្ចព្រមព្រៀងនេះដែរ។ លោកអួតទៀតថា លោកគឺជាមនុស្សតែម្នាក់គត់ដែលមានវេទិកាចរចាច្រើនជាងគេ ដើម្បីស្វែងរក សន្តិភាព ក្នុងការជជែកតទល់ជាមួយ សម្ដេចព្រះនរោត្តម សីហនុ លោកតា សឺន សាន និងមេដឹកនាំខ្មែរក្រហម គឺលោក ខៀវ សំផន ដែលលោកហៅថា១ ទល់នឹង៣។
ក្រៅពីនោះលោកបញ្ជាក់ថា ក៏មានដៃគូបរទេសជាច្រើនទៀត ទាំងអ្នកដែល មិនគាំទ្រ និងអ្នកដែលគាំទ្រលោក ដើម្បីជជែកគ្នា រកដំណោះស្រាយសន្តិភាព។ លោកអះអាងថា នៅក្នុងវេទិកានៃការចរចាទាំងនោះ លោកជាមនុស្សដែលមានវ័យក្មេងជាងគេក្នុងចំណោមភាគីកម្ពុជានិងប្រតិភូពីប្រទេសដែលចូលរួម។ លោកក៏បានសរសេរសារ អបអរសាទរខួបលើកទី៣៥ឆ្នាំនៃកិច្ចព្រមព្រៀងប៉ារីស២៣ តុលា ឆ្នាំ១៩៩១។
ទោះជាយ៉ាងណា នៅក្នុងសាររបស់លោកមិនបានបញ្ជាក់លទ្ធផលនៃការអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស របស់គណបក្សប្រជាជន ដែលមានលោកជាប្រធាននោះទេ។
អ្នកឃ្លាំមើលរិះគន់ថា ការមិនហ៊ានវាយតម្លៃនេះ ព្រោះលោក ហ៊ុន សែន ដឹងច្បាស់ថា ចាប់តាំងពីរដ្ឋាភិបាលរបស់លោក ដឹកនាំប្រទេសមក បានរំលោភស្មារតីនៃកិច្ចព្រមព្រៀងនេះ តាំងពី កិច្ចព្រមព្រៀងមួយនេះ បានចាប់កំណើតឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១មកម្ល៉េះ។
ជាក់ស្ដែង ក្រោយពីការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់ (UNTAC) គណបក្សប្រជាជនកម្ពុជា បានចាញ់ឆ្នោត គណបក្ស ហ៊្វុនស៊ិនប៉ិច (FUNCINPEC) ដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប៉ុន្តែគ្រានោះ លោក ហ៊ុន សែន មិនគោរពស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើយ ដោយឡាំប៉ា សុំធ្វើជានាយករដ្ឋមន្ត្រីទី២ ហើយក្រោយមកក៏បានធ្វើរដ្ឋប្រហារទម្លាក់ នាយករដ្ឋមន្ត្រីទី១របស់ គណបក្ស ហ៊្វុនស៊ិនប៉ិច ដើម្បីក្ដោបយកអំណាចតែម្នាក់ឯង។
ក្រៅពីនោះ ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន តែងតែប្រើកលល្បិចនយោបាយទុច្ចរិតធ្វើទុក្ខបុកម្នេញអ្នកនយោបាយបក្សប្រឆាំង ខណៈអ្នកនយោបាយ និងអ្នកវិភាគឯករាជ្យមួយចំនួន ក៏ត្រូវបានស្លាប់ក្រៅប្រព័ន្ធតុលាការជាច្រើនផងដែរ។ រឹតតែធ្ងន់ធ្ងរទៀតនោះ លោក ហ៊ុន សែន បានប្រើប្រាស់តុលាការដើម្បីការពារអំណាចខ្លួន ហើយបញ្ជាឱ្យរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ និងចាប់ឥស្សរជននយោបាយបក្សប្រឆាំងជាច្រើនដាក់ពន្ធនាគារ។
បន្ថែមពីលើនោះ កាលពីឆ្នាំ២០១៧ លោក ហ៊ុន សែន បានថ្លែងសារចំអកឱ្យបក្សប្រឆាំងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ «បានស្លាប់បាត់ទៅហើយ»តាំងពីឆ្នាំ១៩៩៣ ក្រោយពីកម្ពុជាបានប្រកាសប្រើប្រាស់រដ្ឋធម្មនុញ្ញឡើងវិញ។ ទន្ទឹមគ្នានោះលោក ក៏បានដកទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលតម្រូវឱ្យសម្រាកពីការងារទូទាំងប្រទេស ចេញពីប្រតិទិនឈប់សម្រាកសាធារណៈ ប៉ុន្តែមិនដកទិវា៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកងទ័ពវៀតណាមចូលឈ្លានពានទឹកដីខ្មែរនោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា មកទល់ពេលនេះ គឺមិនត្រូវអួតអាងថា នរណាជាស្ថាបនិក ឬមិនស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ ប៉ុន្តែគេ ត្រូវជជែកអំពីលទ្ធផលថាតើ អ្វីខ្លះដែលរដ្ឋាភិបាលបានគោរព ឬមិនគោរពតាម។ លោកសង្កេតឃើញថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលត្រកូលហ៊ុន ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបាន លោក ហ៊ុន សែន យកមកជាន់ឈ្លី និងបំភ្លៃការពិត ដែលធ្វើឱ្យប្រទេសជាតិជួបប្រទះបញ្ហាជាច្រើនពិសេសការរំលោភសិទ្ធិមនុស្ស។ «»
រីឯប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ចាត់ទុកការលើកឡើងរបស់ លោក ហ៊ុន សែន គឺគ្មានតម្លៃនោះទេ ព្រោះលោក ហ៊ុន សែន មិនបានគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយថែមទាំងបង្កើនការធ្វើទុក្ខបុកម្នេញអ្នកនយោបាយបក្សប្រឆាំង ចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសហជីពដាក់ពន្ធនាគារតាមទំនើងចិត្ត។ លោកអះអាងថា ករណីនេះបានធ្វើឱ្យប្រទេសជាតិបាត់បង់ឯកភាពជាតិ ទើបបណ្ដាលឱ្យប្រទេសថៃ ដឹងចំណុចខ្សោយបើកការឈ្លានពានទឹកដីខ្មែរ។ «»
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១ មានគុណតម្លៃ យ៉ាងខ្លាំងដល់កម្ពុជា ព្រោះជាផ្នែកមួយនៃការធានាអធិបតេយ្យភាព បូរណភាពដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជាមិនឱ្យមានការជ្រៀតជ្រែកពីបណ្ដាប្រទេសខាងក្រៅ និងបានបើកផ្លូវឲ្យមានការរៀបចំការបោះឆ្នោតជាសកលដោយអង្គការសហប្រជាជាតិ និងបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣។ ជាមួយគ្នានោះ រដ្ឋាភិបាលត្រូវធានា និងអនុវត្តការលើកម្ពស់សិទ្ធិមនុស្ស ដូចជា ការផ្ដល់សិទ្ធិសេរីភាព ខាងព័ត៌មាន សិទ្ធិបញ្ចេញមតិ និងសិទ្ធិធ្វើនយោបាយជាដើម។
ប៉ុន្តែអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ អ្នកឃ្លាំមើលរិះគន់ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនបានគោរពតាមគោលការណ៍ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ។ ផ្ទុយទៅវិញ ពួកគេ កំពុងតែសប្បាយអរលើការក្ដោបក្ដាប់អំណាច តាមបែបផ្តាច់ការផ្ទុយពីរដ្ឋធម្មនុញ្ញ និងការប្រើប្រាស់ប្រព័ន្ធតុលាការជាអាវុធ ដើម្បីធ្វើទុក្ខបុកម្នេញ និងបំបិទមាត់ពលរដ្ឋមិនឱ្យនិយាយស្ដីអំពីបញ្ហាអយុត្តិធម៌សង្គម និងបញ្ហាបូរណភាពទឹកដីជាដើម។
ពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះដែរ ក្រុមអង្គការសង្គមស៊ីវិលចំនួន៣០ស្ថាប័ន នៅថ្ងៃទី២៣ ខែតុលា បានចេញសេចក្ដីថ្លែងការណ៍ ដោយសម្ដែងការសោកស្ដាយជាខ្លាំង ក្រោយពីអាជ្ញាធរក្រុងភ្នំពេញ បានហាមពួកគាត់មិនឱ្យប្រារព្ធខួបលើកទី៣៥នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរាជធានីភ្នំពេញ។
ទន្ទឹមគ្នានោះពួកគាត់ថា អាជ្ញាធរក្រុងភ្នំពេញកាន់តែបង្កើនការរឹតត្បិតសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្តិវិធី នៅទីសាធារណៈ ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគាត់បញ្ជាក់ថា ការរឹតត្បិតនេះ ធ្វើឱ្យលំហនៃការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលកំពុងរួមតូចស្រាប់ ឱ្យកាន់តែលែងមាននៅក្នុងសង្គមកម្ពុជា។ ហើយ ពួកគាត់ចាត់ទុកការរឹតត្បិតនេះ ជាការអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពនៃទីក្រុងប៉ារីស។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានទទូចឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរតែពិចារណា កំហុសឆ្គង នៃការអនុវត្តច្បាប់ទម្លាប់ឡើងវិញ និងគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យបានត្រឹមត្រូវដោយផ្ដោតលើការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និង គោរពសិទ្ធិមនុស្សជាចម្បង តាមរយៈការបើកលំហឱ្យមានពលរដ្ឋគ្រប់រូប មានសិទ្ធិពេញលេងក្នុងជួបជុំ និងសម្ដែងមតិដោយគ្មានការរឹតត្បិត៕









