សង្គមស៊ីវិល​បារម្ភអំពីភាពចង្អៀតណែនកាន់តែធ្ងន់ធ្ងរ​នៅ​ក្នុង​ពន្ធនាគារ

0
95
ទណ្ឌិត​ជា​ស្រ្ដី​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី​៩៩ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១០។ Photo​ Courtesy of RFA
ទណ្ឌិត​ជា​ស្រ្ដី​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី​៩៩ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១០។ Photo​ Courtesy of RFA

ក្រុម​អង្គការ​សង្គមស៊ីវិល ធ្វើការលើបញ្ហាសិទ្ធិមនុស្ស ព្រមានពីភាពចង្អៀតណែននៅក្នុងពន្ធនាគារកម្ពុជាកំពុងកើនឡើងកាន់តែខ្លាំង ដោយសារតែការចាប់ខ្លួនពាក់ព័ន្ធនឹងការបង្ក្រាបបណ្តាញឆបោកតាមអនឡាញ និងបទល្មើសគ្រឿងញៀន។ ការអះអាងនេះ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារបានផ្ទេរអ្នកជាប់ឃុំចំនួនជិត២ពាន់នាក់ (១,៨៣៧នាក់) ពី​ពន្ធនាគាររាជធានីភ្នំពេញ ឬ PJ ទីតាំងចាស់​ទៅកាន់ពន្ធនាគាររាជធានីភ្នំពេញថ្មី។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការកើនឡើងនៃចំនួនអ្នកជាប់ឃុំបានធ្វើឱ្យពន្ធនាគារជាច្រើនប្រឈមនឹងភាពចង្អៀតណែនកាន់តែខ្លាំង។ លោកថា ការផ្ទេរអ្នកជាប់ឃុំពីពន្ធនាគារដែលមានភាពចង្អៀតណែនខ្លាំងទៅកាន់ទីតាំងដែលមានកន្លែងទំនេរច្រើនជាង អាចជួយដោះស្រាយបញ្ហាបានក្នុងកម្រិតមួយ ប៉ុន្តែមិនមែនជាដំណោះស្រាយរយៈពេលវែងទេ ប្រសិនបើចំនួនអ្នកជាប់ឃុំនៅតែបន្តកើនឡើង។

លោកបានលើកឡើងថា ការកើនឡើងនៃការចាប់ខ្លួនពាក់ព័ន្ធនឹងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) និងបទល្មើសគ្រឿងញៀន គឺជាកត្តាមួយក្នុងចំណោមកត្តាដែលលោកថាបានរួមចំណែកដល់ការកើនឡើងនៃចំនួនអ្នកជាប់ឃុំ។ លោក​ថា អាជ្ញាធរបានពង្រីកអគារពន្ធនាគារ និងសាងសង់កន្លែងឃុំខ្លួនបន្ថែម ប៉ុន្តែវិធានការទាំងនេះនៅមិនទាន់អាចឆ្លើយតបទៅនឹងកំណើននៃចំនួនអ្នកជាប់ឃុំបានទេ។

លោក អំ សំអាត៖ «យើងឃើញថា ការឃុំខ្លួនបណ្ដោះអាសន្ននេះ វាមានច្រើន ស្ទើរតែជាងពាក់កណ្ដាល នៃជនជាប់ឃុំ សុទ្ធតែ ជាជន​ដែលត្រូវបានឃុំខ្លួនបណ្ដោះអាសន្នហ្នឹង។ អញ្ចឹងគួរតែពិនិត្យមើលទៅលើបញ្ហាទាំងអាយហ្នឹង ហើយឬការចោទប្រកាន់ ផ្សេងៗទៀត បើសិនជា មិនមានធាតុផ្សំ ឬក៏ហេតុផលនៅក្នុងការចោទប្រកាន់តាមផ្លូវច្បាប់ ឬក៏ភស្តុតាងគ្រប់គ្រាន់ទេ អាហ្នឹង ព្រះរាជអាជ្ញាគួរតែពិនិត្យមើលទៅលើបញ្ហាហ្នឹងផង»។

លោកបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ រួមទាំងតុលាការ និងក្រសួងយុត្តិធម៌ ចូលរួមដោះស្រាយបញ្ហានេះ ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តការឃុំខ្លួនបណ្តោះអាសន្ន។ លោកក៏បានព្រមានថា ប្រសិនបើចំនួនអ្នកជាប់ឃុំបន្តកើនឡើង ភាពចង្អៀតណែនអាចប៉ះពាល់ផ្លូវអារម្មណ៍របស់អ្នកជាប់ឃុំ ហើយអ្នកមានជំងឺរ៉ាំរ៉ៃ ស្ត្រីមានផ្ទៃពោះ និងកុមារដែលនៅជាមួយម្តាយ អាចប្រឈមនឹងបញ្ហាសុខភាព។

ការព្រមានរបស់មន្ត្រីសិទ្ធិមនុស្ស រូបនេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី២៩ ខែកញ្ញា បានផ្ទេរអ្នកជាប់ឃុំចំនួនជិត២ពាន់( ១,៨៣៧) នាក់ ពីពន្ធនាគាររាជធានីភ្នំពេញ ឬ PJ ទីតាំងចាស់ ទៅកាន់ពន្ធនាគាររាជធានីភ្នំពេញថ្មី នៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងប្រព័ន្ធពន្ធនាគារ។

អគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា ទីតាំងពន្ធនាគារ PJ ចាស់ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតជាមណ្ឌលអប់រំកែប្រែទី៥។ មណ្ឌលថ្មីនេះនឹងផ្តល់កម្មវិធីអប់រំកែប្រែ និងស្តារនីតិសម្បទា ព្រមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ដើម្បីជួយអ្នកជាប់ឃុំត្រៀមខ្លួនសម្រាប់ការធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ បន្ទាប់ពីបញ្ចប់ការអនុវត្តទោស។

អគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ថា គិតត្រឹមពេលបច្ចុប្បន្ន កម្ពុជាមានអ្នកជាប់ឃុំសរុប ៦៧,៦៧៧នាក់ ក្នុងនោះស្ត្រីមានចំនួន ៤,៥៣០នាក់។ ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់ មានជនត្រូវចោទ ២២% ជនជាប់ចោទ ១០% ពិរុទ្ធជន ៣៧% និងទណ្ឌិត ៣១%។

បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារដដែល អ្នកជាប់ឃុំជាង ៦ម៉ឺននាក់ មានអ្នកពាក់ព័ន្ធគ្រឿងញៀនចំនួន ៣៤ ៥១០នាក់ ឬសើ្មនឹង ប្រមាណ៥១ភាគរយ , បទល្មើស Online Scam ២ ៥៥៤នាក់, ក្មេងទំនើង ចំនួន ៣ ០១០នាក់។ ក្រៅពីនេះ គឺបទល្មើសទូទៅផ្សេងទៀត។

អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារ លោក ឈន សាណាត ធ្លាប់មានប្រសាសន៍កន្លងមកថា ជនជាប់ឃុំ ពេលខ្លះ មានអារ្មណ៍ចង់ធ្វើអត្តឃាត ចង់លួចរត់គេច ចង់ធ្វើបាតុកម្ម ឬកុបកម្ម ក្នុងពន្ធនាគារ។ លោកថា ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គ្រោងយកអគារដែលពាក់ព័ន្ធនឹង Online Scam ក្នុង ភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ធ្វើជាមណ្ឌលអប់រំក្រែប្រែ។

ជុំវិញបញ្ហាចង្អៀតណែននេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អែនឌ្រូ (Tom Andrews) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍បិទបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជា កាលពីខែកក្កដា ថា ពន្ធនាគារកម្ពុជា នៅតែប្រឈមនឹងបញ្ហាភាពចង្អៀតណែន និងបន្ទុកលើសសមត្ថភាព។ លោកជំរុញឱ្យរាជរដ្ឋាភិបាលបន្តកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកាត់បន្ថយការឃុំខ្លួនដែលមិនចាំបាច់។

លោក ថម អែនឌ្រូ បានថ្លែងថា ពន្ធនាគារជាច្រើនដែលលោកបានទៅទស្សនា មានចំនួនអ្នកជាប់ឃុំលើសសមត្ថភាព ដែលធ្វើឱ្យប៉ះពាល់ដល់លក្ខខណ្ឌរស់នៅ ការថែទាំសុខភាព និងសុខុមាលភាពរបស់អ្នកជាប់ឃុំ។ វាជាបញ្ហាដែលទាមទារឱ្យមានដំណោះស្រាយជាបន្ទាន់។

ក្រុមអង្គការសង្គមស៊ីវិលអះអាងថា ចំនួនអ្នកជាប់ឃុំចង្អៀតណែន តាមបណ្ដាពន្ធនាគារ បានក្លាយជាបញ្ហាចោទ របស់មន្ត្រី ពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រង ដ្បិតមិនអាចបែងចែក ឬកំណត់ចំនួនអ្នកជាប់ឃុំ តាមបទតាមបទដ្ឋានច្បាប់កំណត់ និងរៀបចំអ្នកជាប់ឃុំតាមប្រភេទបទល្មើសបានឡើយ។ លើសពីនេះ ក៏មិនអាចបែងចែងអ្នកមានជំងឺឆ្លងផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ