មន្ត្រី​បក្ស​កម្លាំងជាតិ​នៅ​​កំពត ១រូប​ទៀត​រង​ការ​ចាប់​ខ្លួន ទោះបី​កម្ពុជា​រវល់​កិច្ច​ប្រជុំ​ហ្វ្រង់កូហ្វូនី

0
2
ប្រធាន​គណៈកម្មា​ធិការ​ប្រតិបត្តិ​គណបក្ស​កម្លាំងជាតិ​ក្រុង​បូកគោ លោក បេង រ៉ាវ័យ។ រូប៖ បណ្ដាញសង្គម
ប្រធាន​គណៈកម្មា​ធិការ​ប្រតិបត្តិ​គណបក្ស​កម្លាំងជាតិ​ក្រុង​បូកគោ លោក បេង រ៉ាវ័យ។ រូប៖ បណ្ដាញសង្គម

អាជ្ញាធរ​របបក្រុង​ភ្នំពេញ​បន្ត​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​១រូប​ទៀត ខណៈ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​នឹង​ចាប់ផ្តើម​បើក​នៅថ្ងៃ​ស្អែក​នេះ។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា ការ​បន្ត​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង និង​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស ពលរដ្ឋ និង​បរិស្ថាន​ជាដើម អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ទំនាក់​ទំនង​ការទូតជាមួយសហគមន៍អន្តរជាតិ។

ស្រប​ពេល​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ជាច្រើន កំពុង​មាន​វត្តមាន​ជា​បន្តបន្ទាប់​នៅ​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​ដែល​នឹង​ចាប់​ផ្តើម​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី១៤ វិច្ឆិកា នេះ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បន្ត​ធ្វើ​ទុក្ខ​បុកម្នេញ និង​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ជំទាស់​ជា​បន្ត​បន្ទាប់។

ជាក់ស្តែង កាល​ពីថ្ងៃ​ទី១០ វិច្ឆិកា ប្រធាន​គណៈកម្មា​ធិការ​ប្រតិបត្តិ​គណបក្ស​កម្លាំងជាតិ​ក្រុង​បូកគោ លោក បេង រ៉ាវ័យ អាយុ ៤២ឆ្នាំ ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្ត​កំពត ចាប់ខ្លួន ក្រោយ​រូបគាត់​ត្រូវ​បាន​គេ​បញ្ឆោត​ហៅ​ឱ្យ​ទៅ​ទីស្នាក់​ការ​សង្កាត់​ព្រែក​ត្នោត ក្នុង​ក្រុង​បូកគោ។

អ្នកនាំ​ពាក្យ​គណបក្ស​កម្លាំងជាតិ លោក សុខ គឹមសេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ប្រើប្រាស់​គ្រប់​រូបភាព​ក្នុង​ការ​ឃាត់ខ្លួន​សកម្មជន​គណបក្ស​កម្លាំង​ជាតិ ដូចជា​ការ​ហៅ​ទៅ​ជួប ឬ​ហៅ​ទៅ​ពិភាក្សា​នៅ​កន្លែង​ណា​មួយ រួច​ហើយ​ក៏ចាប់​ខ្លួន​តែម្តង ដោយ​មិនបាន​ប្រើ​ប្រាស់​គោល​ការណ៍​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ លោកថា អាជ្ញាធរ​ចាប់ខ្លួន លោក បេង រ៉ាវ័យ ដោយ​គ្មាន​មូលហេតុ​ឡើយ។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល គួរមាន​ការ​ប្តេជ្ញា​ចិត្តខ្ពស់​ក្នុង​ការ​អនុវត្ត​គោល​ការណ៍​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស​ស្រប​តាមរដ្ឋ​ធម្មនុញ្ញ​ដែល​ប្រជាពលរដ្ឋ​ជាម្ចាស់​អំណាច មាន​សិទ្ធិ​ចូលរួម​នយោបាយ និង​បញ្ចេញមតិ ហើយ​គួរ​អនុវត្ត​ឲ្យ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់។

«គោល​ដៅ​របស់​គណបក្ស​កម្លាំង​ជាតិ យើង​អត់មាន​អីផ្សេង​ក្រៅ​អំពី​ការចូលរួម​ការ​បោះឆ្នោត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ទេអឺ​ដែល​រៀបចំ​ដោយ​អឺ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ តែ​បើសិន​ជាបន្ត​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់អឺ​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជាពិសេស​គណបក្ស​កម្លាំង​ជាតិ​អឺការ​បោះឆ្នោត​ទៅថ្ងៃ​ខាងមុខ​អឺយើង​ពិបាក​នៅក្នុង​ការ​អឺទទួល​ថា ជាអឺ​ការរៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ណាស់។»

លោក សុខ គឹមសេង

ការ​ចាប់ខ្លួន​លោក បេង រ៉ាវ័យ គឺកើត​ឡើង​ក្នុងថ្ងៃ​តែមួយ​ជាមួយ​ការចាប់ខ្លួន​សមាជិក​គណៈកម្មាធិការ​នាយក និង​ជាសមាជិក​ក្រុម​ការងារ​នៃ​គណបក្ស​កម្លាំងជាតិ ខេត្តកំពត លោក ឆាយ ជំនោ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដោយ​គ្មាន​មូលហេតុ​ដូចគ្នា​កាល​ពីថ្ងៃ​​ទី១០ វិច្ឆិកា។

ទូរទស្សន៍​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កំពត លោក ម៉ៅ ចន្ទ័មធុរិទ្ធ ដើម្បី​សុំការ​បំភ្លឺ​ជុំវិញ​រឿងនេះ​បានទេ នៅ​ថ្ងៃ​ទី១៣ ខែវិច្ឆិកា​នេះ ។

បើ​តាម លោក សុខ គឹមសេង គិតត្រឹម​ថ្ងៃ​ទី១៣ វិច្ឆិកា​នេះ មាន​សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​សរុប​ចំនួន ២១ នាក់​ហើយ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ ខណៈ ៨រូប​ផ្សេង​​ទៀត បាន​បំពេញ​លក្ខខណ្ឌ​ច្បាប់​នៅ​ក្រៅឃុំ។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ហាក់​មិន​ឆ្លើយតប​ជាវិជ្ជមាន​នឹង​សំណើរ​របស់​អន្តរជាតិ ដែល​កំពុង​ទទូច​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន ជាបន្ត​បន្ទាប់​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​នេះ​ឡើយ។ លោកថា ការ​បន្ត​ចាប់ខ្លួន​សកម្មជន​នយោបាយ​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ការ​រឹតត្បិត​សេរីភាព​របស់​សកម្មជន​នយោបាយ​នៅមុន​ការ​បោះឆ្នោត។ លោក​អះអាង​ថា បើ​រដ្ឋាភិបាល​នៅតែ​បន្ត​អូស​បន្លាយ​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​ស្លូតត្រង់​បន្ត​ទៀត​នោះ វានឹង​ជះឥទ្ធិពល​មិនល្អ​ដល់​ដំណើរការ​នៃ​ការ​កសាង​ប្រទេស ការផ្សះផ្សា ការ​បង្រួប​បង្រួម​ជាតិ និងធ្វើ​ឲ្យស្ថាន​ភាពនៃ​ការ​គោរព​សិទ្ធិមនុស្ស​កាន់​តែ​ធ្លាក់ចុះ​ជាង​នេះ​ទៀត។

«យើង​សង្ឃឹម​ថា ការ​បោះឆ្នោត​នាពេល​ខាង​មុខ គួរ​ណាស់​តែ​រដ្ឋាភិបាល អាជ្ញាធរ​មាន​ការ​បើក​ឲ្យ​ទូលាយ​នូវអឺ​សេរីភាព​ខាងអឺ​នយោបាយ ខាង​ការ​បញ្ចេញ​មតិ សេរីភាព​ជួបជុំ​សមាគម​អីជា​ដើម​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​ឃើញ​ថា អាជ្ញាធរ​នៅតែ​បន្ត​ធ្វើការ​ចាប់ខ្លួន ធ្វើការ​យាយី អឺ​ទៅ​ដល់​សកម្មជន​ទាំង​អស់​ហ្នឹង​អឺ​តទៅ​ទៀត។ ដូច្នេះ អ្វី​ដែល​ខ្ញុំ​យល់​ថា ប្រសិន​ជាការ​បន្តអូស​បន្លាយ​នៅតែមានការ​អូស​បន្លាយក្នុងការ​ធ្វើ​ទុក្ខ​បុកម្នេញទៅលើសកម្មជននយោបាយ សកម្មជន​អីទាំង​អស់ហ្នឹង​តទៅទៀតទេ មិនមែន​ជាផល​ល្អសម្រាប់អឺ​រដ្ឋាភិបាលកម្ពុជា​ក្នុង​ការអឺ​ផ្សារភ្ជាប់នូវ​ទំនាក់ទំនងល្អ​ កិច្ច​សហប្រតិបត្តិការ​ល្អជាមួយ​បណ្តាប្រទេស​ ពិសេសគឺអឺប្រទេស​ដែលក្នុងអឺ​ជា​សហគមន៍​អឺរ៉ុប​ទេបាទ»។

លោក នី សុខា

ខណៈអាជ្ញាធរ​បង្កើន​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​បក្សប្រឆាំង​ឥត​ឈប់ឈរ សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស និង លទ្ធិប្រជា​ធិបតេយ្យ នៅ​កម្ពុជា ដែល​កំពុង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង។ ពួកគាត់​អំពាវនាវ​ឲ្យរដ្ឋាភិបាល​កម្ពុជា ធានា​នូវសិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ លើក​កម្ពស់​ការ​ចូលរួម​តាម​បែប​ប្រជា​ធិបតេយ្យ ដោះលែង​អ្នកទោស​នយោបាយ និង​មនសិការ​ជាង១០០នាក់ ដែល​កំពុង​ជាប់ឃុំ​ដោយសារ​ការប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន។

ចំណែក គណបក្ស​កម្លាំង​ជាតិ អំពាវនាវ​ដល់​អាជ្ញាធរ​បញ្ឈប់ការ​ចាប់ខ្លួន​ថ្នាក់​ដឹកនាំ យុវជន និង​សកម្មជន​គណបក្ស​ប្រឆាំង និង​ដោះលែង​លោក បេង រ៉ាវ័យ និង​អ្នកទោស​មនសិការ​ទាំងអស់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ