អ្នកឃ្លាំមើល​ថា ការ​មិន​ផ្ដន្ទាទោស​មន្ត្រី និង​ឧកញ៉ា​ពាក់ព័ន្ធ​ការ​ឆបោក​​អនឡាញ បង្ហាញ​ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ពោរពេញ​ដោយ​ពុករលួយ​ធ្ងន់ធ្ងរ

0
124
ឧកញ៉ា​មានឥទ្ធិពល ​៣រូប (ពីឆ្វេង) លោក លី យ៉ុងផាត់ លោក កុក អាន និង​លោក ហ៊ុន តូ។ រូប៖ បណ្ដាញសង្គម
ឧកញ៉ា​មានឥទ្ធិពល ​៣រូប (ពីឆ្វេង) លោក លី យ៉ុងផាត់ លោក កុក អាន និង​លោក ហ៊ុន តូ។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​ថា ការដែល​រដ្ឋាភិបាល មិន​បើក​ការស៊ើបអង្កេត ចាប់ខ្លួន​មន្ត្រី​និង​ឧកញ៉ា​មួយចំនួន ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ យក​មក​ផ្ដន្ទាទោស ឱ្យ​បាន​ត្រឹមត្រូវ​គឺ​ឆ្លុះបញ្ចាំង ឱ្យឃើញ​ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋ ពោរពេញ​ដោយ​អំពើពុករលួយ​ធ្ងន់ធ្ងរ​។ ការ​លើកឡើង​នេះ ក្រោយ​ពី​សារព័ត៌មាន​អន្តរជាតិ របស់​ចក្រភព​អង់គ្លេស បាន​រក​ឃើញ​ភស្តុតាង​ជាថ្មី នៅក្នុង​អគារ​របស់ អ្នក​មាន​អំណាច​ម្នាក់​គឺ​ឧកញ៉ា លឹម ហេង ក្នុង​តំបន់​អូរស្មាច់ ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម ឆបោក​តាម​អនឡាញ និង​អំពើ​ជួញ​មនុស្ស​ដោយ​ខុសច្បាប់។

អ្នកឃ្លាំមើលលើកឡើង​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ លំដាប់​អន្តរជាតិ ដែល​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ រួម​នឹង ស្ថាប័ន​ស៊ើបអង្កេត​មួយចំនួន ដូចជា​សហរដ្ឋអាមេរិក ជាដើម បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង មន្ត្រី រដ្ឋាភិបាល និង​ឧកញ៉ា មួយចំនួន នៅ​កម្ពុជា នៅតែ ជា​បញ្ហា ដ៏​ធំ ដែល​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនទាន់​បាន​បើក​ស៊ើបអង្កេត និង​ចាប់ខ្លួន​អ្នក​ទាំងនោះ មក​ផ្ដន្ទាទោស​នោះ​ទេ​។​ពួកគាត់​ថា ករណីនេះ ជា​ការ​បរាជ័យ​ដ៏​ធំ​នៃ​ការ​បោសសម្អាត ឧក្រិដ្ឋ​ឆបោក​តាម​អនឡាញ នៅ​កម្ពុជា របស់​លោក ហ៊ុន ម៉ាណែត។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ខែកក្កដា​ថា កាលណា​រដ្ឋាភិបាល​មិន​ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​មក​លើ​មន្ត្រី​រដ្ឋាភិបាល និង​ឧកញ៉ា​មួយចំនួន ដែល​សហគមន៍​អន្តរជាតិ​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​អំពី​វប្បធម៌​និទ្ទណ្ឌភាព និង ភាព​គ្មាន​ការ​ខ្មាសអៀន​របស់​មេដឹកនាំ​នៅ​កម្ពុជា។

លោ​កថា​ថ្មីៗ​នេះ សារព័ត៌មាន​Reuters​បាន​រក​ឃើញ​ទីតាំង​ឆបោក​តាម​អនឡាញ និង​កិច្ចសន្យាជួល​អគារ​យ៉ាង​ច្បាស់លាស់ ពាក់ព័ន្ធ​អ្នក​មាន​អំណាច និង​ឧកញ៉ា នៅ​កម្ពុជា ដែល​បាន​ជួល​អគារ​ឱ្យ​ក្រុម​ឆបោក​តាម​អនឡាញ នៅ​តំបន់​អូរ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ ដែល​ករណីនេះ​លោក​ថា ជា​រឿង​ពិត​ជាក់ស្ដែង មិនអាច​កែប្រែ​បាន​នោះ​ទេ។

លោក​ថា ការដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជ្រើសរើស​រក្សា​ភាព​ស្ងៀមស្ងាត់ និង​មិន​ព្រម​ចាត់វិធានការ​ណាមួយ លើ​បុគ្គល​ដែល​មាន​អំណាច និង​ឧកញ៉ា​ទាំងនេះ បាន​ធ្វើ​ឱ្យ​ការប្រកាស​ក្ដែងៗ របស់​លោក ហ៊ុន ម៉ា​ណែ​ត អំពី​យុទ្ធនាការ បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ បាន​ក្លាយ​ជា​ការ​ភូតភរ​ដ៏​ធំ​មួយ និង​គ្រាន់តែ​ជា​រូបភាព​សម្ដែង​បង្គ្រប់កិច្ច ដើម្បី​បោកប្រាស់​ភ្នែក​សហគមន៍​អន្តរជាតិ​តែប៉ុណ្ណោះ។

លោក​ជឿជាក់​ថា រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» គ្មាន​សមត្ថភាព ក្នុង​ការ​លុបបំបាត់​ឧស្សាហកម្ម​ខុសច្បាប់​ទាំងនេះ​បាន​ឡើយ ដរាបណា ឧកញ៉ា ដែល​ជា​របង​ការពារ​អំណាច​នយោបាយ និង​ជា​ប្រភព​លុយកខ្វក់ នៅតែ ត្រូវ​បាន​ការពារ​យ៉ាង​ក្រាស់ក្រែល​បែបនេះ​។ លោក​បន្ត​ថា ការ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ការ​ព្រងើយកន្តើយ​របស់​រដ្ឋាភិបាល ចំពោះ​ការ​រកឃើញ​ជា​បន្តបន្ទាប់​របស់​ស្ថាប័ន​អន្តរជាតិ ឬក៏​បណ្ដាញសារព័ត៌មាន​អន្តរជាតិ មិន​ត្រឹមតែ​បង្ហាញ​អំពី​អសមត្ថភាព​របស់​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋ បាន​ធ្លាក់​ដុនដាប​ទៅជា​រដ្ឋ​ម៉ាហ្វៀ (Mafia State) ឬ​ជា​ប្រព័ន្ធ​អភិបាលកិច្ច​ពុករលួយ​ដ៏​ពិបាក​នឹង​កែប្រែ។

រីឯ​ប្រព័ន្ធ​ច្បាប់​វិញ លោ​ក​ថា ត្រូវ​បាន​បក្ស​កាន់អំណាច ប្រើប្រាស់​ជា​ឧបករណ៍​ដើម្បី​តែ​ការពារ​បក្ខពួក​ខ្លួនឯង និង ដើម្បី​រឹតត្បិត ការ​បញ្ចេញមតិ ឬ​ការ​លាតត្រដាង​ផ្សេងៗ​របស់ អ្នក​ដែល​បារម្ភ​អំពី​កេរ្តិ៍ឈ្មោះ ប្រទេសជាតិ​។ លោក​បារម្ភ​ថា វិបត្តិ​ដ៏​រ៉ាំរ៉ៃ​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់ នៅក្នុង​ស្រុក បាត់បង់​តម្លៃ​ទាំងស្រុង ដោយ​ងាក​មក​បំពេញ​តួនាទី​ត្រឹមតែ​ជា​ខែល​ការពារ​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន និង​បំបិទមាត់​អ្នក​រិះគន់​ក្នុងស្រុក​មិន​ឱ្យ​និយាយ​ស្ដី។

ទន្ទឹមគ្នា​នោះ លោក​ថា ភាព​ទន់ខ្សោយ និង​អំពើពុករលួយ​ជា​ប្រព័ន្ធ បាន​ក្លាយជា​អន្ទាក់​អសន្តិសុខ​ដ៏​គ្រោះថ្នាក់​បំផុត ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់ ប្រៀប​ការទូត នៅ​លើ​ឆាក​អន្តរជាតិ ហើយ​កាន់តែ​បង្ក​លេស ស្របច្បាប់​ដល់​ប្រទេស​ថៃ ក្នុង​ការ​ឈ្លានពាន និង​រំលោភបំពាន​លើ​ដែន​អធិបតេយ្យ របស់​កម្ពុជា​នៅ​តាម​ព្រំដែន ដែល​រហូតដល់​ពេលនេះ ក្រោម​រូបភាព​នៃ​ការ​ចូល​មក​កម្ទេច​សំបុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​កម្ពុជា​បាន​លាក់បាំង។

លោក សេង វណ្ណ​លី៖ «​ខ្ញុំ​យល់ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ឬក៏​បដិសេធ​មិន​ចាត់វិធានការ​លើ​បុគ្គល​ដែល​ត្រូវ​បាន​អន្តរជាតិ​រក​ឃើញ ជាពិសេស​ជាប់​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក និង​ការ​លាង​លុយកខ្វក់ ខ្ញុំ​គិតថា​នឹង​ធ្វើ​ឱ្យ​កម្ពុជា មិន​ត្រឹមតែ​ខូច​កេរ្តិ៍ឈ្មោះ​ទេ ប៉ុន្តែ​បូរាណ​ភាព​ទឹកដី និង​ឯករាជ្យ​ភាព​ជាតិ​របស់​កម្ពុជា​នឹង​ត្រូវ​រលាយ​បន្តិច​ម្ដងៗ ហើយនឹង​រុញច្រាន​កម្ពុជា​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ភាព​ឯកោ ដាច់​ឆ្ងាយ​ពី​ពិភពលោក​ទាំងស្រុង​ជាមិនខាន»។

ការ​លើកឡើង​នេះ​ក្រោយពី​សារព័ត៌មាន អន្តរជាតិ​របស់​ចក្រ​ភព​អង់គ្លេស​ដ៏​ល្បី គឺ Reuters បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ដោយ​រកឃើញ​ថា មាន​កាស៊ីណូ​ឈ្មោះ រ៉ូយ៉ាល់ ហៀល (The Royal Hill )​នៅ​តំបន់ ច្រក​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ ថា​ជាទី​តាំង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆបោក តាម​អនឡាញ​ដ៏​ធំ​មួយ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​មានអំណាច ម្នាក់​នៅ​កម្ពុជា នោះ​គឺ​អ្នកឧកញ៉ា លឹម ហេង ជា​ម្ចាស់​ក្រុមហ៊ុន Lim Heng Group ដែល​បាន​ជួល​ឲ្យ​ជនជាតិ​ចិន យក​ធ្វើជា​ទីតាំង​ប្រតិបត្តិការ ឆបោក​តាម​អនឡាញ និង​ការ​ជួញដូរ​មនុស្ស។

ក្នុង​នោះ​ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) បាន​រកឃើញ​ភស្តុតាង​ជាក់ស្ដែង​នៅក្នុង​អគារ​កាស៊ីណូ ដូចជា កិច្ចសន្យាជួល​អគារ​ចំនួន​បី​ក្នុង​​តម្លៃ ២​សែន​(២០០.០០០) ដុល្លារ​ក្នុង​មួយ​ខែ ដែល​ចុះហត្ថលេខា ដោយ​បុគ្គលិក​របស់​ក្រុមហ៊ុន​កាស៊ីណូ Royal Hill ព្រមទាំង​ការ​រកឃើញ​បន្ទប់​ដែល​ត្រូវ​បាន​កែច្នៃ​ធ្វើជា​ប៉ុស្តិ៍​ប៉ូលិស និង​ការិយាល័យ​ធនាគារ​ក្លែងក្លាយ ដើម្បី​ធ្វើ​ប្រតិបត្តិការ បោកប្រាស់ មនុស្ស នៅ​ទូទាំង​ពិភពលោក​។ ទោះជា​យ៉ាងណា​សារព័ត៌មាន​រ៉យទ័រ បាន​បញ្ជាក់​ថា មិនឃើញ មាន​ភស្តុតាង ដែល​បង្ហាញថា ក្រុមហ៊ុន Lim Heng Group របស់​អ្នកឧកញ៉ា លឹម ហេង ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​លើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នោះ​ទេ។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន Lim Heng Group និង អ្នកឧកញ៉ា លឹម ហេង ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១៦ ខែ​កក្កដា។

បច្ចុប្បន្ន​ទីតាំង កាស៊ីណូ​ឈ្មោះ រ៉ូយ៉ាល់ ហៀល (The Royal Hill ) របស់​ក្រុមហ៊ុន Lim Heng Group​នេះ ត្រូវ​បាន​ភាគី​ថៃ ចូលកាន់​កាប់​ដោយ​ខុសច្បាប់ ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០២៥ ក្រោយពី​យោធា​ថៃ បាន​បង្ក​សង្គ្រាម​ឈ្លានពាន យក​ទឹកដី​ខ្មែរ​។ ទីតាំង ជាប់​ព្រំដែន​ថៃ​មួយ​នេះ តែង​ឃើញ​មាន អ្នកសារព័ត៌មាន​ថៃ និង​បរទេស ចូល​ទៅ​ក្នុង​បរិវេណ​កាស៊ីណូ និង​អគារ​ជាច្រើន​ទៀត​នៅ​តំបន់​នោះ ដើម្បី​ផ្ដិត​រូបភាព និង​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដែល​ធ្វើឡើង​តាម​ការ​សម្របសម្រួល​ពី​អាជ្ញាធរ​ថៃ ក្នុង​គោលដៅ​វាយប្រហារ​មក​លើ​ភាគី​កម្ពុជា។

ទោះជា​បែបនេះ​ក្ដី អ្នកឃ្លាំមើល លើកឡើង​ថា សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ នេះ ជា​សក្ខីកម្ម​ជាក់ស្ដែង ដែល​លោក ហ៊ុន ម៉ា​ណែ​ត មិន​គួរ​មើល​រំលង ឬ​ធ្វើ​មិនដឹងមិនឮ​បាន​នោះ​ទេ ប៉ុន្តែ ត្រូវតែ បើក​ការស៊ើបអង្កេត នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ចំពោះ​បុគ្គល​ដែល បាន​បាន​រក​ឃើញ​ពាក់ព័ន្ធ ក្នុង​ឧក្រិដ្ឋកម្ម ឆបោក​នេះ។

ក្រៅតែ​ពី​ឧកញ៉ា លឹម ហេង ម្ចាស់​ក្រុមហ៊ុន លឹម ហេង ក្រុប ក៏​មាន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ដូចជា​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត និង​សមាជិក​ព្រឹទ្ធសភា លោក កុក អាន របស់​គណបក្ស​ប្រជាជន​កម្ពុជា រួម​នឹង​ក្មួយបង្កើត​របស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន តូ ជាដើម ក៏​សុទ្ធសឹងតែ ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម ឆបោក​តាម​អន​ឡាញ់ ដ៏​ធំ​នៅ​កម្ពុជា​។ ជាមួយគ្នា​នោះ ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម និង​បង្កក​ទ្រព្យសម្បត្តិ រាប់​លាន់​ដុល្លារ លើក​អ្នក​ទាំងនោះ ក្រោយពី​ឃើញថា ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ និង​អំពើ​ជួញដូរ​មនុស្ស​ខុសច្បាប់​នៅ​កម្ពុជា។

កាលពី​ថ្ងៃទី​២៧ ខែមិថុនា លោក ហ៊ុន ម៉ាណែត អះអាង​ថា កន្លង​មក​នេះ​ប្រទេស​កម្ពុជា​បាន​រង​ការវាយប្រហារ​យ៉ាង​ខ្លាំង ថា ជា​កន្លែង​ដែល​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ រស់នៅ​ដោយ​សុខសាន្ត ក៏ប៉ុន្តែ លោក​ថា បច្ចុប្បន្ន​នេះ មាន សារព័ត៌មាន​ជាច្រើន​លើសលប់ បាន​ងាក​មក​សរសើរ​កម្ពុជា​វិញ ក្រោយពី​កម្ពុជា​បាន​បើក​ប្រតិបត្តិការ បង្ក្រាប​ឧក្រិដ្ឋជន ដោយ​ជោគជ័យ ហើយក៏ មាន​បណ្ដា​ប្រទេស​មួយចំនួន បាន​ស្នើ​ឱ្យ​កម្ពុជា ចែករំលែក បទពិសោធន៍ ផង​ដែរ។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​ថា បច្ចុប្បន្ន​ក្រុម​ឧក្រិដ្ឋជន ឆបោក​តាម​អនឡាញ នៅតែ​បន្ត​ប្រតិកម្ម​ការ​ដដែល គ្រាន់តែ ដូរ​វិធីសាស្ត្រ​ថ្មី​ប៉ុណ្ណោះ​។ ពួកគាត់​ថា កម្ពុជា​គ្មាន​ថ្ងៃ​អាច​បោសសម្អាត ឧក្រិដ្ឋជន​ឆបោក ឱ្យ​អស់ពី​កម្ពុជា ដូច​ការ​អះអាង​របស់ លោក ហ៊ុន ម៉ាណែត នោះ​ទេ ដរាបណា មេខ្លោង​ធំៗ និង​អ្នកមាន​លុយ​អំណាច មួយចំនួន ដែល​ជាប់​ពាក់ព័ន្ធ ដែល​កំពុងតែ​នៅ​យ៉ាង​ជិត​ស្និត ជាមួយនឹង​រដ្ឋាភិបាល មិនទាន់​ត្រូវ​បាន​ចាប់​មក​ផ្ដន្ទាទោស​ចំពោះមុខ​ច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ