

រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា អះអាងថា កម្ពុជាគ្មានសង្ឃឹមថា នឹងទទួលបានទឹកដីខ្មែរជាង៦០ទីតាំងដែលថៃទន្ទ្រានយកក្រោយបទឈប់បាញ់ មកវិញនោះទេ ដោយសារតែរដ្ឋាភិបាលត្រកូលហ៊ុន មិនហ៊ានប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយបារម្ភខ្លាចថៃ ប្រើមធ្យោបាយដើម្បីផ្លាស់ប្ដូរអំណាចក្រុមគ្រួសាររបស់ខ្លួន មានតែជម្រើសរង់ចាំថៃចរចាទ្វេភាគីតែប៉ុណ្ណោះ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា មូលហេតុដែលលោក ហ៊ុន ម៉ាណែត មិនព្រមប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយសារតែគាត់ចង់ចរចាទ្វេភាគីជាមួយថៃ ឃុបឃិតគ្នាកាត់ទឹកដីខ្មែរទៅឲ្យថៃ ដើម្បីដូរយកសន្តិភាព ហើយទាមទារទឹកដី តិចតួចមកវិញ។ កិច្ចព្រមព្រៀងក្រោមតុនេះ ដូចដែលលោក ហ៊ុន សែន បានធ្វើធ្វើជាមួយវៀតណាមកន្លងមក។
លោក អ៊ុំ សំអាន បន្ថែមទៀតថា អ្វីដែលប៉ះពាល់ដល់ការមិនប្តឹងនេះហើយបណ្តែតបណ្តោយឲ្យថៃឈ្លានពានទឹកដីខ្មែរស្រេចតែចិត្ត គឺនឹងធ្វើឲ្យបាត់បង់ទឹកដីខ្មែរទាំង៦២ ទីតាំង គឺ ថៃនឹងយកទឹកដីទៅគ្រប់គ្រងផ្តាច់មុខ នៅពេលដែលមិនប្រើយន្តការអន្តរជាតិតាមរយៈការប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
លោក អ៊ុំ សំអាន៖ «មួយរយភាគរយ មិនអាចទាមទារទឹកដីបាននោះទេ លើកលែងតែមានមានអ្នកដឹកនាំថ្មីអាហ្នឹងទើបអាចទាមទារទឹកដីបានមកវិញ អាហ្នឹងដូចខ្ញុំធ្លាប់និយាយអញ្ចឹងថាបើទាមទារទឹកដីហ្នឹងបានមកវិញខ្ញុំហ៊ានភ្នាល់ដាក់ជីវិត អាហ្នឹងបើសិនជាលោក ហ៊ុន ម៉ាណែតអាចទាមទារទឹកដីបានមកវិញចំនួន ៦២ ទីតាំងព្រោះខ្ញុំគ្មានជំនឿទេថាគាត់នឹងទាមទារទឹកដីបានមកវិញ»។
ទាក់ទងនឹងការទាមទារទឹកដីខ្មែរដែលយោធាថៃកំពុងកាន់កាប់ត្រូវបានលោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចុះជួបជនភៀសសឹកខ្មែរស្ថិតក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ដោយបានដាក់សំណួរទៅកាន់ជនភៀសសឹកឲ្យជ្រើសរើសយកជម្រើសមួយក្នុងចំណោមជម្រើសចំនួន ២ ទី១ ការប្រើកម្លាំងទ័ពវាយដណ្តើមមកវិញ និងទី២ ការចរចាដោយសន្តិវិធី។ សម្រាប់លោក ហ៊ុន សែន កម្ពុជានឹងមិនប្រើជម្រើសយោធាក្នុងការទាមទារទឹកដីកម្ពុជាមកវិញទេ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការដែលលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត នៅតែមិនហ៊ានប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិICJ ដោយសារតែ បារម្ភខ្លាចថៃប្រើគ្រប់មធ្យោបាយ ដើម្បីផ្លាស់ប្ដូរអំណាច ក្រុមគ្រួសារហ៊ុន ហើយដាក់ក្រុម លោកទៀបាញ់ ជំនួសវិញ ដូច្នេះទើបសម្ងំស្ងៀម សូមថៃចរចា មិនហ៊ានប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាទឹកដីព្រំដែន។
លោក គឹម សុខ បន្ថែមថា បើរដ្ឋាភិបាលលោក ហ៊ុន សែន បណ្ដែតបណ្ដោយ មិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិទេ ទឹកដីកម្ពុជាដែលថៃគ្រប់គ្រងយ៉ាងតិច ៧០តំបន់តូច ធំ ថៃគ្រប់គ្រងរហូត។ ហើយបើប្រជាពលរដ្ឋខ្មែរបណ្តោយឲ្យក្រុមគ្រួសារហ៊ុន នៅតែកាន់អំណាចបន្ត ទឹកដីកម្ពុជាទាំងមូលនឹង ត្រូវថៃ ហើយនិងវៀតណាម ពុះច្រៀកចែកគ្នា។
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងមក រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានប្រកាសពីការប្តឹងភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំពោះការឈ្លានពានរបស់ភាគីថៃមកលើពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា ដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានយកសំណុំរឿងព្រំដែនកម្ពុជា-ថៃ ប្តឹងទៅកាន់តុលាការអន្តរជាតិ។
អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរតែយកសំណុំរឿងជម្លោះព្រំដែនជាមួយថៃ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនោះទើបជារឿងដ៏ប្រសើរ ក៏ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅតែបន្តចរចា ជម្លោះព្រំដែនលក្ខណៈទ្វេភាគីជាមួយថៃ កម្ពុជាមានតែខាតបង់ ហើយថៃជាអ្នកទទួលផលចំណេញ៕








