

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឱ្យបញ្ញវន្តសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរឱ្យបានច្រើន ព្រោះកន្លងទៅមានតែជនបរទេសជាអ្នកសរសេរ ដែលធ្វើឱ្យការសរសេរមិនបានគ្រប់ជ្រុងជ្រោយ។ អ្នកឃ្លាំមើលសាទរចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ប៉ុន្តែពួកគាត់ស្នើឱ្យរដ្ឋាភិបាលគួរតែបើកសេរីភាពបញ្ចេញមតិ និងសេរីភាពតែងនិពន្ធ ព្រមទាំងបញ្ឈប់ទម្លាប់ប្រើមន្ត្រីអែបអប ឱ្យសរសេរសៀវភៅ និងខ្សែភាពយន្តលើកសរសើរខុសពីការពិតអំពីគុណសម្បត្តិរបស់រដ្ឋាភិបាលគ្រួសារហ៊ុន និងកែខៃបំភ្លៃប្រវត្តិសាស្ត្រ ហួសហេតុពេកដើម្បីតែផលប្រយោជន៍នយោបាយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែវិច្ឆិកា បានថ្លែងនៅក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិថា លោក កោតសរសើរចំពោះការប្រឹងប្រែងរក្សាឯកសារ នៅក្នុងបណ្ណាល័យជាតិ ដែលមានអាយុកាល១០០ឆ្នាំហើយ។ លោកចាត់ទុកឯកសារប្រវត្តិសាស្ត្រទាំងនោះគឺជាគុណតម្លៃឥតគណនា។ ជាមួយគ្នានោះលោកជំរុញឱ្យបញ្ញវន្តខ្មែរ នាំគ្នាសរសេរសៀវភៅប្រវត្តិសាស្ត្រឱ្យបានច្រើន ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យជាតិ ឱ្យកូនខ្មែរបានអាន។
លោកបញ្ជាក់ថា កន្លងទៅ ឯកសារប្រវត្តិសាស្ត្រខ្មែរភាគច្រើន សរសេរដោយជនបរទេស ដែលតែងតែអះអាងផ្សេងៗគ្នា អំពីប្រទេសកម្ពុជា ដោយពុំបានគ្រប់ជ្រុងជ្រោយអំពីប្រពៃណី និងវប្បធម៌ខ្មែរ ដែលអាចធ្វើឱ្យនិស្សិតខ្មែរខ្លះ យល់ច្រឡំ។ បន្ថែមពីលើនេះ លោកថា ឯកសារប្រវត្តិសាស្ត្រ មានសារៈសំខាន់ជាខ្លាំង ដែលពលរដ្ឋខ្មែរ ត្រូវអានជាប្រចាំ ដើម្បីបានដឹងអំពីអត្តសញ្ញាណជាតិ រួមនឹងបង្កើនចំណេះដឹង និងសមត្ថភាព។
«ខ្មែររៀនប្រវត្តិសាស្ត្រខ្មែរពីជនបរទេសសរសេរឱ្យយើង។ អញ្ចឹងបានត្រូវការលើកទឹកចិត្តឱ្យខ្មែរស្រាវជ្រាវ កូនខ្មែរស្រាវជ្រាវ បង្កើតស្នាដៃ ចែករំលែកទៅ។ សរសេរនិក្ខេបបទដែល ផ្អែកទៅលើឯកសារ មានគុណភាព ហើយ ដែលសំខាន់។ ឯកសារមួយចំនួនសរសេរមិនច្បាស់ខុស។ អាហ្នឹងខុសគ្រូកែមួយ តែខុសប្រវត្តិសាស្ត្រពិបាកកែ ព្រោះឥឡូវប្រវត្តិសាស្ត្រកន្លែងខ្លះ ប្រទេសពីរសរសេរខុសពីរគ្នា។ ប្រទេសមួយសរសេរថាប្រទេសមួយជាម្ចាស់ តែប្រទេសមួយទៀតសរសេរថា ប្រទេសមួយទៀតជាម្ចាស់»។
លោក ហ៊ុន ម៉ាណែត
បណ្ណសារដ្ឋានជាតិមានទីតាំងស្ថិតនៅកណ្ដាលទីក្រុងភ្នំពេញ ជិតបូជនីយដ្ឋានវត្តភ្នំ។ បណ្ណសារដ្ឋានជាតិនេះ បានបង្កើតឡើងតាំងពីសម័យអាណានិគមបារាំង ដែលបានថែរក្សាឯកសារជាច្រើន។ ជាមួយគ្នានេះ ការតាំងពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ នៅឆ្នាំនេះ ក្រោមប្រធានបទ “មួយសតវត្សនៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ” ក្នុងគោលបំណង រំលឹកអំពីដំណើរការរបស់ស្ថាប័នថែរក្សាមរតកឯកសារ និងបង្ហាញពីការប្ដេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យបណ្ណសារក្លាយជាចំណេះដឹង។
ថ្វីត្បិតថា បណ្ណសារដ្ឋានជាតិបានបំពេញតួនាទីជាឃ្លាំងរក្សាបណ្ណសារប្រវត្តិសាស្ត្រ សៀវភៅបុរាណ កាសែត ផែនទី និងកំណត់ត្រាសំខាន់ៗ និងជាថ្នាលចំណេះដឹងសម្រាប់អ្នកស្រាវជ្រាវ និងមនុស្សជំនាន់ក្រោយក្ដីជាច្រើនឆ្នាំមកនេះ បណ្ណសារដ្ឋានជាតិ ហាក់ពុំសូវមានយុវជន ឬនិស្សិតចូលអានច្រើននោះទេ ដែលខុសពីបណ្ដាប្រទេសមួយចំនួន។ អ្នកឃ្លាំមើលសង្កេតឃើញថា ការដែលយុវជនខ្មែរភាគច្រើនពុំសូវមានអានសៀវភៅ គឺដោយសារតែប្រព័ន្ធអប់រំនៅកម្ពុជា និងទម្លាប់ប្រចាំថ្ងៃ ក្នុងគ្រួសារ ពុំបានលើកទឹកចិត្ត ឬណែនាំ ឱ្យទម្លាប់អានសៀវភៅ។
អ្នកតាមដានផ្នែកភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០៤ ខែវិច្ឆិកាថា ការអំពាវនាវ របស់លោក ហ៊ុន ម៉ាណែត ឱ្យបញ្ញវន្តខ្មែរសរសេរសៀវភៅប្រវត្តិសាស្ត្រជាតិឱ្យច្រើន ដើម្បីកាត់បន្ថយការអានប្រវត្តិសាស្ត្រដែលចងក្រងដោយជនបរទេស គឺជាគំនិតផ្ដួចផ្ដើមដ៏ល្អមួយនៅលើក្រដាស។ លោកបន្តថា ការលើកទឹកចិត្តឱ្យមានការស្រាវជ្រាវ និងការចងក្រងប្រវត្តិសាស្ត្រពីសំណាក់អ្នកប្រាជ្ញក្នុងស្រុក គឺជាជំហានចាំបាច់មួយក្នុងការកសាងឯករាជ្យភាពខាងគំនិត និងប្រវត្តិសាស្ត្រ។
ទោះជាយ៉ាងណាលោកថា ប្រសិនបើពិនិត្យមើលទិដ្ឋភាពជាក់ស្ដែង នៅក្នុងបរិបទដែលការបញ្ចេញមតិ និងការរិះគន់ត្រូវបានរឹតត្បិតយ៉ាងតឹងរ៉ឹង ការសរសេរប្រវត្តិសាស្ត្រប្រកបដោយការពិត និងវិទ្យាសាស្ត្រ គឺជាការប្រឈមមុខនឹងគ្រោះថ្នាក់។ ដូច្នេះហើយ លោកមើលឃើញថា មន្ត្រី និងអ្នកនិពន្ធជាច្រើនដែល នៅជុំវិញរដ្ឋាភិបាលកំពុងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈ ការប្រើប្រាស់ស្នាដៃសំណេរ ចម្រៀង ឬការផលិតភាពយន្ត ដើម្បីបម្រើឱ្យរបៀបវារៈនយោបាយ បំផ្លើសការពិត និងលើកតម្កើងសមិទ្ធផលរបស់បក្សកាន់អំណាច ដែលនេះគឺជាការដឹកនាំឆ្ពោះទៅភាពក្រិននៃគំនិត។
លោក សេង វណ្ណលី បញ្ជាក់ថា នៅពេលដែលប្រវត្តិសាស្ត្រត្រូវបានកែច្នៃឱ្យក្លាយជាឧបករណ៍ឃោសនានយោបាយ តើបញ្ញវន្តណាខ្លះហ៊ានសរសេរនូវអ្វីដែលផ្ទុយពីប្រយោជន៍ ឬការចង់បានរបស់អ្នកដឹកនាំ? លើសពីនេះ លោកចោទជាសំណួរថា តើរដ្ឋាភិបាលពិតជាមានឆន្ទៈនយោបាយក្នុងការបើកចំហឱ្យមានប្រវត្តិសាស្ត្រពិតដែរ ឬទេ? លោកអះអាងថា ប្រវត្តិសាស្ត្រត្រឹមត្រូវ និងទូលំទូលាយមិនមែនមានតែរឿងរ៉ាវជោគជ័យ និងការលើកតម្កើងភាគីម្ខាងនោះទេ ប៉ុន្តែវារាប់បញ្ចូលទាំងការទទួលស្គាល់កំហុសឆ្គង កែប្រែទំព័រខ្មៅងងឹត និងការពិភាក្សាលើប្រធានបទរសើបៗ ដូចជា ជម្លោះនយោបាយផ្ទៃក្នុង បញ្ហាព្រំដែន ឬឥទ្ធិពលបរទេសជិតខាង។
«ការចង់បានសៀវភៅប្រវត្តិសាស្ត្រដែលសរសេរដោយជនជាតិខ្មែរ គឺជាបំណងប្រាថ្នាដ៏ត្រឹមត្រូវ ប៉ុន្តែវានឹងគ្មានន័យ និងគ្មានប្រសិទ្ធភាពឡើយ ដរាបណាសេរីភាពអក្សរសាស្ត្រ និងសេរីភាពសិក្សាស្រាវជ្រាវ មិនទាន់ត្រូវបានធានាពេញលេញ។ ដើម្បីឱ្យពលរដ្ឋខ្មែរទទួលបានប្រវត្តិសាស្ត្រពិត លោក ហ៊ុន ម៉ាណែត មិនត្រឹមតែត្រូវអំពាវនាវឱ្យសរសេរសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់អ្នកស្រាវជ្រាវ ត្រូវបញ្ឈប់ការជួយជ្រោមជ្រែងការផលិតស្នាដៃបែបបំភ្លៃ ឬអែបអបនយោបាយ និងត្រូវបើកចិត្តទទួលយកការពិតជាប្រវត្តិសាស្ត្រ ទោះជាការពិតនោះមិនស្របតាមបំណង ឬប្រយោជន៍នយោបាយបច្ចុប្បន្នក៏ដោយ»។
លោក សេង វណ្ណលី
កន្លងទៅ អ្នកដែលសរសេរសៀវភៅ និងអ្នកដែលនិយាយការពិត ដើម្បីប្រយោជន៍ជាតិ តែមិនស្របនឹងទស្សនៈរបស់ក្រុមគ្រួសារលោក ហ៊ុន សែន នោះ គឺលោក ហ៊ុន សែន និងបក្ខពួក តែងចាត់ទុកជាសត្រូវ ជាក្រុមអគតិ ឬក្បត់ជាតិ ហើយត្រូវអាជ្ញាធរចាប់ដាក់គុក ឬត្រូវភៀសខ្លួនទៅក្រៅប្រទេសរស់នៅបែកបាក់គ្រួសារជាដើម។ ចំណែកអ្នកដែលនិយាយ ឬសរសេរ និងច្រៀងលើកជើងលោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនោះ តែងតែទទួលបានលុយ និងតំណែងធំៗក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។អ្នកទាំងនោះ រាប់ចាប់តាំងពីអ្នកកំប្លែង អ្នកនិពន្ធ អ្នកចម្រៀងល្បីៗទាំងបុរាណ និងសម័យ អ្នកកាសែត និងមន្ត្រីអែបអបជាដើម។
អ្នកឃ្លាំមើលសង្កេតឃើញថា ប្រសិនបើប្រវត្តិសាស្ត្រដែលរដ្ឋាភិបាលចង់បាន គ្រាន់តែជាការចងក្រងឯកសារដែលអបអរសាទរតែភាគីរដ្ឋាភិបាល ហើយផាត់ចោល ឬទម្លាក់កំហុសលើភាគីផ្សេងៗ នោះប្រវត្តិសាស្ត្របង្កើតថ្មីនេះ នឹងមិនខុសពីប្រវត្តិសាស្ត្រដែលត្រូវបានបំពុលឡើយ ហើយវាស្ទើរតែគ្មានតម្លៃក្នុងន័យវិទ្យាសាស្ត្រ និងការទទួលស្គាល់ជាអន្តរជាតិ៕









