

រដ្ឋាភិបាលចិនបន្តជំរុញឱ្យកម្ពុជាបង្កើនការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យដល់ឫសគល់ ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់លើអ្នកពាក់ព័ន្ធសំខាន់ៗ។ អ្នកឃ្លាំមើលលើកឡើងថា ការជំរុញជាថ្មីរបស់ទីក្រុងប៉េកាំងនេះ គឺជាការបង្កើនសម្ពាធដោយចំហលើរដ្ឋាភិបាលកម្ពុជា និងបង្ហាញថា ចិនលែងអត់ធ្មត់ចំពោះបណ្ដាញឧក្រិដ្ឋកម្មឆបោកដែលបន្តគំរាមកំហែងដល់ពលរដ្ឋចិន និងប៉ះពាល់ដល់មុខមាត់របស់ប្រទេសចិននៅលើឆាកអន្តរជាតិ។
រដ្ឋាភិបាលនៃប្រទេសចិនកុម្មុយនិស្តចង់ឃើញរដ្ឋាភិបាលក្រុងភ្នំពេញចាត់វិធានការក្ដៅទៅលើបណ្ដាញឆបោកតាមអនឡាញ និងបង្ក្រាបលើមេបណ្ដាញពាក់ព័ន្ធសំខាន់ៗ ដោយមិនមែនដាក់ចេញនូវចំណាត់ការបង្ក្រាបដោយសារត្រឹមតែបិទទីតាំងមជ្ឈមណ្ឌលឆបោកឡើយ។
រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) បានសង្កត់ធ្ងន់ថា កម្ពុជា និងចិន គួរតែបង្កើនកិច្ចសហប្រតិបត្តិការ និងចាត់វិធានការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ ទៅលើបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងត្រូវធានាថា ឧក្រិដ្ឋកម្មទាំងនេះនឹងមិនអាចកើតឡើងវិញជាដាច់ខាត។ ប្រមុខការទូតចិនរូបនេះបញ្ជាក់ទៀតថា ការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមអនឡាញនេះ ក៏មិនគួរកំណត់ត្រឹមកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរតែប៉ុណ្ណោះទេ ប៉ុន្តែគួរពង្រីកកិច្ចប្រតិបត្តិការទៅកាន់ក្របខ័ណ្ឌតំបន់ និងអន្តរជាតិផងដែរ។
លោក វ៉ាង យី ថ្លែងបែបនេះក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី៤ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី១១ និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រទេសចិនរៀបចំធ្វើជាម្ចាស់ផ្ទះ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលចិននៅថ្ងៃទី៥ ខែវិច្ឆិកា លោក វ៉ាង យី បានបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេច ដើម្បីពង្រឹងចំណងមិត្តភាពដែកថែបជាយុទ្ធសាស្ត្រជាមួយកម្ពុជា រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមខាងក្រៅ និងជំរុញដំណើរការទំនើបកម្មរបស់ប្រទេសទាំងពីរ។ លោកក៏បានជំរុញឱ្យភាគីទាំងពីរត្រៀមរៀបចំឱ្យបានល្អសម្រាប់ការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់នាពេលខាងមុខ និងការពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររួមនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក វ៉ាង យី ជំរុញឱ្យពន្លឿនការអភិវឌ្ឍច្រករបៀង អភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងត្រី និងអង្ករ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យផ្សេងៗទៀត។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជាមានឆន្ទៈ និងបន្តប្ដេជ្ញាធ្វើការជាមួយប្រទេសចិន ដើម្បីបន្តបង្ក្រាបបទល្មើសល្បែងស៊ីសងតាមអ៊ីនធឺណិត និងអំពើឆបោកតាមអនឡាញ។ លោកក៏បញ្ជាក់ពីការប្ដេជ្ញាចិត្តកម្ពុជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអនុវត្តច្បាប់ និងផ្នែកសន្តិសុខនៃប្រទេសទាំងពីរ។
ខណៈភាគីចិនលើកយកបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញមកពិភាក្សាយ៉ាងក្ដៅគគុក ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង រដ្ឋាភិបាលក្រុងភ្នំពេញក៏កំពុងរងសម្ពាធផ្ទួនៗពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តមួយចំនួន ដែលកំពុងបង្កើនការយកចិត្តទុកដាក់ និងចាត់វិធានការប្រឆាំងនឹងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
ចំណែក មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗមួយចំនួនដែលរងការចោទប្រកាន់ថា ជាមេខ្លោងការពារឧស្សាហកម្មឆបោកទាំងនេះ រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន នៅតែបន្តរក្សាភាពស្ងៀមស្ងាត់ និងមិនបានបង្ហាញអំពីចំណាត់បង្ក្រាបជាក់ស្ដែងឡើយ បើទោះបីជាស្ថាប័នអន្តរជាតិជំនាញបន្តលាតត្រដាងរបាយការណ៍ និងភស្តុតាងជាក់ស្ដែងក៏ដោយ។
ជុំវិញរឿងនេះ អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងថា ជំហររបស់ប្រមុខការទូតចិន លោក វ៉ាង យី ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឆ្លុះបញ្ចាំងពីការបង្កើនសម្ពាធយុទ្ធសាស្ត្រ និងការលែង អត់ធ្មត់របស់ភាគីចិនចំពោះវិបត្តិឆបោកតាមអនឡាញនៅកម្ពុជា។ លោកថា កម្ពុជា និងចិនគួរដាក់ចេញចំណាត់ការជាក់ស្ដែង ជាជាងប្រកាសប្ដេជ្ញាចិត្តតែក្នុងក្រដាស ដោយផ្ដោតលើការកាត់ផ្ដាច់ប្រភពហិរញ្ញវត្ថុ ការលាងលុយកខ្វក់ និងតាមដានប្រតិបត្តិការរូបិយប័ណ្ណឌីជីថល ឬលុយគ្រីបតូ ព្រមទាំងបង្កើនការបង្ក្រាបលើទីតាំងសង្ស័យដោយត្រូវមិនជូនដំណឹងជាមុនឡើយ។ សំខាន់ជាងនេះ លោកសង្កត់ធ្ងន់ថា អាជ្ញាធរក៏ត្រូវអនុវត្តច្បាប់ដោយស្មើភាព និងមិនលើកលែងចំពោះមេខ្លោង ឬបុគ្គលមានឥទ្ធិពលដែលនៅពីក្រោយបណ្ដាញឧក្រិដ្ឋកម្មទាំងនេះឡើយ។
«ភាសាម៉ឺងម៉ាត់របស់លោក វ៉ាង យី ដែលទាមទារឱ្យបង្ក្រាបឱ្យដល់ឫសគល់ និងធានាកុំវិលត្រឡប់មកវិញ បង្ហាញថា បទល្មើសនេះបានក្លាយជាវិបត្តិសន្តិសុខជាតិ និងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែនៅក្នុងសង្គមកម្ពុជាទេ សូម្បីតែនៅក្នុងសង្គមចិន ក៏រងផលប៉ះពាល់ខ្លាំងដែរ ព្រមទាំងបំផ្លាញរូបភាពនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ជារួម។ ជំហរនេះជាការរម្លឹកយ៉ាងច្បាស់ថា ទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជាជាមួយចិនមិនមែនជាខែលការពារសកម្មភាពខុសច្បាប់នោះទេ ហើយកម្ពុជាចាំបាច់ត្រូវបង្ហាញឆន្ទៈនយោបាយខ្ពស់ក្នុងការសម្អាតបញ្ហានេះ ដើម្បីស្ដារទំនុកចិត្តលើការវិនិយោគ និងទេសចរណ៍ស្របច្បាប់ជាពិសេសពីសំណាក់ប្រជាជនចិន»។
លោក សេង វណ្ណលី
ជំហរ «មិត្តដែកថែប» និងការលាតត្រដាងថ្មីៗរបស់អង្គការលើកលែងទោសអន្តរជាតិដែលបង្ហាញថា មន្ត្រីយោធា និងនគរបាលមួយចំនួនបង្កើតក្រុមហ៊ុនសន្តិសុខការពារមជ្ឈមណ្ឌលឆបោកអនឡាញនោះបង្ហាញថា យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញរបស់លោក ហ៊ុន ម៉ាណែត មិនបានជោគជ័យដូចការប្រកាសឡើយ។
អ្នកឃ្លាំមើលលើកឡើងថា សមិទ្ធផលជោគជ័យរបស់រដ្ឋាភិបាលត្រកូល ហ៊ុន បច្ចុប្បន្ន គឺការបន្តរក្សាការពារបាននូវក្រុមឧកញ៉ា និងមន្ត្រីជាន់ខ្ពស់ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញតែប៉ុណ្ណោះ៕









