លោក អ៊ុំ សំអាន ថា ការ​អញ្ជើញ​របស់​លោក ហ៊ុន ម៉ាណែត ជជែក​ពី​ព្រំដែន​មិន​ស្មោះត្រង់​ទេ

0
30
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលកំពុងរស់នៅក្រៅ​ប្រទេស លោក អ៊ំ សំអាន សោកស្តាយ​ដែល​លោក ហ៊ុន ម៉ាណែត មិនបានអញ្ជើញលោក ទៅជជែករឿងព្រំដែនពិតប្រាកដ ដោយគ្រាន់តែ​ឌឺដង​លោកដូចក្មេងលែង​ហ្វេសប៊ុក​ទៅវិញ។ ការលើកឡើងនេះ គឺបន្តវាយប្រហារនិងប្រមាថមើលងាយ​លោក អ៊ំ សំអាន ហើយប្រកាសបិទផ្លូវចរចាតទៅទៀត។

ទោះបីជាប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជា​ឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ធ្លាប់បានចេញលិខិតចុងក្រោយដោយបញ្ជាក់ជំហថា លោក យល់ព្រមតាមសំណើ​របស់​លោក ហ៊ុន ម៉ាណែត ទាំងអស់ ដើម្បីចូលទៅប្រទេសកម្ពុជា ជជែកអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលលេខ៥២ដល់លេខ៥៩ក្តី បែរជាលោក ហ៊ុន ម៉ាណែត ប្រកាស​ឈប់ឆ្លើយឆ្លង និងបន្តនិយាយបន្ថោកបន្ទាបលោក អ៊ំ សំអានថា ជាអ្នកគ្មានជំនាញរឿងព្រំដែនពិតប្រាកដទៅវិញ។

លោក អ៊ុំ សំអាន អះអាងថា លោក សោកស្តាយដែលលោក ហ៊ុន ម៉ាណែត មិនបានឆ្លើយតប​នឹង​លិខិតចុងក្រោយរបស់លោក ហើយថែមទាំងបានបញ្ជាក់ថា នឹងឈប់ឆ្លើយឆ្លងជាមួយលោក​ទៀត​ផង។ លោកថា តាមពិតលោកមានផែនទីខ្នាត១/២០០ ០០០ ដែលជាផែនទីឧបសម្ពន្ធ័ភ្ជាប់​សន្ធិសញ្ញា​បារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ យូរហើយ ប៉ុន្តែលោកទៅក្រសួង​ការបរទេស​បារាំង ដើម្បីយកផែនទីនិងឯកសារព្រំដែនបន្ថែមទៀត។

លោក អ៊ុំ សំអាន បាននិយាយថា ការព្យាយាមទាក់ទង និងឆ្លើយឆ្លងជាមួយលោកនាយករដ្ឋមន្ត្រី គឺដោយសារ​លោកចង់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយ​ចំពោះជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។ លោក​ថា លោកមានបំណងសហការជាមួយលោក ហ៊ុន ម៉ាណែត ដើម្បីនាំ​យក​បញ្ហាព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងស្វែងរកការចូលរួមពីសហប្រធាន​នៃកិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

លោក អ៊ុំ សំអាន បានចាត់ទុកថា សារបង្ហោះលើហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ដែលអញ្ជើញ​លោកឱ្យមកកម្ពុជានោះ មិនមែនជាការអញ្ជើញពិតប្រាកដដើម្បីពិភាក្សាអំពីបញ្ហាព្រំដែនទេ។

«គាត់អត់មានចេតនាណាមួយដើម្បីអញ្ជើញខ្ញុំចូលកម្ពុជា ដើម្បីពិភាក្សាពីបញ្ហា​ព្រំដែនរវាងកម្ពុជា-ថៃនោះទេ។ ដូច្នេះហើយ បានជាគាត់អត់ឆ្លើយឆ្លងជាមួយនឹងខ្ញុំ ឬក៏អត់ឆ្លើយ​តប​លិខិតចុងក្រោយរបស់ខ្ញុំ។ ហើយដូច្នេះ អ្វីដែលគាត់បង្ហោះតាមហ្វេសប៊ុក ដែលថាអញ្ជើញខ្ញុំហ្នឹង គ្រាន់តែជាសារឌឺដង ដូចក្មេងលេងហ្វេសប៊ុកតែប៉ុណ្ណោះឯង»។

លោក អ៊ុំ សំអាន

ការលើកឡើងរបស់លោក អ៊ុំ សំអាន ធ្វើ បន្ទាប់ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ពី​ខេត្ត​ពោធិ៍សាត់ នៅថ្ងៃទី៥ ខែវិច្ឆិកា ថា មន្ត្រីបក្សប្រឆាំងដែលទទួលបន្ទុកខាង​ព្រះដែនខ្វះចំណេះដឹង​បច្ចេកទេសក្នុងការកំណត់ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែបែរជាធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលបាន​ប្រគល់ទឹកដីទៅឱ្យថៃ។ បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត ប្រកាសថា លោក នឹងមិនចំណាយ​ពេលវេលាចរចារ ឬឆ្លើយឆ្លងជាមួយលោក អ៊ុំ សំអានទៀតឡើយ។  

«រដ្ឋាភិបាលគេនោះមើល តែងតាំងអ្នកទទួលបន្ទុកខាងវិស័យចុះឡើងហ្នឹង គឺសុទ្ធតែអ្នកពូកែនិយាយតាមហ្វេសប៊ុក រួមទាំងប្រធានស្ថាប័នព្រំដែន អត់ចេះមើលព្រំដែន ចោទ​រដ្ឋាភិបាល ចោទថាកាត់បង្គោល កាត់ដីឱ្យគេ បង្គោល៥២ ៥៩ ដល់ហៅមកបង្ហាញមើល យក​ភស្តុតាង​មក​មើល ថាអត់ទេ ខ្ញុំអត់មានឯកសារទេ ខ្ញុំឮគេថា ហើយចុងបញ្ចប់ខ្ញុំ​មាន​ញាណ​ពិសេស។ វាមិនដែលពីណាធ្វើ ប្រធានស្ថាប័នមានញាណពិសេសធ្វើផែនទី ហើយទៅ​ចុះវាស់វែង​ពីណា»។

លោក ហ៊ុន ម៉ាណែត

កន្លងមក លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​បង្ហោះសារហៅ អ៊ុំ សំអាន ចូលទៅប្រទេសកម្ពុជា ដើម្បីជជែករឿងព្រំដែននៅបង្គោលចន្លោះលេង៥២ដល់៥៩ ប៉ុន្តែដាក់លក្ខខណ្ឌយ៉ាងតឹងរឹង បន្ទាប់ពីមន្ត្រីបក្សប្រឆាំងរូបនេះ និយាយថា ថៃបានរំកិលព្រំដែនរំលោភចូលដីខ្មែរ។ ទោះជាយ៉ាងណា លោក អ៊ុំ សំអាន កាលពីថ្ងៃទី២៤ តុលា បានធ្វើលិខិតចុងក្រោយមួយ​ដោយ​បញ្ជាក់​ជំហថា លោក យល់ព្រមតាមសំណើររបស់លោក ហ៊ុន ម៉ាណែត ទាំងអស់ ដើម្បីចូល​ទៅ​ប្រទេសកម្ពុជា ជជែកអំពីរឿងព្រំដែនចន្លោះបង្គោលលេខ ៥២ដល់៥៩  ។ ប៉ុន្តែនៅពេលនេះលោក ហ៊ុន ម៉ាណែត បែរជាលេងហ៊ានប្រកាសបើកផ្លូវឲ្យលោក អ៊ុំ សំអាន ដឹកនាំក្រុម​ការងារ​ចូលទៅ​ស្រុក​ខ្មែរទៀតឡើយ។

ជុំវិញបញ្ហានេះអ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បាននិយាយថា សាររបស់លោក អ៊ុំ សំអាន បង្ហាញពីការខ្វែងគំនិតគ្នាផ្នែកនយោបាយយ៉ាងខ្លាំងរវាងលោក និងលោក ហ៊ុន ម៉ាណែត ជុំវិញវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក ថា ភាគីទាំងពីរនៅតែខ្វះទំនុកចិត្តលើគ្នា ហើយមិនទាន់មានការសន្ទនាប្រកបដោយអត្ថន័យ ដើម្បីស្វែងរកដំណោះស្រាយរួមនៅឡើយ។

លោក សេង វណ្ណលី បានបន្ថែមថា ការស្វែងរកផែនទីខ្នាត ១/២០០ ០០០ និង​ឯកសារ​ប្រវត្តិសាស្ត្រ​បន្ថែមពីក្រសួងការបរទេសបារាំង អាចជាការខិតខំប្រមូលភស្តុតាងប្រវត្តិសាស្ត្រ​ដើម្បីគាំទ្រ​ជំហរ​របស់​កម្ពុជា។ លោក​ថា ឯកសារទាំងនេះអាចយកទៅប្រើប្រាស់ជាផ្លូវការ និងមានទម្ងន់ផ្លូវច្បាប់បាន លុះត្រាតែមានការទទួលស្គាល់ និងចាត់ចែងដោយស្ថាប័នរដ្ឋដែលមានសមត្ថកិច្ច។

លោក សេង វណ្ណលី ក៏បានព្រមានថា ការយកបញ្ហាព្រំដែនទៅជជែកដេញដោលគ្នាតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក មិនមែនជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពនោះទេ។ សកម្មភាពបែបនេះអាចបង្កឱ្យមានការយល់ច្រឡំ និងធ្វើឱ្យបញ្ហាជាតិដ៏សំខាន់​មួយក្លាយជា​ប្រធានបទ​ប្រកួតប្រជែងផ្នែកនយោបាយ ដែលអាចប៉ះពាល់ដល់សាមគ្គីភាពជាតិ។ ដើម្បីផល​ប្រយោជន៍​ជាតិ លោក ហ៊ុន ម៉ាណែត គួរតែបង្វែរការខ្វែងគំនិតគ្នានេះទៅជាកិច្ចពិភាក្សាផ្លូវការមួយ ដែលមានភាពចាស់ទុំ និងតម្លាភាព។

អ្នកឃ្លាំមើលសង្គមអះអាងថា រដ្ឋាភិបាលមិនគួរប្រើប្រាស់បញ្ហាព្រំដែន និងការអញ្ជើញអ្នក​នយោបាយ​ប្រឆាំងមកជជែកជាសាធារណៈ​នៅលើបណ្ណាញសង្គមហ្វេសប៊ុកនោះទេ ព្រោះ​កាតព្វកិច្ច​ការពារ និងបង្ហាញភស្តុតាងផ្លូវការអំពីបូរណភាពទឹកដី គឺជាបន្ទុករបស់រដ្ឋាភិបាលដែល​ជាអ្នកកាន់កាប់ឯកសារ។ អ្វីដែលប្រជាពលរដ្ឋចង់បាន គឺលទ្ធផលជាក់ស្តែងនៃការការពារទឹកដី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ