

រដ្ឋបាលឃុំដំបូកខ្ពស់ ខេត្តកំពតមិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិលើកស្លាកគណបក្សនៅមុនការបោះឆ្នោត។ គណបក្សកម្លាំងជាតិ ចាត់ទុកការមិនអនុញ្ញាតនេះជាការ រើសអើងនិន្នាការនយោបាយ ក្នុងការលើកស្លាកគណបក្សនៅមូលដ្ឋាន។
គណបក្សកម្លាំងជាតិខកចិត្តដែលមន្ត្រីមូលដ្ឋានមួយចំនួនអនុវត្តផ្ទុយពីច្បាប់ និងសេចក្តីប្រកាសរបស់រដ្ឋាភិបាលក្នុងការលើកស្លាកគណបក្សនៅលើផ្លូវសាធារណៈ និងការយាយី រំខានមួយចំនួនទៀត។
ការលើកឡើងនេះគឺបន្ទាប់ពីមេឃុំដំបូកខ្ពស់ លោក កឹម ភី កាលពីថ្ងៃទី៣០ តុលា បានបដិសេធសំណើសុំលើកស្លាករបស់គណបក្សកម្លាំងជាតិនៅចំណុចកែងផ្លូវសាធារណៈមួយកន្លែងស្ថិតនៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ រដ្ឋបាលឃុំបានអះអាងក្រោមហេតុផលថា ការលើកស្លាកនេះ គឺដោយសារបាំងផ្លូវ ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។
តំណាងគណបក្សកម្លាំងជាតិខេត្តកំពត និងជាអនុប្រធានយុវជនថ្នាក់ជាតិ លោក ព្រំ រ័ត្ន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការបដិសេធរបស់រដ្ឋបាលឃុំនេះ ជារឿងមិនសមហេតុផលទាល់តែសោះ ដោយសារត្រង់ចំណុចដែលគណបក្សបានស្នើសុំនោះ លោកបានចុះទៅពិនិត្យផ្ទាល់ មិនមានការបាំងផ្លូវដូចការលើកឡើងឡើយ។ លោកថា នៅទីតាំងដែលគណបក្សស្នើសុំលើកស្លាកនោះ ក៏មានស្លាករបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច និងគណបក្សប្រជាធិបតេយ្យជឿនលឿនបានលើកនៅក្បែរនោះផងដែរ។ លោកលើកឡើងថា រដ្ឋបាលឃុំ រើសអើងនិន្នាការនយោបាយជាពិសេសមកលើគណបក្សកម្លាំងជាតិ។
លោក ព្រំ រ័ត្ន ថា ក្រៅពីឃុំដំបូកខ្ពស់ កាលពីពេលថ្មីៗនេះ រដ្ឋបាលឃុំដើមដូង ស្រុកអង្គរជ័យ បានចេញលិខិតរដ្ឋបាលមួយឲ្យគណបក្សកម្លាំងជាតិរុះរើស្លាករបស់ខ្លួនដែលទើបនឹងសាងសង់រួច ចេញវិញ ដោយលើកហេតុផលថា ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។ លោកថា ទីតាំងទាំងនោះមិនបានប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនោះទេ ហើយពេលសាងសង់ អាជ្ញាធរឃុំ និងស្រុកក៏បានចុះមកពិនិត្យមើលផ្ទាល់ផងដែរ។ លោកថា មន្ត្រីមូលដ្ឋាន ទាំងនោះកំពុងអនុវត្តផ្ទុយពី សជណ លេខ៤១១០ របស់ក្រសួងមហាផ្ទៃដែលចុះកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២៦ ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងការបង្កលក្ខណ:ងាយស្រួលជូនដល់គណបក្សនយោបាយ។
ក្រៅពីនេះ លោក ព្រំ រ័ត្ន ក៏បានលើកឡើងទៀតថា អាជ្ញាធរ ភូមិឃុំមួយចំនួនទៀត តែបង្កការរំខានដល់គណបក្សកម្លាំងជាតិ និងការបំភិតបំភ័យតាមគ្រប់រូបភាពដល់ម្ចាស់ទីតាំងមួយចំនួនទៀតដែលគណបក្សកម្លាំងជាតិបានស្នើសុំលើកស្លាក ក្នុងបំណងមិនឲ្យម្ចាស់ទីតាំងទាំងនោះអនុញ្ញាតឲ្យគណបក្សសាងសង់ ឬលើកស្លាកបានឡើយ។
លោកទទូចឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងរដ្ឋាភិបាល ពិនិត្យមើលការអនុវត្តរបស់មន្ត្រីមូលដ្ឋាន ដែលបានបង្កលក្ខណៈរើសអើង រឹតត្បិតដល់សកម្មភាពនយោបាយរបស់គណបក្សប្រឆាំង។
«ហើយគណបក្សនយោបាយរបស់យើងក៏បានដាក់ពាក្យស្នើសុំទីតាំង ដើម្បីលើកឱ្យស្របទៅនឹងអ្វីដែលជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ។ ប៉ុន្តែដោយឡែកការអនុវត្តជាក់ស្តែងនៅមូលដ្ឋានឃុំ-សង្កាត់ នៅពេលដែលយើងជូនដំណឹងលើកផ្លាកនៅទីតាំងណាមួយ គាត់ច្រើនតែយកហេតុផលនេះ ហេតុផលនោះ ដោយបដិសេធមិនឱ្យគណបក្សកម្លាំងជាតិលើកស្លាក។ ប៉ុន្តែដោយឡែកដែលខ្ញុំសង្កេតមើលឃើញគណបក្សកាន់អំណាចអាចលើកបាន គណបក្សផ្សេងៗទៀតដែលគេថា គេជាគណបក្សប្រជាធិបតេយ្យដែរហ្នឹងឃើញគេលើកបានដែរ។ តែដោយឡែកផ្ទុយទៅវិញ គណបក្សកម្លាំងជាតិដូចជាមានអឺកម្រិតចង្អៀតបន្តិចនៅក្នុងការលើក។ មិនមែនគ្រប់ឃុំ-សង្កាត់សុទ្ធតែអញ្ចឹងទាំងអស់ទេ ប៉ុន្តែខ្ញុំសង្កេតមើលភាគច្រើនឱ្យតែយើងស្នើនៅទីតាំងសាធារណៈ យើងមានភាពចង្អៀតជាងគណបក្សនយោបាយផ្សេងៗ»។
លោក ព្រំ រ័ត្ន
កាលពីថ្ងៃទី៣០ ខែមិថុនា អាជ្ញាធរសង្កាត់ និងខណ្ឌកំបូលជាច្រើននាក់ ក៏ធ្លាប់បានហាមឃាត់ សកម្មជនគណបក្សកម្លាំងជាតិ មិនឱ្យលើកស្លាកគណបក្សនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ ដោយលើកហេតុផលថា គណបក្សកម្លាំងជាតិ មិនបានសុំការអនុញ្ញាតលើកស្លាកពីរដ្ឋបាលរាជធានីភ្នំពេញ ទោះបីពួកគេបានដាក់លិខិតជូនដំណឹងត្រឹមត្រូវតាមច្បាប់ទៅសាលាសង្កាត់កំបូល ហើយរដ្ឋបាលសង្កាត់បានទទួលរួចហើយក៏ដោយ។
កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញលិខិតណែនាំដល់អភិបាលរាជធានី-ខេត្ត និងអាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់បណ្តាគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨។ ពាក់ព័ន្ធការលើកស្លាក លោក ស សុខា បញ្ជាក់ថា គណបក្សនយោបាយនីមួយៗ គ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅរដ្ឋបាលឃុំសង្កាត់ អំពីការលើកស្លាកសញ្ញាគណបក្សតែប៉ុណ្ណោះ ដោយមិនតម្រូវឱ្យសុំការអនុញ្ញាតជាមុន ពីរដ្ឋបាលឃុំសង្កាត់ឡើយ លើកលែងតែការលើកស្លាកសញ្ញាគណបក្សនៅតាមទីសាធារណៈ ទីប្រជុំជន ឬ តាមដងផ្លូវនានា ទើបត្រូវស្នើសុំទៅអាជ្ញាធរមូលដ្ឋាន។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា មានតែគណបក្សមួយចំនួនដែលបំបែកចេញពីគណបក្សសង្គ្រោះជាតិដែលត្រូវរដ្ឋាភិបាលរំលាយចោលប៉ុណ្ណោះ ដែលហាក់រងការរឹតត្បិត និងតឹងតែងក្នុងការអនុវត្តការងារនយោបាយរបស់ខ្លួន។ លោកទទូចឲ្យក្រសួងមហាផ្ទៃពិនិត្យមើលលើស្មារតីនៃការណែនាំរបស់ខ្លួនឡើងវិញ និងការអនុវត្តផ្ទាល់របស់មន្ត្រីមូលដ្ឋានដែលបានហាមឃាត់គណបក្សប្រឆាំងមួយចំនួនមិនឲ្យលើកស្លាក។
«ខ្ញុំមានតែទទូចស្នើទៅក្រសួងមហាផ្ទៃ សូមឱ្យក្រសួងមហាផ្ទៃហ្នឹងធ្វើការត្រួតពិនិត្យអំពីស្មារតីនៃលិខិតណែនាំរបស់ខ្លួន នៅសជណរបស់ខ្លួនហ្នឹង ថាតើ សជណ ហ្នឹងបានឆ្លុះបញ្ចាំងយ៉ាងម៉េច ហើយការអនុវត្តជាក់ស្តែងហ្នឹងវាឆ្លុះបញ្ចាំងទៅនឹងស្មារតីនៃសជណហ្នឹងអត់? ណាស់នៃអឺគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃហ្នឹងអត់? ហើយក្រសួងមហាផ្ទៃគួរតែមានចាត់វិធានការឱ្យបានលឿនទាន់ពេលវេលា ដើម្បីធ្វើម៉េចសម្របសម្រួលឱ្យគណបក្សនយោបាយនីមួយៗអាចធ្វើសកម្មភាពបាន ឱ្យមានលក្ខណៈអឺតម្លាភាព ឲ្យស្មើភាពគ្នានៅមុនពេលបោះឆ្នោតមកដល់ ចៀសវាងកុំឱ្យមានការចោទប្រកាន់អំពីអឺបញ្ហាគណបក្ស ការប្រកួតប្រជែងហ្នឹងមិនស្មើភាពបាទ»។
លោក នី សុខា
ក្រៅពីគណបក្សកម្លាំងជាតិ កន្លងមក អាជ្ញាធរក៏ធ្លាប់បានរារាំងសកម្មភាពលើកស្លាករបស់គណបក្សឆន្ទៈខ្មែរផងដែរ ដោយមិនឲ្យគណបក្សទាំងនោះលើកស្លាកបានឲ្យងាយស្រួលឡើយ។ ភាគច្រើនមន្ត្រីអាជ្ញាធរចុះហាមឃាត់ ឬបង្កការលំបាកក្នុងការស្នើសុំឯកសារ ឬបញ្ជាឲ្យរុះរើស្លាកចេញវិញបន្ទាប់ពីសាងសង់រួចផងដែរ។ មន្ត្រីគណបក្សទាំងនោះយល់ថា អាជ្ញាធរអនុវត្តច្បាប់មិនស្មើភាពគ្នា រឹតត្បិតសេរីភាពនយោបាយ ចំពោះគណបក្សជំទាស់ដែលមានសំឡេងផ្ទុយរដ្ឋាភិបាល។
មន្ត្រីគណបក្សនយោបាយ និងសង្គមស៊ីវិល ស្នើសុំឲ្យមន្ត្រីមូលដ្ឋានបញ្ឈប់បង្កការលំបាកដល់គណបក្សជំទាស់ បើកលំហសេរីភាពនយោបាយឲ្យគណបក្សទាំងអស់ចូលរួមដោយស្មើភាពគ្នា និងអនុវត្តឲ្យមានតម្លាភាព ដើម្បីកុំឲ្យរងការរិះគន់ចំពោះការបោះឆ្នោតខាងមុខថា មិនយុត្តិធម៌ និងត្រឹមត្រូវ៕









