

មន្ត្រីរដ្ឋាភិបាលក្រៅប្រទេស ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើកផ្លូវឲ្យពួកគាត់ចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ត្រឹមត្រូវ នៅក្នុងឆ្នាំ២០២៧ខាងមុខ ដោយស្មើមុខស្មើមាត់ ប្រសិនបើ លោក ហ៊ុន ម៉ាណែត ពិតជាក្លាហានពិតប្រាកដ និងជឿជាក់ថា មានពលរដ្ឋ គាំទ្របក្សកាន់អំណាចច្រើន ជាងបក្សប្រឆាំង។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានចំអកឱ្យប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក សម រង្សី ថាជាអ្នកនយោបាយចាញ់តាំងពីជំនាន់ឪពុកលោកគឺលោក ហ៊ុន សែន រហូតដល់លោក ហើយទៅបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស ដើម្បីតាំងខ្លួនជានាយករដ្ឋមន្ត្រី។
មន្ត្រីបក្សប្រឆាំងលើកឡើងថា ការបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស ដោយសារតែមើលឃើញថាប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលត្រកូលហ៊ុន ពុំបានធ្វើឱ្យជាតិរីកច្រើន ហើយថែមទាំងបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សជាដើម។ ពួកគាត់ថា ការដែលលោក ហ៊ុន ម៉ាណែត ឌឺដង លើមកលើរដ្ឋាភិបាលនៅក្រៅប្រទេស នេះ គឺបង្ហាញថា លោក ហ៊ុន ម៉ាណែត បារម្ភពីការបាត់អំណាច ដោយសារខ្លាចឥទ្ធិពលអ្នកនយោបាយនៅក្រៅប្រទេស ស្របពេលដែលលោក អសមត្ថភាព ដោះស្រាយបញ្ហាបាត់បង់ទឹកដី ពលរដ្ឋប្រឈមគ្មានការងារ និងការរងសម្ពាធពីសហគមន៍អន្តរជាតិរឿងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០៥ ខែវិច្ឆិកាថា ការដែល លោក ហ៊ុន ម៉ាណែត អះអាងថា លោក សម រង្សី ជាអ្នកនយោបាយអសមត្ថភាពមិនអាចប្រកួតប្រជែងនយោបាយ ជាមួយលោក ហ៊ុន សែន រួមនឹងលោកផងនោះ គឺជាការវោហារសាស្ត្រនយោបាយ បោកប្រាស់ពលរដ្ឋ ព្រោះពលរដ្ឋរាប់លានអ្នកក៏បានដឹងរួចមកហើយថា តាមរយៈលទ្ធផល បោះឆ្នោតកាលពីឆ្នាំ២០១៣ រហូតដល់ការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ គឺ គណបក្សប្រជាជនកម្ពុជា បានចាញ់ប្រៀបបក្សសង្គ្រោះជាតិរហូតដល់លោក ហ៊ុន សែន ប្រើល្បិចស្មោកគ្រោក រំលាយបក្សប្រឆាំងចោល ហើយច្បាមយកអំណាចម្នាក់ឯង។
បន្ថែមពីនោះលោក គឹម សុខ ថា លោក ហ៊ុន ម៉ាណែត គឺជាអ្នកនយោបាយឆាប់ភ្លេចកំណើត ព្រោះតួនាទីជានាយករដ្ឋមន្ត្រីរបស់លោក បច្ចុប្បន្នមិនមែនបានមកដោយសារតែការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ត្រឹមត្រូវនោះទេ គឺបានពីការ លើកបន្ទុកពីឪពុករបស់លោក គឺលោក ហ៊ុន សែន។ លោកបន្តថា លោក ហ៊ុន ម៉ាណែត គ្មានដើមទុននយោបាយ ដែលអាចទាក់ទាញការគាំទ្រពីពលរដ្ឋនោះឡើយ។ លោកបន្ថែមថា ប្រសិនបើ លោក ហ៊ុន ម៉ាណែត អួតអាងថា រដ្ឋាភិបាលរបស់លោកមានប្រជាប្រិយភាព ហើយមានការគាំទ្រច្រើនពីពលរដ្ឋមែននោះ ថាតើ លោក ហ៊ានបើកឱ្យអ្នកនយោបាយនៅក្រៅប្រទេស រួមទាំងលោក សម រង្សី ផង ចូលរួមការបោះឆ្នោត នៅឆ្នាំ២០២៧ ខាងមុខឬក៏អត់?
«ការដែលគាត់ចំណាយពេលមកវាយប្រហារ អ្នកនយោបាយនៅក្រៅប្រទេសជាចិត្តសាស្ត្រគឺ ជាការភ័យខ្លាចរបស់គាត់ ទៅវិញនៅពេលដែលគាត់មិនអាចដោះស្រាយវិបត្តិដ៏ធំៗនៅប្រទេសកម្ពុជាបាន ហើយសហគមន៍អន្តរជាតិនៅតែជំរុញឲ្យគាត់ត្រូវតែដោះស្រាយជាពិសេសការស្ដារលទ្ធិប្រជាធិបតេយ្យ។» ការប្រឈមទាំងអស់ហ្នឹងហើយដែលធ្វើឲ្យលោក ហ៊ុនម៉ាណែត អត់មាននយោបាយអ្វីជាក់ស្ដែងជាសមិទ្ធផលប្រាប់ប្រជាពលរដ្ឋ ហើយបែរទៅជាបំភាន់ប្រជាពលរដ្ឋ អំពីសកម្មភាពនយោបាយរបស់ អ្នកនយោបាយក្រៅប្រទេស ដែលព្យាយាមយកកម្ពុជាជូនប្រជាពលរដ្ឋខ្មែរទៅវិញ»។
លោក គឹម សុខ
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៥ ខែវិច្ឆិកា បានថ្លែងនៅក្នុងពិធីចែកពូជស្រូវដល់ពលរដ្ឋដែលរងគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ ដោយលោកបង្ហាញការហួសចិត្ត នៅពេលដែលឃើញអ្នកនយោបាយនៅក្រៅប្រទេស រួមមាន លោក សម រង្ស៊ី ជាដើម បានរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និងសភាតំណាងរាស្ត្រនៅក្រៅប្រទេស។ លោក ហ៊ុន ម៉ាណែត បានឌឺដងទៅកាន់ លោក សម រង្ស៊ី ថា បានធ្វើនយោបាយប្រឆាំងឪពុកលោក គឺ លោក ហ៊ុន សែន ជាច្រើនអាណត្តិ ប៉ុន្តែមិនទទួលបានការគាំទ្រពីពលរដ្ឋ រហូតដល់ជំនាន់លោកទៀត ក៏នៅតែគ្មានឱកាស ធ្វើជានាយករដ្ឋមន្ត្រី។
«រដ្ឋាភិបាលក្រៅច្បាប់ច្បាប់២៣តុលា នោះឃើញគេបោះឆ្នោតរើសនាយករដ្ឋមន្ត្រី។ បាទខ្ញុំហៅអ្នកចាស់វស្សា អ្នកនយោបាយចាស់វស្សា សម រង្ស៊ី ខ្ញុំវាហួសចិត្ត ប្រហែលដល់អាយុដល់អាយុ។ គាត់តស៊ូនយោបាយ ប្រឆាំងសម្ដេចតេជោ រាប់សិបអាណត្តិអត់បានធ្វើនាយករដ្ឋមន្ត្រីព្រោះប្រជាជនអត់គាំទ្រ។ ខ្ញុំថាតាំងជាមួយឪខ្ញុំ ទៅមិនឈ្នះ។ដល់ឥឡូវគណបក្សប្រជាជនកម្ពុជាគេប្ដូរមកជំនាន់ពីរហើយគាត់នៅហ្នុង។ ដល់ចុងក្រោយតាំងជាមួយសម្ដេចតេជោមិនឈ្នះហើយអាយុ ៧០ជាង ហើយឥឡូវមកតតាំងជាមួយអាយុ ៤០ ជាង ៥០ ជាងទៀតមើលៗអត់ឱកាស បង្កើតរដ្ឋាភិបាលធ្វើនាយករដ្ឋមន្ត្រីខ្លួនឯងហ្មង»។
លោក ហ៊ុន ម៉ាណែត
អ្នកឃ្លាំមើលរិះគន់ លោក ហ៊ុន ម៉ាណែត ថា ប្រសិនបើលោក ហ៊ុន ម៉ាណែត មានភាពស្វាហាប់ ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ដូចជាការទាមទារទឹកដីពីថៃមកវិញ ការដោះស្រាយបញ្ហាពលរដ្ឋគ្មានការងារធ្វើសមរម្យ និងបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ តាមរយៈការសួរដេញដោយរកមុខអ្នកពាក់ព័ន្ធ និងរកហេតុផល ដូចដែលលោក ចង់ឈ្នះចាញ់បក្សប្រឆាំង ប្រហែលបញ្ហាជាតិធំៗ នឹងដោះស្រាយបានយ៉ាងលឿនរហ័ស ហើយពលរដ្ឋ ក៏នឹងលែងមានការសង្ស័យលើការដឹកនាំរបស់លោក ហើយបក្សប្រឆាំង ក៏នឹងលែងមានពាក្យរិះគន់ទៀត។
ប៉ុន្តែជាក់ស្ដែង ពួកគាត់មើលឃើញថា លោក ហ៊ុន ម៉ាណែត បានត្រឹមតែអួតអាង មិនថាការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ការបើកលំហឱ្យមានការប្រកួតប្រជែងអំណាច តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ត្រឹមត្រូវ នោះទេគឺលោក ហ៊ុន ម៉ាណែត មិនទាំងហ៊ាននោះទេ។ ផ្ទុយទៅវិញ លោកខ្លាំងបានតែខាងធ្វើទុក្ខបុកម្នេញបក្សប្រឆាំង និងពលរដ្ឋ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ចាត់ទុកការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត ដែលរិះគន់អ្នកនយោបាយនៅប្រទេស រួមនឹងលោក សម រង្ស៊ី ផងថា គឺជារឿងគួរឱ្យអស់សំណើច ខណៈបក្សកាន់អំណាច ដែលដឹកនាំដោយ លោក ហ៊ុន សែន ផ្ទាល់គឺ ព្រោះជាក់ស្ដែង លោក សែន និង លោក ហ៊ុន ម៉ាណែត ទេដែលបានបិទសិទ្ធិបក្សប្រឆាំងមិនឱ្យចូលស្រុក ដើម្បីចូលរួមការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ត្រឹមត្រូវ។ លោកបញ្ជាក់ថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត នេះគឺដើម្បីបិទបាំងពីភាពភ័យខ្លាច នៃឥទ្ធិពលអ្នកនយោបាយដែលកំពុងតែធ្វើយុទ្ធនាការតស៊ូមតិ នៅក្រៅប្រទេស។
«ប្រសិនបើលោកហ៊ានថា លោក សម រង្ស៊ី គឺជាមនុស្សដែលមិនអាចឈ្នះ មិនហ៊ានតតាំងជាមួយលោក គួរតែបើកប្រព័ន្ធប្រកួតប្រជែងសេរី ទៅឲ្យអ្នកនយោបាយក្រៅប្រទេស ឬ ក៏ក្រុមសភាខ្មែរក្រៅប្រទេសហ្នឹងឲ្យគេប្រកួតប្រជែងជាមួយទៅថាតើឈ្នះចាញ់ យើងនឹងដឹងហើយ ប៉ុន្តែបើសិនជាគ្រាន់តែនិយាយ ហើយអត់បើកឲ្យគេ ប្រកួតប្រជែងផង អញ្ចឹងតើ មានតម្លៃអី?»
លោក ស៊ឹង សែនករុណា
ចាប់តាំងអវត្តមានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្គ្រោះជាតិ ក្នុងការចូលរួមការបោះឆ្នោត ដោយសារតែលោក ហ៊ុន សែន បានបញ្ជាឱ្យតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧មក លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនដែលបន្ធូរដៃក្នុងការតាមកម្ទេចបក្សប្រឆាំងដទៃទៀតនៅក្នុងស្រុកនោះឡើយ ដូចជា គណបក្សភ្លើងទៀន និងបក្សកម្លាំងជាតិជាដើម តាមរយៈការចាប់ខ្លួនមេដឹកនាំបក្សទាំងនោះដាក់ពន្ធនាគារ ដូចជា លោក ថាច់ សេដ្ឋា និងដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត ដូចជាលោក រ៉ុង ឈុន ជាដើម។ ករណីនេះអ្នកឃ្លាំមើលបង្ហាញថា បក្សកាន់អំណាចគ្មានភាពក្លាហាន ក្នុងការប្រកួតប្រជែងការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ បើទោះពីជាគ្មានវត្តមាន លោក សម រង្សី និងអ្នកនយោបាយក្រៅប្រទេស៕









