លោក រ៉ុង ឈុន ចាត់ទុក​ការ​ឆ្លើយ​តប​របស់​ក្រសួងយុត្តិធម៌​ផ្ទុយ​ទៅ​នឹង​គោលបំណង​ដែល​លោក​ស្នើ

0
112
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន និងអ្នកគាំទ្រអមដំណើរទៅតុលាការកំពូល កាល​ពីថ្ងៃទី១៥ មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន និងអ្នកគាំទ្រអមដំណើរទៅតុលាការកំពូល កាល​ពីថ្ងៃទី១៥ មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អតីត​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ចាត់ទុក​ការ​ឆ្លើយតប​របស់​ក្រសួង​យុត្តិធម៌ ពាក់ព័ន្ធ​សំណើ​ឱ្យ​បើក​ការ​សើរើ និង​ទម្លាក់​ចោល​ការចោទប្រកាន់ ប្រឆាំង​លើ​រូបលោក​ថា ផ្ទុយ​ទៅ​នឹង​គោលបំណង ដែល​លោក​បាន​ស្នើ ហើយ​ក្រសួង​មាន​ចេតនា​បំភ្លៃ និង​ផ្ដល់​ហេតុផល ដាក់បន្ទុក​មក​លើ​រូបលោក ជាជាង​បង្ហាញ​ពី​បំណង​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​។ អ្នកឃ្លាំមើល​យល់ថា ការ​ឆ្លើយ​តប​របស់​ក្រសួង ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់ ពី​ការ​គេចវេះ និង​ការ​ប្រកាន់​យក ទម្រង់​រដ្ឋបាល​តឹងរ៉ឹង ដើម្បី​រុញច្រាន​សំណុំរឿង នេះ​ឱ្យ​ដើរ​ដល់​ផ្លូវ​ទល់​ច្រក។

អតីត​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដែល​មាន​ក្ដីក្ដាំ​ជាច្រើន​នៅ​តុលាការ នៅ​ថ្ងៃទី​១១ ខែសីហា បានធ្វើ​សន្និស័ទ​សារព័ត៌មាន ឆ្លើយតប​ទៅកាន់​ក្រសួងយុត្តិធម៌​ដោយ សម្ដែង​ការសោកស្ដាយ​ជាខ្លាំង ក្រោយពី​ក្រសួង​មិន​ទទួលយក​សំណើ​របស់លោក ដើម្បី​សើរើ អង្គហេតុ​ជាថ្មី​ស្របតាម​មាត្រា​៣១ មាត្រា ៣៥ មាត្រា ៣៦ មាត្រា ៤១ និង​មាត្រា ៤២ នៃ​រដ្ឋធម្មនុញ្ញ ព្រមទាំង កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ប៉ុន្តែ​បែរជា ក្រសួង​រកហេតុ​ផល​ផ្សេង​ដើម្បី គេចវេះ និង ដាក់បន្ទុក​បន្ថែម​មក​លើ​រូបលោក តាមរយៈ​មាត្រា​៣១ និង​មាត្រា​៤៩។

លោក​ជឿ​ថា ប្រសិនបើ​ក្រសួង​បំពេញ​តួនាទី​ជា​ស្ថាប័ន​យុត្តិធម៌​ពិតប្រាកដ​មិន​គួរ គេចវេះ មិន​ទទួលយក​សំណើ​នោះ​ទេ ព្រោះ​សំណុំ​រឿង​នេះ ពាក់ព័ន្ធ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដែល​ស្រប​ទៅ​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ​។ លោក​ចាត់ទុក​ការ​ថ្លែង​របស់ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ តាមរយៈ​លិខិត​ឆ្លើយតប ដែល អះអាង​ថា ច្បាប់​កម្ពុជា​គ្មាន​ចែងថា ក្រសួង​យុត្តិធម៌ មាន​សិទ្ធិ​កែប្រែ និង​ទម្លាក់​ចោទ​ការសម្រេច​របស់​តុលាការ​កំពូល​នោះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្រសួង​បាន​ដើរ ផ្ទុយ​ទៅ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​។ លោក​បន្ត​ថា តាមពិត​ក្រសួង​មាន​សិទ្ធិ​សើរើ នៅ​ពេល​ដែល​តុលាការ​ចោទប្រកាន់​លើ​បុគ្គល​ណាមួយ គ្មាន​ភស្តុតាង​ត្រឹមត្រូវ។

លោក រ៉ុង ឈុន៖ «សេចក្ដីសម្រេច​របស់​សាលា​កំពូល មិន​ស្រប​ទៅ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា ៣៤, ៣៥, ៤០ និង ៤១ នោះ​ទេ។ ប៉ុន្តែ​ដល់ពេល​គាត់​ទៅ​និយាយ គាត់​បែរជា​ទៅ​និយាយ​រឿង​ផ្សេង ដោយ​មិនបាន​និយាយ​ចំណុច​ដែល​យើង​បាន​លើកឡើង​នោះ​ឡើយ»។

កាលពី​ថ្ងៃទី​១ ខែកក្កដា លោក រ៉ុង ឈុន បាន​ដាក់​លិខិត​ទៅកាន់​ក្រសួងយុត្តិធម៌ ដើម្បី​ស្នើ​ឱ្យ​ពិនិត្យ​លទ្ធភាព​សើរើ ឬ​ត្រួត​ពិនិត្យ​ឡើងវិញ​លើ​សាលដីកា​របស់​តុលាការ​កំពូល​និង ពិចារណា​ទម្លាក់​ចោល​កា​រ​អនុវត្ត​វិធានការ​កម្រិត​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​លោក ក្រោយពី​តុលាការ គ្រប់​ជាន់ថ្នាក់​បាន​ចោទប្រកាន់​មក​លើ​រូបលោក ទាំង​អយុត្តិធម៌​ពាក់ព័ន្ធ​បទ​”​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ហើយ តុលាការ​កំពូល​ក៏បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​៥​ឆ្នាំ និង ហាម​ផ្លាស់​ទីលំនៅ​ក្រៅពី​រាជធានី​ភ្នំពេញ។

ក្រោយពី​ដាក់​លិខិត​អស់​ជាង​១​ខែ ក្រសួងយុត្តិធម៌ បាន​ចេញ​លិខិត​ឆ្លើយតប​ថា​ការសម្រេច​របស់​តុលាការ​គ្រប់​ជាន់​ថ្នាក់លើ​សំណុំ​របស់ លោក រ៉ុង ឈុន គឺ​ធ្វើ​ឡើង​បាន​ត្រឹមត្រូវ និង​ស្របតាម​នីតិវិធី ហើយ​ក្រសួង ពុំ​រក​ឃើញ​ភាព មិន​ប្រក្រតី​ណាមួយ​នោះ​ដែរ​។ ក្រសួង​បញ្ជាក់​ថា កន្លងទៅ ជន​ត្រូវ​ចោទ បាន​អនុវត្ត​តាម​នីតិវិធី របស់​តុលាការ​ដូចជា​ការ​ទទួល​បាន សិទ្ធិ​ការពារ​ខ្លួន ដោយ​មាន​ជំនួយ​ពី​មេធាវី តតាំង​ក្ដី គ្រប់​ដំណាក់កាល​។ មួយទៀត ក្រសួង​ថា ប្រសិនបើ លោក រ៉ុង ឈុន មាន​ភស្តុតាង​ថ្មី អាច​ប្ដឹង​ទៅកាន់​តុលាការ​កំពូល​ដើម្បី​សើរើ ព្រោះ​ក្រសួងយុត្តិធម៌​គ្មាន សិទ្ធិ​ទម្លាប់​បទ​ចោទ និង​សើរើ លើ​សំណុំរឿង ទាំង​នោះ​ឡើយ។

ទោះជា​បែបនេះ​ក្ដី អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី យល់​ឃើញ​ថា​ការ​ឆ្លើយតប​របស់​ក្រសួងយុត្តិធម៌ ចំពោះ​សំណើ​របស់​លោក រ៉ុង ឈុន ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​ការ​គេចវេះ និង​ការ​ប្រកាន់​យក​ទម្រង់​រដ្ឋបាល​បិទបាំង​ខ្លឹមសារ​នៃ​យុត្តិធម៌​។ លោក​អះអាង​ថា ការដែល​ក្រសួង​ប្រកាស​យ៉ាង​ឆាប់រហ័ស​ថា ដំណើរការ​ក្ដី គ្មាន​ភាព​មិន​ប្រក្រតី ហើយ ថា​ក្រសួង​គ្មាន​សមត្ថកិច្ច សើរើ​សំណុំរឿង គឺជា​ការ​រុញច្រាន​ការទទួលខុសត្រូវ និង​ជា​ការ​ខកខាន​ក្នុង​ការ​បំពេញ​តួនាទី​ជា​អាណាព្យាបាល​ផ្នែក​ច្បាប់​របស់​ជាតិ។

លោក​បន្ថែម​ថា ក្រសួង​យុត្តិធម៌ មិន​គួរ​បង្រួញ​តួនាទី​របស់​ខ្លួន​ត្រឹម​ជា​អ្នក​រត់ការ​ឯកសារ ឬ​ជា​ខែល​ការពារ​ការសម្រេច​របស់​តុលាការ​នោះ​ទេ​។ លោក​យល់ថា ការណែនាំ​ឱ្យ​លោក រ៉ុង ឈុន ដាក់​បណ្ដឹង​សើរើ​ទៅ​តុលាការ​កំពូល ដោយ​តម្រូវ​ឱ្យ​មាន​ភស្តុតាង ឬ​អង្គហេតុ​ថ្មី គឺជា​ការបង្កើត​នីតិវិធី​ស្មុគស្មាញ និង​ជា​ល្បិច​ទាល់ច្រក​ផ្លូវច្បាប់ ដើម្បី​រុញ​រឿង​នេះ ឱ្យ​ផុត​ពី​ដៃ​ប៉ុណ្ណោះ​។ លោក​បន្ត​ថា ករណីនេះ មិនមែន ជា​បញ្ហា​ខ្វះ​ភស្តុតាង តែ​ជា​បញ្ហា​នៃ​ការ​បកស្រាយ​ផ្លូវច្បាប់​ឱ្យ​រួម​តូច​ចង្អៀត ដែល​ក្រសួង​គួរតែ អន្តរាគមន៍​ផ្ទៀងផ្ទាត់​ទិដ្ឋភាព​ច្បាប់​ឱ្យ​បាន​ស៊ីជម្រៅ​ឡើងវិញ។

លោក សេង វណ្ណលី៖ «​ទោះបីជា​ក្រសួងយុត្តិធម៌​មិនអាច​ចេញ​បញ្ជា​កែប្រែ​សាលដីកា​តុលាការ​ដោយ​ផ្ទាល់​ដើម្បី​ជៀសវាង​ការរំលោភ​អំណាចតុលាការ​ក៏ដោយ ប៉ុន្តែ​ក្រសួង​មានអំណាច​ផ្លូវច្បាប់​ពេញលេញ​ក្នុង​ការបង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​ភាព​ត្រឹមត្រូវ​នៃ​អង្គច្បាប់ ឬ​ធ្វើ​របាយការណ៍​ស្នើសុំ​ទៅ​អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ឱ្យ​ពិនិត្យមើល​ភាព​មិន​ប្រក្រតី​នៃ​ការអនុវត្ត​ច្បាប់​។ ការ​មិន​ព្រម​ប្រើប្រាស់​យន្តការ​ទាំងនេះ ហើយ​ប្រញាប់ប្រញាល់​បិទផ្លូវ​តវ៉ា គឺជា​ការ​ខ្វះ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ»។

បន្ថែម​ពី​​នោះ លោក សេង វណ្ណលី គាំទ្រ​ចំពោះ សម្ដី​របស់​លោក រ៉ុង ឈុន ដែល​ថា​ការ​ឆ្លើយតប​របស់​ក្រសួងយុត្តិធម៌ ដើរ​ផ្ទុយ​ពី​ច្បាប់ និង​គ្មាន​ហេតុផល​សមរម្យ គឺជា​ការរិះគន់​ដែល​មាន​ទម្ងន់ និង​ហេតុផល​ត្រឹមត្រូវ​។ លោក​បន្ត​ថា ការដែល​តុលាការ​យក​លេស​រដ្ឋធម្មនុញ្ញ​ផ្នែក​សន្តិសុខ​សង្គម​មក​ចោទប្រកាន់ ដោយ​មើល​រំលង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ បង្ហាញថា ការ​ឆ្លើយ​តប​របស់​ក្រសួងយុត្តិធម៌​មាន​លក្ខណៈ​ឯកតោភាគី និង​ខកខាន​ក្នុង​ការ​ផ្ដល់​ចម្លើយ​ដែល​ប្រកបដោយ​ហេតុផល​គតិយុត្តិ​រឹងមាំ​ជូន​ពលរដ្ឋ។

កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ពិន័យ​ជា​ប្រាក់​៤​លាន​រៀល និង​ដកហូត​សិទ្ធិ​នយោបាយ មួយ​ជីវិត ក្រោម​បទ​ចោទ​«​មិន​រាងចាល​» ក្នុង​សំណុំរឿង​«​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ក្រោយពី​លោក​បាន​អត្ថាធិប្បាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ខែឧសភា​ឆ្នាំ​២០២៥ និង​ជួប​សួរសុខទុក្ខ​ពលរដ្ឋ ដែល​មាន​ជម្លោះដីធ្លី នៅ​តំបន់​បឹង​តា​មោក ជាយក្រុង​ភ្នំពេញ។

ក្រោយមក នៅ​ថ្ងៃទី​១៩ ខែមិថុនា តុលាការ​កំពូល​បានប្រកាស​សាលដីកា ដោយ​បន្ធូរ​បន្ថយទោស​ខ្លះ ដូចជា​ការ​ផ្ដន្ទាទោស ឱ្យ​លោក រ៉ុង ឈុន ជាប់ពន្ធនាគារ​៤​ឆ្នាំ បន្ថយ​មក​នៅ ៣​ឆ្នាំ តាមរយៈ​ការ​ព្យួរទោស សាកល្បង ចំណែក​ការ​ដកហូត​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត បន្ធូរ​មក​នៅ​ត្រឹម​៥​ឆ្នាំ​។ ជាមួយគ្នា​នោះ តុលាការ​កំពូល​ក៏បាន​ដកហូត​សិទ្ធិ​មួយ​ចំនួន​ដែរ ដូចជា​ការ​ហាម លោក រ៉ុង ឈុន មិន​ឱ្យ​ដូរ​ទីលំនៅ​ក្រៅពី​ភ្នំពេញ និង​ហាម​មិន​ឱ្យ​ថ្លែង​សារ​នយោបាយ​នៅ​តាម​ទី​សាធារណៈ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ