តំណាង​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ២៣​តុលា នឹង​​ជួប​តំណាង​ការិយាល័យ​រដ្ឋអាជ្ញា​ICCនៅ​ដើម​សប្ដាហ៍​នេះ

0
41
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន

តំណាង​រដ្ឋាភិបាល​កម្ពុ​ជា​ឯករាជ្យ​២៣​តុលា នឹង​ទៅ​ជួប​តំណាង​ការិយាល័យ​រដ្ឋអាជ្ញា នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ថ្ងៃទី​២៤ ខែសីហា នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នឹង​បញ្ជូន តំណាង​របស់​ខ្លួន​ចំនួន ៤​រូប ទៅ​ជួប​តំណាង​ការិយាល័យ​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដល់ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ នៅ​ថ្ងៃទី​២៤ ខែសីហា ខាងមុខ​នេះ ដើម្បី​ផ្ដល់​សក្ខីកម្ម ឬ​ការ​ពន្យល់​បន្ថែម​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ដែល​ប្ដឹង ភាគី​ថៃ​ឲ្យ​ទទួលខុសត្រូវ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង មេដឹកនាំ​នៅ​កម្ពុជា លើ​ផ្នែក​នៃ ការ​ស្លាប់​ជន​ស៊ីវិល។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា នៅ​ថ្ងៃទី​២០ ខែ​សីហា ឲ្យ​ដឹង​ថា អ្នកតំណាង នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា ទាំង ៤​រូប នោះ រួមមាន ប្រធាន​ស្ថាប័ន​ការបរទេស និង​អនុវត្តន៍​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស លោកស្រី ធិត គឹមហ៊ុន ប្រធាន​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ លោក អ៊ុំ សំអាន ប្រធាន​ស្ថាប័ន​ប្រជាធិបតេយ្យ យុត្តិធម៌​សង្គម និង​សិទ្ធិមនុស្ស លោក អ៊ូ សាមឌី និង អនុប្រធាន​ស្ថាប័ន ការបរទេស និង​អនុវត្តន៍​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស​លោកស្រី អ៊ូ លីនដា។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា អះអាង​ថា ខ្លួន​ប្រឹងប្រែង​ដោយ​ស្វាហាប់ និង​ស្មោះត្រង់ នូវ​គ្រប់​មធ្យោបាយ នៃ​យន្តការ​អន្តរជាតិ និង​ច្បាប់​អន្តរជាតិ ដើម្បី ការពារ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​។​

ប្រធាន​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២១ ខែសីហា ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត មិន​ហ៊ាន​ប្ដឹង​ថៃ ដូច្នេះ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ត្រូវតែ​ប្ដឹង ដើម្បី​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា។ លោក​ថា ក្រុមការងារ រដ្ឋាភិបាល​ក្រៅប្រទេស​នេះ មាន​ភស្តុតាង​រឹងមាំ ដើម្បី​ដាក់បន្ទុក​ភាគី​ថៃ​ឲ្យ​ទទួលខុសត្រូវ និង ក៏​គ្រោង​ទាមទារ​សំណង​ពី​ថៃ ពី ១០០​ពាន់​លាន ទៅ ៣០០ ពាន់​លាន​ដុល្លារ ដើម្បី​សង​ការខូចខាត​របស់​ពលរដ្ឋ​ខ្មែរ​រងគ្រោះ និង​ជាតិ​កម្ពុជា ប្រសិន​បើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចាត់ការ​ដំណើរការ​ក្ដី​ជា​ផ្លូវការ។ «»

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា បាន​ប្ដឹង​ភាគី​ថៃ និង អ្នកដឹកនាំ​នៅ​កម្ពុជា ទៅ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ហើយ​ប្រមាណ ៥​ខែ ក្រោយមក គឺ​នៅ​ថ្ងៃទី​០១ ខែកក្កដា ការិយាល័យ​រដ្ឋអាជ្ញា នៃ​តុលាការ​ព្រហ្មទណ្ឌ អន្តរជាតិ បាន​ណាត់​ឲ្យ​មាន​ជំនួប​ជា​លើក​ទី​១។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា បាន​ដាក់​ពាក្យ​បណ្ដឹង​របស់​ខ្លួន ទៅកាន់ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ តាមរយៈ​មេធាវី​អន្តរជាតិ ជា​តំណាង ដោយ​ដាក់​ការ​ទទួលខុសត្រូវ​លើ​ឈ្មោះ​ភាគី​ពីរ​គឺ​រដ្ឋាភិបាល​ថៃ​និង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។

រដ្ឋាភិបាល​ក្រៅប្រទេស​នេះ ប្ដឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង កងទ័ព​ថៃ​ទទួលខុស​ត្រូវ​លើ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​បាន​ប្រព្រឹត្ត​ដោយ​កងកម្លាំង​ថៃ ដូចជា ការ​វាយប្រហារ​លើ​គោលដៅ​ជន​ស៊ីវិល និង​ទៅលើ​គោលដៅ​យោធា ដែល​បង្ក​ការខូចខាត​ដល់​ជន​ស៊ីវិល​ច្រើន​លើសលប់ ។ បណ្ដឹង​រៀបរាប់​ថា កងទ័ព​ថៃ សុទ្ធតែ​បានដឹង​ជាមុន​ហើយ នូវ​វត្តមាន​ជន​ស៊ីវិល ដែល​ត្រូវ​បាន​ជួញដូរ និង ឃុំខ្លួន ក្នុង​មជ្ឈមណ្ឌល​ឆបោក​ទាំងឡាយ ក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា ដែល​កងទ័ព​ថៃ​បាន​វាយប្រហារ។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ឲ្យ​ដឹង​ទៀត​ថា កងទ័ព​ថៃ​ទទួលខុសត្រូវលើ​ការប្រើ​អាវុធ​ធុន​ធ្ងន់ គ្រាប់បែក​ចង្កោម និង អាវុធ​គីមី ដែល បំពាន​អនុសញ្ញា អន្តរជាតិ​ដោយ​បាន​បង្ក​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ ដល់​អាយុជីវិត និង​សុខភាព របស់​កងទ័ព​កម្ពុជា​និង​ជន​ស៊ីវិល រួម​ទាំង​កុមារ​ផង ហើយ​និង​បំផ្លាញ ផ្ទះសម្បែង របស់​ពលរដ្ឋ​ខ្មែរ អគារ​សាធារណៈ សាលារៀន មន្ទីរពេទ្យ និង ប្រាសាទបុរាណ​ខ្មែរ ដូចជា ប្រាសាទព្រះវិហារ និង ប្រាសាទ​តា​ក្របី ជាដើម។

ក្រៅ​ពី​នេះ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា ក៏​ប្ដឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទទួលខុសត្រូវ​ផ្នែក​ឧក្រិដ្ឋកម្ម​លើ​ជន​ស៊ីវិល ដែល​ត្រូវ​បាន​ជួញដូរ និង​ឃុំខ្លួន​នៅក្នុង​មជ្ឈមណ្ឌល​ឆបោក​ក្រោម​ការ​ការពារ​ដោយ​រដ្ឋ​ដោយ​មូលហេតុ​ទុក​ឱ្យ​ពួកគេ​ប្រឈម​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​ខុសច្បាប់ ។

រដ្ឋាភិបាល​ក្រៅប្រទេស​របស់​លោក សម រង្ស៊ី ពន្យល់​ថា ទោះបីជា​បានដឹង​ច្បាស់ ពី​ការវាយប្រហារ​របស់​កង​ទ័ព​ថៃ​ក្ដី រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​បាន​ជម្លៀស​ជន​ស៊ីវិល​ទាំងនោះ ចេញ​ពី​មជ្ឈមណ្ឌល​ឆបោក​ឡើយ។ ក្រៅពី​ជាប់​ពាក់ព័ន្ធ នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថែមទាំង​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ជ​ន​ស៊ីវិល​ជា​ខែល​មនុស្ស សូម្បីតែ​អំឡុង​ការ​បំផ្ទុះ​គ្រាប់បែក​លាន់​ស្នូរ​សន្ធឹក​កក្រើក​ធរណី។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ប្រចាំ​ប្រទេស​អូស្ត្រាលី​លោក ស៊ឹង សែនករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២១ ខែ​សីហា ថា ការ​កោះហៅ តំណាង​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ឲ្យ​ទៅ​ជួប​តំណាង​ការិយាល័យ​រដ្ឋអាជ្ញា គឺជា​ការ​ចាប់ផ្ដើម​ដំណើរការ​នីតិវិធី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា បណ្ដឹង​របស់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា ផ្អែក​តាម​វិនាសកម្ម​ជាក់ស្ដែង លើ​កម្ពុជា និង​យោង​តាម​ច្បាប់​អន្តរជាតិ។ ដូច្នេះ លោក​សង្ឃឹមថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នឹង​ធ្វើ​ដំណើរការ​ក្ដី​ជា ផ្លូវការ ដើម្បី​នាំ​យក​ភាគី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ទៅ​ផ្ដន្ទាទោស​ក្នុង​គោលដៅ​រក​យុត្តិធម៌ ជូន​ភាគី​រងគ្រោះ ដែល​ជា​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ។

ក្រៅពី​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ក៏​កំពុង​ស្វះ​ស្វែងរក​មធ្យោបាយ​ដើម្បី​ប្ដឹង​ភាគី​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ICJ ពាក់ព័ន្ធ​នឹង​អំពើ​ឈ្លានពាន​របស់​កងទ័ព​ថៃ ដែល​កំពុងតែ​កាន់កាប់​ទឹកដី​កម្ពុជា ជាច្រើន​ទីតាំង នៅ​ជាប់​ព្រំដែន​ថៃ​ដែរ។

រូបភាព​ពី​ផ្កាយរណប​ក្នុង​ខែមីនា ដែល​បង្ហាញ​ដោយ​អង្គការ​លីកាដូ កាល​ពី​ពេល​ថ្មីៗ​នេះ ឲ្យ​ដឹង​ថា ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ យ៉ាងតិច ចំនួន ៦២៧​ខ្នង និង ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ជាច្រើន​ទៀត​របស់​កម្ពុជា​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បាន យោធា​ថៃ​ឈូស​ឆាយ​បំផ្លាញ​ចោល ចាប់​តាំង​ពី​កម្ពុជា និង​ថៃ​មាន​បទ​ឈប់​បាញ់​កាលពី​ចុងឆ្នាំ​២០២៥​មក។

ក្រោម​ការវាយប្រហារ​បាញ់​ផ្លោង​របស់​ទាហាន​ថៃ ប្រជាពលរដ្ឋ​ខ្មែរ ៣០​នាក់ បាន​បាត់​ជីវិត និងជិត ១០០​នាក់ រងរបួស ហើយ​យុទ្ធជន​ខ្មែរ យ៉ាងតិច ១៤០​បាន​ពលី​ជីវិត និង របួស រាប់​សិប​នាក់​ទៀត​។ មក​ដល់​ពេល​នេះ ពលរដ្ឋ​ខ្មែរ​ភៀសសឹក​ប្រមាណ ៣​ម៉ឺន​នាក់ មិនទាន់​អាច​ត្រឡប់​ទៅកាន់​ផ្ទះសម្បែង​របស់ ពួកគាត់ នៅ​ឡើយ ខណៈ​កម្លាំង​អាជ្ញាធរ​ថៃ កំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​លើ​ដី​កម្ពុជា និង​ចែក​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរ ឲ្យ​ពលរដ្ឋ​ថៃ​កាន់កាប់ ដូចជា នៅ​តំបន់​ភូមិ​ជោគជ័យ និង ភូមិ​ព្រៃ​ចាន់ របស់​កម្ពុជា​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ