គណបក្ស​កម្លាំង​ជាតិ មិន​គាំទ្រ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​

0
70
សកម្មភាពក្រុម​ការងារ​គណបក្ស​កម្លាំង​ជាតិ​​ ​លើក​ស្លាក​គណបក្ស​កម្លាំង​ជាតិ​ឃុំ​អង្គរ​បូរី​ ខេត្ត​តាកែវ កាលពីថ្ងៃទី​១៨ ខែ​មករា ​ឆ្នាំ​២០២៦។ រូប៖ គណបក្សកម្លាំងជាតិ
សកម្មភាពក្រុម​ការងារ​គណបក្ស​កម្លាំង​ជាតិ​​ ​លើក​ស្លាក​គណបក្ស​កម្លាំង​ជាតិ​ឃុំ​អង្គរ​បូរី​ ខេត្ត​តាកែវ កាលពីថ្ងៃទី​១៨ ខែ​មករា ​ឆ្នាំ​២០២៦។ រូប៖ គណបក្សកម្លាំងជាតិ

គណបក្ស​កម្លាំងជាតិ ប្រកាស​មិន​គាំទ្រ និង​សោកស្តាយ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​របស់​រដ្ឋសភា​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២៦​។ គណបក្ស​កម្លាំង​ជាតិ លើកឡើង​នៅក្នុង​សេចក្តី​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃទី​២១ ខែសីហា ថា សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​កំណត់​អំពី​ការដឹកនាំ​ប្រទេស​តាម​បែប​«​លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស​» ចុះថយ​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ និង​តាមដាន ពោល​គឺ​មិន​មាន​តម្លាភាព ធ្វើ​ឲ្យ​បាត់បង់​តំណាង​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត និង​ប៉ះពាល់​ដល់​ដំណើរការ​វិមជ្ឈការ។

គណបក្ស​កម្លាំង​ជាតិ ប្រតិកម្ម​ដូច្នេះ​គឺ​បន្ទាប់ពី​រដ្ឋសភាជាតិ​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ លើ​មាត្រា​ចំនួន ៤ គឺ ត្រង់​មាត្រា ៣៣ មាត្រា ៣៤ មាត្រា ៣៥ និង មាត្រា ៣៨ តាម​យុទ្ធសាស្ត្រ បញ្ច​កោណ​-​ដំណាក់កាល​ទី​១ និង​កម្មវិធី​កែទម្រង់​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុង​ការ​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ១១០ លើ ១១០ សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល។

គណបក្ស​កម្លាំង​ជាតិ យល់​ថា ច្បាប់​ពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ដែល​មាន​ស្រាប់ កាល​ខែមីនា ឆ្នាំ​២០០១ គឺ​មាន​តម្លាភាព​ជាង​ច្បាប់​ថ្មី​តាមរយៈ​ការបែងចែក​អំណាច​រវាង​ឃុំ និង​ជំទប់ ចៅសង្កាត់ ចៅ​សង្កាត់​រង មកពី​គណបក្ស​ផ្សេងគ្នា​។ ចំណែក​ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​ថ្មី​នេះ មានបំណង​ប្រមូល​ផ្តុំ​តំណែង​សំខាន់ៗ​ទៅ​គណបក្ស​តែមួយ ធ្វើ​ឱ្យ​បាត់បង់​យន្តការ​ត្រួតពិនិត្យ និង​តុល្យភាព​អំណាច​ក្នុង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ងាយ​ប្រឈម​នឹង​អំពើពុករលួយ និង​បក្ខ​ពួកនិយម​។ មិនតែប៉ុណ្ណោះ វិសោធនកម្ម​នេះ ហាក់​ប្រែក្លាយ​ឱ្យ​ការគ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ​ក្លាយជា​ការពង្រីក​អំណាច​ផ្តាច់​មុខ​ជំនួស​ឱ្យ​ការបម្រើ​ផលប្រយោជន៍​រួម​របស់​ពលរដ្ឋ​គ្រប់​និន្នាការ។

សេចក្តី​ថ្លែង​ការ​នេះ​បង្ហាញ​ទៀត​ថា គណបក្សប្រឆាំង និង​គណបក្ស​តូចៗ កំពុង​ប្រឈមមុខ​នឹង​សម្ពាធ​ជុំ​ទិស ការកាត់បន្ថយ​តំណែង​ជំទប់ និង​ការ​កែប្រែ​រូបមន្ត​បែងចែក​នេះ នឹង​ធ្វើ​ឱ្យ​សំឡេងឆ្នោត​របស់​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ភាគតិច ត្រូវ​បាត់បង់​តំណាង និង​គ្មាន​ឥទ្ធិពល​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍ និង​ការសម្រេចចិត្ត​នានា​ក្នុង​ឃុំ​/​សង្កាត់​របស់​ខ្លួន។

គណបក្ស​កម្លាំង​ជាតិ​ទទូច​ឲ្យ​រាជរដ្ឋាភិបាល និង​រដ្ឋសភា ពិចារណា​ឡើងវិញ និង​អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ផ្អាក​ដំណើរ​ការ​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ ដើម្បី​រក្សាទុក​បទប្បញ្ញត្តិ​នៃ​ច្បាប់​ចាស់ ឬ​បើក​ឱ្យ​មាន​ការពិគ្រោះ​យោបល់​សាធារណៈ​ឱ្យ​បាន​ទូលំទូលាយ​ជាមួយ​គ្រប់​ភាគី​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​អ្នកជំនាញ​ច្បាប់ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការគោរព​ឆន្ទៈ​ម្ចាស់​ឆ្នោត​។ គណបក្ស​នេះ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​សហគមន៍​ជាតិ និង​អន្តរជាតិ បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ការប្រែប្រួល​នៃ​ប្រព័ន្ធ​ច្បាប់ និង​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ប្រជាធិបតេយ្យ តាមដាន​ដំណើរ​ការកសាង​ច្បាប់​នេះ​ដោយ​យកចិត្តទុកដាក់ និង​សម្ដែង​មតិ​ដោយ​អហិង្សា និង​សន្តិវិធី ដើម្បី​ការពារ​សិទ្ធិ និង​សំឡេង​របស់​ខ្លួន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ