សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន ទាមទារ​ឱ្យ​ដោះលែង​ព្រះសង្ឃ ជា វុទ្ធី និង​លុបចោល​ទោស​ជាប់​ពន្ធនាគារ ១៨​ខែ

0
71
ព្រះភិក្ខុ ជា វុទ្ធី ជា​ព្រះសង្ឃសកម្ម​ការងារ​សង្គម និង​តែង​បញ្ចេញមតិពាក់​ព័ន្ធ​បញ្ហា​របស់​ប្រទេសជាតិ ការ​គ្រប់គ្រង​រដ្ឋ និង​បញ្ហា​ព្រំដែន។ រូប៖ បណ្ដាញសង្គម
ព្រះភិក្ខុ ជា វុទ្ធី ជា​ព្រះសង្ឃសកម្ម​ការងារ​សង្គម និង​តែង​បញ្ចេញមតិពាក់​ព័ន្ធ​បញ្ហា​របស់​ប្រទេសជាតិ ការ​គ្រប់គ្រង​រដ្ឋ និង​បញ្ហា​ព្រំដែន។ រូប៖ បណ្ដាញសង្គម

សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ៥៤​ស្ថាប័ន ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​សេរីភាព​ដល់​ព្រះសង្ឃ ជា វុទ្ធី រួមទាំង​ទទូច​ឲ្យ​លុបចោល​ទោស​ជាប់ពន្ធនាគារ ១៨​ខែ ពាក់ព័ន្ធ​នឹង​ការ​ជជែក​តាម​កម្មវិធី​ផ្ញើ​សារ​ជា​ឯកជន។ សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ការពារ​ប្រជាពលរដ្ឋ​ឲ្យ​មាន​លំហ​បញ្ចេញមតិ​ដោយ​សេរី​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​អង្គការ​រដ្ឋ​ត្រូវ​ដោះស្រាយ​នូវ​រាល់ សំណូមពរ និង​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ។

ក្រុម​សង្គម​ស៊ីវិល​ទាំង ៥៤ ស្ថាប័ន ជឿជាក់​ថា ការ​ផ្តន្ទាទោស និង​ការ​ដាក់ទោស​ចំពោះ​ព្រះសង្ឃ​ជា វុទ្ធី បង្ហាញ​អំពី​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ បន្ថែម​លើ​នេះ ការ​កាត់ទោស​លោក ជា វុទ្ធី ក៏​ប៉ះពាល់​ដល់​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា ក្រោម​អនុសាសន៍ នៃ​ការពិនិត្យ​ជា​សកល​តាម​កាលកំណត់ (​យូភីអ​)​ជុំ​ទី​៤ ស្ដីពី​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​១៩ ខែសីហា បាន​ចេញ​សាលក្រម​ផ្ដន្ទាទោស​ព្រះសង្ឃ ជា វុទ្ធី ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨ ខែ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ពាក់ព័ន្ធ​នឹង​ករណី​ឆ្លើយឆ្លង​សារ​ក្នុងការ​សន្ទនា​ឯកជន​មួយ​ក្នុង​បណ្ដាញ​សង្គម ដែល​សង្គម​ស៊ីវិល​ថា មិនអាច​ចាត់ទុកជា​ទោស​ធ្ងន់ធ្ងរ​ឡើយ។

ព្រះសង្ឃ ជា វុទ្ធី កាលពី​ខែ​សីហា ឆ្នាំ​២០២៥ បាន​សរសេរ​សារ​នៅក្នុង​ក្រុម Messenger ហ្វេសប៊ុកមួយ ក្នុង​រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ហើយ​ត្រូវ តុលាការ យក​ទៅ​ធ្វើជា​មូលដ្ឋាន​ចោទប្រកាន់​ព្រះអង្គ​ពី​បទ « ញុះញង់​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម »។ ព្រះសង្ឃ ជា វុទ្ធី បាន​ទទួលស្គាល់​ថា លោក​ពិតជា​បាន​បញ្ចេញ​មតិយោបល់​នៅក្នុង​ក្រុម​ឯកជន ដែល​មាន​សមាជិក​ប្រមាណ​២០​នាក់ ប៉ុន្តែ​បាន​បដិសេធ​ថា មិន​បាន​បង្ហោះ​មតិ​យោបល់​របស់​ព្រះ​អង្គជា​សាធារណៈ​ឡើយ។

សេចក្ដីថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល ចំនួន ៥៤​ស្ថាប័ន នៅ​ថ្ងៃទី​២០ ខែសីហា ពន្យល់​ថា កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​បាន​ធានា​នូវ​សិទ្ធិ​សេរីភាព នៃ​ការ​បញ្ចេញមតិ​តាម​មាត្រា ១៩​។ បទប្បញ្ញត្តិ​នេះ​ធានា​ដល់​មនុស្ស​គ្រប់រូប​នូវ​សិទ្ធិ​ក្នុង​ការ​មាន មតិយោបល់ ដោយ​គ្មាន​ការ​ជ្រៀតជ្រែក និង​សិទ្ធិ​ស្វែងរក​ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​គ្រប់​ប្រភេទ​ដោយ​សេរី។ សង្គម​ស៊ីវិល​ថា ការ​ផ្តន្ទាទោស​លោក ជា វុទ្ធី មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​ទាំងនេះ​ឡើយ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក សេង សុវឌ្ឍនា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែសីហា​ថា សង្គម​ស៊ីវិល ចង់​ឃើញ​ការគោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ឲ្យ​បាន​ពេញលេញ ពីព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ លោក​ថា ទាល់តែ​ពលរដ្ឋ​មាន​សេរីភាព ទើប​កំណត់​បាន​ថា រដ្ឋាភិបាល​បាន​បំពេញ​តួនាទី​របស់​ខ្លួន​តាម​រដ្ឋធម្មនុញ្ញ។

លោក សេង សុវឌ្ឍនា៖ «យើង​នៅ​មើលឃើញ​ថា ការ​រឹត​បន្តឹង​សេរីភាព​នៅតែ​បន្ត ធ្វើការ​រុកកួន រារាំង​ទៅដល់​សកម្មជន​ទៅដល់​ពលរដ្ឋ ដែល​បញ្ចេញ​មតិយោបល់​ជា​សាធារណៈ ដូច្នេះ​អ្វី ដែល យើង​នៅតែ​ចង់បាន អំពី​សិទ្ធិ​សេរីភាព ការអនុវត្ត​សិទ្ធិ​សេរីភាព​ពេញលេញ​របស់​ពលរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ ក៏ដូចជា តាម​សន្ធិសញ្ញា​អន្តរជាតិ ដែល​យើង​មាន ដូច្នេះ ខ្ញុំ​ជឿ​ថា នៅក្នុង​ដំណើរការ​ជិត​បោះឆ្នោត បញ្ចេញ​មតិយោបល់​ឱ្យ​បាន​ទូលំទូលាយ ហើយ​ពួកគាត់​ក៏​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ជ្រើសរើស​អ្នកដឹកនាំ​ខាងមុខ​ហ្នឹង ឱ្យ​បាន​ត្រឹមត្រូវ បើសិន​កាលណា​ពលរដ្ឋ​មាន​ព័ត៌មាន​គ្រប់គ្រាន់ នៅមុន​ការបោះឆ្នោត អ៊ីចឹង​ការសម្រេច​របស់​ពួកគាត់​អាច​ទូលំទូលាយ»។

ព្រះសង្ឃ ជា វុទ្ធី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ខែ​េ​ម​សា ឆ្នាំ​២០២៦។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា លើកឡើង​ថា សកម្មភាព​នៃ​ការប្រើប្រាស់​សិទ្ធិ​របស់​ព្រះសង្ឃ ជា វុទ្ធី គឺជា​សេរីភាព​បញ្ចេញមតិ ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​មិនមែន​ជា​អំពើ​ខុសច្បាប់​ទេ។ លោក​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ការពារ​ប្រជា​ពលរដ្ឋ ឲ្យ​មាន​លំហ​បញ្ចេញមតិ ដោយ​សេរី ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​អង្គការ​រដ្ឋ ត្រូវ​ដោះស្រាយ​នូវ​រាល់​សំណូមពរ និង​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ។

លោក នី សុខា លើកឡើង​ថា ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ នឹង​ឈាន​ទៅ​ដល់​ការ​បាត់​ជំនឿ​ទុកចិត្ត ពី​មជ្ឈដ្ឋាន​ជាតិ និង​សហគមន៍​អន្តរជាតិ ទៅលើ​ដំណើរការ​បោះឆ្នោត នៅក្នុង​ឆ្នាំ​២០២៧ និង​២០២៨​។ លោក​ថា ស្ថានភាព​នេះ ក៏​នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ និង នៅ​លើ​ឆាក​អន្តរជាតិ។

លោក នី សុខា៖ «យើង​ឃើញ​ថា ស្ថានភាព​នៃ​ការអនុវត្ត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ពិសេស សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ការ​ជួបជុំ ទាំង​សកម្មភាព​សកម្ម​ក្នុង​ការ​ចូលរួម​សិទ្ធិ​នយោបាយ យើង​ឃើញថា នៅ​មិនទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ទេ។ ផ្ទុយទៅវិញ យើង​ឃើញ​ហើយ​សិទ្ធិ​សេរីភាព​ទាំងអស់​នេះ នៅតែ​បន្ត​រង​ការ​រឹតត្បិត ការ​គំរាមកំហែង ការ​បំភិតបំភ័យ ហើយ​ហ្នឹង​រូបភាព​ជាក់ស្ដែង អ្នកទោស​មនសិការ ដែល​សុទ្ធសឹងតែ​ជា​សកម្មជន​សង្គម សកម្មជន​នយោបាយ សិទ្ធិមនុស្ស បរិស្ថាន​អី​ជាដើម គឺ​នៅ​កំពុង​ស្ថិត​នៅក្នុង​ការ​ជាប់​ពន្ធនាគារ ហើយ​រហូត​មក​ដល់​ពេល​នេះ​យើង​ឃើញថា វា​មាន​ជាង​១០០ នាក់​យើង​ឃើញថា វា​មាន​ចំនួន​ច្រើន»។

ព្រះសង្ឃ ជា វុទ្ធី គឺជា​អ្នកទោស​មនសិការ​ម្នាក់ ក្នុងចំណោម​អ្នកទោស​មនសិការ និង អ្នក​ទោស​នយោបាយ យ៉ាងតិច ១៣១​នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ ក្រោម​ចំណាត់​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​ក្ដៅ របស់​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។

អ្នកឃ្លាំមើល​លើកឡើង​ថា កម្ពុជា​នឹង​រអិល​ទៅ​ក្នុង​វិបត្តិ​ជាតិ​គ្រប់​វិស័យ ដែល​ពិបាក​រក​ច្រកចេញ នៅ​ក្រោម​សម្ពាធ​ដ៏​ធ្ងន់​របស់​សហគមន៍​អន្តរជាតិ ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ព្រម​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ តាម​ការ​ដាស់តឿន​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក ថម អេនឌ្រូ ( Tom Andrews ) នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ