មន្ត្រី​​ផ្កាយ​មួយ​ម្នាក់​នៅ​បាត់ដំបង​រង​ការ​ចោទ​ថា ជួល​វីឡា​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​អនឡាញ

0
110
នាយសេនាធិការរង​យោធភូមិភាគ​ទី​៥ ទទួលបន្ទុក​ការងារ​ព្រំដែន​ឧត្ដមសេនីយ៍ អូន សុខសិលា និងផ្ទះរបស់លោកដែលត្រូវសមត្ថកិច្ចចាប់ឧក្រិដ្ឋជនអនឡាញ។ រូប៖ បណ្ដាញសង្គម
នាយសេនាធិការរង​យោធភូមិភាគ​ទី​៥ ទទួលបន្ទុក​ការងារ​ព្រំដែន​ឧត្ដមសេនីយ៍ អូន សុខសិលា និងផ្ទះរបស់លោកដែលត្រូវសមត្ថកិច្ចចាប់ឧក្រិដ្ឋជនអនឡាញ។ រូប៖ បណ្ដាញសង្គម

មន្ត្រី​យោធា​ជាន់ខ្ពស់​ពាក់​ផ្កាយ​១ ម្នាក់​រង​ការចោទប្រកាន់​ថា បាន​ជួល​វីឡា​ដ៏​ស្កឹមស្កៃ​របស់​ខ្លួន​នៅ​ខេត្ត​បាត់ដំបង​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ប្រើប្រាស់​ជាទី​តាំង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។ មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​មន្ត្រី និង​អ្នក​មាន​អំណាច​ដែល​ឃុបឃិត ឬ​ផ្ដល់​ទីតាំង​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ប្រើប្រាស់។

នាយសេនាធិការរង​យោធភូមិភាគ​ទី​៥ ទទួលបន្ទុក​ការងារ​ព្រំដែន​ឧត្ដមសេនីយ៍ អូន សុខសិលា រង​ការ​ចោទ​ប្រកាន់​ថា បាន​ជួល​វីឡា​ដ៏​ស្កឹមស្កៃ​របស់​ខ្លួន​ស្ថិតនៅ​ខេត្តបាត់ដំបង​ក្នុង​តម្លៃ​ខ្ពស់​ទៅ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ ដើម្បី​ប្រើប្រាស់​ជាទី​តាំង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

ការ​បែកធ្លាយ​រឿងរ៉ាវ​នេះ កើតឡើង​ក្រោយ​កម្លាំង​សមត្ថកិច្ច​ចុះ​ឡោមព័ទ្ធ​បង្ក្រាប​ទីតាំង​វីឡា​របស់​លោក​ស្ថិត​ក្នុង​សង្កាត់​រតនៈ ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី​១ ខែមិថុនា ដោយ​រក​ឃើញ​វត្ថុតាង និង​ឃាត់ខ្លួន​ជនបរទេស​មួយចំនួន​ដែល​លួច​សម្ងំ​ធ្វើ​សកម្មភាព​ឆបោក​តាម​អនឡាញ។

មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តាម​បណ្ដាញ​សង្គម​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណីនេះ ខណៈ​លោក អូន សុខសិលា ដែល​រង​ការ​ចោទប្រកាន់​ថា ជា​ម្ចាស់​វីឡា​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជាទី​តាំង​ឆបោក​តាម​អនឡាញ​នោះ​មិនទាន់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ឬ​កោះហៅ​មក​បំភ្លឺ​នៅ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​លោក ដាញ់ អេងប៊ុនចាន់ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បន្ថែម ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​ត្រូវ​បាន​ចុច​បិទ​នៅ​ថ្ងៃទី​២ ខែ​មិថុនា​។ ចំណែក នាយសេនាធិការរង​យោធភូមិភាគ​ទី​៥ ទទួលបន្ទុក​ការងារ​ព្រំដែន ឧត្ដមសេនីយ៍ អូន សុខសិលា ក៏​មិនអាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត ទទូច​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ម្ចាស់​វីឡា​ដែល​រង​ការ​ចោទប្រកាន់​ថា បាន​ផ្ដល់​ទីតាំង​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ និង​ត្រូវ​ធានា​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព​គ្នា​ចំពោះ​អ្នក​ពាក់ព័ន្ធ​ទាំងអស់។ លោក​បន្ត​ថា បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​តែង​ព្យាយាម​បង្កើត​ទំនាក់ទំនង និង​ស្វែងរក​ការ​គាំទ្រ​ពី​មន្ត្រី​មានអំណាច ដើម្បី​ធ្វើជា​ខ្នងបង្អែក​ការពារ​សកម្ម​ភាព​ខុស​ច្បាប់​របស់​ពួកគេ​។ លោក​បារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ចាត់វិធានការ​តឹងរ៉ឹង​លើ​មន្ត្រី​ខិលខូច​មួយចំនួន ឬ​អ្នក​មាន​អំណាច​ដែល​ឃុបឃិត​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋជន​តាមរយៈ​ការ​ផ្ដល់​ទីតាំង ឬ​ការ​ជួយ​សម្របសម្រួល​ផ្សេងៗ​ទេ​នោះ​ការ​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ​នឹង​ពិបាក​ទទួល​បាន​ប្រសិទ្ធភាព​ពិតប្រាកដ។

លោក អ៊ិន គង់ជិត៖ «ដើម្បី​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​មានតែ​សមត្ថកិច្ច និង​តុលាការ​ត្រូវតែ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​មិន​យោគយល់​ទៅលើ​អ្នក​ពាក់ព័ន្ធ​ដែល​ជា​មន្ត្រី​ទាំង​យោធា ឬក៏​ប៉ូលិស​ដែល​មាន​បុណ្យស័ក្ដិ មាន​តួនាទី​ធំ​។ យើង​នៅតែ​ជឿជាក់ និង​សង្ឃឹមថា តុលាការ​នឹង​ធ្វើ​ការស្រាវជ្រាវ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ជន​ប្រព្រឹត្ត​ទាំងអស់ ទាំង​មេខ្លោង អ្នកសមគំនិត ទាំង​ម្ចាស់​ទីតាំង​ហ្នឹង​យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់​។ បើ​មិន​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​ទេ​ប្រជាពលរដ្ឋ ឬក៏​សាធារណជន​នឹង​អស់ជំនឿ​អំពី​ការអនុវត្ត​ច្បាប់​នេះ»។

បន្ទាប់ពី​អាជ្ញាធរ​បង្កើន​ការ​បង្ក្រាប​បណ្ដាញ​ឆបោក​តាម​អនឡាញ​នៅ​ទូទាំង​ប្រទេស មន្ត្រី​មួយចំនួន​ដែល​រង​ការ​ចោទប្រកាន់​ថា ធ្លាប់​ឃុបឃិត កាង​ការពារ និង​ទទួលផល​ប្រយោជន៍​ពី​ឧក្រិដ្ឋកម្ម​នេះ ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ និង​បាត់បង់​តំណែង​ជា​បន្តបន្ទាប់​។ ប្រធាន​បក្ស​កាន់អំណាច លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា នឹង​មិន​មានការ​លើក​លែង​ចំពោះ​មន្ត្រី​ណា​ដែល​ជាប់​ពាក់ព័ន្ធ ឬ​ព្រងើយកន្តើយ​ក្នុង​ការ​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ​នោះ​ឡើយ​។ ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ចាត់វិធានការ​ច្បាប់​ទៅលើ​ឧកញ៉ា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន ដូចជា​លោក កុក អាន លោក លី យ៉ុងផាត់ និង​លោក ហ៊ុន តូ ជាដើម បើ​ទោះ​ជា​អ្នក​ទាំងនេះ​ត្រូវ​បាន​អាមេរិក​រក​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ក្តី។

របាយការណ៍ និង​ប្រតិបត្តិ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ដែល​បាន​រក​ឃើញ​មន្ត្រី និង​អ្នក​មាន​អំណាច​មួយចំនួន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ គឺ​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​របស់​ក្រុម​អ្នកជំនាញ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដែល​បាន​លាតត្រដាង​ថា កម្ពុជា​បាន​ក្លាយជា​មជ្ឈមណ្ឌល​ដ៏​ធំ​មួយ​នៃ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ និង​ជា​ប្រភព​បង្ក​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក​។ អ្នកជំនាញ​វាយតម្លៃ​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​មិនអាច​ចាក់ឫស​យ៉ាង​ជ្រៅ និង​រីក​សាយភាយ​យ៉ាង​ទូលំទូលាយ​ដូច​សព្វថ្ងៃ​បាន​ឡើយ ប្រសិនបើ​គ្មាន​ការ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ និង​ការ​ការពារ​ពី​មន្ត្រី​មានអំណាច ចាប់ពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ថ្នាក់ដឹកនាំ​ជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ