តុលាការខេត្ត​កំពង់ស្ពឺ​ទម្លាក់​ចោល​បទ​ចោទ​លើ​សហគមន៍​ឧត្ដម​ស្រែ​ពស់​ជាង​១០​នាក់​នៃ​បណ្ដឹង​ទាហាន​កងពល​ង​៧០

0
62
ពលរដ្ឋ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ក្នុង​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូប៖ ហ្វេសប៊ុក Metta Nature
ពលរដ្ឋ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ក្នុង​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូប៖ ហ្វេសប៊ុក Metta Nature

ក្រោយ​មានការ​ប្ដឹងផ្ដល់​គ្នា​អស់​ជាច្រើន​ឆ្នាំ​មក តុលាការខេត្ត​កំពង់ស្ពឺ បានសម្រេច​ទម្លាក់​ចោល​បទ​ចោទ​ទៅលើ​សមាជិក​សហគមន៍​ការពារ​ព្រៃឈើ​ឧត្ដម​ស្រែ​ពស់​ជាង​១០​នាក់ ពាក់ព័ន្ធ​បណ្ដឹង​របស់​យោធា នៃ​កងពល ង​៧០​។ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​រាល់​បទ​ចោទ​ទាំងអស់​ទៅលើ​សហគមន៍​ការពារ​ព្រៃឈើ និង​ប្រញាប់​ចុះ​រក​ដំណោះស្រាយ​ឱ្យ​សហគមន៍។

សហគមន៍​ការពារ​ព្រៃឈើ​ឧត្ដម​ស្រែ​ពស់ ឬ​ហៅ​ព្រៃ​មេត្តា​ធម្មជាតិ អះអាង​ថា តុលាការខេត្ត​កំពង់ស្ពឺ សម្រេច​ទម្លាក់​ចោល​បទ​ចោទប្រកាន់ ទៅលើ​សមាជិក​សហគមន៍​ជាង​១០​នាក់ ពាក់ព័ន្ធ​បណ្ដឹង​របស់​ទាហាន​កង​ពល​ង​៧០ ដែល​បាន​ប្ដឹង​ពលរដ្ឋ ថា​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​ពួកគេ​។ ការ​ទម្លាក់​ចោល​បទ​ចោទ​នេះ​ដោយសារតែ​ដើមបណ្ដឹង​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់បន្ទុក​ទៅលើ​សហគមន៍។

តំណាង​សហគមន៍​ឧត្ដម​ស្រែពស់ លោក ឃន សារិទ្ធ អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ខែសីហា​ថា សហគមន៍​ជាង​១០​នាក់​ទទួល​បាន​យុត្តិធម៌​មួយ​ករណី​ហើយ ជុំវិញ​ការចោទប្រកាន់​របស់ ទាហាន​កងពល​ង​៧០ ។ ប៉ុន្តែ​លោក​ថា នៅ​មាន​បណ្ដឹង​ជាច្រើន​ទៀត ដែល​តុលាការ​មិនទាន់​ប្រកាស​សាលក្រម ដោយ​ត្រូវ​លើក​ពេល​ទៅ​ប្រកាស​នៅក្នុង​ខែកញ្ញា​វិញ​។ ទោះជា​បែបនេះ​ក្ដី លោក​ថា រាល់​ការចោទប្រកាន់​របស់​ទា​ហាន​កងពល​ង​៧០ មក​លើ​សហគមន៍ សុទ្ធតែ​ជា​រឿង​មិន​ពិត និង​អយុត្តិធម៌ សម្រាប់​សហគមន៍​ការពារ​ព្រៃឈើ​របស់​ពួក​លោក។

លោក ឃន សារិទ្ធ៖ «ខ្ញុំ​គិតថា​វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ណាស់ ពួក​ខ្ញុំ​គ្រាន់តែ​ការពារ​ធនធាន​របស់​រដ្ឋ ហើយ​ការពារ​នឹង​ក៏​មិន​ការពារ​ទៅ​ធ្វើជា​របស់​ឯកជន​របស់​នរណា​ម្នាក់ គ្រាន់តែ​ការពារ​ជា​ទ្រព្យសម្បត្តិ​រួម ជា​សមូហភាព​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​មើល សំណូមពរ​ដល់​ថ្នាក់ដឹកនាំ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ សូម​ឲ្យ​ជួយ​ទម្លាក់​ចោល ការចោទប្រកាន់ និង​ជួយ​អភិរក្ស​នៅ​តំបន់​ព្រៃ​មាតា​ធម្មជាតិ​ជា​សម្បត្តិ​រួម»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អភិបាលខេត្ត​កំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ្ឌ ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​ទេ នៅ​ថ្ងៃទី​២០ ខែ​សីហា។

ទោះជា​យ៉ាងណាក៏ដោយ ក្រោយពី​តុលាការ​ទម្លាក់​បទ​ចោទ​លើ​សហគមន៍​ជិត​១​ខែ​ស្រាប់តែ​ថ្មីៗ​នេះ​មាន​ករណី​ជន​មិន​ស្គាល់​មុខ បាន​លួច​បាញ់ និង​ចាប់​សត្វ​តូច​ចំនួន​២​ក្បាល ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​សហគមន៍​ឧត្ដមស្រែ​ខ្ពស់ ។ ពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា នេះ​គឺជា​ការ​សង​សឹក និង​តាម​ធ្វើទុក្ខបុកម្នេញ មិន​ឲ្យ​សហគមន៍ និង​សត្វព្រៃ​នៅ​តំបន់​នោះ​រស់​នៅ​បាន​សុខសាន្ដ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី ជំរុញ​ឲ្យ​តុលាការ​ទម្លាក់​រាល់​បទ​ចោទ​ទាំងអស់​ទៅលើ​សហគមន៍​ការពារ​ព្រៃឈើ ហើយ​អាជ្ញាធរ​គួរ​ប្រញាប់​ចុះ​រក​ដំណោះស្រាយ ដោយ​ត្រូវ​វាស់វែង និង​កំណត់​ព្រំប្រទល់​សហគមន៍ ដើម្បី​បញ្ចប់​បញ្ហា​ទាំងអស់​នោះ ដោយ​មិន​ត្រូវ​អូស​បន្លាយ និង​នាំ​ភាព​ឈឺចាប់​ដល់​ពលរដ្ឋ​ទៀត​នោះ​ទេ។

លោក យិន ម៉េងលី៖ «អាច​ធ្វើ​ការ​ទម្លាក់​បទ​ចោទ​ចោល ដើម្បី​បញ្ចប់រឿង​ទាំងអស់​ទៅ ដើម្បី​ការ​អភិរក្ស​សម្រាប់​សហគមន៍​របស់​គាត់ ហើយ​ខាង​ភាគី​ម្ខាង​ទៀត​គាត់​អាច​កសាង​អ្វីៗ​ទៀត​ទៅ មធ្យោបាយ​មានតែ​អញ្ចឹង​ទេ ដើម្បី​បញ្ចប់​បញ្ហា​កុំ​ឲ្យ​មានការ​អូស​បន្លាយ កុំ​ឲ្យ​ពលរដ្ឋ​ឈឺចាប់​កាន់តែ​យូរ​ថែមទៀត ដោយសារ​ការ​ផ្តើម​ចេញ​ការពារ​ផលប្រយោជន៍​សហគមន៍»។

ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ គឺជា​ផ្នែក​មួយ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ ហើយ​ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ជា​ព្រៃ​អភិរក្ស​ពី​ក្រសួងបរិស្ថាន កាលពី​ឆ្នាំ​២០០២​។ កាលពី​ខែសីហា ឆ្នាំ​២០២១​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ ឆ្វៀល​ដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ខ្ពស់​មាន​ទំហំ​ជិត ៣​រយ (២៦២,២៤) ហិកតារ ពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ ក្នុង​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បី​បែងចែក​ជូន​គ្រួសារ​យោធិន​នៃ​កងពល ង​៧០ ៤១​គ្រួសារ សម្រាប់​សង់​លំនៅឋាន និង​បង្កបង្កើនផល។

ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ ស្ថិតនៅ​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ មាន​ផ្ទៃដី​ជិត​៩​រយ​ហិកតារ (៨៨៧) ដែល​ធ្លាប់​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ រួមមាន ទោច​ក្ងោក មាន់ព្រៃ ឈ្លូស និង ស្វា​ជាដើម​។ ប៉ុន្តែ​បច្ចុប្បន្ន​ព្រៃ​សហគមន៍​មួយ​នេះ ត្រូវ​បាន​ក្រុម​អ្នក​មាន​អំណាច មន្ត្រី​យោធា ពលរដ្ឋ និង​ឈ្មួញ​ខិលខូច​មួយចំនួន ឈូស​ឆាយ​ទន្ទ្រាន​ដែល​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ និង​សត្វព្រៃ​ស្ទើរតែ​ទាំងស្រុង​។ ចំណែក​អាជ្ញាធរ​នៅ​តំបន់​នោះ មិនបាន​ចាត់វិធានការ​ទៅលើ​ឧក្រិដ្ឋជន​ទាំង​នោះ​ឡើយ ផ្ទុយទៅវិញ​អាជ្ញាធរ​បាន​តាម​ធ្វើទុក្ខបុកម្នេញ​ទៅលើ​សហគមន៍​ការពារ​ព្រៃឈើ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ