

សហគមន៍ជនជាតិដើមព្នង នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទាមទារឲ្យក្រុមហ៊ុន អ៊ីសាន អេកូ ហ្សូន (EYSAN ECO ZONE) បញ្ឈប់ការឈូសឆាយបំពានតំបន់សហគមន៍និងប្រគល់ដីដែលបានឈូសឆាយឲ្យទៅសហគមន៍វិញ។ សង្គមស៊ីវិលថា អាជ្ញាធរគួរស្ដាប់សំណើរបស់សហគមន៍ និងស្វែងរកដំណោះស្រាយ។
សហគមន៍ជនជាតិដើមព្នង រស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អះអាងថា ក្រុមហ៊ុន អ៊ីសាន អេកូហ្សូន បានឈូសឆាយបំពានមកលើតំបន់សហគមន៍អាស្រ័យផល មានដូចជា ចម្ការវិលជុំ តំបន់ព្រៃជំនឿ តំបន់ដកហូតអនុផលព្រៃឈើ និងតំបន់ប្រើប្រាស់ច្រើនយ៉ាង អស់ជាច្រើនហិនតារ។ សហគមន៍ទាមទារឲ្យក្រុមហ៊ុនមួយនេះ បញ្ឈប់សកម្មភាពឈូសឆាយហ៊ុមព័ទ្ធយកតំបន់ទាំងអស់នោះ។
តំណាងសហគមន៍ លោកស្រី ប៊ុន ថាន់សុភ័ក្រ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១០ ខែកញ្ញា ថា អាជ្ញាធរស្រុកពេជ្រាដា សន្យាប្រជុំរកដំណោះស្រាយឲ្យសហគមន៍ នៅថ្ងៃទី១៤ ខែកញ្ញា។ ប៉ុន្តែលោកស្រីថា ប្រសិនបើការស្វែងរកដំណោះស្រាយនេះមិនបានដូចការទាមទាររបស់សហគមន៍ ពួកគាត់នឹងបន្តរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ខេត្តបន្ថែមទៀត។
លោកស្រី ប៊ុន ថាន់សុភ័ក្រ៖ «អ្វីដែលសូមគឺចង់ឲ្យខាងអាជ្ញាធរជួយដោះស្រាយបញ្ហាដើម្បីឲ្យប្រជាពលរដ្ឋបានទទួលដីក្នុងការធ្វើស្រែចំការវិញ ដោយសារអស់កន្លែងធ្វើចំការ មុខរបរពួកខ្ញុំធ្វើចំការ ប្រសិនអត់មានដីធ្វើស្រែចំការ មិនដឹងធ្វើអ្វី»។
ទូរទស្សន៍អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីអភិបាលស្រុកពេជ្រាដា លោក វណ្ណា ម៉ាប់ បានទេ នៅថ្ងៃទី១០ ខែកញ្ញា។
កាលពីថ្ងៃទី២ ខែកញ្ញា សហគមន៍ជនជាតិដើមភាគតិចព្នង នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានដាក់លិខិតឲ្យអាជ្ញាធរស្រុកស្វែងរកដំណោះស្រាយ ដោយតម្រូវឲ្យក្រុមហ៊ុនបញ្ឈប់ការឈូសឆាយ និងប្រគល់ដីដែលបានឈូសឆាយ ឲ្យទៅសហគមន៍វិញ ពីព្រោះដីទាំងនោះពលរដ្ឋបានទាមទារកាត់ឆ្វៀលចេញពីដីសម្បទានសេដ្ឋកិច្ចចំនួនពីរក្រុមហ៊ុនផ្សេងទៀត។
ក្នុងលិខិតនោះ សហគមន៍ក៏ស្នើឲ្យអាជ្ញាធរឈប់គំរាមកំហែង សម្លុត បំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញតំណាងសហគមន៍ និងពលរដ្ឋរងគ្រោះ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី យល់ឃើញថា ជាគោលការណ៍ដីសម្បទានសេដ្ឋកិច្ច ប្រសិនបើមានផលប៉ះពាល់ដីស្រែចម្ការ ឬតំបន់គោរពបូជារបស់ពលរដ្ឋ ត្រូវតែកាត់ឆ្វៀលចេញពីគម្រោងមួយនេះនិងរកដំណោះស្រាយជាមុនសិនមិនមែនដាក់គ្រឿងចក្រឈូសឆាយបែបនេះឡើយ។ លោកថា អាជ្ញាធរគួរតែប្រញាប់រកដំណោះស្រាយឲ្យពលរដ្ឋ ជៀសវាងមានអំពើហិង្សាកើតឡើងនៅថ្ងៃខាងមុខ។
លោក យិន ម៉េងលី៖ «អាជ្ញាធរចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពការឈូសឆាយសិន ប្រសិនបើអូសបន្លាយពេលយូរ អាជ្ញាធរហាក់បីដូចជាធ្វេសប្រហែសវាអាចកើតមានបញ្ហាផ្សេងៗទៀត កើតទ្បើងទៀត អាចមានអំពើហិង្សា យើងបារម្ភជាងគេគឺរឿងអំពើហិង្សា ភាគីក្រុមហ៊ុនយកគ្រឿងចក្រទៅឈូសឆាយប៉ះពាល់ផលដំណាំ ប៉ះពាល់រាស្ត្រ ពលរដ្ឋធ្វើការទប់ស្កាប់ប្រហែលជាជៀសមិនផុតពីរឿងអំពើហិង្សាទេ គឺយើងមិនគាំទ្រទេ ចំពោះអំពើហិង្សាទាំងអស់នេះ សូមអាជ្ញាធរចាត់វិធានការជាបន្ទាន់ក្រោយពីទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ»។
សហគមន៍ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលសហគមន៍រងផលប៉ះពាល់ពីការវិនិយោគតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទៅឱ្យក្រុមហ៊ុនឯកជន។ កាលពីឆ្នាំ២០១៥ សហគមន៍មួយនេះត្រូវបានក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួនពីរផ្សេងទៀត ដណ្ដើមយកដីព្រៃសហគមន៍ ចម្ការវិលជុំ និងព្រៃជំនឿ ប៉ុន្តែសហគមន៍តវ៉ាទាមទារយកមកវិញបានខ្លះ។ ពលរដ្ឋអះអាងថា ការវិនិយោគទាំងនោះមិនបានផ្ដល់ផលប្រយោជន៍អ្វីដល់សហគមន៍មូលដ្ឋាននោះឡើយ ផ្ទុយទៅវិញ អ្នកដែលទទួលបានផលប្រយោជន៍ គឺក្រុមឈ្មួញ និងមន្ត្រីពុករលួយ៕









