សកម្មជន​បរិស្ថាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឲ្យ​ស្មើភាព​គ្នា​រវាង​ពលរដ្ឋ​សាមញ្ញ និង​មេ​ឈ្មួញ

0
76
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព

សកម្មជន​បរិស្ថាន និង​អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឲ្យ​ស្មើភាព​គ្នា​រវាង​ពលរដ្ឋ​សាមញ្ញ​ដែល​ដឹក​អុស​ពី​ព្រៃ​មក​ប្រើប្រាស់​ក្នុង​លក្ខណៈ​គ្រួសារ​និង​មេ​ឈ្មួញ​រកស៊ី​កាប់​ឈើ​ធំៗ​។ ការ​លើក​ឡើង​នេះ គឺ​ក្រោយពី​មន្ត្រី​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ​ដឹក​អុស​មក​ប្រើប្រាស់​ក្នុងផ្ទះ​ចំនួន ៥០​ម៉ឺន​រៀល ខណៈ​មេ​ឈ្មួញ​រកស៊ី​កាប់​ឈើ​ធំៗ​ជាច្រើន មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ហាក់​គ្មាន​ចំណាត់ការ និង​រក្សា​ភាព​ស្ងៀមស្ងាត់។

សកម្មជន​បរិស្ថាន និង​អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល និង​មន្ត្រី​បរិស្ថាន​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​២​លើ​ពលរដ្ឋ​សាមញ្ញ ដែល​ដឹក​មែកឈើ​ងាប់ៗ​មក​ប្រើប្រាស់​ក្នុងផ្ទះ ហើយ​រក្សា​ភាព​ស្ងៀមស្ងាត់​គ្មាន​ចំណាត់ការ​លើ​មេ​ឈ្មួញ​មាន​ឥទ្ធិពល​រកស៊ី​កាប់​ឈើ​ខុសច្បាប់។

ការ​លើកឡើង​នេះ គឺ​ក្រោយពី​មាន​វីដេអូ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ដោយ​ពលរដ្ឋ​បាន​និយាយ​នៅក្នុង​វីដេអូ​ថា មន្ត្រី​បរិស្ថាន​បាន​ឃាត់​គោយន្ត​ដឹក​អុស​២​គ្រឿង​របស់​ប្រជាពលរដ្ឋ និង​ជំរិត​យក​ប្រាក់​ពី​ពលរដ្ឋ​២​គ្រួសារ​ចំនួន ២៥​ម៉ឺន​រៀល​ក្នុង​មួយ​គោយន្ត ស្ថិតនៅ​តំបន់​អភិរក្ស សហគមន៍ ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វន្ត នៅ​ភូមិ​គោក​សំរេច ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧត្ដរមានជ័យ​។​

ពលរដ្ឋ​រងគ្រោះ​អះអាង​ថា ដំបូង​មន្ត្រី​បរិស្ថាន​បាន​ទារ​ពួកគេ​ក្នុង​១​គោយន្ត ៥០​ម៉ឺន​រៀល ប៉ុន្តែ​ពួកគាត់​មិន​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​បង់​ជូន​នោះ​ទេ ទើប​មន្ត្រី​ទាំងនោះ​សម្រេច​យក​២៥​ម៉ឺន​រៀល​ក្នុង​១​គោ​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ​។

បន្ទាប់ពី​ផ្ទុះ​ការ​វែកញែក​លើ​បណ្ដាញ​សង្គម​ខ្លាំង អភិបាលខេត្ត​ឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បាន​បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ ហើយ​បាន​រក​ឃើញ​ការពិត​បែបនេះ​មែន និង​បាន​បញ្ជា​ប្រធាន​ទីស្នាក់ការ​បរិស្ថាន ដែល​មាន​គោលដៅ​នៅ​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន យក​លុយ​ចំនួន​៥០​ម៉ឺន​រៀល​នោះ ជូន​ពលរដ្ឋ​វិញ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ព័ត៌មាន​ក្នុងស្រុក​។​

​បច្ចុប្បន្ន ប្រធាន​ទីស្នាក់ការ​បរិស្ថាន​ប្រចាំ​នៅ​ទីស្នាក់ការ​សហគមន៍​ព្រៃឈើ​សង្ឃ​រុក្ខា​វ័ន ត្រូវ​បាន​ដក​ឲ្យ​មក​បម្រើ​ការងារ​នៅ​មន្ទីរ​បរិស្ថាន​វិញ​ហើយ។

សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស​កញ្ញា លីម គឹមស័រ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា កញ្ញា​ខកចិត្ត​ដែល​មន្ត្រី​បម្រើ​ការងារ​រដ្ឋ​ប្រើ​ចំណេះដឹង​របស់​ខ្លួន​មក​គាបសង្កត់​ប្រជាពលរដ្ឋ​ក្រីក្រ​។ កញ្ញា​ថា មន្ត្រី​ទាំងនោះ​ហ៊ាន​ប្រើ​អំណាច​របស់​ខ្លួន​តែ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ឈ្មួញ​ធំៗ មាន​លុយ អំណាច សូកប៉ាន់ ផ្តល់​ផលប្រយោជន៍​ឲ្យ​ខ្លួន គឺ​ត្រូវ​រួចខ្លួន​ពី​សំណាញ់​ច្បាប់ និង​មិន​មាន​ចំណាត់ការ​ម៉ឺងម៉ាត់​លើ​ពួកគេ​ឡើយ​។ កញ្ញា​រិះគន់​ចំពោះ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ហ៊ុន សែន ថា ពុករលួយ​ខ្លាំង និង​ដោះស្រាយ​តែ​ពេល​មានការ​រិះគន់​ខ្លាំង​ប៉ុណ្ណោះ ប៉ុន្តែ​បញ្ហា​របស់​ពលរដ្ឋ​ដែល​រង​ភាព​អយុត្តិធម៌​ផ្សេងទៀត គឺ​មិន​មាន​មន្ត្រី​ណា​អើពើ យកចិត្ត​ទុក្ខ​ដាក់​ជួយ​ឡើយ។

កញ្ញា លីម គឹមស័រ៖ «នៅក្នុង​រឿង​ហ្នឹង​គឺ​អត់​មានបាន​បញ្ឈរជើង ឬក៏​បញ្ឈប់​មន្ត្រី​ហ្នឹង​ទេ ប៉ុន្តែ​ប្ដូរ ប្ដូរ​ទីតាំង ប្ដូរ​មុខតំណែង ប្ដូរ​តួនាទី​។ អញ្ចឹង អាការ​ប្ដូរ​មុខតំណែង ប្ដូរ​តួនាទី​ហ្នឹង វា​ក៏​មិនបាន​ដាក់​សម្ពាធ​ឱ្យ​មន្ត្រី​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ ព្រោះ​មានអី បើ​ធ្វើ​ខុស​ហើយ គ្រាន់តែ​សុំទោស រួចខ្លួន ធ្វើ​ខុស​ហើយ ដូរ​ពី​កន្លែង​ហ្នឹង​ទៅ​កន្លែង​មួយទៀត​ដដែល ដូច​តែ​ដូច​ហ្នឹង​។ អញ្ចឹង ការអនុវត្ត​ហ្នឹង​គឺ​វា​មិន​មាន​ប្រសិទ្ធភាព​ទេ ដរាបណា​នៅតែ​អនុវត្ត​បែប​ដដែលៗ​អញ្ចឹង​ហ្នឹង វា​អត់​មានអី​ថ្មី​ចាស​»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បី​សុំ​ការ​ឆ្លើយតប​បានទេ នៅ​ថ្ងៃទី​៧ ខែ​កញ្ញា។

កាលពី​ថ្ងៃទី​២៦ កក្កដា កន្លង​ទៅ ក៏​ធ្លាប់​មាន​ករណី សកម្មជន​បរិស្ថាន និង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​ស្ទាក់​ចាប់​រថយន្ត​ធំ​ដឹកឈើ​មួយ​គ្រឿង គ្មាន​ស្លាក​លេខ មាន​ផ្ទុក​ឈើ​បន្ទះ​ជាច្រើន និង​មាននៅ​លើ​ដី​ចម្ការ​ជាច្រើន​ម៉ែត្រ​គីប​ទៀត ក្នុងអំឡុងពេល​ពួកគាត់​ចុះ​ល្បាត​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ស្ថិតនៅ​ភូមិ​ភ្ញាក់​រលឹក ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។ សកម្មជន​ទាំងនោះ បាន​ទាក់ទង​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​តំបន់​នោះ​ឲ្យ​មក​ចុះ​ចាត់វិធានការ​ផ្ទាល់ នៅ​នឹង​កន្លែង​កើតហេតុ ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​ម្នាក់​ចុះ​មក​ភ្លាមៗ​ឡើយ ពោល គឺ​ក្រោយពេល​ជនល្មើស​នោះ រត់​គេច​ខ្លួន​បាត់ ទើប​មាន​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​នោះ​។ សកម្មជន​បរិស្ថាន បាន​អះអាង​ថា ឈ្មួយ​កាប់​ឈើ ជា​សាច់ញាតិ​បងប្អូន​របស់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ផង​ដែរ​។ ពួកគេ​ក៏​ធ្លាប់​បាន​រិះគន់​ចំពោះ​ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា អំពើពុករលួយ ស៊ីសំណូកសូកប៉ាន់​រវាង​មន្ត្រី និង​ឈ្មួញ​រកស៊ី​ឈើ​ផង​ដែរ​។​

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា ករណី​នេះ​បង្ហាញ​ពី​ការប្រើ​អំណាច​ដែល​ត្រូវតែ​មាន​ការទទួលខុសត្រូវ​។ លោក​បន្ត​ថា ចំពោះ​អ្នក​ដែល​មិន​ហ៊ាន​ថត ឬ​បង្ហោះ ពួកគាត់​អាច​ត្រូវ​បង្ខំចិត្ត​បង់ប្រាក់ ទ្រាំ​រង​ការគាបសង្កត់ និង​មិន​ហ៊ាន​ប្តឹង ព្រោះ​ខ្លាច​ការ​សង​សឹក​។ ការ​ដោះស្រាយ​ក្រោយ​មានការ​រិះគន់​លើ​បណ្ដាញ​សង្គម​ជា​រឿង​ល្អ ប៉ុន្តែ​វា​បង្ក​ឱ្យ​មាន​ក្តី​បារម្ភ​អំពី​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ទទួល​ពាក្យ​បណ្តឹង​ធម្មតា​។ លោក​លើកឡើង​ថា យុត្តិធម៌​មិន​គួរ​អាស្រ័យ​លើ​ថា អ្នកណា​មាន​ទូរស័ព្ទ អ្នកណា​ហ៊ាន​បង្ហោះ ឬ​វីដេអូ​របស់​អ្នកណា​មាន​គេ​ចែកចាយ​ច្រើន​ទេ​។ ពលរដ្ឋ​ដែល​គ្មាន​សំឡេង​លើ​បណ្ដាញ​សង្គម​ក៏​ត្រូវ​ទទួល​បាន​ការ​ការពារ​ដូចគ្នា​។ លោក​ថ្លែង​ថា បើ​អាជ្ញាធរ​តឹងរ៉ឹង​លើ​ពលរដ្ឋ​ដឹក​អុស ប៉ុន្តែ​បណ្តោយ​ឱ្យ​អ្នកមាន​លុយ និង​អំណាច​រកស៊ី​ឈើ​ខុសច្បាប់​រួចខ្លួន នោះ​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​រើសមុខ​។ ការ​បង្ក្រាប​អ្នករក​អុស​ដើម្បី​ប្រើប្រាស់​តូចតាច​មិនអាច​យក​មក​បញ្ជាក់​ថា ការ​ការពារ​ព្រៃឈើ​មាន​ប្រសិទ្ធភាព​បានទេ បើ​អ្នក​បំផ្លាញ​ព្រៃឈើ​ធំៗ​នៅតែ​គេច​ផុត​ពី​សំណាញ់​ច្បាប់។

លោក សេង វណ្ណលី៖ «​ខ្ញុំ​យល់ថា​រដ្ឋាភិបាល​គួរ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​អ្នកណា​បញ្ជា​ឱ្យ​យក​ប្រាក់​? ប្រាក់​ទៅដល់​ដៃ​អ្នក​ណាខ្លះ​? អឺ​និង​ធ្លាប់​មាន​ពលរដ្ឋ​ផ្សេងទៀត​រងគ្រោះ​ដែរឬទេ​? បើ​រក​ឃើញ​ការ​ជំរិត​ទារប្រាក់ ត្រូវ​ចាត់ការ​តាមច្បាប់​ឱ្យ​សម​នឹង​កំហុស អឺ​ព្រោះ​ការ​សង​លុយ​និង​ផ្ទេរ​កន្លែងធ្វើការ​តែមួយ​មុខ មិន​គ្រប់គ្រាន់​ទេ​។ ជាមួយគ្នា​នេះ ត្រូវ​មាន​កន្លែង​ប្តឹង​ដែល​ងាយ​ទាក់ទង អឺ​រក្សា​ការសម្ងាត់ និង​ការ​ការពារ​អ្នក​ប្តឹង​ពី​ការ​សង​សឹក​។ ការ​ផាកពិន័យ​ត្រូវ​បញ្ជាក់​មូលហេតុ ចំនួន​ប្រាក់ និង​មាន​ប្រកាស​ប័ណ្ណ​ដៃ​ជា​ផ្លូវការ​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ត្រូវ​ពន្យល់​ឱ្យ​ពលរដ្ឋ​យល់​បាន​ច្បាស់​ថា តំបន់​ណា​អាច​ប្រមូល​អុស​បាន និង​តំបន់​ណាខ្លះ​ដែល​ត្រូវ​ហាមឃាត់ មិន​អនុញ្ញាត​ឱ្យ​មាន​ប្រមូល​ចេញពី​តំបន់​នោះ បាទ​។​»

សកម្មជន និង​អ្នកឃ្លាំមើល​ទទូច​ឲ្យ​រដ្ឋាភិបាល ពង្រឹង​ច្បាប់​ឡើងវិញ​ឲ្យ​បាន​ម៉ឺងម៉ាត់ អប់រំ​ដល់​មន្ត្រី​ក្រោម​ឳ​វាទ ឲ្យ​គោរព​និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​លុបបំបាត់​ការអនុវត្ត​ច្បាប់​ស្តង់ដារ​២ ដែល​ធ្វើ​ឲ្យ​ពល​ដ្ឋ​រង​ទុក្ខ​។ ពួកគេ​ស្នើសុំ​ឲ្យ​មាន​ការ​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ ដោយ​ដក​តំណែង និង​បន្ត​នីតិវិធី​នៅ​តុលាការ​បន្ត ចំពោះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​វិជ្ជាជីវៈ​របស់​ខ្លួន កេង​ប្រវ័ញ្ញ​លើ​ប្រជាពលរដ្ឋ និង​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ខុសច្បាប់​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ