

មន្ត្រីជាន់ខ្ពស់បារាំង អះអាងថា កន្លងទៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា តែងតែលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងក្ដីបារម្ភពីការផ្ដន្ទាទោសសកម្មជនមាតាធម្មជាតិ៥រូប។ ការអះអាងនេះ ធ្វើឡើងនៅក្នុងលិខិតមួយឆ្លើយតបទៅកាន់អង្គការអន្តរជាតិ មូលនិធិ ប្រ៊ូណូ មែនសឺរ ( Bruno Manser Fonds) ដែលអំពាវនាវឲ្យអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដាក់សម្ពាធលើរដ្ឋាភិបាលក្រុងភ្នំពេញ ឱ្យដោះលែងសកម្មជនបរិស្ថាន នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie summit) ដែលនឹងធ្វើនៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខ។
អនុប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង អ្នកស្រី ម៉ារី អ៊ួរ (Marie HOURS) បានលើកឡើងក្នុងលិខិតដែលផ្ញើទៅកាន់អង្គការអន្តរជាតិ មូលនិធិប្រ៊ូណូ មែនសឺរ ដែលទទួលបាននៅថ្ងៃទី១៥ ខែតុលាថា ប្រទេសបារាំងបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់អ្នកការពារបរិស្ថាននៅកម្ពុជា និងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកស្រី ម៉ារី អ៊ួរ បានរៀបរាប់ថា ប្រធានបទស្ដីពីសិទ្ធិមនុស្ស ត្រូវបានបញ្ចូលយ៉ាងពេញលេញទៅក្នុងកិច្ចសន្ទនារបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង រវាងរដ្ឋាភិបាលកម្ពុជា ជាពិសេស នៅពេលមានជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំនយោបាយនៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ អ្នកស្រីបន្តថា មន្ត្រីស្ថានទូតបារាំងប្រចាំនៅកម្ពុជា ក៏កំពុងតាមដានស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដោយមានទំនាក់ទំនងជាមួយសមាគមការពារសិទ្ធិមនុស្សលីកាដូ (LICADHO)។
អ្នកស្រីបញ្ជាក់ថា ក្ដីបារម្ភរបស់អង្គការអន្តរជាតិ និងអង្គការមាតាធម្មជាតិកម្ពុជា ជុំវិញការរំលោភសិទ្ធិមនុស្ស មកលើសកម្មជនបរិស្ថានទាំង៥រូប ត្រូវបាននាំយកទៅជម្រាបជូនអាជ្ញាធរកម្ពុជាឱ្យបានជ្រាបរួចរាល់ហើយ។ ហើយ ជាពិសេសនៅក្នុងលិខិតនោះ បានសង្កត់ធ្ងន់ថា ប្រធានបទសិទ្ធិមនុស្ស និងករណីសកម្មជនបរិស្ថាន កំពុងក្លាយជាប្រធានបទនៃការពិគ្រោះយោបល់ជាមួយដៃគូសហភាពអឺរ៉ុប និងបណ្ដាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ។
ការលើកឡើងនេះ តាមរយៈលិខិតឆ្លើយតប ទៅកាន់អង្គការចលនាមាតាធម្មជាតិ និងអង្គការអន្តរជាតិឈ្មោះ មូលនិធិ ប្រ៊ូណូ មែនសឺរ ដែលបាន យកលិខិតទៅដាក់នៅទីស្នាក់ការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងប្រទេសបារាំង កាលពីថ្ងៃទី៦ ខែកក្កដា។ លិខិតនោះ ត្រូវបានដាក់ទៅកាន់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីអំពាវនាវឱ្យដាក់សម្ពាធ ដល់រដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនបរិស្ថានទាំង៥រូប ដែលកំពុងជាប់ឃុំ នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie summit) ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។
បន្ថែមពីលើនោះ ក្រុមអង្គការដែលធ្វើការផ្នែកការពារបរិស្ថានទាំងនេះ បានទាមទារឲ្យអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ប្រើតួនាទីពិសេសរបស់ខ្លួនជាអ្នករៀបចំកិច្ចប្រជុំកំពូលនៃប្រទេសនិយាយភាសាបារាំង ដើម្បីចូលរួមជាបន្ទាន់ និងខ្លាំងក្លាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីកែលំអស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងជាពិសេសធានាដល់ការដោះលែងសកម្មជនចលនាមាតាធម្មជាតិវ័យក្មេងទាំង ៥នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ និង លោក យីម លាងហ៊ី។
ស្ថាបិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson ) ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ថ្វីត្បិតបារាំង មិនបានបញ្ជាក់ថា នឹងយកបញ្ហាសកម្មជនបរិស្ថានដើម្បីស្នើឱ្យរដ្ឋាភិបាលកម្ពុជាត្រូវតែដោះលែងដោយត្រង់ៗក្ដី លោកសង្ឃឹមថា នឹងមានមេដឹកនាំនៃបណ្ដាប្រទេសដែលនិយាយភាសាបារាំងជាច្រើនទៀត នឹងលើកយកករណីនេះដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា។
លោក អាឡិចហាន់ដ្រូ៖ «ស្ថានទូតបារាំង និងរដ្ឋមន្ត្រីក្រសួងបារាំងមិនហ៊ាននិយាយចំៗពេកទៅលើរឿងហ្នឹងក៏ដោយ ក៏ខ្ញុំឃើញថាមានសង្ឃឹមមួយចំនួនដែរ ដែលសកម្មជនទាំង៥នាក់នឹងត្រូវបានដោះលែងនាពេលប្រមាណសប្ដាហ៍ទៅមុខ ដោយសាររដ្ឋមន្ត្រី លោកហុន ម៉ាណែត ហ៊ុនសែនហ្នឹងអាចនឹងសម្រេចចិត្តសម្អាតផ្ទះមុនភ្ញៀវមកដល់។ បូកហ្នឹងអី? បូកហ្នឹងសម្ពាធដូចខ្ញុំបាននិយាយរួចរាល់ហើយហ្នឹងសម្ពាធមានពីប្រទេសច្រើន។ បូកហ្នឹងអី? បូកហ្នឹងការរកឃើញរបស់អង្គការសហប្រជាជាតិថ្មីៗនេះដែលប្រកាសហើយថា សកម្មជនទាំង៥នាក់ត្រូវបានគេចាប់តាមអំពើចិត្ត»។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៤ ខែតុលា។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិ មនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី យល់ថា សកម្មជនបរិស្ថានទាំង៥រូបនេះ ជាករណីដែល សហគមន៍អន្តរជាតិ តែងតែចាប់អារម្មណ៍ ហើយពេលដែលលើកឡើងពីបញ្ហាសិទ្ធិមនុស្សគឺតែងតែស្នើឱ្យមានការដោះលែងអ្នកទាំងនោះ។ ដូច្នេះលោកថា ការបន្តឃុំខ្លួនសកម្មជនបរិស្ថាន ពុំផ្ដល់ផលចំណេញអ្វីដល់ជាតិនោះទេ ក្រៅតែពីធ្វើឱ្យកម្ពុជាខូចមុខមាត់។
លោក យិន ម៉េងលី៖ «យើងចង់ឲ្យរដ្ឋាភិបាលធ្វើការពិចារណាឡើងវិញជាពិសេសតុលាការនៅក្នុងករណីរឿងមាតាធម្មជាតិបាទ ហើយការអូសបន្លាយពេលវេលាយូរពេកនៅក្នុងករណីនេះក៏ជារឿងមួយដែលមិនអាចស្វែងរកយុត្តិធម៌បានដែរ»។
កន្លងទៅ ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនតាមទំនើងចិត្ត (UNWGAD) បានចេញរបាយការណ៍វាយតម្លៃ និងប្រកាសថា ការចាប់ខ្លួន និងឃុំខ្លួនសកម្មជនបរិស្ថានទាំង ៥ រូបគឺជាការធ្វើឡើងដោយបំពាន និងរំលោភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
រីឯ អ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ក៏បានបង្ហាញពីការបារម្ភផងដែរ អំពីស្ថានភាពសិទ្ធិមនុស្ស និងការចាប់ខ្លួនពលរដ្ឋ អ្នកនយោបាយ សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានតាមអំពើចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្រោយពីពួកគាត់បានប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ ឈឺឆ្អាលរឿងនយោបាយ ធនធានធម្មជាតិ និងបញ្ហាព្រំដែនជាដើម។ លោកបានអំពាវនាវឱ្យ រដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ និងធានាការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ៕









