អ្នកឃ្លាំមើល​រិះគន់​គ្រួសារ​ហ៊ុន​ដែល​ផ្ញើ​សារ​ជូន​ពរ ខណៈ​កម្ពុជា​ប្រឈម​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច

0
35
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកឃ្លាំមើល​សង្គម​រិះគន់​លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថា កំពុងផ្តោត​លើ​រឿង​គ្រួសារ ខណៈកម្ពុជាប្រឈមនឹង​បញ្ហា​នយោបាយ សេដ្ឋកិច្ច និងការព្រួយបារម្ភអំពី​បូរណភាព​ទឹកដី។ ការរិះគន់នេះកើតឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារជូនពរ​កូនប្រុស​របស់​លោក ដែលជានាយករដ្ឋមន្ត្រី ក្នុងឱកាសខួបកំណើតគម្រប់ ៥០​ឆ្នាំ ដោយអ្នក​រិះគន់​ចោទសួរ​ថា តើថ្នាក់ដឹកនាំបានផ្តល់អាទិភាពគ្រប់គ្រាន់ដល់ទុក្ខលំបាក និងកង្វល់របស់ប្រជាពលរដ្ឋដែរឬទេ។

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការផ្ញើសារជូនពរខួបកំណើតរវាងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អាចមើល​ទៅ​ជាទំនាក់ទំនងឪពុកកូនធម្មតា ប៉ុន្តែការយកអំណាចរដ្ឋមកប្រើដើម្បីបង្កើតរូបភាព​គ្រួសារ​កក់ក្តៅ​ជាសាធារណៈ គឺជាការមើលរំលងទុក្ខវេទនារបស់រាស្ត្រ។ លោកថា ក្នុងនាមជាអ្នកដឹកនាំដែល​ទទួល​ប្រាក់ខែ និងមានភារកិច្ចបម្រើជាតិ ការយកចិត្តទុកដាក់ចំពោះសុខទុក្ខពលរដ្ឋ ត្រូវតែ​មាន​ទម្ងន់ធ្ងន់ជាង ឬស្មើនឹងប្រយោជន៍គ្រួសារខ្លួន។

លោក សេង វណ្ណលី បន្ថែមទៀតថា ប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការរិះគន់ និងទាមទារ​ឱ្យអ្នក​កាន់​អំណាច​បង្ហាញ​ការ​ទទួល​ខុស​ត្រូវជាសាធារណៈ ជាជាងការធ្វើសម្តែង​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន។ លោកថា បើអ្នកដឹកនាំទាំងពីរអាចប្រើពាក្យសម្តីកក់ក្តៅ​បង្ហាញការ​ស្រឡាញ់ និងការបារម្ភពីគ្នាជាសាធារណៈបាន ពួកគេកាន់តែត្រូវតែបង្ហាញ​ការបារម្ភបែបនេះ​ចំពោះរាស្ត្រ​ដែល​កំពុងរងទុក្ខ។

លោក សេង វណ្ណលី៖ «ការបារម្ភចំពោះជាតិ មិនមែនធ្វើឡើងតាមរយៈពាក្យសម្តីលើកជើងគ្នា​នោះ​ទេទៅវិញទៅមកទេ ប៉ុន្តែត្រូវស្តែងចេញតាមរយៈការទទួលស្គាល់ការពិត ការស្តាប់បណ្តឹង​តវ៉ា និងការដោះស្រាយវិបត្តិ​ជាក់ស្តែង។ សម្រាប់គ្រួសារពលរដ្ឋដែលកំពុងលិចលង់ក្នុងបំណុល បាត់បង់ចំណូល ឬរស់ក្នុងភាពភ័យខ្លាច ពាក្យផ្អែមល្ហែម និងការសរសើរគ្នារវាងអ្នកមានអំណាច គឺជាការចំអកចំពោះជីវភាពដ៏ជូរចត់របស់ពួកគាត់»។

អ្នករតាមដានភូមិសាស្ត្រនយោបាយ​កម្ពុជារូប​នេះ បន្ថែមទៀតថា បញ្ហាស្នូលនៅពេល​នេះ គឺគម្លាត​យ៉ាងធំធេងរវាងភាពស្ដុកស្ដម្ភកក់ក្តៅនៃគ្រួសារ​អ្នកដឹកនាំ និង​ភាពត្រជាក់ត្រជុំនៃទុក្ខ​វេទនា​របស់រាស្ត្រដែលត្រូវគេបោះបង់ចោល។ លោកថាភាពជាឪពុកល្អ ឬកូនល្អក្នុងគ្រួសារ មិន​អាច​យកមកលុបលាងកំហុស ឬជំនួសការបរាជ័យក្នុងការដឹកនាំប្រទេសបានឡើយ។ ប្រជាពលរដ្ឋ​មិន​ត្រូវការ​មើល​ការបង្ហាញភាពស្និទ្ធស្នាលក្នុងគ្រួសារភាគតិចនោះទេ ប៉ុន្តែ​ត្រូវ​ការ​ឃើញអំណាច​រដ្ឋ​ត្រូវ​បានប្រើដើម្បីការពារសិទ្ធិ ជីវិត និង​ក្រពះ​របស់​មនុស្ស​គ្រប់រូប​ដោយ​ស្មើភាព។

ការអះអាង​របស់​អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជារូប​នេះ បន្ទាប់ពីលោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជា​ប្រធានគណបក្ស​ប្រជាជនកម្ពុជា ដែលជាឪពុកនាយករដ្ឋមន្ត្រី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ​ថា ក្នុងឱកាសនៃខួបចម្រើនជន្មាយុ គម្រប់៤៩ឆ្នាំ ឈានចូល៥០ឆ្នាំ របស់ លោក ហ៊ុន ម៉ាណែត លោកបួងសួងដល់ វត្ថុស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុងលោក សូមតាមជួយថែរក្សា ការពារ អភិបាល ប្រោះព្រំ​នូវ​សព្ទសាធុ​ការ​ពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូន​ចំពោះ លោក ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការជូនពរគ្នាក្នុងឱកាសខួបកំណើតគឺជារឿងធម្មតា ប៉ុន្តែលោក​យល់​ថា ការយកតួនាទីជាប្រធានព្រឹទ្ធសភាមកចូលរួមក្នុង​ការជូនពរជាសាធារណៈ​ដល់​នាយករដ្ឋមន្ត្រី ដែល​ជាកូនប្រុស គឺមិនសមរម្យនោះទេ។

លោក ស៊ឹង សែនករុណា បន្តថា ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាសង្គម និង​សេដ្ឋកិច្ចធ្ងន់ធ្ងរ ថ្នាក់ដឹកនាំគួរតែផ្ដោតការយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាជាតិ និង​ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាជាងចំណាយពេលច្រើនលើការបង្ហាញអារម្មណ៍​ផ្ទាល់ខ្លួន​ជា​សាធារណៈ។

លោកមានប្រសាសន៍ថា ស្ថានការណ៍នៅក្នុងប្រទេសកំពុងមានភាពលំបាកជាច្រើន ជាពិសេស​បញ្ហាប្រជាពលរដ្ឋជាងពីរម៉ឺននាក់ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ បញ្ហាព្រំដែនដែលនៅតែបន្តមានការរំលោភបំពាន និង​បញ្ហាមជ្ឈមណ្ឌល​ឆបោកតាម​អនឡាញ ដែល​បាន​បង្កការព្រួយ​បារម្ភនៅលើឆាកអន្តរជាតិ។

លោកបន្ថែម​ថា ប្រជាពលរដ្ឋក៏កំពុងប្រឈមនឹងការធ្លាក់ចុះនៃជីវភាព កង្វះការងារធ្វើ ភាពក្រីក្រ និងបន្ទុកបំណុល ដែលទាមទារឱ្យថ្នាក់ដឹកនាំយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់។ លោកថា ទាំងនេះសុទ្ធតែជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ដូច្នេះ ថ្នាក់ដឹកនាំគួរតែគិតគូរ និងយកចិត្តទុក​ដាក់​ឱ្យបានខ្លាំងលើបញ្ហាសង្គម និងបញ្ហាប្រទេសជាតិ នេះទើបជាគំរូល្អ និង​ជា​មធ្យោបាយដែលអាចធ្វើឱ្យប្រជាពលរដ្ឋគោរពស្រឡាញ់។

លោក ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រី ដែលបានឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្តពីឪពុក គឺលោក ហ៊ុន សែន។ ការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីនេះ​ត្រូវគេមើលឃើញថា ស្ថិតក្រោមការបញ្ជាលោក ហ៊ុន សែន ដែលជាឪពុក ទាំងស្រុងដើម្បី​ការពារ​អំណាចនៃវង្សត្រកូលរបស់ខ្លួនប៉ុណ្ណោះ។

អ្នកឃ្លាំមើល និង​ពលរដ្ឋ​សង្ឃឹមថា បន្ទាប់ពីថ្ងៃធ្វើខួបកំណើត លោក ហ៊ុន ម៉ាណែត នឹងភ្ញាក់​រលឹក​ក្នុងការស្ដារប្រព័ន្ធប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស មានការបង្រួបបង្រួមជាតិ និង​រៀបចំ​ឱ្យមាន​តុលាការឯករាជ្យ​ពិតប្រាកដ។ ពួកគាត់បារម្ភថា ប្រសិនបើ លោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេស​ដូចលំនាំ​បច្ចុប្បន្ននេះ ប្រទេសជាតិ​នឹងអន្តរាយ ខណៈប្រទេស​ជិតខាង គេ​កាន់តែ​បន្ត​មើលងាយ និង​ឈ្លានពាន​ទឹកដី​តាមអំពើចិត្ត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ