អ្នកឃ្លាំមើល​ចាត់​ទុក​ការ​សរសេរ​សៀវភៅ​អួត​ពី​លោក ហ៊ុន សែន ជា​ការ​លើក​តម្កើង​ហួសហេតុ

0
64
(ពីស្ដាំ) នាយក​រង​ខុទ្ទកាល័យ​​​ប្រធាន​​ព្រឹទ្ធសភា​​ ហ៊ុន សែន​​​លោក អៀង ពិសី និង​​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធិ បង្ហាញសៀវភៅស្ដីពីលោក ហ៊ុន សែន កាលពីថ្ងៃទី២០ តុលា ២០២៦។ រូប៖ ហ្វេសប៊ុក
(ពីស្ដាំ) នាយក​រង​ខុទ្ទកាល័យ​​​ប្រធាន​​ព្រឹទ្ធសភា​​ ហ៊ុន សែន​​​លោក អៀង ពិសី និង​​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធិ បង្ហាញសៀវភៅស្ដីពីលោក ហ៊ុន សែន កាលពីថ្ងៃទី២០ តុលា ២០២៦។ រូប៖ ហ្វេសប៊ុក

ថ្មី​ៗ​នេះ​​មន្ត្រី​​វ័យ​ក្មេង​​នៅ​ក្បែរ​លោក ហ៊ុន សែន ​​បាន​ចេញ​ផ្សាយ​​សៀវភៅ​​​ថ្មី​មួយ​ទៀត​ ​​ដែល​​មាន​ចំណង​ជើង​ថា​ «យុទ្ធ​សាស្ត្រ​​ត្រីកោណ​៖​ ឆ្អឹង​ខ្នង​សន្តិភាព​កម្ពុជា»។ សៀវភៅ​នេះ​បាន​រៀបរាប់​យ៉ាង​ច្រើន​ពី​គុណ​​បំណាច់ និង​ស្នាដៃ​របស់​លោក ហ៊ុន សែន ក្នុង​ការ​រៀបចំ​ប្រទេស​ឡើង​វិញ​ ​​​​​ក្រោយ​សម័យ​​​ខ្មែរ​ក្រហម​ បាន​ដួល​រលំ​​​​​​​ ​រួម​នឹង​​ការ​បង្ហាញ​​ ពី​យុទ្ធសាស្ត្រ​កសាង​​ជាតិ​របស់​បក្ស​កាន់​អំណាច​។ ​​​​​ប៉ុន្តែ​ អ្នក​ឃ្លាំមើល​រិះគន់​ថា​ សៀវភៅ​ដែល​​សរសេរ​អំពី​​​​​លោក ហ៊ុន សែន ​ភាគ​ច្រើន​សរសេរ​បំភ្លៃ​​ការ​ពិត និង​​​​​​​​​​ដើម្បី​​​​​​​ការ​ពារ​អំណាច​​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន។

​​​អ្នកឃ្លាំមើល​​​សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​​​​លោក ហ៊ុន សែន ​​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ រហូត​ដល់​​​ថ្ងៃ​​ផ្ទេរ​អំណាច​ឱ្យ​កូន​​​​គឺ​ លោក ហ៊ុន ម៉ាណែត​ មក គេ​តែងតែ​ឃើញ​​​​បុគ្គល​មួយ​ចំនួន​បាន​​ព្យាយាម​អែបអប​​ ​លោក ហ៊ុន សែន តាម​រយៈ​ការ​​​​និពន្ធ​សៀវភៅ​បទ​ច្រៀង​​ និង​ខ្សែ​​ភាពយន្ត ​​​​​​ជា​ច្រើន​​ លើក​​សរសើរ​​ ​លោក ហ៊ុន សែន និង​​​​ក្រុម​គ្រួសារ​​​​ត្រកូល​ហ៊ុន​​​ ​​ដើម្បី​ទទួល​បាន​តួនាទី​​​ និង​បុណ្យស័ក្ដិ​​ ​ជា​ដើម។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​​ព្រមាន​​​​ថា​ ​​ការ​បង្កើត​​ស្នាដៃ​តែង​​និពន្ធ ​​បំភ្លៃ​ការ​ពិត​​ គឺ​ជា​​​​​រឿង​​ដ៏​គ្រោះថ្នាក់​​​​​ សម្រាប់​​យុវជន។

អ្នក​តាម​ដាន​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​ លោក សេង វណ្ណលី ​​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២០ ខែ​តុលា ថា​ ការ​បោះពុម្ព​សៀវភៅ​បែប​នេះ​ ធ្វើ​ឡើង​ដើម្បី​ពង្រឹង​រូប​ភាព​ មេដឹកនាំ ​និង​បង្កើត​គំនិត​ថា ប្រទេស​ជាតិ​ រស់​បាន​ដោយ​សារ​មេដឹកនាំ​ម្នាក់ ឬ​បក្ស​មួយ​ ​​ដែល​​ធ្វើ​ឱ្យ​​​ពលរដ្ឋ​ខ្លះ​​​​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​ជំពាក់​គុណ​​មេដឹកនាំ​​បក្ស​​កាន់​អំណាច។ លោក​បន្ត​ថា​​កាល​ណា​អ្នក​សរសេរ​នៅ​ក្រោម​អំណាច ​​​​អ្នក​នយោបាយ​​ ស្នាដៃ​នោះ​ងាយ​នឹង​ក្លាយ​ជា​ការ​លើក​ជើង ​​និង​កង្វះ​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​​ ដូច្នេះ​អ្នក​អាន​ត្រូវ​តែ​ ប្រុងប្រយ័ត្ន​​ និង​ប្រៀបធៀប​​នឹង​​​ប្រភព​ឯករាជ្យ​​​​​​​ឱ្យ​​​​​ច្រើន។

បន្ថែម​ពី​លើ​នោះ​លោក​ថា​ ការ​ប្រគល់​​គុណសម្បត្តិ​ និង​ក្រេឌីត (Credit ) សន្តិភាព​ឱ្យ​លោក ហ៊ុន សែន តែម្នាក់ គឺ​ជា​ការ​កាត់​ត​ប្រវត្តិសាស្ត្រ​ចោល​ ព្រោះ​​សន្តិភាព​នៅ​កម្ពុជា​កើត​ចេញ​ពី​ការ​ចូល​រួម​របស់​ភាគី​ច្រើន​​ ដូច​ជា​ការ​ដឹកនាំ​របស់​ព្រះបាទ នរោត្តម សីហនុ កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ឆ្នាំ១៩៩១ និង​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​សហប្រជាជាតិ ​​​​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​។ ​ទន្ទឹម​គ្នា​នោះ​លោក​ថា​ ការ​សរសេរ​ប្រវត្តិសាស្ត្រ​ដោយ​លើក​តម្កើង​តែ​មនុស្ស​ម្នាក់ ហើយ​បំភ្លេច​គុណ​បំណាច់​អ្នក​ដទៃ គឺ​ជា​ការ​ភូតភរ និង​បំពុល​ ចំណេះដឹង​សាធារណ​ជន។

​លោក សេង វណ្ណលី៖ «​ប្រជាពលរដ្ឋ​មិន​ត្រូវ​ជឿ​តាម​ការ​ឃោសនា​តែ​ម្ខាង​ឡើយ។ មុន​នឹង​ជឿ​សៀវភៅ​មួយ យើង​ត្រូវ​សួរ​ថា តើ​អ្នក​ណា​សរសេរ? សរសេរ​ដើម្បី​អ្វី? តើ​ហ៊ាន​និយាយ​ពី​កំហុស និង​ការ​ឈឺ​ចាប់​របស់​រាស្ត្រ​ដែរ​ទេ? យើង​ត្រូវ​អាន​ឯកសារ​ឱ្យ​គ្រប់​ជ្រុងជ្រោយ ទាំង​ស្រាវជ្រាវ​ឯករាជ្យ និង​កិច្ចព្រមព្រៀង​ដើម​។ ការ​ដឹង​គុណ​អ្នក​ដឹកនាំ​ត្រូវ​តែ​ដើរ​ទន្ទឹម​នឹង​ការ​ទាមទារ​ឱ្យ​គេ​ទទួល​ខុស​ត្រូវ ព្រោះ​ប្រវត្តិសាស្ត្រ​ជា​របស់​ប្រជាជន​គ្រប់​រូប មិន​មែន​ជា​របស់​មេដឹកនាំ​ណា​ម្នាក់​ឡើយ»។

ការ​រិះគន់​នេះ​ ធ្វើ​ឡើង​​ក្រោយ​ពី​​ អ្នក​និពន្ធ​សៀវភៅ​​​ «យុទ្ធ​សាស្ត្រ​​ត្រីកោណ ឆ្អឹង​ខ្នង​សន្តិភាព​កម្ពុជា​» គឺ​​​នាយក​រង​ខុទ្ទកាល័យ​​​ប្រធាន​​ព្រឹទ្ធសភា​​ ហ៊ុន សែន​​​លោក អៀង ពិសី ​បាន​​​សម្ពោធ​សៀវភៅ​ថ្មី​​​នេះ​​​ ដោយ​ហៅ​មន្ត្រី​វ័យ​ក្មេង​​​​​​មួយ​ចំនួន​ រួម​នឹង​​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធិ ដើម្បី​​​​​បក​ស្រាយ​ពី​គុណ​​បំណាច់​របស់​ លោក ហ៊ុន សែន និង​​​​ យុទ្ធ​សាស្ត្រ​​ត្រីកោណ ​ដែល​មាន​នៅ​ក្នុង​សៀវភៅ​​​នេះ​។​ ​​

សៀវភៅ​នេះ​​​មាន​​​កម្រាស់​​១​១១១ទំព័រ​​​​ អម​ដោយ​រូប​ភាព​​​​​​លោក ហ៊ុន សែន​​ ​​អង្គុយ​​​​​​និយាយ​​​​មីក្រូ​​​​​​នៅ​ក្រប​មុខ។ លោក អៀង ពិសី ​​​បាន​​លើក​ឡើង​​ នៅ​​​ក្នុង​ពិធី​សម្ពាធ​សៀវភៅ​ ​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ថា​​ ​​ការ​សម្រេច​ចិត្ត​ចង​ក្រង​សៀវភៅ ​ «យុទ្ធ​សាស្ត្រ​​ត្រីកោណ ឆ្អឹង​ខ្នង​សន្តិភាព​កម្ពុជា​»​​​មិន​មែន​ជា​ការ​ស្រមើស្រមៃ​​នោះ​ទេ​ តែ​គឺ​ជា​​​​ប្រវត្តិសាស្ត្រ​​​​​​​​​​​​​ពិត​ប្រាកដ​​​​ដ៏​សំខាន់ ​ដែល​បង្ហាញ​ពី​​ការ​​ប្រែក្លាយ​កម្ពុជា​ ក្នុង​​​គំនរ​បាក់បែក​ដោយ​សារ​សង្គ្រាម ​ឆ្ពោះ​ទៅ​រក​ការ​ឯកភាពជាតិ និង​ការ​អភិវឌ្ឍ​ប្រទេស​​ ​​ក្រោម​​ស្នាដៃ​​​ដ៏​ឆ្នើម​​​របស់​​​​​​លោក ហ៊ុន សែន។ ចំណែក​អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា ​និង​​គណបក្ស​ប្រជាជន​កម្ពុជា ​​​លោក ជា ធីរិទ្ធិ បាន​​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពាធ​សៀវភៅ​​​នេះ​ថា​ ​គុណ​បំណាច់ ​​លោក ហ៊ុន សែន មាន​ច្រើន​​​​ ​​ព្រោះ​លោក ហ៊ុន សែន​ប្រៀប​ដូច​ជា​អ្នក​បង្កើត​ប្រទេស​​កម្ពុជា​ទាំង​មូល។

ប៉ុន្តែ​​ឆ្លើយ​តប​​ទៅ​​​​នឹង​ការ​រិះគន់​​​ខ្លាំង​​​លើ​សៀវភៅ​មួយ​​ក្បាល​​នេះ​ ​​​លោក ជា ធីរិទ្ធិ ​​ប្រាប់​​​​ទូរទស្សន៍​អាស៊ីសេរី​ថា​​​ ​​​ការ​រិះគន់​​​​នេះ​​ គឺ​ជា​គំនិត​ជ្រុល​និយម។

លោក ជា ធីរិទ្ធិ៖ «សោកស្ដាយ​​​ យើង​ៗ​មាន​គំនិត​ផ្សេង​គ្នា ​វា​ជា​រឿង​ធម្មតា ប៉ុន្តែ កុំ​ដល់​ថ្នាក់​ជ្រុលនិយម​ថា បើ​គេ​ខុស​ពី​អញ គឺ​គេ​នឹង​លក់​ក្បាល គឺ​គ្មាន​ប្រយោជន៍ ធ្វើ​អី​គ្មាន​ប្រយោជន៍​ដូច​ខ្លួន​​ កុំ​មាន​គំនិត​បែប​ហ្នឹង។​​ ខ្ញុំ​ចង់​ឱ្យ​ក្រុម​ជ្រុលនិយម​ប៉ុន្មាន​នាក់​ហ្នឹង កុំ​គិត​បែប​ហ្នឹង​ពេក។ បើ​ថា ​មតិ​ផ្ទុយ​គ្នា​​​ ​ឥឡូវ​យើង​ជជែក​គ្នា​មក​។​​ អ្នក​ឯង​មាន​គំនិត​ស្អី ប៉ុន្តែ​វា​ជ្រុល​និយម​អញ្ចឹង តើ​ជជែក​អី​ចេញ» ។

ទោះ​ជា​យ៉ាង​ណា​​ ​​​អ្នក​ឃ្លាំមើល​រិះគន់​​​ថា​ នេះ​ពុំ​មែន​ជា​លើក​ទី​១​មួយ​ទេ​ ដែល​​​​​​ក្រុម​បញ្ញវន្ត​រណប​​​​​​លោក​ ហ៊ុន សែន ​​​ចេញ​មក​​សរសេរ​សៀវភៅ និង​​និពន្ធ​រឿង​ ជាច្រើន​រាប់​មិន​អស់​​​​​លើក​​​​​តម្កើង​​​​​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ​​ដើម្បី​បំភ្លៃ​ការ​ពិត​ បើ​ទោះបី​ជា​​រដ្ឋាភិបាល​​​​​បក្ស​កាន់​អំណាច​​​ រង​ការ​ចោទ​ប្រកាន់​​​​​អស់​ជាច្រើន​ទសវត្ស​​​​​​មក​ហើយ​​ថា បាន​​​​​រំលោភ​សិទ្ធិ​មនុស្ស​​​ធ្ងន់ធ្ងរ​​​​​​ តាម​រយៈ​​ការ​​​ចាប់ចង​ និង​ធ្វើឃាត​ ​សកម្មជន​នយោបាយ ​​សកម្មជន​បរិស្ថាន​​ និង​​​​​អ្នក​វិភាគ​​​នយោបាយ ដូច​ជា​​​​​លោក​ បណ្ឌិត កែម ឡី ​​​និង ​ប្រធាន​សហជីព​​ឯករាជ្យ​ លោក ជា វិជ្ជា ជា​ដើម។

បន្ថែម​ពី​លើ​នោះ​ ​​ពួកគាត់​ថា​​ នៅ​ក្នុង​អាណត្តិ​ដឹកនាំ​ដោយ​ លោក ហ៊ុន ម៉ាណែត ​​​កម្ពុជា​បាន​​​ បាត់បង់​​ទឹក​ដី​​​​ជាច្រើន​ទីតាំង​​​​ទៅ​ឱ្យ​ថៃ​ ហើយ​ប្រទេសជាតិ​​ត្រូវ​ខូច​ឈ្មោះ​​​យ៉ាង​ខ្លាំង​​ លើ​​ឆាក​​​អន្តរជាតិ​​ ដោយ​សារ​តែ​​​​​មន្ត្រី​រដ្ឋាភិបាល​​​​មួយ​ចំនួន​បាន​​ឃុបឃិត​ជា​មួយ​បណ្ដាញ​​​​ឧក្រិដ្ឋជន​​​ឆបោក​តាម​អនឡាញ​​ ឱ្យ​រីក​រាលដាល​ពេញ​ប្រទេស ​​​​​ហើយ​​ ​​​រដ្ឋាភិបាល​​​​​បែរ​​ជា​​បន្ត​​ប្រើ​ប្រាស់​​នយោបាយ​ប្រជាភិថុតិ ​​​​​​​​តាម​រយៈ​ការ​បោះពុម្ព​សៀវភៅ ​អួតអាង​​​ពី​​អំណាច​​។ ជាក់​ស្ដែង​ដូចជា​សៀវភៅ​មួយ​​ក្បាល​​ ​ដែល​​​​​រង​ការរិះគន់​​ខ្លាំង ដែល​និពន្ធ​ដោយ​​​អ្នក​នាំ​ពាក្យ​រង​​ក្រសួង​មហា​ផ្ទៃ​ លោក ទូច សុឃៈ​ ​​​​​ដែល​មាន​ចំណង​ជើង​ «កម្ពុជា​ឈ្នះ​ថៃ​សម័យ​តេជោធិបតី» ជាដើម៕


លោក សេង វណ្ណលី យល់​ថា​ ការ​អះអាង​សមិទ្ធផល​​​របស់​បក្ស​កាន់​អំណាច​​ដែល​គ្មាន​ការ​ទទួល​ស្គាល់​កំហុស ​គឺ​ជា​ការ​ឃោសនា​​បំភ្លៃ។ លោក​បន្ត​ថា​​ ការ​សាងសង់​ផ្លូវ ​សាលារៀន ​ឬ​មន្ទីរ​ពេទ្យ គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋ​ ដែល​ប្រើ​ប្រាស់​លុយ​​​រដ្ឋ ដែល​បង់​ពន្ធ​ ​​ពី​​​ប្រជាជន​មិន​មែន​ជា​អំណោយ​​របស់​​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​នោះ​ឡើយ​។ ម្យ៉ាងទៀត ​លោក​ថា សន្តិភាព​ពិត​ប្រាកដ​មិន​មែន​ត្រឹម​តែ​គ្មាន​សង្គ្រាម​នោះ​ទេ​ ​​គឺ​ត្រូវ​តែ​មាន​សេរីភាព យុត្តិធម៌ និង​សិទ្ធិ​សេរីភាព​​សម្ដែង​​មតិ​ដោយ​គ្មាន​ការ​ ភ័យខ្លាច។ ដូច្នេះ​លោក​ថា​​ បើ​រដ្ឋាភិបាល​ លើក​ទឹក​ចិត្ត​ តែ​ការ​សរសើរ ហើយ​ចាត់​ទុក​​មតិ​រិះគន់​ដើម្បី​កែ​លម្អ​​ថា ជា​អំពើ​ប្រឆាំង ​នោះ​បង្ហាញ​ថា ​សន្តិភាព​ដែល​​​រដ្ឋាភិបាល​តែងតែ​ អះអាង គឺ​គ្រាន់​តែ​ជា​ឧបករណ៍​ការពារ​អំណាច​ប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ