សង្គម​ស៊ីវិល​ពិភាក្សា​ពី​ស្ថានភាព​ប្រជាធិបតេយ្យ​នៃ​ខួប​៣៥ឆ្នាំ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

0
2
ទិដ្ឋភាពក្រុម​មន្ត្រីអង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព ធ្វើកិច្ច​សន្ទនា​តុកាហ្វេ ឬ Cafe Talk និង​បាន​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម កាលពីថ្ងៃទី២១ តុលា ២០២៦។ រូប៖ អាដហុក
ទិដ្ឋភាពក្រុម​មន្ត្រីអង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព ធ្វើកិច្ច​សន្ទនា​តុកាហ្វេ ឬ Cafe Talk និង​បាន​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម កាលពីថ្ងៃទី២១ តុលា ២០២៦។ រូប៖ អាដហុក

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​បើក​វេទិកា​ជជែក​ពិភាក្សា​គ្នា​ក្នុង​ឱកាស​ប្រារព្ធ​ខួប៣៥ឆ្នាំ​នៃ កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស ក្រោម​ប្រធាន​បទ «សារៈសំខាន់​នៃ​ការ​ធានា​ឱ្យ​បាន​នូវ​គោល​នយោបាយ​ប្រជា​ធិបតេយ្យ សេរី​ពហុបក្ស ដើម្បី​សន្តិភាព ការ​បង្រួប​បង្រួមជាតិ និង​ការ​អភិវឌ្ឍ​បែប​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​គ្រោង​នឹង​ប្រារព្ធ​ពិធី​ធំមួយ នៅ​ថ្ងៃ២៥ តុលា ខាង​មុខ ដើម្បី​រំលឹក​ទិវា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព បាន​បើក​កិច្ច​សន្ទនា​តុកាហ្វេ ឬ Cafe Talk និង​បាន​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម ដោយ​លើក​ឡើង អំពី​សារសំខាន់​នៃ​កិច្ច​ព្រមព្រៀង​នេះ ដែល​បាន​កើត​ចេញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​ជា​អន្តរជាតិ​មួយ ក្នុង​ការ​ធានា​ឱ្យបាន​នូវ​គោល​នយោបាយ​ប្រជាធិប​តេយ្យ សេរី​ពហុបក្ស ការ​បង្រួប​បង្រួម​ជាតិ ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ការពារ​បូរណភាព​ទឹកដី​ដែល​មិនមាន​ប្រទេស​ណាមួយ​អាចរំលោភ​បំពាន​បាន​ជាដើម។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់ថា ច្រាក់ (CHRAC – Cambodian Human Rights Action Committee) លោក រស់ សុដ្ឋា ថ្លែង ថា កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​នេះ គ្មាន​ថ្ងៃ​អស់​សុពលភាព​នោះ​ទេ បើ​ទោះបី​ជា​កម្ពុជា​មាន​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ដំបូង​ក្នុង​ឆ្នាំ១៩៩៣ ក្តី។ លោក​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ចែង​យ៉ាង​ច្បាស់​អំពី​ការ​អនុវត្ត​និង​ដំណោះ​ស្រាយ​ពេញលញ​នៅពេល​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ការ​រំលោភ​អធិបតេយ្យ​ភាព​កម្ពុជា ដែល​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មិនមាន​ចែង​គ្រប់គ្រាន់​ឡើយ។

លោក​មើល​ឃើញ​ថា កម្ពុជា​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ មិនបាន​ពេញលេញ​ទាំង​ស្រុង​នោះទេ ពាក់ព័ន្ធ​លំហ​សេរីភាព​របស់​ពលរដ្ឋ យុត្តិធម៌ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការ​គោរព​សិទ្ធិ​មនុស្ស បញ្ហា​ព្រំដែន និង​សន្តិភាព​ពិត​ប្រាកដ​ជាដើម។

លោក រស់ សុដ្ឋា៖ «ហើយ​​ឃើញ​​អស់​លោកខ្លះ​​គាត់​មាន​ឥទ្ធិ​ពល​នយោបាយ ដូច្នេះ​លោក បើសិន​ជា​លោក​និយាយ​ទៅ​វាត្រូវ​ល្អ​សម្រាប់​ប្រទេស​ជាតិ សម្រាប់​អ្នក​​ជំនាន់​ក្រោយ យើង​​បណ្តុះ​​ពូជ​ល្អ​សម្រាប់​ខ្មែរ​យើង​។ តែបើ​សិន​ជាយើង​និយាយ​ខុស​ គឺយើងនាំ​អឺ​​ប្រទេស​​ជាតិ​​​យើង​ទៅខុស អត់ត្រូវ អត់​ល្អ​​ទេ គឺ​គ្រាប់​ពូជ​​អត់​ល្អ។​ ច្បាប់​ទាំង​២​ហ្នឹង​​អត់​មាន​អី​​ខ្ទាស់​គ្នា​ទេ ហើយ​ធម្មតា ការ​ដែល​យើង​​ឯក​ភាព​​គ្នា​​ហើយ​ គឺ​បាន​​​ដឹង​ហើយ​ថា វាអាច​នឹង​​មាន​​ការ​​រំលោភ ឬ​ក៏​​ការ​​អនុវត្ត​​មិន​សម​ មិន​​ត្រឹម​ត្រូវ​​ដែល​​យើង​​ត្រូវ​​ក្រឡែក​ទៅ​​លើ​​សេចក្តី​​ប្តេជ្ញា​ចិត្ត ទាំង​​អស់​នុង​​ឡើង​វិញ ដើម្បីឲ្យ​​ឆ្ពោះ​​ទៅ​រក​ការ​អនុវត្ត​ឲ្យ​​បាន​​ប្រសើរ។»

លោក រស់ សិដ្ឋា ទទូច​ឲ្យ​អ្នក​នយោបាយ​គ្រប់​និន្នាការ និង​ប្រជា​ពលរដ្ឋ ឈប់​ភ័ន្តច្រលំ និង​បញ្ឈប់​ការ​បកស្រាយ​ខុស​អំពី​កិច្ច​ព្រមព្រៀង​នេះ ថា អស់​សុពល​ភាព ពោល​មិន​អាច​ប្រើប្រាស់​បាន ដើម្បី​កុំ​ឲ្យអ្នក​ជំនាន់​ក្រោយ​យល់​ខុស​តាម។

នាយក​ប្រតិបត្តិ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក សេង សុវឌ្ឍនា បង្ហាញ​ក្តី​បារម្ភ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ញឹកញាប់​ពេក​នៅ​កម្ពុជា អាច​ធ្វើ​ឲ្យ​របូត​ខ្លឹមសារ​សំខាន់​ពាក់ព័ន្ធ​នឹង​សេរី​ពហុបក្ស។ លោក​ថា ដើម្បី​ទទួល​បាន​សន្តិភាព​ពិត​ប្រាកដ មិនមែន​គ្រាន់តែ​បញ្ចប់​សង្គ្រាម​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋ​ឲ្យ​បាន​ពេញ​លេញ។ លោក​សង្កេត​ឃើញ​ថា ការ​អនុវត្ត​សិទ្ធិ​នៅ​កម្ពុជា ដូចជា​សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​ជួបជុំ​គ្នា សិទ្ធិ​ក្នុង​ផ្សព្វផ្សាយ​ព័ត៌មាន ជាដើម គឺ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​រឹតបន្តឹង និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាម​គ្រប់​រូបភាព។

លោក សេង សុវឌ្ឍនា៖ «ការ​អនុវត្ត​ផ្ទាល់​នៅ​ក្នុង​ការ​គោរព​សិទ្ធិ លំហ​ពលរដ្ឋ លំហសិទ្ធិ​នយោបាយ​នេះ គឺថា មិន​គួរ​មាន​ស្តង់​ដារ២ទេ​ បើថា មាន​១ក្រុម​គេធ្វើ​ហែក្បួន​រាប់រយ​រាប់ម៉ឺន​នាក់ ប៉ុន្តែ​មួយ​ក្រុម​ទៀត គ្រាន់តែ​​សុំ​​ធ្វើ​​កិច្ចការ​អឺ​វេទិកាមួយអឺ​នៅទីលាន​ប្រជា​ធិបតេយ្យ មិនអនុញ្ញាត​ឲ្យ​គ្នាផង។ ជួន​កាល​បញ្ចូនគ្នា​ទៅធ្វើកន្លែង​នេះ ធ្វើ​កន្លែង​នោះ ទៅ​កន្លែង​ធ្វើការ​នៅអឺ​ប្រារព្ធ​ពិធីៗហ្នឹង​នៅ​ការិយាល័យ​របស់ខ្លួនអី​ចឹងៗ​យើង​មើល​ថា អា​ហ្នឹងវាស្តង់​ដា២។ កាល​ណា វា​មានស្តង់ដា២​ អញ្ចឹង​ចំណោត​សួរ​ថា កន្លែង​ណា​ដែល​យើង​ថា ជាស្មារតី​បង្រួប​បង្រួម​ជាតិ? ចឹង​អាការ​អនុវត្ត​ហ្នឹង​វាផ្ទុយពី​ស្មារតី​ដើមនៃកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​​ហ្នឹង។»

ជាមួយ​គ្នា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា បាន​លើក​ឡើង​ថា ខ្លឹមសារ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សំខាន់​ចំនួន​៣ចំណុច គឺ ទី១ និយាយ​អំពី​កិច្ច​ព្រមព្រៀង​ស្តី​ពី​ដំណោះស្រាយ​រួម​នៃ​ជម្លោះ​កម្ពុជា ទី២ និយាយ​អំពី​កិច្ច​ព្រមព្រៀង​ស្តី​អំពី​អធិបតេយ្យ​ភាព ឯករាជ្យ​ភាព បូរណ​ភាព​ដែនដី និង​អព្យា​ក្រឹត្តភាព​ជាដើម ហើយ​ទី៣ គឺ​អំពី​ការ​ស្តារ​ឡើង​វិញ​ពី​ការ​កសាង​ប្រទេស​ជាតិ។ លោក​ថា កិច្ច​ព្រមព្រៀង​នេះ បាន​ធានា​ដល់​សន្តិសុខ​ក្នុង​តំបន់ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ឲ្យ​មាន​ការ​អភិវឌ្ឍន៍​បាន ច្បាប់​ត្រូវ​អនុវត្ត​ឲ្យ​ស្មើភាព​គ្នា តម្លាភាព និង​មិនមាន​អំពើ​ពុករលួយ​ជាដើម។

លោក​មើល​ឃើញ​ថា អ្នក​នយោបាយ​ខ្មែរ​បច្ចុប្បន្ន គឺ​មាន​ការ​បែកបាក់​គ្នា ដោយ​អ្នក​នយោបាយ​មួយ​ចំនួន​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស មាន​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ គណបក្ស​នយោបាយ​មួយ​ចំនួន​ត្រូវ​បាន​រំលាយ និង​មិន​អាច​ចូលរួម​ប្រកួត​ប្រជែង​បាន និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្សេងៗ។

លោក នី សុខា៖ «ខ្មែរ​យើង​គួរ​ដល់​ពេល​ផ្សះ​ផ្សា​ជាតិ​ហើយ ចំណុច​គន្លឹះសំខាន់គឺ​ការ​ផ្សះ​ផ្សាជាតិឲ្យ​មានស្មារតីជាតិ​សិន​ដើម្បី​ងាកទៅ​ជជែក​គ្នា រក​វិធី​​ក្នុង​​ការប្រកួត​​ប្រជែង​គ្នា អំណាចគ្នា​ ដោយ​យុត្តិ​ធម៌​ នៅ​ពេល​​នុង​បញ្ហា​សិទ្ធិមនុស្ស​ក៏​ត្រូវ​ដោះ​ស្រាយ អឺបញ្ហាអធិបតេយ្យ​ភាព​ក៏​ត្រូវ​ដោះ​ស្រាយ បញ្ហា​យុត្តិ​ធម៌សង្គមក៏​ត្រូវ​បាន​ដោះ​ស្រាយ​ ជារួម​គឺ​អាច​នឹង​ដោះ​ស្រាយ​បាន​បញ្ហា​ច្រើន​ណាស់ បើសិនយើង​មាន​​អាហ្នឹង។ សូមឲ្យ​អ្នក​នយោបាយ​វិលមក​រក​ការ​ចរចា ជជែកគ្នា​រកផ្លូវ​ឯក​ភាពជាតិមួយដើម្បី​ឲ្យ​ងាក​ទៅ​រៀប​ចំ​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ល្អ​ ត្រឹម​ត្រូវ​។»

កន្លង​មក សង្គម​ស៊ីវិល និង​អ្នក​វិភាគ​មួយចំនួន​ក៏បាន​មើលឃើញ​ពី​វិបត្តិធំៗ​ជាច្រើន​ដោយសារ​ការ​បែកបាក់​ផ្ទៃក្នុង​កម្ពុជា ដូចជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ រឹតត្បិត​សេរីភាព​ប្រជាពលរដ្ឋ អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​រដ្ឋ បក្ស​ពួកនិយម​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ចុះ​ទន់ខ្សោយ​ រហូត​ត្រូវ​បាន​ថៃ​ឈ្លានពាន និង​បាន​កាន់កាប់​ទឹកដី​ខ្មែរ​ចំនួន​៨៥ ទីតាំង។ ប៉ុន្តែ​ទោះ​មាន​ការ​ឈ្លានពាន​បែប​នេះ​ក្តី ក៏​រដ្ឋាភិបាល​កម្ពុជា​មិន​អើពើ​យក​បញ្ហា​នេះ ដោះស្រាយ​រួម​ជាមួយ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ប្តឹងថៃ​ទៅ​តុលាការ​អន្តរជាតិ​ដែរ។

ពលករដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជាច្រើន​ក៏​បាន​ធ្វើ​បាតុកម្ម​តវ៉ា​តាម​បណ្តា​ប្រទេស​នានា ដូចជា ជប៉ុន កូរ៉េ អូស្ត្រាលី និង​កាណាដា​ជាដើម ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​កិច្ចព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឲ្យ​បាន​ត្រឹមត្រូវ បើក​លំហសេរីភាព​ពលរដ្ឋ គោរព​សិទ្ធិ​មនុស្ស និង​ដោះលែង​អ្នក​ទោស​នយោបាយ​ជាង១០០នាក់ ដែល​កំពុង​ជាប់ឃុំ​ដោយសារ​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ