លោក ហ៊ុន សែន ដែល​ធ្លាប់​ជេរប្រមាថ​អ្នកដទៃ​តាម​មេក្រូ ព្រមាន​ចាត់ការ​លើ​ស្ត្រី​ជេរ​គ្នា​តាម​បណ្ដាញ​សង្គម

0
74
​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា​រាជធានី និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពីថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា​រាជធានី និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពីថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដែល​ធ្លាប់តែ​ថ្លែង​តាម​វេទិកាសាធារណៈ​ប្រើ​ពាក្យ​សម្ដី​អសុរ​ស ជេរប្រមាថ និង​គំរាមកំហែង​ពលរដ្ឋ​ដាក់​ក្បាល​មេក្រូ​នោះ​បាន​បញ្ជា​ឱ្យ​តុលាការ​ចាត់វិធានការ​លើ​ស្ត្រី​ទាំងឡាយ​ណា​ដែល​ជេរប្រមាថ និង​ហែកហួរ​គ្នា​តាម​បណ្ដាញ​សង្គម​។ លោក ហ៊ុន សែន​ថា ពាក្យសម្ដី​អសុរ​ស​របស់​ស្ត្រី​មួយចំនួន​នៅ​តាម​បណ្ដាញ​សង្គម​គឺ​មិនអាច​ទទួលយក​បាន​ឡើយ និង​បាន​ធ្វើ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ​។ ចំណែកឯ អ្នកឃ្លាំមើល បដិសេធ​គាំទ្រ​ការ​បញ្ចេញមតិ​បែប​អសុរ​ស និង​ជេរប្រមាថ ឬ​ការ​គំរាមកំហែង​ក្នុង​គ្រប់​ទម្រង់ ប៉ុន្តែ​ពួកគាត់​ថា អ្នក​ដែល​បាន​ផ្ដល់​គំរូ​អាក្រក់ និង​សាបព្រោះ​ការ​ជេរប្រមាថ​បណ្ដាល​ឱ្យ​សីលធម៌​សង្គម​ធ្លាក់ចុះ​កាន់តែ​ខ្លាំង​នោះ គឺ​លោក ហ៊ុន សែន ខ្លួនឯង។

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​បញ្ជា​ដល់​តុលាការ​ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ស្ត្រី​ទាំងឡាយ​ណា​ដែល​ជេរប្រមាថ និង​ហែកហួរ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម​។ លោក​ក៏បាន​ដាក់​បញ្ជា​ឱ្យ​ក្រសួង​កិច្ចការ​នារី​ជា​អ្នកទទួលខុសត្រូវ​ធ្វើ​ដើមបណ្ដឹង​លើ​ស្ត្រី​ដែល​ប្រើ​ពាក្យ​សម្ដី​អសុរោះ​នៅ​តាម​បណ្ដាញ​សង្គម និង​ណែនាំ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ចូលរួម​តាមដាន។

លោក ហ៊ុន សែន ថ្លែង​ថា ពាក្យសម្ដី​ជេរប្រមាថ​របស់​ស្ត្រី​មួយចំនួន​នៅ​តាម​បណ្ដាញ​សង្គម​គឺ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃ​ស្ត្រី និង​ការ​ធ្លាក់ចុះ​នៃ​សីលធម៌​សង្គម​។ លោក​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី នៅ​ថ្ងៃទី​១៤ ខែសីហា។

លោក ហ៊ុន សែន៖ «សីលធម៌​សង្គម​វា​ធ្លាក់​ដល់​ប៉ុណ្ណា​? ដល់​ថ្នាក់​ជេរ​បញ្ចោរ​គេ ជេរ​បញ្ចោរ​រហូតដល់​ជេរ​ដល់​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ទៀត ជេរ​អ្នកនេះ ជេរ​អ្នកនោះ ជេរ​តាមចិត្ត បើ​ជេរ​តែ​របៀប​អ៊ីចឹង ហើយ​ជេរ​ដាក់​តាម (Facebook) រួចហើយ​បង្ហោះ​តាម (TikTok) តាម​ស្អី​គ្រប់សព្វ​ទាំងអស់ រួច​គេ​យក​ទៅ​ចែករំលែក អ៊ីចឹង​យើង​ទទួល​បានទេ​អាហ្នឹង​? យើង​និយាយ​ពី​ប្រឹង​ចង់​ងាប់ លើកកម្ពស់​ស្ត្រី សីលធម៌​សង្គម ប៉ុន្តែ​បែរជា​មាន​ស្ត្រី​ម្នាក់​ពីរ​នាក់​យក​មក​ធ្វើ​អ៊ីចឹង»។

ចំណាត់ការ​របស់​លោក ហ៊ុន សែន នា​ពេល​នេះ​គឺ​បន្ទាប់ពី​ស្ត្រី​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ដៃ​ម្នាក់​ឈ្មោះ ចិន្តា សុវណ្ណារី មាន​ជម្លោះ​ជាមួយ​កងទ័ព​ជួរមុខ និង​ត្រូវ​បាន​បែកធ្លាយ​វីដេអូ​ជេរប្រមាថ​ហែកហួរ​គ្នា​តាម​បណ្ដាញ​សង្គម​។ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​កាលពី​ថ្ងៃទី​១៣ ខែសីហា ដោយ​ចោទប្រកាន់​ពី​បទ ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បាន​បញ្ជូន​សំណុំរឿង​បន្ត​ទៅ​តុលាការ។

ទោះជា​យ៉ាងណា ការកំណត់​គោលដៅ​របស់​លោក ហ៊ុន សែន លើ​ស្ត្រី​ដែល​ប្រើ​ពាក្យ​ជេរប្រមាថ​តាម​បណ្ដាញ​សង្គម​ឱ្យ​ប្រឈមមុខ​នឹង​ច្បាប់​នេះ រង​ការ​រិះគន់​ថា ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ និង​មិន​អាច​ជួយ​ស្ដារ​សីលធម៌​សង្គម​បាន​ឡើយ​។ ទន្ទឹម​នឹង​ស្ត្រី​មួយចំនួន​ត្រូវ​បាន​គំរាម​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឯណោះ​វិញ​នៅតែ​បន្ត​ប្រើ​បណ្ដាញ​សង្គម​ជេរប្រមាថ និង​គំរាមកំហែង​ពលរដ្ឋ ឬ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ ដោយ​គ្មាន​អាជ្ញាធរ​ណា​ចាត់វិធានការ​នៅឡើយ​។ ផ្ទុយទៅវិញ ក្រុម​ឃោសនិក​ដែល​ប្រើ​ពាក្យសម្ដី​អសុរោះ​ទាំងនោះ​ថែមទាំង​ទទួល​បាន​ការ​គាំទ្រ និង​ការពារ​ពី​ក្រុម​អ្នក​មាន​អំណាច​ទៅវិញ។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​រង​ការ​រិះគន់​ថា គឺជា​មេដឹកនាំ​សាបព្រោះ​អំពើ​ហិង្សា​ក្នុង​សង្គម និង​ជា​អ្នកផ្ដល់​គំរូ​អាក្រក់​រឿង​ជេរប្រមាថ​នៅ​តាម​បណ្ដាញ​សង្គម ដែល​បណ្ដាល​ឱ្យ​សីលធម៌​សង្គម​កាន់តែ​ធ្លាក់ចុះ​។ កន្លងមក ជារឿយៗ លោក ហ៊ុន សែន តែងតែ​ប្រើ​វេទិកាសាធារណៈ ហើយ​ពេល​ខ្លះ​ទៀត​ថែមទាំង​ថ្លែង​ដាក់​មេក្រូ​នៅ​ចំពោះមុខ​និស្សិត​រាប់ពាន់​នាក់ ដោយ​ប្រើ​ពាក្យសម្ដី​ជេរប្រមាថ និង​គំរាមកំហែង​លើ​ពលរដ្ឋ​ណា​ដែល​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល​ដោយ​មិន​អៀនខ្មាស​ឡើយ។

លោក ហ៊ុន សែន៖ «មាន​អា​ឡប់​រត់ចោលស្រុក​ឯណា ខ្ញុំ​មិន​ស្ដាប់​និយាយ​ទេ ប៉ុន្តែ​ប្រពន្ធ​ខ្ញុំ​ថា មាន​គេ​ថា រឿង​មកពី​ចែក​លុយ​គ្នា​មិន​ស្មើ *** ម៉ែ​អា​គេ​បាញ់ និយាយ​ឱ្យ​វា​អ៊ីចេះ​តែម្ដង​ទៅ អាហ្នឹង​អ៊ីចឹង បាន​វា​រត់ចោលស្រុក​នោះ អញ​ជេរ​ត្រង់ៗ​អ៊ីចឹង​តែម្ដង​ទៅ​។ អូ​! ធ្វើ​នាយករដ្ឋមន្ត្រី​ហាម​ជេរ​? ទេ ធ្វើ​នាយករដ្ឋមន្ត្រី​ជេរ​បាន​តើ មនុស្ស​ត​!»។

ជុំវិញ​រឿង​នេះ ឃ្លាំមើល​បញ្ហា​សង្គម​ចង់​ឃើញ​ប្រជាពលរដ្ឋ​បញ្ចេញមតិ​រិះគន់​បែប​ស្ថាបនា​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់ និង​មិន​គាំទ្រ​ការ​បញ្ចេញមតិ​ទាំងឡាយ​ណា​បែប​ភាសា​អសុរោះ ជេរប្រមាថ និង​គំរាមកំហែង​ក្នុង​រូបភាព​ណាមួយ​ឡើយ​។ ពួកគាត់​ក៏​ស្នើ​ឱ្យ​ពលរដ្ឋ​មួយចំនួន​បញ្ឈប់​នូវ​ទម្លាប់​ទាស់ទែង​ពេល​មាន​ជម្លោះ​ជេរប្រមាថ​គ្នា​តាម​បណ្ដាញ​សង្គម និង​ត្រូវ​ស្វែងយល់​ពី​តម្លៃ​នៃ​វប្បធម៌ សីលធម៌ គុណធម៌ ដើម្បី​រួមចំណែក​កាត់បន្ថយ​ជម្លោះ និង​លើកកម្ពស់​សុជីវធម៌​ក្នុង​សង្គម។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​ធ្លាក់ចុះ​នៃ​សីលធម៌​សង្គម និង​ការ​ផ្ទុះ​ជម្លោះ​ទាស់ទែង​របស់​ពលរដ្ឋ រហូត​ឈាន​ដល់​ការ​ជេរប្រមាថ​គ្នា​តាម​បណ្ដាញ​សង្គម​ជា​បន្តបន្ទាប់ គឺជា​គ្រាប់ពូជ​ដែល​មេដឹកនាំ​កំពូល និង​មន្ត្រី​គ្រាក់ៗ​មួយចំនួន​ជា​អ្នក​សាបព្រោះ​ឡើង​។ ជាមួយ​គ្នា​នេះ លោក​ថា បញ្ហា​វិស័យ​អប់រំ និង​កត្តា​បុគ្គល​ខ្លួនឯង គឺជា​ឫសគល់​ដែល​ធ្វើ​ឱ្យ​បញ្ហា​អសីលធម៌​ក្នុង​សង្គម​នៅតែ​បន្ត​កើតមានឡើង​។ ទោះជា​យ៉ាងណា លោក​ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ដូចគ្នា ទៅលើ​ឃោសនិក​គណបក្សកាន់អំណាច​ដែល​ប្រើ​ពាក្យសម្ដី​ជេរប្រមាថ​លើ​បណ្ដាញ​សង្គម។

លោក ស៊ឹង សែនករុណា៖ «ការ​មាន​វិធានការ​មួយ​ផ្នែក​នេះ មិនអាច​ធ្វើឡើង​អន្តរាគមន៍​មាន​ភាព​ល្អ​ប្រសើរ​ទេ បើសិនជា​មេដឹកនាំ​ដែល​ប្រើ​នូវ​ឥរិយាបថ​ច្រងេងច្រងាង នូវ​ពាក្យសម្ដី​ជេរប្រមាថ​ហិង្សា​ហ្នឹង នៅតែ​បន្ត​កើតមាន ហើយ​នៅតែ​បណ្ដែតបណ្ដោយ​ឱ្យ​បុរស​ដែល​ជា​អ្នក​សាបព្រោះ​នូវ​សម្ដី​អសុរោះ​ជេរប្រមាថ​ទៅលើ​អ្នកនយោបាយ​ផ្សេងៗ​ហ្នឹង នៅតែ​បន្ត​មាន ហើយ​អ្នកគាំទ្រ​គណបក្សកាន់អំណាច​ក៏​អ៊ីចឹង​ដែរ ក៏​ប្រើប្រាស់​ការ​ជេរប្រមាថ​ទៅលើ​សកម្មជន​ផ្សេងៗ​នៅ​តាម​បណ្ដាញ​សង្គម​ជា​ហូរហែ ទាំង​គេ​ស្គាល់ឈ្មោះ ស្គាល់​គណនី (Facebook) ច្បាស់លាស់ ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​អើពើ​ទេ​។ ក្រុមគាំទ្រ​ខ្លួន​ហ្នឹង​តែងតែ​រួច​ផុត​ពី​សំណាញ់​ច្បាប់ តែបើ​អ្នក​ទាំង​អស់ហ្នឹង​គឺជា​សកម្មជន​បក្ស​ប្រឆាំង ក៏​មិនបាន ២៤ ម៉ោង​ទាន់​ទេ នឹង​មាន​វិធានការ ចាត់វិធានការ ចោទប្រកាន់​អញ្ចេះ ចោទប្រកាន់​អញ្ចុះ វា​ជា​ការ​អនុវត្ត​ច្បាប់​អត់​ស្មើភាព​គ្នា​ទេ»។

លោក ស៊ឹង សែន​ករុណា លើកឡើង​ទៀត​ថា ការ​សាបព្រោះ​អំពើ​ហិង្សា និង​បញ្ហា​អសីលធម៌​ក្នុង​សង្គម​កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​កម្ពុជា​។ មិនតែប៉ុណ្ណោះ លោក​ថា ការអនុវត្ត​ច្បាប់​ដោយមាន​ស្តង់ដារ​ពីរ និង​ការ​បន្ត​ប្រើ​ពាក្យ​សម្ដី​ជេរប្រមាថ​របស់​មេដឹកនាំ​ដាក់​ក្បាល​មេក្រូ នឹង​ផ្ដល់​ជា​គំរូ​អាក្រក់​ដល់​ពលរដ្ឋ​មួយចំនួន​យក​តម្រាប់​តាម​ដែល​ធ្វើ​ឱ្យ​បញ្ហា​អសីលធម៌​ពលរដ្ឋ និង​ជម្លោះ​ក្នុង​សង្គម​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ